ពលរដ្ឋ២១គ្រួសារនៅពោធិ៍សាត់ប្រតិកម្មនឹងអាជ្ញាធររឹបអូសដីស្រៃទៅធ្វើជាដីព្រៃសហគមន៍
2014.02.27
ប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ អះអាងថា ដីស្រែ និងចម្ការទំហំជាង ៦០ហិកតារ ស្ថិតនៅភូមិអន្សក្ដាម ឃុំស្នាអន្សា ជាដីធ្លាប់កាន់កាប់តាំងពីឆ្នាំ១៩៨៣ របស់ប្រជាពលរដ្ឋចំនួន ២១គ្រួសារ ត្រូវបានអាជ្ញាធររឹបអូសទៅធ្វើជាដីព្រៃសហគមន៍។ ការដកហូតនេះ បានធ្វើឲ្យប្រជាពលរដ្ឋទាំង ២១គ្រួសារ ប្រតិកម្ម និងទាមទារមន្ត្រីជំនាញចុះវាស់វែងចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។
បញ្ហាដីធ្លីរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនេះ បានកើតមានតាំងពីអំឡុងខែធ្នូ ឆ្នាំ២០១២ ដោយខាងប្រជាពលរដ្ឋបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អាជ្ញាធរខេត្ត និងអង្គការក្រៅរដ្ឋាភិបាល ឲ្យជួយពន្លឿនការដោះស្រាយក្នុងរឿងនេះ ក៏ប៉ុន្តែបញ្ហានៅតែបន្តជាប់គាំង។
ប្រជាពលរដ្ឋម្នាក់ លោក សោម សារាវុត មានប្រសាសន៍នៅថ្ងៃទី២៧ ខែកុម្ភៈ ថា ប្រជាពលរដ្ឋមិនបានបង្កបង្កើនផលលើដីរបស់ខ្លួនពេញដៃពេញជើងរយៈពេល ២ឆ្នាំហើយ។ ក្នុងពេលនោះពួកគាត់បានរត់ទៅរកអាជ្ញាធរខេត្ត និងអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ និងស្ថាប័នមួយចំនួនទៀត ឲ្យជួយ ប៉ុន្តែគ្មានបានលទ្ធផលអ្វីឡើយ៖ «ដល់ឆ្នាំ២០១៣ ទៅរកអន្តរាគមន៍ពីអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី គាត់មកឲ្យមកដោះស្រាយនៅថ្នាក់ខេត្ត ហើយដោះស្រាយនៅថ្នាក់ខេត្ត ហើយដោះស្រាយនៅថ្នាក់ខេត្តច្រើនលើកច្រើនសា អត់បានលទ្ធផលអីសោះ គេនៅតែដុតបំផ្លាញចម្ការដំណាំយើងដដែល»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ហម រ៉ា បញ្ជាក់ថា គ្រួសាររបស់អ្នកស្រីនៅតែបន្តការទាមទារកាន់កាប់លើដីរបស់ខ្លួនចំនួន ៤ហិកតារ នៅលើទីតាំងចាស់នោះដដែល រហូតដល់មានដំណោះស្រាយ។ អ្នកស្រីបន្តថា កន្លងមកឃើញមានប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដែលអាជ្ញាធរបានដោះដូរដីជូនពួកគាត់ទៅកន្លែងផ្សេង ក៏ប៉ុន្តែដីដែលត្រូវបានគេដោះដូរនោះ សុទ្ធតែមានបញ្ហា ដូច្នេះអ្នកស្រីមិនទុកចិត្ដនឹងការសន្យារបស់អាជ្ញាធរឡើយ។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំស្នាអន្សា លោក មោក កោ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១២ រដ្ឋាភិបាលបានប្រកាសកាត់ដីជាច្រើនរយហិកតារចេញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ភាពីម៉ិច ដើម្បីឲ្យឃុំមួយចំនួនក្នុងស្រុកក្រគរ បានគ្រប់គ្រងជាដីព្រៃសហគមន៍។ ក្នុងនោះ ឃុំស្នាអន្សា ទទួលបានដីទំហំ ៣០០ហិកតារ ដោយមានប្រជាពលរដ្ឋកំពុងមានបញ្ហានេះចំនួន ៦គ្រួសារ៖ «ដី៦គ្រួសារទេ តែដូចលោកគ្រូ សោម សារាវុត អ៊ីចឹង ដាក់ប្ដីផងប្រពន្ធផង បំបែកទៅកូនទៅម្ដាយទៅបងអ៊ីចឹងទៅ។ យើងមានគោលការណ៍ដែលសុំពីថ្នាក់ខេត្តពីអីមកហ្នឹង ជួយគាត់១ឈ្មោះ ១ហិកតារអ៊ីចឹង គាត់១ផ្ទះហ្នឹងមានបីនាក់ បានបីហិកតារហើយ មិនមែនជាគ្រួសារទេ អាហ្នឹងវាទៅជានាក់វិញហើយ»។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ខាងលោកធ្លាប់ចុះអង្កេតករណីនេះផ្ទាល់ឃើញថា ដីនៅតំបន់នោះ គឺជាដីព្រៃរិចរិល និងមិនសមជាដីព្រៃសហគមន៍ឡើយ។ ប្រជាពលរដ្ឋមានភស្តុតាងជាច្រើនដូចជាភ្លឺស្រែ និងដើមត្នោត ជាដើម ក្នុងការបញ្ជាក់ថា ពួកគាត់ពិតជាធ្លាប់កាន់កាប់ និងបង្កបង្កើនផលនៅលើដីនោះជាច្រើនឆ្នាំមកហើយមែន៖ «យល់ឃើញថា ដីនេះជាដីរបស់ប្រជាពលរដ្ឋ ហើយការបង្កើតសហគមន៍គាត់មកបង្កើតក្រោយ។ គួរតែរកព្រៃដែលវាសមនឹងព្រៃថែរក្សាសម្រាប់សហគមន៍ មិនមែនដីប្រជាពលរដ្ឋអាស្រ័យផលអស់ ហើយយកដីហ្នឹងទៅធ្វើជាដីព្រៃសហគមន៍ ធ្វើម៉េចកើតទៅ»។
ទោះជាបែបណា មេឃុំស្នាអន្សា បញ្ជាក់ថា ការកាត់ដីពីក្រុមហ៊ុន និងប្រជាពលរដ្ឋមួយចំនួនមកធ្វើជាសម្បត្តិរួមនេះ នឹងបានផ្ដល់ផលប្រយោជន៍ច្រើននាថ្ងៃអនាគត សម្រាប់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ នឹងនាំយកកូនឈើប្រភេទផ្សេងៗគ្នាទៅដាំនៅលើដីព្រៃសហគមន៍នោះនៅថ្ងៃខាងមុខ៕