សង្គម​ស៊ីវិល​អស់​ជំនឿ​លើ​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា
2014.05.23
ជម្លោះ​ដីធ្លី ពោធិ៍សាត់ ៦១០ ប្រជាពលរដ្ឋ​ឃុំ​អន្លង់រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិម.ឌី.អែស (MDS) ជួប​ប្រឹក្សា​ផ្លូវ​ច្បាប់​ជា​មួយ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
RFA/Chin Chetha

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​បី​ស្ថាប័ន បង្ហាញ​ពី​ភាព​មិន​ជឿជាក់​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី និង​ព្រៃ​ឈើ​នៅ​កម្ពុជា។ ការ​បង្ហាញ​ពី​ភាព​អស់​ជំនឿ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ដ៏​ខ្លី​មួយ​រវាង​តំណាង​សហភាព​អឺរ៉ុប និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រចាំ​នៅ​ខេត្ត​ពោធិ៍សាត់ កាល​ពី​ព្រលប់​ថ្ងៃ​ទី​២១ ខែ​ឧសភា។

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ពលរដ្ឋ​រស់​នៅ​ស្រុក​ក្រគរ មាន​ទំនាស់​ជាមួយ​អាជ្ញាធរ ក្នុង​រឿង​ដី​ព្រៃ​សហគមន៍ និង​ពលរដ្ឋ​រស់​នៅ​តាម​មាត់​ស្ទឹង​ពោធិ៍សាត់ ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បាន​ស្កាត់​ជួប​តំណាង​សហភាព​អឺរ៉ុប ដើម្បី​ប្រាប់​អំពី​បញ្ហា​ដែល​ខ្លួន​មាន ដោយ​សង្ឃឹម​ថា សហភាព​អឺរ៉ុប អាច​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ថ្នាក់​ជាតិ ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​បាន។

នៅ​ក្នុង​ជំនួប​នោះ ក្រុម​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល បាន​ផ្ដោត​ទៅ​លើ​ករណី​រំលោភ​ដីធ្លី​នៅ​ស្រុក​វាលវែង ពី​សំណាក់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព មក​ជជែក​ជាមួយ​តំណាង​សហភាព​អឺរ៉ុប ប៉ុន្តែ​ញត្តិ​របស់​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ករណី​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ក្រុម​ការងារ​សហភាព​អឺរ៉ុប ទទួល​យក​ទៅ​ពិនិត្យ និង​ជជែក​ជាមួយ​អាជ្ញាធរ​ដែរ។

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ម្នាក់​មក​ពី​ស្រុក​វាលវែង អ្នកស្រី យ៉ុង រ៉ែម មាន​ប្រសាសន៍​ថា ក្រុមហ៊ុន អិម.ឌី.អែស រំលោភ​យក​ដី​អ្នកស្រី និង​ពលរដ្ឋ​ចំនួន ២៣​គ្រួសារ​ទៀត​នៅ​ភូមិ​ឯកភាព និង​ភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ដល់​បច្ចុប្បន្ន​ពុំ​មាន​ដំណោះស្រាយ​អ្វី​ឡើយ។ អ្នកស្រី​បន្ត​ថា អ្នក​ភូមិ​មាន​ទំនាស់​រង​នូវ​ការ​គំរាម​កំហែង​ស្ទើរ​រាល់​ថ្ងៃ​ពី​សំណាក់​ក្រុមហ៊ុន ដោយ​មាន​មន្ត្រី​បរិស្ថាន ប៉ូលិស​ប៉ុស្តិ៍ និង​ទាហាន​ជា​អ្នក​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន៖ «បើ​ខាង​ភូមិ​ឃុំ​ខ្ញុំ​អត់​សង្ឃឹម​ទេ​បង ព្រោះ​អី​ដូច​ជា​គេ​ធ្វើ​បាប​ប្រជាពលរដ្ឋ ដូច​ថា​ពេល​ឈូស​ប៉ះ​ដី​នាង​ខ្ញុំ​ចឹង នាង​ខ្ញុំ​ចូល​ទៅ​ភូមិ​ឃុំ​ចឹង គាត់​ថា​ឲ្យ​ទៅ​ក្រុមហ៊ុន អិម.ឌី.អែស ហ្នឹង។ គេ​ថា​ដី​ហ្នឹង គឺ​ដី​របស់​រដ្ឋ មិន​មែន​ជា​ដី​របស់​ពលរដ្ឋ​ទេ»

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន បញ្ជាក់​ទៅ​កាន់​តំណាង​សហភាព​អឺរ៉ុប ថា ក្រុមហ៊ុន អិម.ឌី.អែស គឺ​ជា​ក្រុមហ៊ុន​មាន​ឥទ្ធិពល និង​មាន​ខ្នង​បង្អែក​ក្រាស់ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ពិបាក​នឹង​ចាត់​វិធានការ ឬ​អន្តរាគមន៍​ទៅ​លើ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ៖ «ក្រុមហ៊ុន អិម.ឌី.អែស នេះ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​អំណាច​ខ្លាំងក្លា​ណាស់ អ៊ីចឹង​យើង​អន្តរាគមន៍​នៅ​ក្នុង​ខេត្ត​នេះ គាត់​គ្រាន់​តែ​អឺអើៗ ថា​នឹង​ជួយ​សម្រប​សម្រួល​ឲ្យ ប៉ុន្តែ​អត់​មាន​ប្រសិទ្ធភាព។ ឥឡូវ​ក្រុមហ៊ុន អិម.ឌី.អែស បាន​ឈាន​មក​យក​ដី​របស់​អ្នក​ភូមិ​នៅ​ឃុំ​អន្លង់រាប ប្រហែល​ជា ៤០០​គ្រួសារ​ទៀត​ហើយ។ ក្រុមហ៊ុន​នេះ ខ្ញុំ​គិត​ថា សមត្ថកិច្ច​យើង​នៅ​ត្រឹម​ថ្នាក់​ខេត្ត អត់​អាច​អន្តរាគមន៍​បាន​ទេ ប្រហែល​សុំ​ពឹង​ទៅ​សហភាព​អឺរ៉ុប ដែល​គាត់​អាច​និយាយ​ថ្នាក់​ជាតិ​បាន​បាន»

ចំណែក លោក ភួង សុធា មន្ត្រី​សមាគម​អាដហុក (Adhoc) ដែល​តាម​ដាន​លើ​រឿង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដែរ​នោះ មាន​ប្រសាសន៍​ថា ដំបូង​ឡើយ​នៅ​ឃុំ​ថ្មដា មាន​ពលរដ្ឋ​ប៉ះពាល់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ប្រមាណ​ជា ២០០​គ្រួសារ។ ក្រោយ​មក មាន​គ្រួសារ​ភាគ​ច្រើន​ទទួល​បាន​ដំណោះស្រាយ តាម​រយៈ​ការ​អនុវត្ត​បទបញ្ជា​លេខ​០១ និង​ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា ចំពោះ​ដី​ពលរដ្ឋ​ប្រើប្រាស់​ជាក់ស្ដែង​នៅ​ជាប់​ដី​របស់​ក្រុមហ៊ុន មិន​ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ដ​បញ្ជា​លេខ​០១ ក្នុង​ការ​ឆ្វៀល​ដី​ប្រជាពលរដ្ឋ​ចេញ​នោះ​ទេ៖ «ខ្ញុំ​សូម​លើក​បន្តិច​ដែរ ក្រុមហ៊ុន ទ្រី ភាព គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ទទួល​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ក៏ប៉ុន្តែ​រយៈពេល ៤​ឆ្នាំ​ហើយ ដែល​ក្រុមហ៊ុន​នេះ​បាន​ចូល​មក​ខេត្ត​ពោធិ៍សាត់ ក្រៅ​ពី​បំផ្លាញ​ធនធាន​ធម្មជាតិ គឺ​អត់​មាន​អី​ទាំងអស់»

តំណាង​សហភាព​អឺរ៉ុប លោក ឌេប មីហ្គេន (Debmigan) ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៣០​នាក់ តាម​រយៈ​អ្នក​បកប្រែ​ថា លោក​នឹង​លើក​យក​បញ្ហា​ទាំង​នេះ​ទៅ​ជជែក​ជាមួយ​អភិបាល​ខេត្ត​ពោធិ៍សាត់ បន្ទាប់​មក​លោក​នឹង​ជជែក​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដើម្បី​ចេញ​លិខិត​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្នុង​រឿង​នេះ។ លោក​រំលឹក​ថា ដំណើរ​ការ​អនុវត្ត​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​មិន​បាន​ត្រឹមត្រូវ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ជំនួយ​មួយ​ចំនួន​កាល​ពី ៣​ឆ្នាំ​មុន៖ «ជាង​នេះ​ដែរ អ្វី​ដែល​គាត់​ជួយ​បាន គឺ​អាច​សរសេរ​ឈ្មោះ​បងប្អូន ហើយ​យក​ឈ្មោះ​ហ្នឹង​ទៅ​ប្រាប់​ខាង​ចៅហ្វាយ​ខេត្ត គាត់​ជួយ​បាន​តែ​ប៉ុណ្ណឹង»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន និង​តំណាង​ក្រុមហ៊ុន អិម.ឌី.អែស ប្រចាំ​នៅ​តំបន់​ថ្មដា ឈ្មោះ វិន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា។

ពាក្យ​បណ្ដឹង និង​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ក្នុង​រឿង​ដីធ្លី ព្រៃ​សហគមន៍ និង​បញ្ហា​មួយ​ចំនួន​ទៀត ដែល​ប្រជាពលរដ្ឋ​ដាក់​ជូន​អាជ្ញាធរ​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​ពួក​គាត់​អះអាង​ថា អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ឃុំ រហូត​ដល់​ខេត្ត មាន​ការ​ឆ្លើយ​តប​តិចតួច​បំផុត និង​ករណី​ខ្លះ​គ្មាន​ការ​ឆ្លើយ​តប​តែ​ម្ដង​រហូត​មក​ដល់​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។