ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី​បដិសេធ​មិន​យក​អំណោយ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច

ដោយ រដ្ឋា វិសាល
2015-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន ហេង ហៀប និង​អាជ្ញាធរ​ស្រុក ដែល​ផ្សព្វផ្សាយ​ពី​គម្រោង​ឈូស​ឆាយ​ដី និង​ចែក​អំណោយ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន ហេង ហៀប និង​អាជ្ញាធរ​ស្រុក ដែល​ផ្សព្វផ្សាយ​ពី​គម្រោង​ឈូស​ឆាយ​ដី និង​ចែក​អំណោយ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។
Photo Adhoc

ប្រជាពលរដ្ឋ​ជាង ២០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច ៤​ភូមិ បដិសេធ​មិន​ទទួល​យក​អំណោយ និង​មិន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ ឈូស​ឆាយ​ដី​ដែល​អ្នក​ភូមិ​រក្សា​ទុក​ជា​តំបន់​ដី​ត្រៀម​បម្រុង​របស់​សហគមន៍។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម ត្រួត​ពិនិត្យ​ឡើង​វិញ​ពី​លិខិត​បទដ្ឋាន និង​កិច្ចសន្យា​ស្ដីពី​ការ​ផ្តល់​ដី​សម្បទាន​របស់​ក្រុមហ៊ុន​មួយ​នោះ។

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ នៅ​ភូមិ​ចំនួន​បួន គឺ​ភូមិ​សូស ភូមិ​យ៉ាទុង ភូមិ​ដរ និង​ភូមិ​សំ ក្នុង​ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាវ ខេត្ត​រតនគិរី បដិសេធ​មិន​ឲ្យ​ក្រុមហ៊ុន​មួយ ឈូស​ឆាយ​ដី​ព្រៃ​ចំនួន ៣០​ហិកតារ ដើម្បី​ធ្វើ​ការដ្ឋាន​បណ្ដុះ​កូន​កៅស៊ូ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​អាជ្ញាធរ​ស្រុក តំណាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​សហគមន៍​ជាង ២០០​នាក់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា នៅ​ភូមិ​សូស ដើម្បី​ផ្សព្វផ្សាយ​ពី​គម្រោង​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​សូស លោក ពូយ ហ៊ាង រៀបរាប់​ថា គម្រោង​ឈូស​ឆាយ​យក​ដី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃ​ដែល​ប្រជាពលរដ្ឋ​សហគមន៍​រក្សា​ទុក​ជា​ព្រៃ​ត្រៀម​បម្រុង។ ហេតុ​នេះ អ្នក​ភូមិ​មិន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​នោះ​ឡើយ។ លោក​បន្ត​ថា ដី​ដែល​ក្រុមហ៊ុន​គ្រោង​ឈូស​ឆាយ គឺ​នៅ​កៀក​ជិត​ភូមិ​ជា​តំបន់​ដែល​អ្នក​ភូមិ​ចិញ្ចឹម​សត្វ​ពាហនៈ និង​រក​អនុផល​ព្រៃ​ឈើ​សម្រាប់​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច៖ «ខ្លាច​គោ​ក្របី​គាត់​យក ខ្លាច​គាត់​ថា​អត់​ឲ្យ​ប្រជាពលរដ្ឋ​វា​នៅ​ជិត​ពេក ឲ្យ​គាត់​ចេញ​ទៅ​ត្រើយ​ម្ខាង​ទៅ អា​ហ្នឹង​សហគមន៍​ថា​ហ្នឹង»

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្តល់​ដី​សម្បទាន ៧​ពាន់​ហិកតារ​នៅ​ស្រុក​អូរយ៉ាដាវ ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន ហេង ហៀប (Henh Heap Invesment) កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​ដាំ​កៅស៊ូ​សម្រាប់​រយៈពេល ៧០​ឆ្នាំ។ ក៏ប៉ុន្តែ អ្នក​ភូមិ​ជនជាតិ​ចារ៉ាយ រស់នៅ​តំបន់​នោះ​អះអាង​ថា អ្នក​ភូមិ​មិន​បាន​ដឹង​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​នៅ​តំបន់​ដែល​ពួក​គាត់​អភិរក្ស និង​រស់​អាស្រ័យ​ផល​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​យ៉ាទុង លោក រចំ ហ្វឺន ចាត់​ទុក​ការ​ផ្តល់​ដី​សម្បទាន​នោះ គឺ​មិន​បាន​ពិគ្រោះ​យោបល់​ទាក់ទិន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ លោក​កត់​សម្គាល់​ថា ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ អ្នក​ភូមិ​មិន​ឃើញ​ក្រុមហ៊ុន​វិនិយោគ​អ្វី​នៅ​តំបន់​នោះ​ទេ ទើប​តែ​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ក្រុមហ៊ុន​បាន​នាំ​យក​អំណោយ​មាន មី ប៊ីចេង និង​អំបិល មក​ចែក​អ្នក​ភូមិ ហើយ​ប្រាប់​ពី​គោល​បំណង​ឈូស​ឆាយ​ដី។ ហេតុ​នេះ អ្នក​ភូមិ​មិន​ទទួល​យក​អំណោយ​ដែល​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ ធ្វើ​ឲ្យ​បាត់​បង់​ដី​ដែល​អ្នក​ភូមិ​អភិរក្ស​នោះ​ទេ៖ «ប្រជាពលរដ្ឋ​មិន​ឲ្យ​គេ​ថា អា​នេះ​ការដ្ឋាន អ្នក​ភូមិ​មិន​ព្រម ឲ្យ​មី ប្រជាពលរដ្ឋ​អត់​យក​ទេ គេ​អត់​ចង់​យក»

អំណោយ​ដែល​ក្រុមហ៊ុន​យក​មក​បម្រុង​ចែក​ជូន​អ្នក​ភូមិ​រួម​មាន មី ប្រមាណ ១០០​កេះ ប៊ីចេង ១០០​កញ្ចប់ និង​អំបិល ១០០​កញ្ចប់ ក៏ប៉ុន្តែ​អ្នក​ភូមិ​នាំ​គ្នា​វិល​ទៅ​លំនៅឋាន​វិញ​ដោយ​មិន​ព្រម​កាន់​យក​អំណោយ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន លោក មាស សុគន្ធមុនី សុំ​អធិប្បាយ​ពី​គម្រោង​ឈូស​ឆាយ​ដី​នោះ​បាន​ទេ។

ក៏ប៉ុន្តែ ជំទប់​ទី​២ ឃុំ​យ៉ាទុង លោក រចំ ឌឹក មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ការ​សម្រេច​របស់​សហគមន៍ ចំណែក​អាជ្ញាធរ​ឃុំ​មិន​អាច​បង្ខំ​ឲ្យ​អ្នក​ភូមិ​ទទួល​យក​គម្រោង​នេះ​បាន​ឡើយ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​សិទ្ធិ​សម្រេច​ទៅ​លើ​សហគមន៍​ដែល​រស់នៅ​តំបន់​នោះ​ផ្ទាល់ ទាក់ទិន​ការ​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​សម្រាប់​ផែនការ​វិនិយោគ៖ «គេ​ឲ្យ​ផែនទី​ឃើញ​ដី​នោះ ៧​ពាន់។ គាត់​ថា​មិន​ដឹង​ម៉េច​ទេ មិន​ហ៊ាន​សម្រេច​ទេ សហគមន៍​មិន​ឲ្យ នៅ​លើ​សហគមន៍»

ទាក់ទិន​ករណី​នេះ​ដែរ អភិបាល​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ពិត​ជា​មាន​លិខិត​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​ដី ៣០​ហិកតារ​ពី​ក្រសួង​ជំនាញ ទើប​ក្រុមហ៊ុន​អញ្ជើញ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​មក​ជួប​ជុំ​គ្នា ដើម្បី​ផ្សព្វផ្សាយ​ពី​គម្រោង​ឈូស​ឆាយ​ដី​ជា​ដំណឹង​ដល់​ពលរដ្ឋ។ លោក​អះអាង​ថា អ្វី​ដែល​អ្នក​ភូមិ​ជំទាស់​នោះ លោក​នឹង​ឆ្លង​យោបល់​ជូន​ថ្នាក់​ខេត្ត​បន្ត​ទៀត៖ «មក​នេះ​មិន​មែន​បើក​ការដ្ឋាន​ឈូស​ឆាយ​ទេ គឺ​មក​ជូន​ដំណឹង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​គាត់​មិន​ហាម​ទេ គាត់​សំណូមពរ​ទៅ​អភិបាល​ខេត្ត»

ចំណែក​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន ទទួល​ស្គាល់​ដែរ​ថា ក្រុមហ៊ុន​មាន​លិខិត​អនុញ្ញាត​ឲ្យ​ឈូស​ឆាយ​ដី ដើម្បី​ធ្វើ​ថ្នាល​បណ្ដុះ​កូន​កៅស៊ូ ក៏ប៉ុន្តែ​លោក​ថ្លែង​ថា នេះ​ជា​ដំណឹង​ក្រៅ​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ។

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួង​កសិកម្ម កាល​ពី​ឆ្នាំ​២០០៩ ក្រុមហ៊ុន ហេង ហៀប មិន​ឃើញ​ធ្វើ​សកម្មភាព​ណា​មួយ​ទាក់ទិន​ទៅ​នឹង​ការ​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​នៅ​តំបន់​នោះ​ឡើយ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល និង​ក្រសួង​កសិកម្ម បាន​ព្រមាន​ដក​ហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​ណា​ដែល​បាន​ទទួល​ដី​សម្បទាន ហើយ​មិន​បាន​ដាំ​ដុះ។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​កសិកម្ម ត្រួត​ពិនិត្យ​សកម្មភាព​ក្រុមហ៊ុន​នេះ​ឡើង​វិញ៖ «ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ដាំ​ដុះ​ទាន់​ពេលវេលា​តាម​កិច្ច​ព្រមព្រៀង បើ​មិន​ដូច្នេះ​រដ្ឋ​អាច​ដក​ហូត​ក្រុមហ៊ុន​ចេញ​បាន បើ​ក្រុមហ៊ុន​ធ្វើ​ខុស​កិច្ច​ព្រមព្រៀង»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រជាពលរដ្ឋ​សហគមន៍​ចារ៉ាយ នៅ​ឃុំ​យ៉ាទុង អះអាង​ថា អ្នក​ភូមិ​ទទូច​ឲ្យ​ក្រសួង​កសិកម្ម កាត់​ចេញ​ដី​នៅ​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ ចេញ​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​នេះ ទុក​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់​ជា​ដី​ត្រៀម​បម្រុង​សហគមន៍​ទៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល