ពលរដ្ឋ​១២​គ្រួសារ​នៅ​ខែត្រ​ស្ទឹងត្រែង​រិះគន់​អាជ្ញាធរ​រឿង​ពន្យារ​ពេល​ដោះស្រាយ​ដីធ្លី

ដោយ ម៉ែន សុធីរ
2017-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដើម​ច្បោះ ឬ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr
ដើម​ច្បោះ ឬ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Men Sothyr
RFA/Men Sothyr

ជនជាតិ​ដើម​ភាគតិច​កួយ ១២​គ្រួសារ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង រិះគន់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ថា​ពន្យារ​ពេល​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​បណ្តោយ​ឲ្យ​ភាគី​ម្ខាង​ជា​ពលរដ្ឋ​ចំណូល​ស្រុក កាប់​ទន្ទ្រាន​ព្រៃ​ពង្រីក​ផ្ទៃដី​ធ្វើ​កសិកម្ម និង​អាស្រ័យ​ផល​លើ​ដី​មាន​ជម្លោះ​ដោយ​ល្មើស​ច្បាប់។

ជនជាតិ​ដើម​ភាគតិច​កួយ ១២​គ្រួសារ នៅ​តែ​ទន្ទឹង​រង់ចាំ​ពន្លឺ​យុត្តិធម៌​ពី​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន ដែល​ធ្លាប់​សន្យា​ថា នឹង​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួក​គេ​ដោយ​យុត្តិធម៌។

តំណាង​ជនជាតិ​ដើម​ភាគតិច ១២​គ្រួសារ លោកស្រី ចាន់ សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មីនា ថា ដី​ព្រៃ​ប្រមាណ ៣០​ហិកតារ ឋិត​នៅ​ចំណុច​អូរ​ព្រាល ក្នុង​ឃុំ​សំអាង ជាប់​ព្រំប្រទល់​ឃុំ​អន្លង់ជ្រៃ ត្រូវ​បាន​ក្រុម​គ្រួសារ​លោក សន សូត្រ សម្រុក​កាប់​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ បង្ក​ការ​ប៉ះពាល់​ដល់​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ពួក​គាត់​ជាង ៣០០​ដើម។ បញ្ហា​នេះ ពួក​គាត់​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​រហូត​ដល់​អាជ្ញាធរ​ខែត្រ តាំង​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ នៅ​តែ​ពុំ​ឃើញ​មាន​ពន្លឺ​លទ្ធផល​នៅ​ឡើយ​ទេ។

លោកស្រី​ថា​ជនជាតិ​ដើម​ភាគតិច ១២​គ្រួសារ សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ក្រីក្រ​រស់នៅ​ពឹង​ផ្អែក​លើ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជាង ៣០០​ដើម ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ចាប់​តាំង​ពី​មាន​វត្តមាន​ជន​ចំណូល​ថ្មី​មក​ពី​ខែត្រ​កំពង់ចាម មក​រស់នៅ​តំបន់​នេះ​តាំង​ពី​ឆ្នាំ​២០១២ ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ពួក​គេ​កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ ក្រោម​រូបភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​សម្បត្តិ​ឯកជន៖ «សុំ​ឲ្យ​ដោះស្រាយ​ឲ្យ​រហ័ស កុំ​ឲ្យ​លំបាក​ដូច​រាល់​ថ្ងៃ ស៊ី​អត់​ស៊ី​ឃ្លាន ដើរ​តែ​ស៊ី​ឈ្នួល​គេ មួយ​ថ្ងៃ​បាន​មួយ​ថ្ងៃ ហើយ​អា​គេ​ធ្វើ​បាន ភាគី​ម្ខាង​ទៀត​គេ​នៅ​តែ​ដាំ​បាន គេ​នៅ​តែ​កាប់​ទន្ទ្រាន​បាន។ ពួក​ខ្ញុំ​ដូច​ថា​វា​អត់​មាន​ជឿជាក់​ត្រង់​ណា​ទៀត យុត្តិធម៌​អត់​ហ្នឹង​ប្រជាពលរដ្ឋ»

ជនជាតិ​ដើម​ភាគតិច ១២​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ជាង ៣០០​ដើម ក្នុង​មួយ​ដើម ១​លាន​រៀល។ ម្យ៉ាង​ទៀត បើ​មិន​បាន​សំណង​ជា​ប្រាក់ ពួក​គេ​ទាមទារ​ដី​នៅ​តំបន់​ដើម​ច្បោះ​នោះ​សម្រាប់​ធ្វើ​កសិកម្ម​ទំហំ ១៥​ហិកតារ ក្នុង​ចំណោម​ដី​ប្រមាណ ៣០​ហិកតារ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​រិះគន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មីនា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា លោក ម៉ែន គុង ធ្លាប់​លើក​ឡើង​ថា កន្លង​ទៅ អាជ្ញាធរ​ខែត្រ​បាន​ចាត់​ឲ្យ​មន្ត្រី​បច្ចេកទេស​ចុះ​ស៊ើប​អង្កេត​តាម​នីតិវិធី និង​ដោះស្រាយ​ជម្លោះ​ដីធ្លី​ប្រកាន់​គោល​ជំហរ​ត្រឹមត្រូវ​ផ្អែក​លើ​ច្បាប់​ជា​មូលដ្ឋាន។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខែត្រ​ក៏​បាន​ចាត់​មន្ត្រី​ជំនាញ​ច្រើន​ក្រុម ចុះ​ស៊ើប​អង្កេត​ករណី​វិវាទ​ដីធ្លី​ច្រើន​ករណី​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ក្នុង​នោះ​ក៏​មាន​វិវាទ​ជនជាតិ​ដើម​ភាគតិច ១២​គ្រួសារ​ដែរ។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ បាន​កោះ​ប្រជុំ​ភាគី​ទំនាស់ គឺ​ពលរដ្ឋ​ចំណាក​ស្រុក និង​ជនជាតិ​ដើម​ភាគតិច ១២​គ្រួសារ សម្របសម្រួល​បញ្ចប់​ជម្លោះ​ដោយ​ចែក​ដី​ទាំងនោះ​អាស្រ័យ​ផល ក៏ប៉ុន្តែ​ភាគី​ខាង​ពលរដ្ឋ​ចំណាក​ស្រុក មិន​យល់ព្រម​ឲ្យ​មាន​ការ​សម្របសម្រួល​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ដែល​ចុះ​តាមដាន​រឿង​នេះ ទទួល​ស្គាល់​ថា អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា​នេះ បង្ក​ឲ្យ​ភាគី​ម្ខាង​ដែល​ជា​ពលរដ្ឋ​ចំណាក​ស្រុក​មាន​ប្រៀប​ជាង​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​ជា​ពលរដ្ឋ​ក្រីក្រ។ លោក​ថា ផ្អែក​តាម​ច្បាប់ ដី​កំពុង​មាន​ជម្លោះ​គួរ​តែ​រក្សា​ទុក មិន​ត្រូវ​បណ្តោយ​ឲ្យ​បុគ្គល​ណា​អាស្រ័យ​ផល​ដោយ​មិន​ទាន់​មាន​ការ​ដោះស្រាយ​នោះ​ទេ៖ «សុំ​លោក​អភិបាល​កុំ​ជឿ​តែ​របាយការណ៍​មន្ត្រី​ខិលខូច​អស់​ហ្នឹង ហើយ​ចង់​ឲ្យ​មាន​ខាង​ឯករាជ្យ​ណា​មួយ​ចុះ​ទៅ​ជាមួយ​យើង ឲ្យ​តែ​មន្ត្រី​ខិលខូច​ចុះ​ទៅ​ដដែលៗ វា​ធ្វើ​ឲ្យ​រឿង​ហ្នឹង​នៅ​តែ​ដដែលៗ​ចឹង។ លោក​អភិបាល​ខែត្រ​គាត់​បាន​បើក​ចិត្ត​ទូលាយ​ឲ្យ​ជន​រងគ្រោះ​ខល​ទៅ​គាត់​ផ្ទាល់។ ប៉ុន្តែ​ដោយឡែក​ខល​ទៅ​រាល់​ដង ពេល​ខ្លះ​អភិបាល​ខែត្រ​គាត់​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ចុះ​ទៅ ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​ចឹង ក្រុម​ការងារ​ចុះ​ទៅ​លំៗ ទៅ​ឃុបឃិត​គ្នា មិន​ដឹង​ថា​របាយការណ៍​បាន​យ៉ាង​ម៉េច»

លោក ហូ សំអុល បន្ថែម​ថា មក​ទល់​ពេល​នេះ សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​រាប់​ពាន់​ហិកតារ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ពី​ក្រុម​ជន​ចំណូល​ថ្មី និង​អ្នក​មាន​ឥទ្ធិពល កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ដើម​ឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច ខណៈ​ដើម​ឈើ​ផលិត​ជ័រ​ទឹក​ដែល​ពួក​គេ​អាស្រ័យ​ផល​ឋិត​នៅ​តំបន់​ព្រៃ ដែល​ឈ្មួញ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​អាជីវកម្ម និង​កម្មសិទ្ធិ។

ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ គឺ​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃ​ឈើ ដូចជា​ការ​រក​វល្លិ ផ្ដៅ បន្លែ ផ្លែ​ឈើ​ព្រៃ ដង​ជ័រ និង​រក​ឃ្មុំ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល