ពលរដ្ឋ​ជាង​១០​គ្រួសារ​នៅ​ខែត្រ​ស្ទឹងត្រែង​ចោទ​ឈ្មួញ​ថា​លក់​ដូរ​ដី​សម្បទាន​សង្គមកិច្ច

ដោយ ម៉ែន សុធីរ
2017-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​រស់នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ទៅ​ស្វែងរក​ការ​អន្តរាគមន៍​ពី​សាលា​ស្រុក​ថាឡាបរិវ៉ាត់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ Photo ADHOC
ពលរដ្ឋ​រស់នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ទៅ​ស្វែងរក​ការ​អន្តរាគមន៍​ពី​សាលា​ស្រុក​ថាឡាបរិវ៉ាត់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ Photo ADHOC
Photo ADHOC

ពលរដ្ឋ​ជាង ១០​គ្រួសារ​រស់នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចោទ​ឈ្មួញ​ម្នាក់​ថា​ធ្វើ​អាជីវកម្ម​ដី​ឋិត​ក្នុង​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​បាន​ដកហូត​លិខិត​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​ពលរដ្ឋ។ ពួក​គេ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ ស៊ើប​អង្កេត​បញ្ហា​នេះ

ពលរដ្ឋ​ជាង ១០​គ្រួសារ​នៅ​ថ្ងៃ​ទី​១១ មេសា កំពុង​ស្វែងរក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក និង​មន្ត្រី​សង្គម​ស៊ីវិល ករណី​ឈ្មួញ​ម្នាក់​ឈ្មោះ ងិន សារី បាន​ដកហូត​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ជាង ១០​គ្រួសារ​កាល​ពី​ឆ្នាំ​២០១៦។ លើស​ពី​នេះ ស្ត្រី​រូប​នោះ​បាន​ប្រមូល​ប្រាក់​ពី​អ្នក​ភូមិ ១​គ្រួសារ ៤០​ម៉ឺន​រៀល ដើម្បី​ធ្វើ​ផ្លូវ តែ​ពុំ​បាន​កសាង​ផ្លូវ​ដូច​ការ​សន្យា​នោះ​ទេ។

បុរស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ១៧​គ្រួសារ​រស់នៅ​ភូមិ​រំដេង ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ លោក ហែន សុផាត ឲ្យ​ដឹង​ថា ពលរដ្ឋ ១៧​គ្រួសារ​កំពុង​បារម្ភ​ខ្លាច​ក្រែង​លោកស្រី ងិន សារី យក​លិខិត​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​លក់​ដី​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត។ លោក​ថា គ្រួសារ​លោក​មាន​ដី ៥​ហិកតារ ក្បាល ៥០​ម៉ែត្រ បណ្តោយ ១​ពាន់​ម៉ែត្រ បាន​ទិញ​ពី​អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​កាល​ពី​ឆ្នាំ​២០១៦ តម្លៃ ២.៥០០​ដុល្លារ ហើយ​នៅ​គ្រា​លោក​ទិញ​ដី​នេះ លោកស្រី ងិន សារី បាន​ជួយ​ជ្រោមជ្រែង​ផង។ លើស​ពី​នេះ លោកស្រី ងិន សារី ធ្លាប់​ទទួល​ប្រាក់​គាត់​ចំនួន​ជាង ៤០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ដើម្បី​ធ្វើ​ឯកសារ​ស្នាក់នៅ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ប៉ុន្តែ​ពុំ​បាន​ធ្វើ​នោះ​ទេ«ការ​ទិញ​ដី​ហ្នឹង​ខ្លះ​គេ​ដឹង ខ្លះ​ក៏​មិន​ដឹង​ដែរ​បង ស្មៀន​ឃុំ និង​មេ​ប៉ុស្តិ៍ ដើរ​វាស់វែង​ក្បាល​ដី​ឲ្យ។ ពួក​ខ្ញុំ​មាន​ដី​អីណា? បើ​ស្រុក​ស្រែ​លក់​អស់​ហើយ ដើម្បី​មក​ទិញ​ដី​អ្នកស្រី ងិន សារី»

អាស៊ីសេរី មិន​អាច​ទាក់ទង​លោកស្រី ងិន សារី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១១ មេសា។

កាល​ពី​ឆ្នាំ​២០១៣ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ឯកភាព​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ១.៥០០​ហិកតារ​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ តាម​សំណើ​របស់​ពលរដ្ឋ​ខែត្រ​ត្បូងឃ្មុំ ព្រោះ​ពលរដ្ឋ​ចំនួន ១១៧​គ្រួសារ​រស់នៅ​ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ជួប​គ្រោះ​បាក់​ច្រាំង​ទន្លេ និង​ខ្វះខាត​ដី​រស់នៅ។ ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​ទទួល​បាន​ដី​ចំនួន ៥​ហិកតារ។ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បញ្ជាក់​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​មាន​តំណាង​ពលរដ្ឋ​ឈ្មោះ ងិន សារី ជា​អ្នក​សម្រួល​ការងារ​អាជ្ញាធរ​ទាំង​ពីរ​ខែត្រ ហើយ​ពុំ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ឡើយ។

របាយការណ៍​របស់​សមាគម​អាដហុក (ADHOC) រក​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ ប៉ះពាល់​ពលរដ្ឋ​ក្នុង​ឃុំ​ចម្ការលើ ឃុំ​កាំងចាម និង​ឃុំ​អន្លង់ភេ ដោយ​ការ​បាត់បង់​ដើម​ជ័រ​ច្បោះ និង​ជីវចម្រុះ​ក្នុង​ព្រៃ​ស្រោង។ ចំណែក​ស្ត្រី​​ឈ្មោះ ងិន សារី ជា​អ្នក​​ចាត់ចែង​ឲ្យ​ពលរដ្ឋ​ចូល​រស់នៅ កាប់​ទន្ទ្រាន​ព្រៃ​តាំង​ពី​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន ព្រៃ​ស្រោង​តំបន់​នោះ​បាន​ក្លាយ​ជា​ទី​វាល​មួយ​ផ្នែក​ធំ។

មេ​ឃុំ​ចម្ការលើ លោក ព្រះ ហែម អះអាង​ថា អាជ្ញាធរ​ឃុំ​មិន​ឯកភាព​ទទួល​ស្គាល់​ការ​លក់​ដូរ​ដី​ឋិត​ក្នុង​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ​ទេលោក​ថា ពលរដ្ឋ​ជាង ១០​គ្រួសារ​មក​ពី​ខែត្រ​ផ្សេង បាន​ទិញ​ដី​ពី​ពលរដ្ឋ​មាន​ឈ្មោះ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច កំពុង​រស់នៅ​តំបន់​នោះ សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ក្រីក្រ៖ «១១៧​គ្រួសារ​មាន​អ្នក​មក​រស់នៅ និង​មាន​អ្នក​មិន​មក​ក៏​ផ្ទេរ​ឲ្យ​ពួក​នោះ។ ពួក​នោះ​ក៏​បាន​លិខិត​ផ្ទេរ​ពី​គេ​មក គេ​ផ្ដិត​មេដៃ​ឲ្យ​ហើយ មេ​ឃុំ​ខាង​ជំនីក បាន​ចុះ​ហត្ថលេខា ហើយ​បោះ​ត្រា​មេ​ឃុំ​ជំនីក មក​ពី​ទីនោះ​ស្រេច។ ពុំ​មែន​ខ្ញុំ​អ្នក​ផ្ទេរ​ឲ្យ​ទេ»

លោក​បន្ថែម​ថា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង (..) សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពលរដ្ឋ ១១៧​គ្រួសារ ឋិត​នៅ​តំបន់​នោះ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​កំណត់​ព្រំ​ដី​រួច​ហើយ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច លុះត្រា​តែ​ពលរដ្ឋ​រស់នៅ​អស់​រយៈពេល ៥​ឆ្នាំ​សិន ទើប​មាន​សិទ្ធិ​ផ្ទេរ​ឲ្យ​អ្នក​ផ្សេង​បាន។ ហេតុ​នេះ ប្រសិន​បើ​លោកស្រី ងិន សារី ជាប់​ពាក់ព័ន្ធ​លក់​ដី​តំបន់​នោះ គឺ​ជា​ករណី​ល្មើស​ច្បាប់៖ «ឧទាហរណ៍​ថា​គាត់​មាន​អនុក្រឹត្យ​សម្រេច​ឲ្យ​ដី​ហ្នឹង​មក​គាត់ ក៏​គាត់​នៅ​តែ​ខុស​ដែរ។ ខុស​ត្រង់​ថា នៅ​ក្នុង​ស្មារតី​អនុក្រឹត្យ​១៩ លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ទាល់​តែ​អ្នក​ហ្នឹង​រស់នៅ​បាន ៥​ឆ្នាំ បាន​មាន​សិទ្ធិ​លក់​បន្ត»

កាល​ពី​ចុង​ឆ្នាំ​២០១៥ ពលរដ្ឋ​ចំនួន ៩៣​គ្រួសារ បាន​ផ្ដិត​មេដៃ​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អាដហុក និង​អាជ្ញាធរ​ពាក់ព័ន្ធ ករណី​លោកស្រី ងិន សារី បាន​ជួល​កម្មករ​កាប់​ឆ្ការ​ព្រៃ និង​ដើម​ផលិត​ជ័រ​ទឹក​របស់​សហគមន៍។ អាជ្ញាធរ​ឃុំ​ចម្ការលើ អះអាង​ថា រហូត​ដល់​បច្ចុប្បន្ន ពលរដ្ឋ​បាន​មក​រស់នៅ​ជា​បណ្ដើរៗ​នៅ​តំបន់​នោះ​ជាង ៧៥​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១១៧​គ្រួសារ ក្នុង​នោះ​មួយ​ក្រុម​ជា​ជនជាតិ​ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល