ជនជាតិ​ដើម​ភាគតិច​កួយ​ខែត្រ​ស្ទឹងត្រែង​ចោទ​មេ​ឃុំ​ថា​ឃុបឃិត​គ្នា​រំលោភ​យក​ដី

ដោយ ម៉ែន សុធីរ
2017-05-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ស្ទឹងត្រែង
ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

ជនជាតិ​ដើម​ភាគតិច ៣​គ្រួសារ រស់នៅ​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចោទ​មេ​ឃុំ​អន្លង់ភេ ថា​មាន​បំណង​រំលោភ​ដីធ្លី​អាស្រ័យ​ផល​របស់​ពួក​គាត់។ ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពី​មេ​ឃុំ​អន្លង់ភេ ស្មៀន​ឃុំ អនុ​ភូមិ និង​អាជ្ញាធរ​ស្រុក​មួយ​ចំនួន បាន​បោះ​បង្គោល​របង​កំណត់​ព្រំ​ដី​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ជាន់​លើ​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់ ៥​ហិកតារ។

ជនជាតិ​ដើម​ភាគតិច ៣​គ្រួសារ អំពាវនាវ​នៅ​ថ្ងៃ​ទី​២ ឧសភា ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​អង្គការ​សង្គម​ស៊ីវិល អន្តរាគមន៍​ករណី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា​រំលោភ​ដីធ្លី​របស់​ពួក​គាត់ ដែល​បាន​កាន់​កាប់ និង​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​កន្លង​ទៅ។

តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ ៣​គ្រួសារ រស់នៅ​ភូមិ​វាលពោធិ៍ ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ លោក រឿន វាសនា ឲ្យ​ដឹង​ថា អនុ​ភូមិ ស្មៀន​ឃុំ មេ​ឃុំ និង​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ មួយ​ចំនួន បាន​ឃុបឃិត​គ្នា​រំលោភ​យក​ដី​ពួក​គាត់ ដោយ​បោះ​បង្គោល​យក​ក្នុង​ម្នាក់​ក្នុង​ទំហំ​ក្បាល​ដី ៥០​ម៉ែត្រ បណ្តោយ ១០០​ម៉ែត្រ។

លោក​ថា ដី​ទាំងនោះ ជនជាតិ​ដើម​ភាគតិច​កួយ បាន​ធ្វើ​ចម្ការ​វិល​ជុំ​ជាង ៨​ឆ្នាំ​ហើយ និង​មាន​ផ្នែក​ខ្លះ​នៃ​ដី​នោះ ឋិត​ក្នុង​ក្បាល​ដី​ស្រែ​របស់​ពួក​គាត់។ លោក​ថា ដី​ទាំងនោះ​មួយ​ផ្នែក គឺ​ជា​ដី​បុះ ឬ​ព្រៃ​រិចរឹល ដែល​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ច្រើន​ឆ្នាំ​មក​ហើយ៖ «មិន​ដឹង​ប្ដឹង​ពី​ណា? បើ​អាជ្ញាធរ​ភូមិ-ឃុំ​ជា​អ្នក​វាស់​ចែក​គ្នា​មួយ​នាក់​មួយ​ប្លង់ៗ។ គាត់​អត់​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ ហ្នឹង​ទី​១។ ទី​ពីរ គឺ​ដឹង​ដែរ​ថា ដី​ហ្នឹង​ជា​ដី​របស់​ពលរដ្ឋ តែ​គាត់​បំពាន​តែ​ម្តង»

បុរស​ដដែល​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​ហូត​ដី​របស់​ពួក​គាត់ ដើម្បី​ត្រៀម​បម្រុង​អភិវឌ្ឍ​មូលដ្ឋាន ឬ​សម្រាប់​បម្រើ​សាធារណៈ​ពិត​ប្រាកដ​មែន ពួក​គេ​មិន​ជំទាស់​នោះ​ទេ។

មេ​ឃុំ​អន្លង់ភេ លោក អឿន ខែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ថា​ជា​ការ​មួលបង្កាច់។ លោក​ទទួល​ស្គាល់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​បោះ​បង្គោល​វាស់វែង​កំណត់​ដី​នៅ​តំបន់​នោះ​ជាង ១០​ហិកតារ ត្រៀម​ប្រើប្រាស់​អភិវឌ្ឍ​មូលដ្ឋាន ដោយ​កសាង​មណ្ឌល​សុខភាព និង​សាលា​រៀន ជាដើម។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​នេះ ដាក់​ពាក្យ​បណ្ដឹង​មក​អាជ្ញាធរ​ឃុំ ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ដោះស្រាយ។ លោក​បញ្ជាក់​ថា ដី​ឋិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ឃុំ មិន​អាច​ឲ្យ​មាន​ការ​កាន់​កាប់​ជា​កម្មសិទ្ធិ​បុគ្គល​ណា​មួយ​ជា​ដាច់ខាត៖ «ដី​សម្រាប់​ទុក​បម្រុង​រដ្ឋ​ទាំងអស់ ក្នុង​អាណត្តិ​ខ្ញុំ គឺ​ខ្ញុំ​ទុក​ទាំងអស់​សម្រាប់​រដ្ឋ។ បើ​និយាយ​រឿង​ចែក​ដី​ជាមួយ​អាជ្ញាធរ​ស្រុក អត់​មាន​ទេ អ្នក​មួលបង្កាច់​នេះ គឺ​ជា​មនុស្ស​មិន​ល្អ ឬ​ជា​មនុស្ស​មិន​ច្បាស់លាស់​ក្នុង​កិច្ច​ការងារ​ឃុំ-សង្កាត់​ដែរ»

លោក អឿន ខែន បន្ថែម​ថា កន្លង​ទៅ អាជ្ញាធរ​ឃុំ​អន្លង់ភេ បាន​កំណត់​ដី​ប្រហែល ១០​ហិកតារ​នៅ​តំបន់​នោះ​សម្រាប់​ត្រៀម​អភិវឌ្ឍ​ឃុំ រួម​មាន​ដី​ក្បាល ១០០​ម៉ែត្រ បណ្តោយ ៣០០​ម៉ែត្រ សម្រាប់​កសាង​មណ្ឌល​សុខភាព និង​ដី​ក្បាល ៣០០​ម៉ែត្រ បណ្តោយ ៣០០​ម៉ែត្រ សម្រាប់​កសាង​អនុវិទ្យាល័យ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ប្រសិន​បើ​មេ​ឃុំ និង​អាជ្ញាធរ​ពាក់ព័ន្ធ ប្រើប្រាស់​ដី​ទាំងនោះ​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ ត្រូវ​ប្រកាស ឬ​ជូន​ដំណឹង​ទៅ​ពលរដ្ឋ​ជា​មុន​សិន​ស្ដីពី​ផែនការ​ដី​ត្រៀម​បម្រុង​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​រដ្ឋបាល​ឃុំ ដោយ​មិន​ត្រូវ​វាស់វែង​ស្ងាត់ៗ​នោះ​ទេ ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ចេតនា​បំពាន​ដីធ្លី​អាស្រ័យ​ផល​ពលរដ្ឋ​ប្រើប្រាស់​ជា​សម្បត្តិ​ឯកជន គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​រំលោភ​ច្បាប់​ផង៖ «ឃុំ​ត្រូវ​តែ​មាន​បែបបទ​ត្រឹមត្រូវ ដើម្បី​ឲ្យ​មាន​ការ​ទុក​ចិត្ត។ កោះ​ប្រជុំ​ទាំងអស់​គ្នា​ទៅ ថា​ដី​ពី​ចំណុច​ត្រង់​នេះ​មួយ ត្រង់​នោះ​មួយ ឬ​ក៏​មាន​សុរិយោដី​អី​ចុះ​ទៅ​វាស់វែង​កំណត់​ព្រំ​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​ទុក​ជា​ដី​សម្បទាន​សង្គមកិច្ច ឬ​មួយ​ជា​ដី​ទុក​អភិវឌ្ឍ​មូលដ្ឋាន»

ឃុំ​អន្លង់ភេ ឋិត​នៅ​ទិស​ខាង​លិច​ឆៀង​ខាង​ជើង ឆ្ងាយ​ពី​ទី​រួម​ខែត្រ​ស្ទឹងត្រែង ប្រមាណ​ជាង ៤០​គីឡូម៉ែត្រ។ ពលរដ្ឋ​រស់នៅ​ទីនោះ​មាន​ចំនួន​ជាង ៨០០​គ្រួសារ (៨៦៤​គ្រួសារ)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល