ជនជាតិ​ដើម​ភាគតិច​ខែត្រ​ស្ទឹងត្រែង​៣២​គ្រួសារ​ត្រូវ​ឈ្មួញ​ប្តឹង​ទៅ​តុលាការ​រឿង​ជម្លោះ​ដីធ្លី

ដោយ ម៉ែន សុធីរ
2017.08.25
កាប់​បំផ្លាញ​ព្រៃ ស្ទឹងត្រែង ២០១៦ ៨៥៥ តំបន់​ព្រៃ​ដែល​ពលរដ្ឋ​ចោទ លោកស្រី ងិន សារី ជួល​កម្មករ​ឲ្យ​កាប់​ទន្ទ្រាន ឋិត​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​ខែ​កុម្ភៈ ឆ្នាំ​២០១៦ Photo Provided
Photo Provided

ជនជាតិ​ដើម​ភាគតិច ៣២​គ្រួសារ​រស់នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចោទ​ឈ្មួញ​ម្នាក់​ថា​រំលោភ​យក​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់ និង​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​រាប់​ពាន់​ដើម ក្រោម​រូបភាព​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។ ពួក​គេ​បាន​ប្តឹង​រឿង​នេះ​ទៅ​អាជ្ញាធរ​ជាង ២​ឆ្នាំ​ហើយ តែ​ពុំ​មាន​លទ្ធផល ក៏ប៉ុន្តែ​បែរ​ជា​ឈ្មួញ​រូប​នោះ​ប្តឹង​ពួក​គេ​វិញ​ទៅ​តុលាការ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ជនជាតិ​ដើម​ភាគតិច ៣២​គ្រួសារ បាន​មក​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​សមាគម​អាដហុក (ADHOC) ជា​ថ្មី​ទៀត បន្ទាប់​ពី​ឈ្មួញ​ឈ្មោះ ងិន សារី ប្តឹង​ពួក​គាត់​ទៅ​តុលាការ​ដោយ​ចោទ​ថា អ្នក​ភូមិ​កាន់​កាប់​ដី​ខុស​ច្បាប់ ក៏ប៉ុន្តែ​សំណុំ​រឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង បង្វែរ​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ដោះស្រាយ​វិញ។

តំណាង​ជនជាតិ​ដើម​ភាគតិច ៣២​គ្រួសារ លោក សៀក សែន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ សីហា ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​លោកស្រី ងិន សារី ទទួល​ខុស​ត្រូវ​ការ​បាត់បង់​ដើមឈើ​ទាល​ជា​ឈើ​ផលិត​ជ័រ​ទឹក ដោយ​ត្រូវ​សង​ក្នុង​មួយ​ដើម ១០​ម៉ឺន​រៀល និង​ប្រគល់​ដី​ចម្ការ​វិល​ជុំ ៥០​ហិកតារ​ជូន​អ្នក​ភូមិ​វិញ។ លោក​ថា បន្ទាប់​ពី​លោកស្រី ងិន សារី ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​កាល​ពី​ឆ្នាំ​២០១៣ បាន​សម្រុក​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម និង​កាប់​ទន្ទ្រាន​ព្រៃ​ស្រោង​ជា​ជម្រក​សត្វ​នៅ​ចំណុច​អូរ​ហុងស៊ីម័រ រហូត​ដល់​អូរ​សៀមបូក ដែល​នាំ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច៖ «ច្បោះ​ជ័រ​ទឹក​អី កាប់​បំផ្លាញ​របស់​ពលរដ្ឋ​អស់​ហើយ។ ពលរដ្ឋ​អត់​មាន​អី​បង្កបង្កើនផល​ផង ដូច​ថា​ដង​ជ័រ​ដង​អី​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​អត់​មាន​ទេ គាត់​កាប់​បំផ្លាញ​អស់​ហើយ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​លោកស្រី ងិន សារី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ សីហា។

កាល​ពី​ឆ្នាំ​២០១៣ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ឯកភាព​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ១.៥០០​ហិកតារ​នៅ​ឃុំ​ចម្ការលើ ស្រុក​ថាឡាបរិវ៉ាត់ តាម​សំណើ​របស់​ពលរដ្ឋ​ខែត្រ​ត្បូងឃ្មុំ ព្រោះ​ពលរដ្ឋ​ចំនួន ១១៧​គ្រួសារ​រស់នៅ​ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ជួប​គ្រោះ​បាក់​ច្រាំង​ទន្លេ និង​ខ្វះខាត​ដី​រស់នៅ។ ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​ទទួល​បាន​ដី ៥​ហិកតារ។ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បញ្ជាក់​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​មាន​តំណាង​ពលរដ្ឋ​ឈ្មោះ ងិន សារី ជា​អ្នក​សម្រួល​ការងារ​អាជ្ញាធរ​ទាំង​ពីរ​ខែត្រ ហើយ​ពុំ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ឡើយ។

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក (ADHOC) រក​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ​ប៉ះពាល់​ពលរដ្ឋ​ក្នុង​ឃុំ​ចម្ការលើ ឃុំ​កាំងចាម និង​ឃុំ​អន្លង់ភេ ដោយ​ការ​បាត់បង់​ដើម​ជ័រ​ច្បោះ និង​ជីវចម្រុះ​ក្នុង​ព្រៃ​ស្រោង។ ចំណែក​ស្ត្រី​ឈ្មោះ ងិន សារី ជា​អ្នក​ចាត់ចែង​ឲ្យ​ពលរដ្ឋ​ចូល​រស់នៅ​កាប់​ទន្ទ្រាន​ព្រៃ​តាំង​ពី​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន ព្រៃ​ស្រោង​តំបន់​នោះ​បាន​ក្លាយ​ជា​ទី​វាល​មួយ​ផ្នែក​ធំ។

អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​រដ្ឋបាល​ខែត្រ​វិញ។ អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៤ សីហា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

មេ​ឃុំ​ចម្ការលើ លោក ព្រះ ហែម ទទួល​ស្គាល់​ថា ជនជាតិ​ដើម​ភាគតិច​បាត់បង់​ប្រាក់​ចំណូល​ដោយសារ​បាត់បង់​ដើម​ឈើ​ផលិត​ជ័រ​ទឹក តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​មួយ​ចំនួន ដោយ​ផ្តល់​សំណង​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ២០​ម៉ឺន​រៀល​ថ្លៃ​បាត់បង់​ដើម​ឈើ​ផលិត​ជ័រ​ទឹក។ លោក​ថា​សំណុំ​រឿង​នេះ​ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ តែ​អាជ្ញាធរ​ខែត្រ​គ្រោង​ចុះ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឆាប់ៗ​នេះ៖ «សម្រាប់​ថ្ងៃ​ម្សិល គឺ​មាន​កិច្ចព្រមព្រៀង​មួយ គឺ​យើង​ផ្ដិត​មេដៃ​ដោះស្រាយ គឺ​នៅ​ស្ងៀម​សិន ចាំ​ទុក​ឱកាស​ឲ្យ​លោក​អភិបាល​ខែត្រ​លោក​ជា​អ្នក​មាន​ការ​ចាត់ចែង​យ៉ាង​ណាៗ ស្រេច​លើ​ច្បាប់​របស់​រដ្ឋាភិបាល»

លោក ព្រះ ហែម បន្ថែម​ថា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង (..) សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពលរដ្ឋ ១១៧​គ្រួសារ ឋិត​នៅ​តំបន់​នោះ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​កំណត់​ព្រំ​ដី​រួច​ហើយ។ រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​មក​រស់នៅ​ជា​បណ្តើរៗ​ប្រហែល​ជាង ៣០​ភាគរយ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​លោកស្រី ងិន សារី របស់​អាជ្ញាធរ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​ប៉ះពាល់​ជីវភាព និង​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ រួម​មាន​បាត់បង់​ដី​ចម្ការ​វិល​ជុំ បាត់បង់​ព្រៃ​ស្រោង​ជា​ជម្រក​សត្វ​ព្រៃ បាត់បង់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ការ​កាប់​រាន​ដី​ព្រៃ​មុន​ពេល​រដ្ឋាភិបាល​មិន​ទាន់​ចេញ​អនុក្រឹត្យ និង​ការ​លក់​ដូរ​ដី​ក្នុង​បរិវេណ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ខុស​ច្បាប់៖ «ច្បាប់​ភូមិបាល​គេ​និយាយ​ថា​ពាក់ព័ន្ធ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ហ្នឹង គឺ​ទាល់​តែ​ពលរដ្ឋ​អ្នក​ស្នើសុំ​មក​រស់នៅ ៥​ឆ្នាំ​សិន បាន​អាច​លក់​ដូរ​បាន ប៉ុន្តែ​នេះ​ពលរដ្ឋ​អត់​មាន​រស់នៅ​ទេ គឺ​លក់​ដូរ​បាត់​ហើយ។ ចឹង​វា​ខុស​លក្ខខណ្ឌ​នៃ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច»

កាល​ពី​ចុង​ឆ្នាំ​២០១៥ ពលរដ្ឋ​ចំនួន ៩៣​គ្រួសារ បាន​ផ្ដិត​មេដៃ​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​អាដហុក និង​អាជ្ញាធរ​ពាក់ព័ន្ធ ករណី​លោកស្រី ងិន សារី បាន​ជួល​កម្មករ​កាប់​ឆ្ការ​ព្រៃ និង​ដើម​ផលិត​ជ័រ​ទឹក​របស់​សហគមន៍ ហើយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ ពលរដ្ឋ ១៧​គ្រួសារ បាន​នាំ​គ្នា​តវ៉ា​នៅ​សាលា​ស្រុក​ថាឡាបរិវ៉ាត់ ករណី​លោកស្រី ងិន សារី ដកហូត​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​ពួក​គេ ដើម្បី​យក​ដី​លក់​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។