ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​រារាំង​ក្រុម​និស្សិត​វាស់ដី

ប្រជាពលរដ្ឋ​ជិត ៣០​គ្រួសារ នៅ​ភូមិ​ដាច់ស្រយាល​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ភូមិ និង​ឃុំ ថា​បាន​រារាំង និង​បង្វែង​ដាន​មិន​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វាស់វែង​ដីធ្លី​ជូន​ពួកគាត់ ប៉ុន្តែ​អាជ្ញាធរ​ដែនដី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។
ដោយ មណ្ឌល កែវ
2013-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​គេ​វាស់​ដី​ឲ្យ​នៅ​ភូមិ​សង្គមថ្មី ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ យំ​សំពះ​អង្វរ​មន្ត្រី​សុរិយោដី​ខេត្ត​ដែល​ចុះ​ទៅ​បិទ​ឈ្មោះ​ម្ចាស់​ដី​ក្រោយ​ពី​និស្សិត​វាស់វែង​រួច កាល​ពី​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៣។
ពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​គេ​វាស់​ដី​ឲ្យ​នៅ​ភូមិ​សង្គមថ្មី ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ យំ​សំពះ​អង្វរ​មន្ត្រី​សុរិយោដី​ខេត្ត​ដែល​ចុះ​ទៅ​បិទ​ឈ្មោះ​ម្ចាស់​ដី​ក្រោយ​ពី​និស្សិត​វាស់វែង​រួច កាល​ពី​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៣។
RFA/Mondulkeo

ប្រជាពលរដ្ឋ​ចំនួន ២៧​គ្រួសារ នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២៧ មីនា បាន​អំពាវនាវ​ឲ្យ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ជួយ​វាស់វែង​ដីធ្លី​ជូន​ពួក​គាត់។ អ្នក​ភូមិ​ចោទ​ប្រកាន់​ថា ដោយ​គាត់​ក្រ​គ្មាន​លុយ​ជូន​អាជ្ញាធរ​ភូមិ និង​ឃុំ ទើប​គេ​បង្វែង​ដាន​ក្រុម​និស្សិត​មិន​ឲ្យ​វាស់វែង​ដី​ឲ្យ​គាត់។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ម៉ូ ស្រ៊ី អាយុ ៥៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ថា ដី​ចំការ​របស់​គាត់​ជាង ១​ហិកតារ​នេះ គ្រួសារ​គាត់​បាន​កាប់​រាន​ព្រៃ​ដោយ​ដៃ ហើយ​ត្រូវ​មីន​ផ្ទុះ​រហូត​ប្ដី​គាត់​បាន​បាត់បង់​ជីវិត ឯ​រូប​គាត់​ត្រូវ​របួស​ពិការ​ដោយសារ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៩។ តែ​ឥឡូវ​អាជ្ញាធរ​ភូមិ ឃុំ បែរ​ជា​មិន​ព្រម​ឲ្យ​និស្សិត​វាស់វែង និង​ផ្ដល់​កម្មសិទ្ធិ​ឲ្យ​គាត់​ឡើយ។

លោកស្រី ម៉ូ ស្រ៊ី៖ «ប្ដី​ខ្ញុំ​ស្លាប់ ៥​ឆ្នាំ​ហើយ ផ្ទុះ​មីន​ដោយសារ​ដី​នេះ។ ឥឡូវ​និស្សិត​មក​វាស់ដី តែ​មេ​ភូមិ មេ​ឃុំ បែរ​ជា​មិន​ឲ្យ​វាស់។ គេ​មើល​ឃើញ​តែ​លុយ អ្នក​ក្រ​អត់​លុយ​គេ​មិន​ឲ្យ​វាស់​ទេ សូម​សម្ដេច​ជួយ​ពួក​យើង​ខ្ញុំ​ផង។ មាន​តែ​ដី​ប៉ុណ្ណឹង បើ​គេ​មិន​វាស់​ឲ្យ​ទៀត រស់​នៅ​មាន​ន័យ​អី​ទៀត ខ្ញុំ​ឈឺ​ចាប់​ណាស់...»

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ វ៉ាន់ ស្រីមុំ និយាយ​ថា គាត់​បាន​មក​កាន់កាប់​ដី​នេះ​តាំង​ពី​ឆ្នាំ​២០០០។ គាត់​ថា ប្ដី​គាត់​ជា​កងទ័ព​ការពារ​ព្រំដែន ឯ​គាត់​មាន​ដី​តែ​បន្តិចបន្តួច​គ្រាន់​បង្កបង្កើន​ផល​ចិញ្ចឹម​កូន បើ​គេ​មិន​ព្រម​វាស់វែង និង​ផ្ដល់​កម្មសិទ្ធិ​ឲ្យ​គាត់​ទេ គ្រួសារ​គាត់​ពិត​ជា​ជួប​លំបាក​ធ្ងន់ធ្ងរ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ជា​មិន​ខាន៖ «កន្លង​ទៅ​ខ្ញុំ​ធ្វើ​រនាំង​ការពារ​ពួក​ថៃ រង់ចាំ​ការ​អភិវឌ្ឍ។ ឥឡូវ​មាន​ការ​អភិវឌ្ឍ​ហើយ គេ​បែរ​ជា​មិន​វាស់​មិន​វែង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​ឈឺ​ចិត្ត​ណាស់។ សូម​ជួយ​ប្រជាជន​ពួក​ខ្ញុំ​ផង អាជ្ញាធរ​គេ​មើល​មិន​ឃើញ​ទេ គេ​មើល​ឃើញ​តែ​អ្នក​មាន​លុយ​ទេ...»

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ ប៊ី លែន បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ភូមិ ឃុំ បាន​ប្រាប់​ថា ដី​ដែល​ពួកគាត់​កំពុង​រស់​នៅ​នេះ​ជា​ដី​របស់​ក្រុមហ៊ុន អ៊ឹមឌីអេស (MDS Import Export) ដូច្នេះ​អាជ្ញាធរ​ពុំ​អាច​ឲ្យ​ក្រុម​និស្សិត​វាស់​វែង​បាន​ទេ។

យ៉ាង​ណា​ក៏ដោយ តំណាង​ក្រុមហ៊ុន អ៊ឹមឌីអេស ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា បញ្ហា​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ថ្មដា ពុំ​មាន​ពាក់ព័ន្ធ​អ្វី​ជាមួយ​ក្រុមហ៊ុន​ទេ។ លោក​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សម្បទាន​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​ខេត្ត ប្រសិន​បើ​មាន​ផល​ប៉ះពាល់ ឬ​យ៉ាង​ណា​នោះ គឺ​អាជ្ញាធរ​ជា​អ្នក​មាន​ភារកិច្ច​ដោះស្រាយ ពុំ​មែន​ជា​ភារកិច្ច​របស់​ក្រុមហ៊ុន​នោះ​ឡើយ។

ប្រភព​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង ២៧​គ្រួសារ​នេះ ខ្លះ​បាន​ស្លាប់ ខ្លះ​រង​របួស និង​ខ្លះ​ទៀត​ពិការ​ដោយ​ការ​កាប់​រាន​ព្រៃ​នៅ​តំបន់​នេះ​ដើម្បី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព។

ប្រធាន​ក្រុម​និស្សិត​វាស់វែង​ដីធ្លី​ប្រចាំ​ឃុំ​ថ្មដា យុវនិស្សិត ដន សុផណ្ណា បាន​ឲ្យ​ដឹង​ថា ក្រុម​និស្សិត​វាស់វែង​តែ​ដីធ្លី​ណា​ដែល​ស្រប​តាម​គោលការណ៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​នរណា​នោះ​ទេ។

ចំណែក​មេ​ឃុំ​ថ្មដា លោក ព្រំ ង៉ុន ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែរ។ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពុំ​បាន​បង្វែង​ក្រុម​និស្សិត​មិន​ឲ្យ​វាស់វែង​ដី​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ។

យ៉ាង​នេះ​ក្ដី អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា តាម​ការ​អង្កេត​បង្ហាញ​ថា ប្រជាពលរដ្ឋ​បាន​កាន់​កាប់​ដី​នេះ​ជាង ១០​ឆ្នាំ​មក​ហើយ ដូច្នេះ​អាជ្ញាធរ​គួរ​តែ​នាំ​ក្រុម​និស្សិត​ឲ្យ​វាស់វែង​ដី​នេះ​ជូន​ប្រជាពលរដ្ឋ​តាម​រូបមន្ត​ស្បែក​ខ្លា​ដែល​បាន​ចែង​ក្នុង​បទបញ្ជា​លេខ ០១ ស្ដី​ពី​វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ដី​សម្បទាន ដី​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល