ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បឹង​តា​មោក ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ពី​ក្រសួង​ដែនដីជាថ្មី

ដោយ ស្ងួន អមរា
2023.01.12
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​បឹង​តា​មោក ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ពី​ក្រសួង​ដែនដីជាថ្មី ពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពីថ្ងៃទី១២ មករា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជា​ពលរដ្ឋ​រស់នៅ​ក្បែរ​បឹងតាមោក​ជាង​មួយ​រយ (១០៤)​ខ្នង​ផ្ទះ ស្មើ​នឹង ២៤៥គ្រួសារ ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ និង​អត្ត​សញ្ញាណ​ប័ណ្ណ ព្រោះ​ពួកគាត់​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ពី​ផ្ទះសម្បែង។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ពិត​ប្រាកដ ទើប​ពលរដ្ឋ​នៅតែ​ស្រែក​រក​យុត្តិធម៌​ពី​អ្នក​មាន​អំណាច។

ពលរដ្ឋ​ប្រមាណ​៣០នាក់​តំណាង​ឲ្យ ២៤៥​គ្រួសារ យក​ញត្តិ​មក​ដាក់​ជា​លើក​ទី២ អម​ដោយ​ការ​លើក​បដា​រូប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្ជាប់​នឹង​ពាក្យ អរគុណ​សន្តិភាព នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី១២ ខែមករា ដើម្បី​ឲ្យ​ក្រសួង​ដោះស្រាយ​សំណើ​របស់​ពួកគាត់ ឲ្យ​បាន​ឆាប់។

តំណាង​ពលរដ្ឋ​នៅ​បឹង​តាមោក លោកស្រី ប្រាក់ សុភា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​បឹង​តាមោក មិន​ព្រម​ទៅ​រស់នៅ​កន្លែង​ដែល​រដ្ឋាភិបាល​ដោះដូរ​ឲ្យ​នោះ​ទេ ព្រោះ​ទី​តាំង​ថ្មី​នោះ​ឆ្ងាយ​ពី​ផ្លូវ​មិន​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន។ លោកស្រី​បន្ត​ថា ទោះជា​លោកស្រី​ស្លាប់​ក៏​មិន​ចាកចេញ​ពី​ទឹកដី​នេះ​ដែរ ហើយ​លោកស្រី​ស្នើ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​សិទ្ធិ​ឲ្យ​លោកស្រី​ និង​ពលរដ្ឋ​ដទៃ​បាន​រស់នៅ​លើ​ដី​៥ហិកតារ​នេះ​ផង។

លោកស្រី ប្រាក់ សុភា«នៅតែ​ទទូច​សុំ​ឲ្យ​សម្ដេច​នាយក​មេត្តា​ពិចារណា ចំណាត់​ការ(ថ្នាក់)ក្រោម​របស់​លោក​សុំ​ឲ្យ​កាត់​ឃ្វាល​ឲ្យ​ពួកយើង​ទៅ។ សុំ​កុំ​ឲ្យ​មាន​ការ​ឃុបឃិត​លក់​កញ្ចប់​ក្រោម​តុ ព្រោះអី​ក្រោយ​សហគមន៍​យើង​គឺ​អភិបាល ឃួង ស្រេង ហើយ​និង​ដន្លង ឃួង ស្រេង ហើយ​យើង​ចង់​បញ្ជាក់​ថា ពួក​យើង​អត់​បាន​នៅ​ប៉ះ​ដី​អនុក្រឹត្យ​ផ្ទៃ​បឹង​របស់​រាជរដ្ឋាភិបាល​ទេ គឺ​យើង​នៅ​លើ​ដី​ស្រែ​ប្រាំង ដែល​ពួក​យើង​កាន់​កាប់​អាស្រ័យ​ផល តាំង​ពី​ឆ្នាំ១៩៩០ – ៩០ជាង រហូត​មក​ដល់​២០២៣»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​បឹងតាមោក លោកស្រី ស៊ា ដាវី ឲ្យដឹង​ថា លោកស្រី​អស់​ជំនឿ​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម​ដោះស្រាយ​វិបត្តិ​ដីធ្លី​ឲ្យ​លោកស្រី​ទៀត​ហើយ គឺ​មាន​តែ​សង្ឃឹម​លើ​លោក ហ៊ុន សែន ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ជួយ​ពលរដ្ឋ​បាន។ លោកស្រី​បញ្ជាក់​ថា លោកស្រី​មក​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ឲ្យ​ក្រសួង​ពន្លឿន​​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ និង​សុំ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង។

លោកស្រី ស៊ា ដាវី៖ «ពិបាក​ចិត្ត យើង​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដោយ​ប្រើ​ប្រព័ន្ធ​ច្បាប់ ផ្លូវ​តុលាការ​អ៊ីចឹង ហើយ​និង​ចំណាត់ការ​ដូច​កាល​ពី​ឆ្នាំ​ទៅ​មាន​ប្ដឹង​តំណាង​សហគមន៍​របស់​ពួក​យើង​ចំនួន ៧នាក់ ហើយ​យើង​បារម្ភ​ខ្លាច​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ដោយសារតែ​​យើង​មិន​ព្រម​ទទួល​ដំណោះស្រាយ​តាម​អាជ្ញាធរ​ខណ្ឌ ដែល​គាត់​តម្រូវ​ឲ្យ​យើង​ទៅ​ទីតាំង​ថ្មី»

ដី​ប្រមាណ​ប្រាំ​ហិកតារ​ជា​លំនៅឋាន របស់​ពលរដ្ឋ​បឹងតាមោក ឃុំ​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដែល​ពួកគាត់​មក​រស់នៅ និង​អាស្រ័យផល​តាំង​ពី​ឆ្នាំ១៩៩០ ឥឡូវ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ពី​សំណាក់​អាជ្ញាធរ​នៅ​ទី​នោះ។ ពួកគាត់​ប្រមាណ ៣០នាក់ មាន​ទាំង​កុមារ​តូច​ៗ​ផង ស្នើ​សុំ​ក្រសួង​រៀបចំ​ដែនដី និង​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ពួកគាត់​រស់នៅ​ក្បែរ​បឹង​តាមោក​បន្ត​ទៀត។

អាជ្ញាធរ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​រស់នៅ​ទីតាំង​ថ្មី ទី១ ខាង​ភូមិ​សំរោង ទី២ ទៅ​ខាង​បឹងតាមោក ពញាពន់ ដែល​ជា​ដី​ប្រឡាយ​ចាស់ នៅ​ឆ្ងាយ​ពី​ផ្លូវជាតិ​លេខ១៣០ ប្រមាណ៣០០ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​កូនចៅ​ពិបាក​ទៅ​រៀន​សូត្រ។ សម្រាប់​មួយ​គ្រួសារ​មាន​ដី​អាច​សង់​ផ្ទះ​មួយ​បាន។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត និង​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​ទេ នៅ​ថ្ងៃទី១២ ខែ​មករា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​មាន​ចិត្ត​ចង់​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​បឹង​តាមោក​ជូន​ពលរដ្ឋ​ទេ ព្រោះ​ជម្លោះ​នេះ​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​ហើយ។ លោក​បន្ត​ថា ដី​បឹង​នេះ​ជា​តំបន់​គោលដៅ​អភិវឌ្ឍន៍ ដែល​ក្រុម​អ្នក​មាន​លុយ មាន​អំណាច​កំពុង​ប្រកួតប្រជែង ដើម្បី​កាន់​កាប់​រៀងៗ​ខ្លួន ហើយ​ពលរដ្ឋ​ក្រីក្រ​មិន​ងាយ​ទទួល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​នេះ​ទេ។

លោក វណ្ណ សូផាត«អ្នក​មាន​អំណាច​អ៊ីចឹង​សុទ្ធតែ​ឲ្យ​ដី​ណា!​រាប់​ហិកតារ ​អ៊ីចឹង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​អត់​មាន​រវីរវល់​ដោះស្រាយ​។ អ៊ីចឹង​ខ្ញុំ​ឃើញ អ្នក​ដែល​បង្ក​ធ្វើ​ឲ្យ​មាន​អតុល្យភាព​សង្គម អតុល្យភាព​យុត្តិធម៌​សង្គម មិន​មាន​យុត្តិធម៌​សង្គម គ្មាន​នរណា​ក្រៅ​ពី​រដ្ឋ ក្រៅ​ពី​អាជ្ញាធរ​ទេ»

ពលរដ្ឋ​នៅ​បឹង​តា​មោក មិន​សុខ​ចិត្ត ដែល​លោក​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បុរី ប៊ុន ជេស្ឋ មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ចំណែក​ពលរដ្ឋ​ក្រីក្រ​ស្នើ​សុំ​ប័ណ្ណ​ស្នាក់​នៅ និង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី លោក​អភិបាលក្រុង​រូប​នេះ​មិន​ចេញ​ឲ្យ​ពួកគេ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។