មន្ត្រី​យោធិន​ពិការ​៧៤​គ្រួសារ​នៅ​បន្ទាយមានជ័យ​កំពុង​ខ្វល់ខ្វាយ​រឿង​គ្មាន​ដី​ដាំដុះ​រង​ការ​​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញពី​ដី​ទំនាស់

មួង ណារ៉េត
2018-09-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​​មាន​ជម្លោះ​ដី​មក​ពី​ស្រុក​សំឡូត ខេត្ត​បន្ទាយមានជ័យ និង​ព្រះសង្ឃ​វត្ត​ស្ទឹង​មានជ័យ​ប្រមាណ ៤០​នាក់​និង​អង្គ នាំគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​ទី២៩ កញ្ញា ឆ្នាំ ២០១៤។
ពលរដ្ឋ​​មាន​ជម្លោះ​ដី​មក​ពី​ស្រុក​សំឡូត ខេត្ត​បន្ទាយមានជ័យ និង​ព្រះសង្ឃ​វត្ត​ស្ទឹង​មានជ័យ​ប្រមាណ ៤០​នាក់​និង​អង្គ នាំគ្នា​ប្រមូលផ្ដុំ​នៅ​មុខ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​ទី២៩ កញ្ញា ឆ្នាំ ២០១៤។
RFA/Rann Samnang

អតីត​យោធិន​ពិការ​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ចំនួន​៧៤ គ្រួសារ​កំពុង​ព្រួយបារម្ភ​ខ្លាច​គ្មាន​ដី​ដាំ​ដុះ ដោះស្រាយ​ជីវភាព និង​បាត់បង់​ទីជម្រក​ស្នាក់អាស្រ័យ។ ក្ដី​បារម្ភ​នេះ ដោយសារតែ​អាជ្ញាធរ​ខេត្ត បាន​ជូនដំណឹង​បង្ខំ​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​ចេញពី​ដី​ទំនាស់។ អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ​លើកឡើង​ថា រឿង​នេះ អាជ្ញាធរ​មិនទាន់​ដោះស្រាយ​ជូន​ពួកគាត់​ចប់​សព្វគ្រប់​នៅ​ឡើយ ដូច្នេះ​ការ​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​រុះរើ​ផ្ទះ​ចេញពី​ដី​ទំនាស់​គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។

អតីត​យោធិន​ពិការ​ខ្មែរ​តំបន់​ក្រហម​ផ្ដាច់​ខ្លួន​នៅ​ស្រុក​ម៉ាឡៃ ទទូច​ឲ្យ​អាជ្ញាធរ​របប​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ឈប់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កុំ​ឲ្យ​បណ្ដេញ​រុះរើ​ផ្ទះ​ចេញពី​ដី​ដែល​កំពុង​រស់នៅ។

តំណាង​អតីត​យោធិន​ពិការ​នៅ​ស្រុក​ម៉ាឡៃ លោក គង់ សំអាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ កញ្ញា ថា ពួកគាត់​ចំនួន​៧៤​គ្រួសារ​បាន​ប្រជុំ​គ្នា​រួចហើយ គឺ​នឹង​មិន​រុះរើ​ផ្ទះ​ចេញពី​ដី​ដែល​រស់នៅ និង​ដាំ​ដុះ​ជាប្រចាំ​នោះ​ឡើយ ព្រោះ​ដី​ទំនាស់​នោះ​ជា​ដី​របស់​ពួកគាត់ ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ពួកគាត់​ដែល​ជា​អតីត​ខ្មែរក្រហម​ផ្ដាច់​ខ្លួន​កាលពី​ឆ្នាំ​១៩៩៧​មក។

លោក គង៉ សំអាត បន្ថែម​ទៀត​ថា ពួកគាត់​គ្មាន​អ្វី​ជាទី​ពឹង​ក្រៅពី​ដី​នោះ ដើម្បី​បង្កបង្កើនផល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​នោះ​ទេ ដូច្នោះ​ពួកគាត់​មិន​អាច​ប្រគល់​ដី​របស់​ខ្លួន​ទៅ​ឲ្យ​បុគ្គល​ផ្សេង​ធ្វើជា​កម្មសិទ្ធិ​បាន​នោះ​ឡើយ៖ «ខ្ញុំ ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​សហការ​គ្នា​ទៅ​រុះរើ​ផ្ទះសម្បែង​របស់​ពួក​ខ្ញុំ ដូច្នេះ​ពួក​ខ្ញុំ​មិន​ព្រម​ទេ​បើសិនជា​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ក៏​ពួក​ខ្ញុំ​មិន​ចេញ​ដែរ ព្រោះ​ដោះស្រាយ​យូរហើយ​នៅតែ​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង»

ចំណែក​ប្រពន្ធ​អតីត​យោធិន​ពិការ​ម្នាក់ទៀត​ថ្លែង​ថា ដី​ទំនាស់​នោះ​ពួកគាត់​ចំនួន​៧៤​គ្រួសារ ត្រូវ​បាន​មេបញ្ជាការ​របស់​ពួកគាត់​ជួល​យក​ទៅ​ធ្វើ​កសិកម្ម​មួយ​រយៈ ដោយសារ​កាលណោះ​ផ្លូវ​លំបាក​ហើយ​ពួកគាត់​គ្មាន​លទ្ធភាព​ឈូស​ឆាយ​ដោយ​ខ្លួនឯង លុះ​ក្រោយមក​នៅ​ឆ្នាំ​២០១៣ ពួកគាត់​ក៏បាន​ទៅ​ដាំ​នៅ​លើ​ដី​នោះ​ឡើងវិញ រហូត​មកទល់​សព្វ​ថ្ងៃ។​អ្នកស្រី​បន្ថែម​ទៀត​ថា ផ្ទៃ​ទំនាស់​សរុប​៦០០​ហិកតារ មេៗ​របស់​ពួកគាត់​បាន​យក​ដី​នោះ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន ហៃ សួគ៍ និង​លក់​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៤​គ្រួសារ ប៉ុន្តែ​ពួកគាត់​បាន​ប្ដឹងតវ៉ា​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់​ជាតិ ដើម្បី​ទាមទារ​យក​នោះ​មក​វិញ តែ​អាជ្ញាធរ​មិនបាន​ដោះស្រាយ​ជូន​ពួកគាត់ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បែរជា​ជូន​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះ​ចេញពី​ដី​របស់​ខ្លួន​ទៅវិញ៖ «ឥឡូវនេះ​គេ​ប្ដឹង​ប្ដី​ខ្ញុំ​ថា​រំលោភ​លើ​ដី​គេ ហើយ​ថា​រំលោភ​អី​បើ​មិនមែន​ដី​ខ្ញុំៗ​មិន​ហ៊ាន​កាន់កាប់​ទេ។ ពួក​ខ្ញុំ​បាន​ព្រមព្រៀងគ្នា​ហើយ​គឺ​មិន​ចេញពី​ដី​ទេ ព្រោះ​ដី​ដែល​រដ្ឋាភិបាល​បាន​បែងចែក​ឲ្យ​ពួក​ខ្ញុំ ព្រោះ​បើ​ចេញ ខ្ញុំ​បាន​អី​បង្កបង្កើនផល ហើយ​នឹង​ខ្ញុំ​មិនបាន​លក់​ឲ្យ​អ្នកណា​ផង​នឹង​ឲ្យ​ខ្ញុំ​មិច​នឹង​កើត​ទៅ»

ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាលស្រុក​ម៉ាឡៃ លោក អែម សុខា អះអាង​ថា រឿង​នេះ​បាន​ឡើង​ដល់​ស្ថាប័ន​តុលាការ​ហើយ ដូច្នេះ​អាជ្ញាធរ​មិន​លូកដៃ​ដើម្បី​ជួយ​ពួកគាត់​បានទេ៖ «ប៉ុន្តែ​ខិតខំ​ដោះស្រាយ​នឹង​វា​យូរ​ឆ្នាំ​ហើយ ក៏ប៉ុន្តែ​ភាគី​ម្ខាង​នឹង​គេ​មាន​ឯកសារ​គ្រប់គ្រាន់ ព្រោះ​ដី​នឹង​វា​ច្រើន​តំណ​មក​ហើយ ជូន​កាល​គាត់​ជ្រក​តែ​ក្រោម​ស្លាក​តែ​ពិការ​នឹង ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាក់ស្ដែង​នៅ​លើ​ដី​នឹង​ខ្លះ​មកពី​កន្លែង​ផ្សេងៗ ប៉ុន្តែ​ពិការ​ពិតប្រាកដ​មានតែ​ប៉ុន្មាន​គ្រួសារ​ទេ»

អភិបាលខេត្ត​បន្ទាយមានជ័យ​លោក សួន បវរ បាន​ចេញ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃ​ទី​៤ សីហា បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៧៤​គ្រួសារ​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ហៃ សួគ៍ និង​ពលរដ្ឋ​១៤​គ្រួសារ​ឲ្យ​រុះរើ​ផ្ទះ​ចេញពី​ដី​ទំនាស់​ត្រឹម​ថ្ងៃ​ទី​១១ កញ្ញា ហើយ​ករណី​ពលរដ្ឋ​ណា​មិន​ព្រម​រុះរើ​ចេញពី​ដី​នោះ​ទេ នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។

ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ប្រសាសន៍​ថា រឿង​ទំនាស់​នេះ​ប្រជាពលរដ្ឋ​៧៤​គ្រួសារ​បាន​ប្ដឹងតវ៉ា​ទៅ​អាជ្ញាធរ​ជា​បន្ត​បន្ទាប់ ហើយ​អាជ្ញាធរ​មិន​ទាន់​បាន​បញ្ជូន​ករណី​ទៅ​ដោះស្រាយ​នៅ​ស្ថាប័ន​តុលាការ​នៅឡើយ​ទេ។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ទៀត​ថា ការ​ដោះស្រាយ​តាមរយៈ​តុលាការ​កន្លងមក ចំពោះតែ​រឿង​តែ​រឿង​ព្រហ្មទណ្ឌ​ករណី​ដែល​តំណាង​ក្រុមហ៊ុន ហៃ សួគ៍ និង​ពលរដ្ឋ​ម្ខាង​ទៀត បាន​ប្ដឹង​ទៅ​តុលាការ​ដោយ​ចោទ​ថា​អតីត​យោធិន​ពិការ​៧៤​គ្រួសារ បាន​ទន្ទ្រាន​លើ​ដី​របស់​ពួកគេ​ប៉ុណ្ណោះ៖ «ហើយ​សេចក្ដី​សម្រេច​ទាក់ទង​នឹង​រឿង​ក៏​អត់​ទាន់​បានសម្រេច​នៅឡើយ​ដែរ អីចឹង​ទាំង​រឿង​ព្រហ្មទណ្ឌ​ក៏​ទាន់​សម្រេច ហើយ​រឿង​ស៊ីវិល​ក៏​អត់​ឃើញ​មាន​ប្ដឹង​នៅ​តុលាការ​ដែរ។ អីចឹង​ទេ​ខ្ញុំ​គិត​ខាង​ខេត្ត​គួរតែ​ព្យាយាម​ដោះស្រាយ​រឿង​នេះ ដោយ​ចេញ​សេចក្ដី​សម្រេច​ក្នុងនាម​ជា​សុរិយោដី ឬក៏​បើ​សិន​ហួស​ដែន​កំណត់​របស់​ខ្លួន គួរតែ​បង្វែរ​រឿង​នឹង​ទៅ​ថ្នាក់​ជាតិ​ដោះស្រាយ​បន្ត។ ដូច្នេះ​ការ​មិន​ទាន់​ឃើញ​មាន​សេចក្ដី​សម្រេច​ណាមួយ​ជា​ផ្លូវការ​ថា ភាគី​ណា​ឈ្នះ​ផង​ហើយ សាលាខេត្ត​ធ្វើ​បែប​នឹង​ខ្ញុំ​គិត​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ភាគី​ទាំង​សង្ខាង»

លោក ភុន ឈិន បន្ថែម​ថា អតីតមន្ត្រី​យោធិន​ទាំង​៧៤​គ្រួសារ​នោះ​ជា​ពលរដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព​គ្រប់គ្រង​ដី​នោះ​ពី​ដំបូង​នោះ​ទេ ដូច្នេះ​ហើយ​បានជា​ពួកគាត់​ជួល​ដី​នោះ​ទៅ​មេ​បញ្ជា​របស់​ពួកគាត់ ដែល​មាន​ឈ្មោះ ម៉ៅ គីរី ដាំ​ដុះ​មួយ​រយៈ។ លោក​បន្ថែម​ទៀត​ថា ដីស្រែ​ទាំងអស់​នេះ​ជា​ទ្រព្យសម្បត្តិ​សំខាន់​សម្រាប់​ពួកគាត់ ដើម្បី​ដាំ​ដុះ​រក​ប្រាក់​ចំណូល​របស់​ពួកគាត់។

តំណាង​អតីត​យោធិន​ពិការ​ទាំង​២​រូប​អះអាង​ថា ពួកគាត់​មិន​ព្រម​ចុះ​ចេញពី​ដី​នោះ​បាន​ទេ ហើយ​ពួកគាត់​នឹង​តវ៉ា​ស្លាប់​រស់​ប្រឆាំង​ជាមួយ​រដ្ឋអំណាច ប្រសិន​អាជ្ញាធរ​ទៅ​រុះរើ​ផ្ទះ​របស់​ពួកគាត់​ចេញពី​ដី​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល