ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​ស្នើ​អាជ្ញាធរ​ដោះ​ស្រាយ​​បញ្ហា​​ដីធ្លី​​នៅ​​តំបន់​​ភ្នំ​​ដោះក្រមុំ

ដោយ សេក បណ្ឌិត
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្លោងទ្វារ​ច្រក​ចូល​មជ្ឃមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច តំបន់​ភ្នំ​ដោះ​ក្រមុំ ឋិត​ក្នុង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ថត​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ ២០១៨។
ខ្លោងទ្វារ​ច្រក​ចូល​មជ្ឃមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច តំបន់​ភ្នំ​ដោះ​ក្រមុំ ឋិត​ក្នុង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ថត​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ ២០១៨។
RFA

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី​ជាង ១​ពាន់​នាក់ បាន​ប្ដិត​មេដៃ​ដាក់​ញត្តិ ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ឋិត​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ ដែល​ត្រូវ​អ្នក​មាន​អំណាច​រំលោភ​យក​ជា​សម្បត្តិ​បុគ្គល​ជា​បន្តបន្ទាប់។ ពួកគេ​អះអាង​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ដោះស្រាយ​វិបត្តិ​ដីធ្លី​នេះ លម្អៀង​ទៅ​បុគ្គល​មានអំណាច។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​ដែនដី និង​ក្រសួង​វប្បធម៌ ដោយ​ស្នើ​ឲ្យ​ក្រសួង​ទាំងនេះ អភិរក្ស​ភ្នំ​ដោះ​ក្រមុំ​ទុក ជា​តំបន់​បូជនីយដ្ឋាន​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច និង​ជា​សម្បត្តិ​វប្បធម៌​នៅ​ខេត្ត​ប៉ែក​ឦសាន​ប្រទេស។ លើស​ពី​នេះ ពួកគេ​ចង់​ឲ្យ​ក្រសួង ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​នេះ ឲ្យ​ចប់​សព្វគ្រប់ ខណៈ​ដែល​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​កន្លង​មក ពុំ​មាន​តម្លាភាព និង​បក្សពួកនិយម។

លេខាធិការ​គណៈកម្មការ​គ្រប់គ្រង​ភ្នំ​ដោះក្រមុំ លោក ក្រើង តុលា ថា ប្រាប់​អាស៊ីសេរី​ថា ការ​ដាក់​ញត្តិ​នេះ ដើម្បី​ជំទាស់​សេចក្ដី​សម្រេច​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​កាត់​ដី​មួយ​ផ្នែក​នៅ​មជ្ឈមណ្ឌល​ភ្នំ​ដោះក្រមុំ ឲ្យ​ទៅ​បុគ្គល​ឯកជន អ្នក​មាន​អំណាច មន្ទីរ​ចំនួន ៣ និង​ក្រុមហ៊ុន​ទឹក​ស្អាត។ ពួកគេ​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា បំពាន​លើ​សេចក្ដី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​កំណត់​តំបន់​នេះ​ជា​តំបន់​វប្បធម៌​បូជនីយកិច្ច​ជនជាតិ​ដើម​ភាគតិច​កាលពី​ឆ្នាំ ២០០៤ បង្ក​ឲ្យ​ប៉ះពាល់​ដល់​កន្លែង​គោរព​បូជា របស់​ជនជាតិ​ដើម​ភាគតិច ជាពិសេស​ធ្វើ​ឲ្យ​ដី​មជ្ឈមណ្ឌល​នេះ កាន់តែ​រួម​តួច៖ «យើង​បាន​ប្រជុំ​នៅ​សាលាខេត្ត គាត់​មិន​មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​ទេ។ គាត់​សុំ​សម្រួល​ឲ្យ​យើង​ថា របស់​ដែល​បាត់ៗ​ហើយ។ តាម​ការអង្កេត​របស់​ខ្ញុំ ទី ១ បក្សពួកនិយម ខ្សែស្រឡាយ​របស់​គាត់​ទេ មិនមែន​ជា​អ្នក​ផ្សេង​ទេ»

អ្នក​សម្របសម្រួល​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ រំពឹង​ថា ក្រសួង​ដែនដី និង ក្រសួង​វប្បធម៌ នឹង​ដោះស្រាយ​វិបត្តិ​ដីធ្លី នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ នៅ​គ្រា​ដែល​មាន​មនុស្ស​មួយ​ក្រុម និង​ជន​មាន​ឥទ្ធិពល​ខ្លះ​ប៉ុនប៉ង​កាន់កាប់​ដី​មួយ​ផ្នែក​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​ដោយ​ខុសច្បាប់។ ចំណែក​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា​នេះ រហូត​មានការ​លួច​បោះ​បង្គោល​របង និង​សាង​សង់ផ្ទះ។ លោកស្រី​សង្កត់​ធ្ងន់ៗ​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រកាស​ជំហរ​ទាមទារ ដី​ទាំងនោះ​ជា សម្បត្តិ​ជាតិ​វិញ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​វាស់វែង​បោះ​បង្គោល​កំណត់​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ថែមទៀត៖ «បារម្ភ​ថា អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ ក្រសួង​ក៏ដោយ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេងទៀត បើ​គាត់​នៅតែ​ព្រងើយកន្តើយ បង្ក​ការ​លំបាក​ដល់​ជនជាតិ​ដើម​ភាគតិច​ទាមទារ​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​សហគមន៍ ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ខ្លះ​អស់​សង្ឃឹម​លើ​​អាជ្ញាធរ»

តួលេខ​ប៉ាន់ប្រមាណ​របស់​សហគមន៍​បច្ចុប្បន្ន​ផ្ទៃដី​ភ្នំ​ដោះក្រមុំ នៅសល់​ជាង ៨៧​ហិកតារ (៨៧.៩២) តែប៉ុណ្ណោះ បន្ទាប់ពី​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ អង្គភាព​ទឹក​ស្អាត មន្ទីរ​មុខងារ​សាធារណៈ មន្ទីរ​រ៉ែ និង​ថាមពល បាន​ចូល​ទៅ​តាំង​លំនៅ និង​បោះ​ទីតាំងនៅ​ទីនោះ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃទី២៧ ខែ​ធ្នូ។

ចំណែក អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក សារុន ឬទ្ធា ក៏​មិន​អាច​ទាក់ទង​បាន​ដែល ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

កាលពី​ថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ​២០១៨ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​សម្របសម្រួល​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​តំបន់​ភ្នំ​ដោះក្រមុំ ឲ្យ​ចប់​សព្វគ្រប់​។ លទ្ធផល​កិច្ចប្រជុំ​នោះ អនុប្រធាន​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា បាន​សម្រេច​ប្រគល់​ដី​មួយ​ផ្នែក​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​ឲ្យ​បុគ្គល​ឯកជន ក្រុមហ៊ុន​ទឹក​ស្អាត និង​មន្ទីរ​ចំនួន​៣ ធ្វើ​ឲ្យ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​គណៈកម្មការ​គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ​ជំទាស់​ដោយ​ចាត់ទុកថា អយុត្តិធម៌។

មន្ត្រី​សម្របសម្រួល​សមាគម​ អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី យល់ថា អាជ្ញាធរ​ជាតិ​គួរតែ​ពន្លឿន​ដោះស្រាយ​ក្ដី​បារម្ភ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​ពួកគាត់​ខិតខំ​រក្សា​សម្បត្តិ​វប្បធម៌ ដែល​ទទួលរង​ការបាត់បង់​ជា​បន្ត​បន្ទាប់។ លោក​ថា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ អាជ្ញាធរ​រដ្ឋ​មាន​កាតព្វកិច្ច អភិរក្ស​តំបន់​វប្បធម៌​របស់​ជាតិ ក៏ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី នៅ​មិនទាន់​ថែរក្សា​សម្បត្តិ​វប្បធម៌​បាន​ទូលំទូលាយ​នៅឡើយ​ទេ៖ «បើសិនជា​យើង​ក្រឡេក​មើល វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ដែល​​មាន​ភ្នំ​ដោះ​ក្រមុំ មាន​វិបត្តិ​យូរ​មក​ហើយ​នេះ បើសិនជា​ករណី​នេះ នៅតែ​បន្ត​អូស​បន្លាយ វា​អាច​មាន​បញ្ហា​ការ​រំលោភ​ដី​ហ្នឹង​ជា​បន្ត​ទៀត ដូច្នេះ​អាជ្ញាធរ​ជាតិ​គួរតែ​ពន្លឿន​ដំណោះស្រាយ»

សហគមន៍​​ជនជាតិ​ដើម​ភាគតិច​បន្ថែម​ថា កាលពី​ឆ្នាំ​២០០៦ និង​២០០៧ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​បណ្ដេញ និង​រុះរើ​លំនៅឋាន​ពលរដ្ឋ ៤០​គ្រួសារ ដែល​បាន​ទៅ​តាំង​ទីលំនៅ​ខុសច្បាប់ ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​នេះ ដោយ​មិនបាន​ផ្ដល់​សំណង​អ្វី​ទាំងអស់។ រីឯ​អ្នក​មានអំណាច​មួយ​ចំនួន មន្ត្រី​នគរបាល​ម្នាក់ និង​ក្រុមហ៊ុន​ទឹក​ស្អាត អាជ្ញាធរ​ខេត្ត​បែរ​ជា​សម្រេច​កាត់​ដី​តំបន់​នោះ​ឲ្យ​ពួកគេ​ផ្ទុយ​ពី​ច្បាប់ និង​អនុក្រឹត្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល