ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ស្នើ​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់

ដោយ សេក បណ្ឌិត
2017-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ដី​មាន​ជម្លោះ​របស់​ពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​កោះកុង អែស.អ៊ី.ហ្សិត (Koh Kong SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។ រូប​ថត​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ Photo Provided
ទីតាំង​ដី​មាន​ជម្លោះ​របស់​ពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​កោះកុង អែស.អ៊ី.ហ្សិត (Koh Kong SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។ រូប​ថត​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ Photo Provided
Photo: RFA

ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ពន្លឿន ដោះស្រាយ​ជម្លោះ​ដីធ្លី ខណៈ​ដែល​ក្រុមហ៊ុន​កោះកុង អែស.អ៊ី.ហ្សិត (Koh Kong SEZ) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ កំពុង​ឈូស​ឆាយ​ដី​ទំនាស់​រាល់ថ្ងៃ។ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស ចាត់​ទុក​សកម្មភាព​របស់​ក្រុមហ៊ុន​ថា ជា​ការ​យក​ប្រៀប​លើ​ប្រជាពលរដ្ឋ ដែល​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ពិនិត្យ ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់។

ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន SEZ Koh Kong ដែល​មាន​លោក លី យ៉ុងផាត់ ជា​ប្រធាន​នោះ បាន​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពុំ​ឃើញ​មាន​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋាភិបាល យកចិត្តទុកដាក់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​គឺ​លោកស្រី ព្រាប រដ្ឋា រៀបរាប់​ថា ក្រុមហ៊ុន​កោះកុងKoh Kong SEZ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ចូល​ទៅ​ឈូស​ឆាយ​លើ ដី​កម្មសិទ្ធិ​របស់​ពួកគាត់​រាល់ថ្ងៃ ដែល​មាន​ដំណាំ​ដាំ​ដុះ​ផ្សេងៗ។ លោកស្រី​អំពាវនាវ​ឲ្យ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល ជួយ​ចុះ ពន្លឿន​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​បាន​ចប់​សព្វគ្រប់ ព្រោះ​ក្រុមហ៊ុន បាន​រំលោភ​លើ​ដី​របស់​ពួកគាត់​ជា​បន្តបន្ទាប់ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​ពី​តំណាង​ក្រុមហ៊ុន SEZ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ លោក​សិន សត្ថា នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ បាន​ទេ ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។ ចំណែក​អភិបាលរង​ខេត្ត​កោះកុង ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី លោក អន ភារៈ បដិសេធ​មិន​ឆ្លើយតប​ជាមួយ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ទេ ដោយ​ស្នើ​ឲ្យ​ចុះទៅ​ជួប​លោក​ផ្ទាល់។

ក្រុមហ៊ុន​លោក លី យ៉ុងផាត់ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រសួងបរិស្ថាន កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០ ទទួលយក​ដី​ជួល​រយៈពេល ៩៩​ឆ្នាំ លើ​ទំហំ​ផ្ទៃដី ៩.៩៧៧ ហិកតារ ដើម្បី «ដាំ​ដំណាំ​កសិ-ឧស្សាហកម្ម» ដែល​ផ្នែក​ខ្លះ​បាន​ជាន់​លើ​ដី​របស់​អ្នកភូមិ។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ឲ្យ​ដឹង ថា ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​ជាង ១៣០ គ្រួសារ ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ឃុំ​ព្រែកខ្សាច់ ដែល​ធ្លាប់​ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ និង​ចាប់​តំណាង​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នោះ ត្រូវ​បាន​ដោះស្រាយ​ជា​សំណង​ទឹកប្រាក់​ជិត​បញ្ចប់​ទាំងស្រុង​ហើយ នៅ​សល់​តែ​ប្រមាណ ១០​គ្រួសារ​ទៀត​ប៉ុណ្ណោះ ដែល ស្នើសុំ​កាត់​ឆ្វៀល​ដី​ឲ្យ​ពួកគាត់​អាស្រ័យ​ផល​ឡើងវិញ។ ក្រៅពី​នៅសល់​ពលរដ្ឋ​ប្រមាណ ១០​គ្រួសារ នៅ​ឃុំ​ព្រែកខ្សាច់​នោះ គឺ​ក្រុមហ៊ុន ក៏បាន​បន្ត​ឈូស​ឆាយ​ដី​រហូត​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ​ថ្មី​ផ្សេងទៀត​ដែរ នៅ​ឃុំ​តានី ស្រុក​គីរីសាគរ។ «»

លោក អ៊ិន គង់ជិត បន្ត​ថា ប្រសិនបើ​ក្រុមហ៊ុន នៅតែ​បន្ត​ឈូស​ឆាយ ហើយ​មិន​ស្ដាប់​ពលរដ្ឋ​ម្ចាស់​ដី ដូច្នេះ ហើយ​ចំណែក​អាជ្ញាធរ​ខេត្ត និង​ក្រសួងបរិស្ថាន បើ​នៅតែ​ប្រ​ងើយ​កន្តើយ​មិន​យកចិត្តទុកដាក់ ដោះ ស្រាយ​នោះ នឹង​នាំ​ឲ្យ​ជម្លោះដីធ្លី​កាន់តែ​រីក​រាល​ធំ​ម្តង​ទៀត ព្រោះ​ប្រជាជន​ទីនោះ ត្រូវការ​ដី​ដើម្បី​បង្កបង្កើនផល។ «»

ប្រជាពលរដ្ឋ លើក​ឡើង​ថា ពួកគាត់​បាន​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៩០​ជាង​មក ដូច្នេះ​សូម​ប្រគល់​ដី​នោះ​ជូន​ពួកគាត់​វិញ។ ប្រជាពលរដ្ឋ​អះអាង​ដែរ​ថា ប្រសិនបើ​ក្រុមហ៊ុន​មិន​បញ្ឈប់​សកម្មភាព ឈូស​ឆាយ​និង​មិន​ព្រម​ដោះស្រាយ​ជាមួយ​ពួកគាត់​ទេ​នោះ គឺ​ពួកគាត់​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​បន្ត​ទៀត រហូតដល់​ទាល់តែ​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល