ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ា សង ថន មកពីគណបក្សប្រជាជនកម្ពុជា និងឈ្មួញដីធ្លីមួយចំនួនក្នុងខេត្តបាត់ដំបង បានឡើងមកតវ៉ាជាថ្មីទៀតដើម្បីជំរុញឲ្យថ្នាក់ខេត្តជួយរកដំណោះស្រាយ។
ដោយឡែកអង្គការសង្គមស៊ីវិលដែលឃ្លាំមើលវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ ចាត់ទុកថា វាគឺជាកំហុសរបស់អាជ្ញាធរថ្នាក់ខេត្ត និងជាការជ្រៀតជ្រែកផ្នែកផ្លូវច្បាប់បន្ថែមពីតុលាការដែលជំរុញឲ្យបញ្ហាបន្តអូសបន្លាយ។
ភ្លាមៗក្រោយពីចំណាយពេលប្រជុំអស់ជាង ២ម៉ោង នៅសាលាខេត្តបាត់ដំបង ដើម្បីរកដំណោះស្រាយមិនបានសម្រេច ប្រជាពលរដ្ឋបង្ខំចិត្តធ្វើដំណើរបន្តតាមរថយន្តឈ្នួលទៅរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍វិញម្ដង។
លោក ឈុត ម៉ៅ ដែលអះអាងថា ជាតំណាងឲ្យប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅចំណុចបឹង២ នៃឃុំបឹងប្រាំង ស្រុកបវេល ឲ្យដឹងនៅថ្ងៃទី២៥ សីហា ថា ដោយការអស់សង្ឃឹមចំពោះយន្តការដោះស្រាយនៅថ្នាក់ខេត្ត ហេតុនេះពួកគេបង្ខំចិត្តរកកិច្ចអន្តរាគមន៍បន្តក្នុងវិវាទដីធ្លីនេះពីលោក ហ៊ុន សែន វិញ៖ «គ្នាមានលុយកាក់តិចតួចដែលពីលក់អង្ករលក់មាន់មកហ្នឹង គឺថាទៅហើយ បើថាដាច់កន្លែងណា ក៏សូមឲ្យអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលផងជួយ។ បើមានប្រជាពលរដ្ឋដាច់បាយឲ្យងាប់ហ្នឹងតែម្ដង មិនបាច់ងាប់ចាំឲ្យឧកញ៉ាអារកទាំងអស់គ្នាហ្នឹងទេ ឲ្យរដ្ឋាភិបាលសម្លាប់ឃើញនឹងភ្នែក»។
ប្រជាពលរដ្ឋជាង ២០០នាក់ តំណាងឲ្យអ្នករងគ្រោះក្នុងហិង្សាដីធ្លីជាង ៦០០ហិកតារ (៦១២) បានបង្ខំចិត្តបន្តចាកចេញពីខេត្តបាត់ដំបង តាមមធ្យោបាយរថយន្តឈ្នួលទៅភ្នំពេញភ្លាមៗ បន្ទាប់ពីប្រជុំនៅសាលាខេត្តបាត់ដំបង ជាមួយមន្ត្រីថ្នាក់ខេត្ត និងជំនាញសុរិយោដីមិនទទួលបានលទ្ធផលនៅព្រឹកថ្ងៃទី២៥ សីហា។
អភិបាលរងខេត្តបាត់ដំបង ទទួលបន្ទុកដីធ្លី លោក ងួន រតនៈ បង្ហាញភាពភ្ញាក់ផ្អើលនៅពេលដឹងថា ប្រជាពលរដ្ឋបន្តសកម្មភាពរកដំណោះស្រាយនៅថ្នាក់ជាតិ។ លោកនិយាយថា ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី២៥ នៅសាលប្រជុំសាលាខេត្ត គណៈកម្មការដោះស្រាយទាំងពីរភាគីបានព្រមព្រៀងរួចហើយថានឹងរកចំណុចរួមដើម្បីឈានទៅបញ្ចប់បញ្ហា៖ «ខ្ញុំឥតជ្រាបដែរ ព្រោះគាត់ថាឯកភាពត្រឡប់ទៅវិញហើយចំពោះមុខគណៈកម្មការព្រឹកមិញ។ យើងបានចេញលិខិតអីមួយធ្វើកំណត់ហេតុ អង្គប្រជុំអីរួច និយាយពីគោលបំណងរួម ហើយនិងឆន្ទៈដោះស្រាយហើយ»។
ការតវ៉ាជាថ្មីទៀតនៅពេលនេះ គឺប្រជាពលរដ្ឋមកពីបីសហគមន៍ខុសៗគ្នា ដែលមានវិវាទដីធ្លីជាមួយឧកញ៉ា សង ថន ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ឈ្មោះ ប៉ែន កិ និងឈ្មោះ ទន់ ប៊ុនធឿន ជាឈ្មួញរកស៊ីដី ហើយបានប៉ះពាល់លើផ្ទៃដីសរុបជាង ៦០០ហិកតាររបស់សហគមន៍។ ការជួបជុំឡើងវិញនៅពេលនេះ ក្នុងនោះមកពីតំបន់បឹង២ ក្នុងភូមិក្រពើ៤០ ស្រុកបវេល ខេត្តបាត់ដំបង។ ពលរដ្ឋមកពីតំបន់អូរវល្លិប្រេង ឃុំអន្លង់រុន រួមទាំងអ្នកមានទំនាស់ដីធ្លីមកពីឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផង។ ការតវ៉ាដើម្បីរកដំណោះស្រាយលើកនេះ ពុំមានការរារាំងពីកម្លាំងសមត្ថកិច្ចទេ ក្រៅពីចុះឃ្លាំមើល និងការពារសន្តិសុខ។
យ៉ាងណាមន្ត្រីអង្គការសិទ្ធិមនុស្ស ក្នុងតំបន់ ចាត់ទុកថា មូលហេតុដែលជំរុញឲ្យបញ្ហាដីធ្លីនេះបន្តអូសបន្លាយគឺជាកំហុសឆ្គងរបស់អាជ្ញាធរថ្នាក់ខេត្ត ហើយជាឧបសគ្គទៅទៀតនោះ គឺដោយសារមានដីការក្សាការពារ របស់តុលាការដែលគាំពារ ទៅលើឈ្មួញ និង ឧកញ៉ា សង ថន។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី និយាយថា លោក សង ថន ដែលកាន់កាប់ដីកំពុងមានទំនាស់នេះ គឺជារឿងខុសច្បាប់ទាំងស្រុង ព្រោះដីនេះ នៅមិនទាន់ធ្វើអនុប្រយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋនៅឡើយទេ។ ហេតុនេះ លិខិតកាន់កាប់ដីរបស់លោក សង ថន គឺផ្ទុយនឹងគោលការណ៍ច្បាប់ទាំងស្រុង។ ម្យ៉ាងទៀតប្រទេសកម្ពុជា នៅមិនទាន់មានច្បាប់អនុប្រយោគផងនោះ។ លោកអះអាងថា រឿងដែលខុសឆ្គងថែមទៀតនោះ គឺតុលាការហ៊ានចេញដីការក្សាការពារលើដីមានទំនាស់ទៅតាមបណ្ដឹងលោក សង ថន ថែមទៀត។
ដីការបស់តុលាការដែលចេញកាលពីឆ្នាំ២០១២ នេះ រឹតតែបំពានទៅទៀតនោះ គឺប្រឆាំងនឹងដីកាដកហូតរបស់ខេត្តលើដីមានវិវាទទុកជាដីសាធារណៈរបស់រដ្ឋ ដែលកាលណោះ ក្នុងអាណត្តិរបស់លោក ប្រាជ្ញ ចាន់ អតីតអភិបាលខេត្តបាត់ដំបង និងលោក អន ស៊ុំ អភិបាលខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០០៦៖ «អ៊ីចឹងតុលាការគ្មានអំណាចណាមួយមកចាត់ចែងទ្រព្យសម្បត្តិដែលជាប្រភេទសាធារណៈរបស់រដ្ឋទៅឲ្យបុគ្គលទេ។ ចំណុចនេះដែលខ្ញុំនិយាយថា វាបានរំលោភទៅលើច្បាប់»។
អ្នកតវ៉ាក្នុងរឿងដីធ្លី បានបន្តផ្ទុះឡើងតែខ្លាំងនៅពេលនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីពេលថ្មីៗនេះថា អាជ្ញាធរតាមខេត្តនីមួយៗត្រូវប្រឹងប្រែងដោះស្រាយទំនាស់ដីកើតឡើងក្នុងតំបន់ខ្លួនគ្រប់គ្រង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។