ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ការដែលពួកគាត់មកនេះ គឺចង់ដឹងពីមូលហេតុពិតប្រាកដនៃការកោះហៅប្រជាពលរដ្ឋចំនួន ៤គ្រួសារទៅសាកសួរ នៅគ្រាដែលប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតកំពុងតែមានបញ្ហាដីធ្លីដែរនោះ និងចង់ឲ្យអាជ្ញាធរដោះស្រាយបញ្ចប់នូវបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយនឹងក្រុមហ៊ុន អឹម.ឌី.អេស (MDS)។
ក្រុមប្រជាពលរដ្ឋបានសម្រក់ទឹកភ្នែកនៅចំពោះមុខអាជ្ញាធរ និងមន្ត្រីជំនាញសុរិយោដីខេត្តពោធិ៍សាត់ បង្ហាញពីភាពឈឺចាប់ និងខ្លាចបាត់បង់ដីធ្លី នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាស្វែងរកដំណោះស្រាយដីធ្លីជាមួយនឹងអាជ្ញាធរ។ ប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន ១៧គ្រួសារទៀត មកពីភូមិចំនួន៣ គឺភូមិសង្គមថ្មី ភូមិឯកភាព និងភូមិកណ្ដាល នៃឃុំថ្មដា ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យចូលទៅអង្គុយ និងពិភាក្សារួមគ្នាជាមួយអ្នកទាំង ៤នាក់ ដែលបានអញ្ជើញ ក្រោយពីពួកគាត់បានឈរកាន់បដាតវ៉ានៅខាងមុខសាលាខេត្តប្រមាណជា ២ម៉ោង។
ប្រជាពលរដ្ឋទាំង ៤នាក់ ដែលអាជ្ញាធរខេត្តពោធិ៍សាត់ ហៅមកពិភាក្សា និងដោះស្រាយនោះ គឺមានទី១ ឈ្មោះ ស៊ុំ វន្ថា ទី២ ឈ្មោះ យ៉ុង រ៉ាន់ ទី៣ ឈ្មោះ ឌុក សាវ៉ើន និងទី៤ ឈ្មោះ យ៉ុន ពៅ អ្នកទាំង ៤ គឺជាគ្រួសារដែលកំពុងមានទំនាស់ដីដ៏ចម្រូងចម្រាសជាមួយក្រុមហ៊ុន អឹម.ឌី.អេស រស់នៅភូមិសង្គមថ្មី ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោម ៤នាក់ អ្នកស្រី យ៉ុង រ៉ាន់ មានប្រសាសន៍ថា អ្នកស្រីមានអារម្មណ៍ភ័យខ្លាចចំពោះការកោះហៅរបស់អាជ្ញាធរនៅពេលនេះ ពីព្រោះថា នៅភូមិសង្គមថ្មីមានអ្នករងផលប៉ះពាល់ចំនួន ២០គ្រួសារ ក៏ប៉ុន្តែអាជ្ញាធរបានហៅតែពួកគាត់ចំនួន ៤គ្រួសារមកសាកសួរ។
ទោះជាយ៉ាងក្រោយពីសាកសួរអំពីប្រវត្តិ និងការកាន់កាប់ដី អ្នកស្រីសង្ឃឹមថា នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗ៖ «ខ្ញុំចង់បានដីខ្ញុំវិញមកបង្កបង្កើនផលដាំស្រូវហូបវិញ ព្រោះខ្ញុំដាច់បាយបីបួនឆ្នាំហើយ តាំងពីក្រុមហ៊ុនចូលទៅណោះ។ ខ្ញុំថាចង់បានដី ហើយគាត់ថា បើសិនជាគេអត់ឲ្យដីតើអាចចង់បានអីទៀត? ខ្ញុំថាខ្ញុំចង់តែបានដីខ្ញុំវិញទេ»។
ប្រជាពលរដ្ឋរស់នៅភូមិសង្គមថ្មី ភូមិឯកភាព និងភូមិកណ្ដាល នៃឃុំថ្មដា ជាច្រើនគ្រួសារ ចាប់ផ្ដើមមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អឹម.ឌី.អេស របស់លោកឧកញ៉ា ទ្រី ភាព តាំងពីឆ្នាំ២០១០ ហើយរហូតមកដល់បច្ចុប្បន្ននៅមានគ្រួសារមួយចំនួនទៀតកំពុងតែស្រែកតវ៉ា និងមានរឿងយ៉ាងចម្រូងចម្រាសជាមួយក្រុមហ៊ុននិងអាជ្ញាធរ។
អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក សួន រិនឌី ថ្លែងថា គោលបំណងសំខាន់ដែលលោកបានអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន ៤នាក់មកនេះ គឺដើម្បីពិភាក្សានិងស្វែងរកដំណោះស្រាយមួយសមស្របក្នុងការបញ្ចប់ទំនាស់ដីធ្លី។
លោកបន្តថា នៅពេលដែលបញ្ហាដីធ្លីរបស់អ្នកភូមិសង្គមថ្មីចំនួន ២០គ្រួសារ ត្រូវបានដោះស្រាយចប់ នឹងឈានទៅដល់ការសិក្សា និងដោះស្រាយបន្តទៀតចំពោះបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិកណ្ដាល និងភូមិឯកភាព៖ «គ្រាន់តែថា យើងនឹងសិក្សាស្វែងយល់ពីបញ្ហាហ្នឹងមួយជំហានបន្ទាប់ទៀត បន្ទាប់ពីយើងដោះស្រាយអាពាក់ព័ន្ធជាមួយបទបញ្ជាលេខ០១ ជាមួយដីសម្បទានសង្គមកិច្ចហើយ។ គំនិតខ្ញុំថា ខ្ញុំនឹងធ្វើរបាយការណ៍ពិភាក្សាជាមួយឯកឧត្ដមអភិបាលខេត្ត និងធ្វើរបាយការណ៍ផ្ញើជូនទៅប្រមុខរដ្ឋាភិបាលទៀត»។
មន្ត្រីសម្របសម្រួលសមាគមអាហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះចំណាត់ការដោះស្រាយរបស់អាជ្ញាធរ។ លោកគិតថា នេះគឺជាជំហានដំបូងនៃការដោះស្រាយ ក៏ប៉ុន្តែពុំទាន់មានលទ្ធផលអ្វីនៅឡើយ ហើយលោកនឹងបន្តតាមឃ្លាំមើលទៀត ថាតើការដោះស្រាយរបស់អាជ្ញាធរនេះមានភាពយុត្តិធម៌ដែរឬទេ៖ «ឃើញថាការដោះស្រាយកាលពីព្រឹកមិញនេះហាក់បីដូចជាមានភាពលាក់លៀម មិនបង្ហាញជាសាធារណៈដល់ប្រជាពលរដ្ឋបានដឹងទាំងអស់គ្នាទេ ដោយសារតែមានការអញ្ជើញប្រជាពលរដ្ឋតែ ៤នាក់ទេ តែសម្រាប់ភូមិសង្គមថ្មី គឺមានប្រជាពលរដ្ឋដែលបានដាក់ពាក្យមកឲ្យសមាគមអាដហុក ដើម្បីជួយអន្តរាគមន៍គឺចំនួន ២០គ្រួសារ»។
លោក ភួង សុធា បន្តថា យោងតាមស្ថិតិដែលខាងលោកចុះស្រង់បង្ហាញថា នៅភូមិសង្គមថ្មី មានប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន ២៣គ្រួសារ និងភូមិឯកភាពមានចំនួន ៩គ្រួសារ ដោយឡែកនៅភូមិកណ្ដាលខាងលោកនៅមិនទាន់បានចុះស្រង់ស្ថិតិនៅឡើយ។
មេឃុំថ្មដាលោក ព្រំ ង៉ុន បញ្ជាក់ថា នៅទូទាំងឃុំថ្មដា មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៥១២គ្រួសារ ហើយក្រុមនិស្សិតចុះវាស់វែងដីធ្លីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ បានវាស់វែង និងផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋជាង ១ពាន់ក្បាលដីរួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។