ពលរដ្ឋមានជម្លោះដីនៅក្រចេះជាង៨០០គ្រួសារស្នើអាជ្ញាធរផ្ដល់ដីបម្រុងទុកដែលមានស្រាប់ឱ្យពួកគាត់
2019.03.17
ពលរដ្ឋ ៦០នាក់តំណាងឱ្យពលរដ្ឋជាង ៨០០គ្រួសារដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ស្នើសុំអាជ្ញាធរខេត្ត និងក្រសួងរៀបចំដែនដី រកដីទំនេរចែកឱ្យពលរដ្ឋ ចៀសវាងចែកដីជាន់លើដីចម្ការរបស់ពលរដ្ឋផ្សេងទៀត។ អង្គការសង្គមយល់ថា អាជ្ញាធរគួរសិក្សា និងចុះស្រាវជ្រាវអំពីទីតាំងដី ដែលត្រូវផ្ដល់ជូនពលរដ្ឋ ឱ្យបានច្បាស់សិន មុននឹងចុះវាស់វែងចែកឱ្យពួកគាត់ ដើម្បីបញ្ចៀសការប្រឈមដាក់គ្នារវាងពលរដ្ឋនឹងពលរដ្ឋ។
តំណាងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ លោក ស៊ីវ រី ប្រាប់អាស៊ីសេរីថា ដីធ្លីដែលខាងអាជ្ញាធរខេត្តក្រចេះ ចែកឱ្យពលរដ្ឋជាង ៨០០គ្រួសារ គឺជាន់លើដីធ្លីពលរដ្ឋជាង ៤០០គ្រួសារផ្សេងទៀត ដែលកំពុងអាស្រ័យផលអស់ជាច្រើនឆ្នាំមកហើយ មានដើមស្វាយចន្ទី ម្រេច និងដំឡូង។ លោក ស៊ីវ រី លើកឡើងថា ពួកគាត់មិនអាចទទួលយកដំណោះស្រាយបែបនេះបានទេ ព្រោះវាអាចនាំឱ្យមានអំពើហិង្សាដាក់គ្នាទៅវិញទៅមក រវាងពលរដ្ឋនិងពលរដ្ឋដូចគ្នា។ តំណាងពលរដ្ឋរូបនេះ ស្នើសុំអាជ្ញាធរខេត្តក្រចេះ ចែកដីបម្រុងទុកជាង ១ពាន់ហិកតារ ដែលពួកគាត់ធ្លាប់កាប់ឆ្ការកាលពីពេលកន្លងមក ផ្ដល់ឱ្យពលរដ្ឋជំនួសវិញ ស្ថិតនៅតំបន់អូរកន្លែង៖ «ខ្ញុំថាប្រសិនបើជៀសវាងទំនាស់ហ្នឹង គឺឆ្វៀលតែដីខ្ញុំកាប់គាស់រាស់រានពីមុនមកហ្នឹង ចែកនៅប្លុកហ្នឹងគឺចប់រឿងហើយ។ ដីដែលពួកខ្ញុំកាប់គាស់ពីមុនមកហ្នឹង អត់ចែកឱ្យប្រជាពលរដ្ឋទេ បែរជាត្រៀបដីបម្រុងទុករាប់រយហិកតារទៅវិញ។ រុញឱ្យប្រជាពលរដ្ឋទៅចែកលើដីប្រជាពលរដ្ឋរបស់ពួកគាត់វិញ។ ខ្ញុំសំណូមពរថា សូមឱ្យគាត់ក្រុមការងាររៀបចំចែកឱ្យប្រជាពលរដ្ឋលើដីបម្រុងហ្នឹងទៅ ទុកធ្វើអី។ បើចែកលើដីប្រជាពលរដ្ឋដូចគ្នាមិនដែលបានសុខទេ។ ឥឡូវ! ចេញគោលការណ៍ ខាងលោកអភិបាលខេត្តរង ខាន់ ចំណាន ឱ្យចុះទៅសម្អាតដោយខ្លួនឯង ឱ្យចប់ត្រឹមថ្ងៃ៣០។ បើអ្នកណាមិនចុះធ្វើ អត់មានចិត្តមុតមាំហ្នឹងធ្វើទេ គឺដកឈ្មោះហ្នឹងចេញដោយស្វ័យប្រវត្តិ មានដាក់គំនាបទៅលើអ៊ីចឹងទៀត»។
អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន ដែលតាមករណីនេះ យល់ថា ក្រសួងនិងអាជ្ញាធរគួរធ្វើការសិក្សាពីឱ្យបញ្ហា និងផលប៉ះពាល់ឱ្យបានជាក់ មុនឈានដល់ចុះវាស់វែងដីធ្លីឱ្យពលរដ្ឋ។ លោកយល់ថា ការចែកដីធ្លីជាន់លើដីរបស់ប្រជាពលរដ្ឋផ្សេងទៀត មិនមែនជាដំណោះស្រាយបញ្ចប់បញ្ហានោះទេ ផ្ទុយទៅវិញនោះអាចបង្កជាជម្លោះនិងអំពើហិង្សាដាក់គ្នារវាងពលរដ្ឋ និងពលរដ្ឋ៖ «ក្នុងករណីថា អាជ្ញាធរមានការដោះស្រាយហើយ តែបើមានដីផ្សេងក្រៅអំពីដីប្រជាពលរដ្ឋផ្សេង។ គាត់មានដីទំនេរ ដើម្បីធ្វើការផ្ដល់ដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ។ ហើយមិនធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋផ្សេងទៀត។ អាហ្នឹង! គឺគាត់អាចទទួលយកបានហើយ»។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺអំពីរឿងវិវាទដីធ្លី នៅខេត្តក្រចេះនេះ ពីអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត ប៉ុន្តែលោកបដិសេធ ដោយថា ជាប់រវល់ ៖ «ខ្ញុំជាប់បន្តិចបងអើយ។ បាទ! ខ្ញុំជាប់បន្តិច»។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីអភិបាលរងក្រចេះ លោក ខាន់ ចំណាន និងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន បានឡើយទេ។ ប៉ុន្តែកាលពីថ្ងៃទី៥ ខែមីនា លោក លោក កៅ ម៉ាឌីឡែន បានទៅជួបពលរដ្ឋជាង ៦០នាក់នៅក្នុងវត្តសាមគ្គីរង្សី ដោយសន្យាថា នឹងពួកគាត់ថា លោកនឹងយកកង្វល់និងបញ្ហារបស់ពលរដ្ឋដាក់ជូនដើម្បីពិនិត្យនិងរកដំណោះស្រាយ។
តំណាងពលរដ្ឋលោក ស៊ីវ រី ឱ្យដឹងថា ពួកគាត់ឡើងមកទៅទីក្រុងភ្នំពេញ សុំកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាង១១លើកហើយ នៅតែមិនអាចដោះស្រាយបញ្ចប់ទំនាស់ពលរដ្ឋជាមួយនឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់បានឡើយទេ។ ពលរដ្ឋស្នើសុំក្រសួង និងអាជ្ញាធរខេត្តពន្លឿនផ្ដល់ដីធ្លីឱ្យពួកគាត់បានឆាប់ ព្រោះជិតដល់រដូវធ្វើស្រែហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។