សាច់ញាតិ​អ្នក​ជាប់​ឃុំ​ព្រោះ​បញ្ហា​ដី​នៅ​​អូរខ្សាច់​ស្នើ​លោក ហ៊ុន សែន ជួយ​លើក​លែងទោស

វ៉ែន សុមេធ
2018-08-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ ៤​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី នា​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ពលរដ្ឋ ៤​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី នា​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

ស្រប​ពេល​ដែល​របប​ក្រុងភ្នំពេញ កំពុង​ដោះលែង​អ្នក​ជាប់ឃុំ និង​អ្នកទោស​មនសិការ​ជា​បន្ត​បន្ទាប់​នោះ សង្គម​ស៊ីវិល និង​សាច់ញាតិ​របស់​អ្នក​ជាប់ឃុំ​នៅ​សហគមន៍​អូរ​ខ្សាច់​ទាំង​៤​រូប ដែល​ត្រូវ​ជាប់ឃុំ​ទាំង​អយុត្តិធម៌ ព្រោះ​បញ្ហា​ដីធ្លី អំពាវនាវ​ទៅ​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​អ្នក​ជាប់ឃុំ​ទាំង​៤​រូប​នោះ អាច​ក្រៅ ឬ​រួច​ផុត​ពី​ការចោទប្រកាន់​របស់​តុលាការ។

មិន​ខុស​ពី​អ្នក​ជាប់ឃុំ​ផ្សេងទៀត ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មុន​ការបោះឆ្នោត​នោះ​ទេ ប្រជា​សហគមន៍​អូរ​ខ្សាច់ ក៏​ជា​ជនរងគ្រោះ​ដូច​អ្នកទោស​មនសិការ​ផ្សេងទៀត​ដែរ។ ពួកគេ​ត្រូវ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចុះ​ចាប់ខ្លួន​ទាំង​កម្រោល ក្នុង​ពេល​ដែល​ក្រុម​ពលរដ្ឋ​កំពុង​កាប់ឆ្ការ​ដី​របស់​ខ្លួន​កាលពី​ខែ​ឧសភា​កន្លងទៅ។

កូនប្រុស​របស់​សកម្ម​ជន​ដីធ្លី​ម្នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ លោក ហ៊ី រ៉ា និយាយ​ថា ករណី​ចោទប្រកាន់​លើ​ម្ដាយ​របស់​លោក និង​ពលរដ្ឋ​សហគមន៍​អូរខ្សាច់​ផ្សេងទៀត គឺ​រងគ្រោះ​ព្រោះ​មន្ត្រី​ធំ​និង​ឈ្មួញ​មានអំណាច។ ដូច្នេះ​សំណុំ​រឿង​នេះ​ទាល់តែ​មានការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ទើប​អ្នក​ជាប់ឃុំ​ទាំងនោះ​អាច​រួច​ផុត​ពី​ការ​ចោទ ឬ​អាច​បាន​នៅ​ក្រៅ​ឃុំ។ លោក​រំពឹង​ថា ការ​អំពាវនាវ​ដល់​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ពលរដ្ឋ​សហគមន៍​ទាំង​នោះ អាច​នៅ​ក្រៅ​ឃុំ​បាន ខណៈ​ដែល​លោក ហ៊ុន សែន កំពុង​អន្តរាគមន៍​ឲ្យ​អ្នកទោស​មនសិការ​ផ្សេងទៀត​អាច​ទទួល​បាន​យុត្តិធម៌ និង​សេរីភាព។ «»

ការ​លើកឡើង​របស់​សាច់ញាតិ​អ្នក​ជាប់ឃុំ​បែបនេះ ស្រប​ពេល​ដែល​មេធាវី​ការពារ​ក្តី​ឲ្យ​សហគមន៍​អូរខ្សាច់​កំពុង​ដាក់ពាក្យ​បណ្ដឹង ទៅ​តុលាការ​កំពូល​ដើម្បី​ស្នើ​ឲ្យ​អ្នក​ជាប់ឃុំ​ទាំង ៤​រូប អាច​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

កាលពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី បាន​បញ្ជា​កម្លាំង​ចុះ​ចាប់​ពលរដ្ឋ​សហគមន៍​អូរខ្សាច់ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខណៈ​ពួកគេ​កំពុង​ត្រួសត្រាយ​សំអាត​ស្មៅ និង​កាប់​ព្រៃ​នៅ​លើ​ដី​មាន​ជម្លោះ។

ក្នុង​ពេល​កំពុង​ចាប់ខ្លួន​នោះ​តំណាង​សហគមន៍​អូរខ្សាច់ លោកស្រី ឡុ​ច ទូច បាន​យំ​ខ្សឹកខ្សួល​ទាំង​ដៃ​ជាប់​ខ្នោះ ដោយ​ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ពួកគេ។ «»

ពលរដ្ឋ​ទាំង​បួន​នាក់​ត្រូវ​ឈ្មួញ​មានអំណាច ក្នុង​ខេត្ត​ព្រះសីហនុ ឈ្មោះ តាន់ តាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី​ម្នាក់ទៀត​ឈ្មោះ ឡុញ វណ្ណៈ ដែល​សំអាង​ថា​ខ្លួន​មាន​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​មាន​ជម្លោះ​ប្តឹង​ទៅ​តុល​ការ​ខេត្ត​ព្រះសីហនុ​ពី​បទ «​ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត»។ ការចោទប្រកាន់​នេះ​ធ្វើ​ឲ្យ​ក្រុម​ពលរដ្ឋ​ទាំង ៤​នាក់​ប្រឈមមុខ​ជាប់ពន្ធនាគារ ពី​៦​ខែ ទៅ​២​ឆ្នាំ និង​រង​ការ​ពិន័យ​រហូតដល់​ទៅ ២៥​លាន​រៀល។

អ្នក​សម្របសម្រួល​នៃ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ លោក ញិល ភាព ដែល​តាមដាន​ដំណើរ​រឿង​នេះ​យល់ថា ករណី​ជម្លោះដីធ្លី​នេះ​ទាល់តែ​មានការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ទើប​អាច​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ទាំង​នោះ​បាន។ លោក​អះអាង​ថា ករណី​ជម្លោះដីធ្លី​នេះ​គឺជា​ការរំលោភ​ដីធ្លី​មក​លើ​ក្រុម​ពលរដ្ឋ​ជា​ប្រព័ន្ធ ពី​សំណាក់​ឈ្មួញ​មាន​លុយ និង​មន្ត្រី​មានអំណាច។ «»

គិត​ពី​ថ្ងៃ​ឃុំខ្លួន​ពលរដ្ឋ​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​បី​ខែ​មក​ហើយ ប៉ុន្តែ​តុលាការ​ខេត្ត​ព្រះសីហនុ​នៅ​មិនទាន់​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​នេះ​នៅឡើយ​ទេ។ ជម្លោះដីធ្លី​ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​ពលរដ្ឋ​បែបនេះ ស្រប​ពេល​ដែល​ដី​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​ឡើងថ្លៃ​ខ្លាំង ដោយ​ក្រុម​ឈ្មួញ​ជនជាតិ​ចិន​កំពុង​នាំគ្នា​សម្រុក​វិនិយោគ​នៅ​ខេត្ត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល