ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ខេត្ត​ក្រចេះ​ចោទ​សមត្ថកិច្ច​ថា​ឲ្យ​ពួកគាត់​បង់​ប្រាក់​ជា​ថ្នូរ​ប្រគល់​ម៉ូតូ

ដោយ វ៉ែន សុមេធ
2018.03.25
តវ៉ា ហិង្សា ក្រចេះ ៦២២ សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo courtesy of Fresh News

ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​ស្នូល​ខែត្រ​ក្រចេះ ចោទ​ស្នងការ​ខែត្រ​នេះ​ថា បង្គាប់​ឲ្យ​ពួកគាត់​បង់​ប្រាក់ ចាប់ពី​១០០​ដុល្លារ ដល់ ២០០ដុល្លារ ទើប​ប្រគល់​ម៉ូតូ ដែល​ក្រុម​អាជ្ញាធរ​រឹបអូស​ពី​ពួកគាត់​នោះ​មក​វិញ។

ពលរដ្ឋ​បាត់​ម៉ូតូ​នៅ​គ្រា​តវ៉ា រឿង​ជម្លោះដីធ្លី រហូតដល់​មានការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម ហើយ​មក​ទល់​ពេល​នេះ​សមត្ថកិច្ច​មិនទាន់​ប្រគល់​ម៉ូតូ​ឲ្យ​ពលរដ្ឋ​នៅឡើយ​ទេ។

ពលរដ្ឋ រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​ពីរធ្នូ ស្រុក​ស្នូល ឲ្យ​ដឹង​នៅ​ថ្ងៃទី២៥ មីនា​ថា ម៉ូតូ​របស់​ពួកគាត់​ដែល​អាជ្ញាធរ​រឹបអូស​នោះ មិន​ក្រោម ៤០​គ្រឿង​នោះ​ទេ ដែល​ត្រូវ​បាន​សមត្ថកិច្ច​លើកដាក់​រថយន្ត ដឹក​មក​រក្សាទុក​នៅ​ស្នងការ​ខែត្រ​ក្រចេះ កាលពី​ថ្ងៃទី៨ មីនា ហើយ​មក​ទល់​ពេល​នេះ​ពលរដ្ឋ​ខ្លះ​បាន​ទៅ​សុំ​ម៉ូតូ​ពី​សមត្ថកិច្ច​វិញ ក៏ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ចាប់ពី ១​រយ​ដុល្លារ ដល់ ២​រយ​ដុល្លារ និង​បំពេញ​ទម្រង់​បែបបទ​មួយ​ចំនួន។

ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា អ្នកភូមិ​ភាគច្រើន​ពុំ​ហ៊ាន​ចេញមុខ​ទាមទារ​ម៉ូតូ​ពី​សមត្ថកិច្ច​នោះ​ទេ ព្រោះ​បារម្ភ​ខ្លាច​សមត្ថកិច្ច​តម្រូវ​ឲ្យ​ពួកគាត់​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​តវ៉ា​រឿង​ដីធ្លី។ លោក​ថា ម៉ូតូ​របស់​លោក​តម្លៃ ៣​រយ​ដុល្លារ ក៏​ត្រូវ​អាជ្ញាធរ​លើកដាក់​ឡាន​យក​ទៅ​ស្នងការ​ខែត្រ​ដែរ ហើយ​មក​ទល់​ពេល​នេះ​លោក​ពុំ​ហ៊ាន​ទៅ​យក​ម៉ូតូ​វិញ​ទេ ព្រោះ​ពុំ​មាន​ប្រាក់ ម្យ៉ាងទៀត​សមត្ថកិច្ច​បាន​តម្រូវ​ឲ្យ​ពួកគាត់​ទៅ​បញ្ជាក់​លិខិត​ពី​អាជ្ញាធរ​ភូមិ​/​ឃុំ និង​ឯកសារ​ម៉ូតូ​ផង៖ «ស្នងការ​ឲ្យ​ទៅ​យក គេ​ឲ្យ​ធ្វើ​ក្រដាស​ចេញពី​ឃុំ និង​មាន​អត្តសញ្ញាណប័ណ្ណ​បញ្ជាក់​អ៊ីចឹង ហើយ​គេ​យក​លុយ​ទៀត គេ​យក​ជូន​កាល ២​រយ​ដុល្លារ និង ១​រយ​ដុល្លារ»

បុរស​ដដែល​ត្អូញ​ថា អាជ្ញាធរ​ហាក់​មាន​ចេតនា​ដាក់​សម្ពាធ​ពួកគាត់​រួមមាន ការ​រឹតត្បិត​សេរីភាព មិន​ឲ្យ​ជួប​ប្រជុំ និង​ពង្រាយ​កម្លាំង​ឃ្លាំមើល​ពួកគាត់​គ្រប់​ពេល ហើយ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​រង​ការ​គំរាមកំហែង​មិន​ឲ្យ​តវ៉ា៖ «បានតែ​បាញ់រះ​ហើយ​គួរតែ​កុំ​ឲ្យ​ម៉ូតូ។ នេះ​ចូល​លក្ខណៈ​បាញ់​ពលរដ្ឋ​ដើម្បី​យក​ម៉ូតូ​ដល់ពេល​អ៊ីចឹង ដាក់​សម្ពាធ​ពលរដ្ឋ​ច្រើន​ហើយ​ខ្លាំង»

កាលពី​ថ្ងៃ​ទី​០៨ មីនា ពលរដ្ឋ​ជាង ២​រយ​នាក់ បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវជាតិ​លេខ ៧៦ បំណង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ឈូស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ តែ​ត្រូវ​អាជ្ញាធរ​ខែត្រ​ក្រចេះ ភាគច្រើន​ជា​យោធា​រាប់​រយ​នាក់ ប្រដាប់​អាវុធ​គ្រប់​ដៃ​បាន​បាញ់រះ​មក​លើ​ពលរដ្ឋ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង ស្នងការ​ខែត្រ​ក្រចេះ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បានទេ​នៅ​ថ្ងៃ​ទី ២៥​មីនា។

យ៉ាងណា​មេឃុំ​ពីរ​ធ្នូ លោក ប៉ឹង វិន ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​ករណី​នេះ​នៅឡើយ​ទេ​។ តែ​យ៉ាងណា​លោក​ថា ពលរដ្ឋ​នៅ​ឃុំ​ពីរ​ធ្នូ​ចំនួន ២​គ្រូ​សារ​បាត់​ម៉ូតូ ២​គ្រឿង អំឡុង​ពេល​ផ្ទុះ​ការ​តវ៉ា​នោះ​ដែរ។ លោក​ថា អាជ្ញាធរ​ឃុំ​នឹង​ធ្វើ​លិខិតបញ្ជាក់​ជូន​ពល​រដ្ឋ ប្រសិនបើ​ពលរដ្ឋ​មាន​ឯកសារ ម៉ូតូ​ត្រឹមត្រូវ៖ «បើ​បាត់​ម៉ូតូ​យក​រាយការណ៍​មក និង​ធ្វើ​លិខិត​បញ្ជាក់។ ខ្ញុំ​ដឹង​ថា ដឹក​ម៉ូតូ តែ​មិន​ដឹង​ប៉ុន្មាន​ព្រោះ​អត់​មាន​ប្រជាជន​មក​រាយការណ៍»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ពន្យល់​ថា ម៉ូតូ​ទាំងអស់​នោះ​ពុំ​មែន​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ ហេតុនេះ​អាជ្ញាធរ​ត្រូវតែ​ប្រគល់​ជូន​ពលរដ្ឋ​ជា​ម្ចាស់​កម្មសិទ្ធិ​វិញ។ លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​សមត្ថកិច្ច​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​ប្រាក់​ច្រើន ទើប​ប្រគល់​ម៉ូតូ​គឺជា​ទង្វើ​មិន​ត្រូវ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៖ «ជា​ការ​ល្អ​ដែល​អាជ្ញាធរ​យក​ម៉ូតូ​ទៅ​រក្សាទុក បើ​ពលរដ្ឋ​អះអាង​ថា ជា​ម្ចាស់​ម៉ូតូ មាន​ឯកសារ​គ្រប់គ្រាន់ និង​សាក្សី​បញ្ជាក់​ហ្នឹង​បាន​អាច​ស្នើសុំ​ពី​អាជ្ញាធរ​វិញ​បាន។ បើសិនជា ទៅដល់​ហើយ​ទារ​លុយ​គាត់​រាប់​សិប​ដុល្លារ​ជា​រឿង​ខុសច្បាប់ ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​ទេ»

ពលរដ្ឋ​អះអាង​ថា ម៉ូតូ​ដែល​សមត្ថកិច្ច​រឹបអូស​នោះ​ភាគច្រើន​ជា​ម៉ូតូ​ចាស់ៗ សម្រាប់​ជិះ​ក្នុង​ចម្ការ និង​ដឹក​កសិផល មានតម្លៃ​ចាប់ពី ២០​ម៉ឺន​រៀល​ដល់ ២​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។