ជនជាតិ​កួយ​ខែត្រ​ព្រះវិហារ​ត្អូញ​ខ្វះ​ដី​ចិញ្ចឹមជីវិត​ដោយសារ​ក្រុមហ៊ុន​ចិន​រំលោភ​យក

ដោយ វ៉ែន សុមេធ
2018-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ដែល​សហគមន៍​ចោទ​ថា រំលោភ​ដី​ជនជាតិ​ដើមភាគតិច នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ។ រូបភាព​កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០១៨។
ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ដែល​សហគមន៍​ចោទ​ថា រំលោភ​ដី​ជនជាតិ​ដើមភាគតិច នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ។ រូបភាព​កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០១៨។
ដោយ​អង្គការ​ពន្លក​ខ្មែរ

ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​ចំនួន រស់នៅ​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ខែត្រ​ព្រះវិហារ ត្អូញ​ខ្វះខាត​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ក្រោយពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ហេង ហ្វូ ឈូស​ឆាយ រំលោភ​យក​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ហិកតារ។ សកម្មភាព​ភាព​ឈូស​ឆាយ​នោះ បាន​រាលដាល​ដល់​តំបន់​ព្រៃ​សហគមន៍​មួយ​ចំនួន​នៅ​ស្រុក​ឆែប បណ្ដាល​ឲ្យ​អ្នកភូមិ​ខឹង​សម្បារ​បាន​នាំ​គ្នា​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ទុក។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ និង​ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែប ខែត្រ​ព្រះវិហារ​បារម្ភ ពី​ការបាត់បង់​ដីស្រែ​ចម្ការ​ចិញ្ចឹមជីវិត ព្រៃ​ជំនឿ ដើមឈើ​ផលិត​ជ័រទឹក និង​ទឹកអូរ​ធម្មជាតិ ក្រោយពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន​ឈ្មោះ ហេង ហ្វូ នៅតែ​បន្ត​ឈូស​ឆាយ​រំលោភ​យក​ទាំង​យប់​ទាំង​ថ្ងៃ បើ​ទោះ​បី​អ្នកភូមិ​បាន​បាន​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ក្តី។

ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ លោក ស៊ុត វ៉ាន់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ​ថា ជនជាតិ​ដើម​ភាគតិច រស់​ពឹង​ផ្អែកលើ​ស្រែចម្ការ ដី​សមូហភាព​សហគមន៍ ក៏ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក​រួច​ដាំ​អំពៅ។ លោក​ថា អ្នកភូមិ​មួយ​ចំនួន​បាត់បង់​ដីស្រែ​ទាំងស្រុង និង​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ដ្បិត​ដី​ដែល​ពួកគាត់​ធ្លាប់​ធ្វើស្រែ​កន្លងទៅ​ត្រូវ​បាន​ក្រុមហ៊ុន​ឈូសឆាយ​យក​ទាំងអស់ បន្សល់ទុក​តែ​ខ្ទម​ស្រែ។ «»

ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់ទៀត រស់នៅ​ឃុំ​ប្រមេរ លោកស្រី ស្វាយ យឿង ចោទ​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន បាន​ឈូសឆាយ​រំលោភ​ដី​របស់​លោកស្រី​អស់ ៧​ហិកតារ និង​បាន​ដាំ​ដំណាំ​អំពៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោកស្រី​ថា ពុំ​មែន​តែ​គ្រួសារ​លោកស្រី​ទេ ដែល​កង្វល់​រឿង​បាត់បង់​ដីស្រែ​ចម្ការ រីឯ​អ្នកភូមិ​ផ្សេងទៀត​ក៏​ជួប​វិបត្តិ​ដូចគ្នា​នេះ​ដែរ ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​ទីកន្លែង​ប្រកប​របរ​ចិញ្ចឹមជីវិត។ «»

ចំណែក​ជនជាតិ​ដើម​ភាគតិច រស់នៅ​ឃុំ​ម្លូព្រៃពីរ ស្រុក​ឆែក​ជាប់​ព្រំប្រទល់​ស្រុក​ត្បែងមានជ័យ លោក ថាន់ ថានី ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ បាន​ប្រើ​គ្រឿងចក្រ ២​គ្រឿង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ របស់​ជនជាតិ​ភាគតិច​អស់ ៨​ហិកតារ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​អ្នកភូមិ​បាន​នាំ​គ្នា​ឃាត់​គ្រឿងចក្រ​ទុក។ លោក​ថា ទីតាំង​ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ ជា​តំបន់​ដែល​ជនជាតិ​ដើម​ភាគតិច​កួយ អាស្រ័យ​ផល​ច្រើន​ឆ្នាំ​មក​ហើយ។ «»

កាលពី​ថ្ងៃ​ទី៦ កុម្ភៈ សហគមន៍​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប​ជាង ២០​នាក់ បាន​ឃាត់​គ្រឿងចក្រ ២​គ្រឿង របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ដែល​បាន​ឈូស​ឆាយ​ព្រៃ​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច។ សហគមន៍​ព្រមាន​ថា ក្រុមហ៊ុន​ត្រូវ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឈូស​ឆាយ ទើប​ពួកគាត់​ប្រគល់​គ្រឿងចក្រ​នេះ​ឲ្យ​វិញ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង តំណាង​ក្រុមហ៊ុន ហេង ហ្វូ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី១២ កុម្ភៈ។

ទោះជា​យ៉ាងណា មេឃុំ​ប្រមេរ លោក ធាន ហេង ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ពលរដ្ឋ​ជាង ៤០​គ្រួសារ បាន​មក​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍ មក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​នេះ ក៏​ប៉ុន្តែ​ភារកិច្ច​ដោះស្រាយ​បញ្ហា​នេះ​ហួស​ដែន​សមត្ថកិច្ច​អាជ្ញាធរ​ឃុំ។ លោក​ថា អាជ្ញាធរ​ឃុំ​បាន​ត្រឹមតែ​ធ្វើ​របាយការណ៍​ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ​តែប៉ុណ្ណោះ។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤​ម៉ឺន​ហិកតារ (៤២.០០០) តាំងពី​ឆ្នាំ​២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៥ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រួយ និង​ក្រុមហ៊ុន ហេង យូ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ឡោ ចាន់ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា ០០១ តម្រូវ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់ ត្រូវ​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ចេញ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តំបន់​នោះ មិន​បាន​អនុវត្ត​ត្រឹមត្រូវ​នៅឡើយ​ទេ ដែល​នាំ​ឲ្យ​ពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត។ លោក​យល់ថា អាជ្ញាធរ​ត្រូវ​យក​បញ្ហា​នេះ​ជជែក​គ្នា រវាង​តំណាង​សហគមន៍ និង​តំណាង​ក្រុមហ៊ុន​ស្ដីពី​ការអនុវត្ត​យុទ្ធសាស្ត្រ​ស្បែក​ខ្លា​របស់​ប្រមុខ​រដ្ឋាភិបាល មិន​ត្រូវ​នៅ​ស្ងៀម​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​យក​គ្រឿងចក្រ ឈូស​ឆាយ​បន្ត​ទៀត​នោះ​ទេ នឹង​នាំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់នៅ​ជនជាតិ​ដើម​ភាគតិច។ «»

ជនជាតិ​ដើម​ភាគតិច​កួយ​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ធំ​សម្បើម​នេះ ធ្វើ​ឲ្យ​បាត់បង់​ជម្រក​សត្វព្រៃ បឹង​ត្រពាំង​ប្រាសាទ​បុរាណ តំបន់​ព្រៃស្រោង​សម្បូរ​ដោយ​ដើមឈើ​ធំៗ ធ្លាប់​ជា​ម្លប់​បៃតង ធ្វើ​អោយ​តំបន់​ទាំងនេះ​បច្ចុប្បន្ន​នេះ​ក្លាយ​ជា​ទីវាល និង​ចម្ការ​អំពៅ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន និង​មាន​អាកាសធាតុ​ក្ដៅ​បែកផ្សែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល