អតីត​អ្នក​បឹងកក់​និង​បុរី​កីឡា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​តំណាង​អង្គការ​សហប្រជាជាតិ


2018.11.02
អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) ៦២២ អ្នកស្រី​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។
រូប​ពី​​ទំព័រ​ហ្វេសប៊ុក​របស់​​ UNOHCHR

ពលរដ្ឋ​មាន​ជម្លោះដីធ្លី ចំនួន​ពីរ​សហគមន៍​នៅ​រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។ មន្ត្រី​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ បាន​ចេញ​មក​ទទួល​ញត្តិ និង​សន្យា​ដាក់​ជូន​អ្នកស្រី រ៉ូណា ស្មីត ហើយ​ប្រាប់​ក្រុម​អ្នកមាន​ជម្លោះដីធ្លី ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ តែង​ឃ្លាំមើល​បញ្ហា​ជម្លោះដីធ្លី​នេះ​ជានិច្ច។

ក្រុម​ស្ត្រី​មាន​ជម្លោះដីធ្លី​នៅ​សហគមន៍​អតីត​បឹងកក់ និង​បុរីកីឡា សង្ឃឹម​ថា របប​ក្រុងភ្នំពេញ នឹង​ទទួលយក​សំណើ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ករណី​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​របស់​ពួកគេ។

តំណាង​អតីត​អ្នក​បឹងកក់​ម្នាក់ អ្នកស្រី ស៊ា ណារ៉េត ប្រាប់​ថា ក្នុង​ការ​ដាក់​ញត្តិ​ទៅ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុងភ្នំពេញ មន្ត្រី​ម្នាក់​នៃ​អង្គការ​នេះ បាន​ចេញ​មក​ទទួល​ញត្តិ និង​សន្យា​ដាក់​ជូន​អ្នកស្រី រ៉ូណា ស្មីត។ អ្នកមាន​ជម្លោះដីធ្លី​រូប​នេះ បន្ត​ថា ជំនួយការ​អ្នកស្រី រ៉ូណា ស្មីត ប្រាប់​ថា ស្ថាប័ន​អន្តរជាតិ​មួយ​នេះ តែង​តាមដាន​ជានិច្ច​ករណី​ជម្លោះដីធ្លី​នៅ​បឹងកក់ បុរី​កីឡា និង​សហគមន៍​ដទៃ​ទៀត ទូទាំង​ប្រទេស៖ «ជួប​ជំនួយការ គាត់​ជា​បរទេស​គាត់​ថា​គាត់ នឹង​យក​លិខិត​ទាំង​នឹង​ទៅ​ដាក់​ជូន​ទៅ​អ្នកស្រី រ៉ូណា ស្មីត លើក​នឹង​គាត់​និង​ជួយ​ឃ្លាំមើល​សិទ្ធិមនុស្ស និង​សិទ្ធិ​លំនៅឋាន»

អ្នកស្រី ស៊ា ណារ៉េត បន្ដ​ថា ក្នុង​ញត្តិ​រួមគ្នា​របស់​ពលរដ្ឋ​អតីត​បឹងកក់ និង​បុរីកីឡា បាន​ស្នើ​សុំ​ឲ្យ លោកស្រី រ៉ូណា ស្មីត ដោះស្រាយ​បញ្ហា​ដីធ្លី នៅ​បឹងកក់ និង​បុរីកីឡា ឲ្យ​បាន​ឆាប់រហ័ស។ ជាង​នេះ ទៅ​ទៀត ពលរដ្ឋ​ទាំងពីរ សហគមន៍​បាន​ស្នើ​សុំ​ឲ្យ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស ឃ្លាំមើល​សវនាការ និង​ដីកា​កោះហៅ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ទាំងពីរ​សហគមន៍ ឲ្យ​ឡើង​តុលាការ​នៅ​ថ្ងៃទី១ និង​ថ្ងៃ​ទី​២ វិច្ឆិកា ក្រោម​ការចោទប្រកាន់​ពី​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បុរីកីឡា ថា​ពលរដ្ឋ​ទាំងពីរ​សហគមន៍ បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន និង​បទ​គំរាមកំហែង​បញ្ជា ដោយ​មាន​លក្ខខណ្ឌ។

អ្នកស្រី រ៉ូណា ស្មីត មក​បំពេញ​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ដល់​ថ្ងៃ​ទី​៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ធ្វើ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដាក់​ទៅ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ឆ្នាំ។ ក្នុង​ដំណើរ​បេសកកម្ម​អ្នកស្រី នឹង​ទទួល​ជួប​តំណាង​អង្គការ​សង្គម​ស៊ីវិល ភាគី​របប​ក្រុងភ្នំពេញ និង​ចង់​ជួប​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ ត្រូវ​បាន​បដិសេធ​ពី​តុលាការ​ក្នុង​របប​លោក ហ៊ុន សែន។

ក្រុម​ពលរដ្ឋ​មាន​ជម្លោះដីធ្លី អះអាង​ថា រាល់ពេល​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ពួកគាត់​តែង​បាន​ដាក់​ញត្តិ ស្វែងរក​កិច្ច​អន្តរាគមន៍​ជម្លោះដីធ្លី​ជានិច្ច និង​សង្ឃឹមថា លើក​នេះ របប​លោក ហ៊ុន សែន នឹង​យកចិត្តទុកដាក់​លើ​សំណើ​របស់​ពួកគាត់ តាមរយៈ​អ្នកស្រី រ៉ូណា ស្មីត ទៅ​ពិចារណា និង​ដោះស្រាយ​មិន​ដូច​លើក​មុនៗ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត យល់ថា នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ដាក់​ញត្តិ​ទាមទារ​រក​ដំណោះស្រាយ​ជម្លោះដីធ្លី។ សង្គម​ស៊ីវិល​រូប​នេះ ជឿជាក់​ថា អ្នករាយការណ៍​ពិសេស នឹង​យក​សំណើ​ពលរដ្ឋ​ទៅ​ជជែក​ជាមួយ​មន្ត្រី​ក្នុង​របប​ក្រុងភ្នំពេញ និង​ក្រសួងយុត្តិធម៌ លើ​ករណី​ដំណោះស្រាយ​ជម្លោះដីធ្លី​រ៉ាំរ៉ៃ និង ពាក្យបណ្ដឹង​លើ​ពលរដ្ឋ​ទាំងនោះ​។ ប៉ុន្តែ លោក​ជឿ​ថា ខាង​របប​ក្រុងភ្នំពេញ នឹង​ប្រើ​ហេតុផល​ដូច​មុន​ដដែល គឺ រុញ​ការទទួលខុសត្រូវ ទៅ​ខាង​តុលាការ ព្រោះ​នេះ​ជា​អំណាច​តុលាការ ដែល​របប​ក្រុងភ្នំពេញ មិន​មាន​សិទ្ធិ​ជ្រៀតជ្រែក​ជាដើម។ លោក វណ្ណ សូផាត បន្ដ​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ​នៅ​បន្ត​ប្រើប្រាស់​ហេតុផល ជាជាង​ការ​ដោះស្រាយ ជា​ការ​គួរ​ឲ្យ​សោកស្ដាយ ហើយ​នឹង​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​អូស​បន្លាយ ការ​តវ៉ា​នឹង​នៅតែ​បន្ដ៖ «យើង​ខាង​អង្គការ​សង្គម​ស៊ីវិល​នេះ​យើង​យល់ឃើញ ថា​រឿង​នេះ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ប៉ុន្តែ​សំខាន់​នៅ​លើ​ឆន្ទៈ​ផ្ទាល់​របស់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល​ក៏​ដូចជា​តុលាការ​ផង​ដែរ អា​ហ្នឹង​ពាក់ព័ន្ធ​ហើយ​អ្នកស្រី រ៉ូណា ស្មីត គាត់​តែងតែ​លើក យោបល់​ទៅ​រដ្ឋាភិបាល អាហ្នឹង​អាស្រ័យ​លើ​ស្ថាប័ន​នោះ​និង​តុលាការ​នោះ​ទេ»

ទោះ​យ៉ាងណា ពលរដ្ឋ​មាន​ជម្លោះដីធ្លី សហគមន៍​អតីត​បឹងកក់ និង​បុរីកីឡា ដែល​បាន​ចងក្រង​ជួយ​គ្នា​ទៅវិញទៅមក​នោះ ប្ដេជ្ញា​ថា ប្រសិនបើ មន្ត្រី​របប​ក្រុងភ្នំពេញ​មិន​យកចិត្តទុកដាក់​ដោះស្រាយ សំណើ​របស់​ពួកគេ តាមរយៈ​អ្នករាយការណ៍​ពិសេស អ្នកស្រី រ៉ូណា ស្មីត ទេ ពួកគេ​នឹង​បន្ត​ការ​ទាមទារ និង​ដាក់​ញត្តិ​នៅមុខ​ភូមិគ្រឹះ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​ជិត​វិមានឯករាជ្យ​បន្ដ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។