យោធាមួយក្រុមបានបាញ់គ្រាប់កាំភ្លើងពិត ទៅលើក្រុមប្រជាពលរដ្ឋ ក្នុងទំនាស់ដីធ្លីមួយកន្លែងនៅស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ មិថុនា ម្សិលមិញនេះ។ ហេតុការណ៍នេះ បានបណ្ដាលឱ្យពលរដ្ឋរងរបួសធ្ងន់ និងត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់។ ក្រុមសិទ្ធិមនុស្សថ្កោលទោសការបាញ់ប្រហារលើពលរដ្ឋនេះ។ រហូតមកដល់យប់មិញ អ្នកនាំពាក្យកងទ័ពជើងគោក និងកងរាជអាវុធហត្ថ មិនអាចប្រាប់បានថា តើហ្វូងទាហាន ដែលបានបាញ់ស្រោចទៅលើប្រជាពលរដ្ឋនោះ មកពីអង្គភាពយោធាណាមួយនៅឡើយទេ។
ប្រពន្ធជនរងគ្រោះ លោកស្រី គាំ សាវន ហៅករណីអំពីបាញ់ប្រហារលើប្ដីលោកស្រី គឺជាអំពើឃោរឃៅ និងអយុត្តិធម៌សម្រាប់ពលរដ្ឋស្លូតត្រង់ ។ លោកស្រីស្នើឱ្យរដ្ឋាភិបាលជួយចាប់ជនល្មើសយកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ឱ្យគ្រួសារលោកស្រីផងដែរ។ ប្រពន្ធជនរងគ្រោះរូបនេះត្អូញត្អែរថា ជីវភាពគ្រួសារលោកស្រីកំពុងត្រដាបត្រដួស រកព្រឹកខ្វះល្ងាច ដូច្នេះលោកស្រីមិនដឹងបានប្រាក់ពីណា ដើម្បីព្យាបាលរបួសប្ដីនោះទេ៖ «ពិបាកចិត្តណាស់ ខ្ញុំកំពុងអត់ផង មិនដឹងគិតមិចទេ ខ្ញុំគិតថាគាត់សាហាវពេកបាញ់ប្ដីខ្ញុំអ៊ីចឹង គ្រាន់តែនិយាយពាក្យសម្ដីទៅ ដល់គាត់ធ្វើអ៊ីចឹងដល់ថ្ងៃក្រោយគាត់ធ្វើដាក់ប្រជាពលរដ្ឋទៀត»។
លោកស្រី គាំ សាវន ឱ្យដឹងទៀតថា គិតត្រឹមល្ងាចថ្ងៃទី៣ មិថុនាដដែល លោកស្រីមិនទាន់ដឹងពីស្ថានភាពរបួសរបស់ប្ដីនៅឡើយទេ ពីព្រោះគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យចូលសួរសុខទុក្ខ។
ហេតុការណ៍ក្រុមយោធាបាញ់ប្រហារប្រជាពលរដ្ឋនេះ កើតឡើងបន្ទាប់ពីពលរដ្ឋជាង ៣០០នាក់ បានលើកគ្នាទៅឃាត់គ្រឿងចក្រ ដែលក្រុមយោធាបម្រុងយកទៅឈូសឆាយដីស្រែដែលកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋ។ ដីមានទំនាស់នោះ មានទំហំ ២៨០ហិកតារ ស្ថិតនៅក្នុងភូមិចំនួន៧ នៃឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ប្រជាពលរដ្ឋមានជម្លោះដីធ្លី លោក គាំ រិទ្ធ ប្រាប់ថា អ្នកភូមិបាននាំគ្នាតវ៉ាបន្ទាប់ពីក្រុមទាហានប្រដាប់ដោយកាំភ្លើងជាច្រើនក្រុម បញ្ជាឱ្យគ្រឿងចក្រឈូសឆាយដីស្រែរបស់ប្រជាពលរដ្ឋដោយមិនផ្តល់សំណងនោះទេ។ លោកបញ្ជាក់ថា យោធាប្រមាណ ៦០នាក់ បានបាញ់រះទៅលើពលរដ្ឋបណ្ដាលឱ្យរងរបួសម្នាក់ ឈ្មោះ មុំ ចន្ថា អាយុ ៥៦ឆ្នាំ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ លោកយល់ថា ករណីបាញ់ប្រហារនេះ ជាការគំរាមកំហែង និងបំបាក់ស្មារតីប្រជាពលរដ្ឋ ដែលហ៊ានចេញតវ៉ា។ លោកបញ្ជាក់ថា កន្លងទៅប្រជាពលរដ្ឋព្យាយាមស្វែងរកដំណោះស្រាយច្រើនស្ថាប័នដែរ ប៉ុន្តែអាជ្ញាធរមិនបានផ្តល់ដំណោះស្រាយណាមួយដល់ពួកគាត់ឡើយ។ លោកថា ប្រជាពលរដ្ឋប្រមាណ ៤រយនាក់បានប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ៥១ ដើម្បីស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធផងដែរ៖ «ព្រំដល់អ៊ីចឹងគាត់បាញ់តែម្ដង ខ្ញុំយល់ថាដូចសេរីពេកដូចប្រទេសអត់ច្បាប់អ៊ីចឹង អយុត្តិធម៌ស្រស់ៗ ម៉ង់ អាងតែខ្លួនសមត្ថកិច្ចយកកាំភ្លើងយកអាវុធបាញ់ប្រជាពលរដ្ឋស្រស់ៗ អ៊ីចឹងវាអត់សម យើងសម័យនេះហើយសមតែមានដំណោះស្រាយ អត់មានដំណោះស្រាយឱ្យប្រជាពលរដ្ឋតែម្ដង»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់អាស៊ីសេរីថា មន្ត្រីជំនាញកំពុងស៊ើបអង្កេតរឿងនេះ ដោយមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបានទេ។ លោកបញ្ជាក់ថា អាជ្ញាធរនឹងស្វែងរកជនប្រព្រឹត្តនោះយកអនុវត្តច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ៖ «អ្នកណាក៏ដោយឱ្យតែប្រព្រឹត្តបទល្មើសគឺយើងស្វែងរកហើយ ស៊ើបអង្កេតគឺយើងមិនទាន់ឆ្លើយបានទេ អ៊ីចឹងធ្វើការក្នុងដំណាក់កាលស៊ើបអង្កេតមន្ត្រីនគរបាលយុត្តិធម៌មិនអាចថ្លែងការបានទេមានតែអយ្យការទេ»។
ប៉ុន្តែអង្គការសិទ្ធិមនុស្សទទួលបន្ទុកឃ្លាំមើលជម្លោះដីធ្លី មិនមានជំនឿលើការសន្យាដដែលៗ របស់អាជ្ញាធរមានសមត្ថកិច្ចនេះទេ។ មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ថា រឿងក្រុមទាហានប្រើហិង្សា និងបាញ់ប្រហារលើពលរដ្ឋមានច្រើនករណីមកហើយ ប៉ុន្តែជនល្មើសមិនបានទទួលទោសទណ្ឌគួរជាទីពេញចិត្តឡើយ។ លោកទទូចឱ្យរដ្ឋាភិបាលពិនិត្យមើលរឿងនេះឡើងវិញ ដោយយកយន្តការសន្តិវិធី ដែលមានស្រាប់មកដោះស្រាយបញ្ហាជម្លោះដីធ្លី៖ « ការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងយោធានេះ (នៅកន្លែងផ្សេងទៀត) គឺយើងកត់សម្គាល់ឃើញកើតមានខែមីនា ឆ្នាំ២០១៨ (២០១៣) នៅខេត្តក្រចេះ ឃុំ ២ធ្នូ ដោយសារក្រុមហ៊ុនចម្ការកៅស៊ូមេមត់ គឺប្រជាពលរដ្ឋតវ៉ា មានការចាប់ខ្លួន មានរងរបួសប្រជាពលរដ្ឋអ៊ីចឹង រហូតដល់ខែមករា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ក៏មានប៉ះទង្គិចគ្នាអ៊ីចឹងដែរ។ អ៊ីចឹងយើងឃើញបញ្ហាហ្នឹងកើតឡើងជាដដែលៗ។ ប្រទេសកម្ពុជាយើងមានច្បាប់ និងយន្តការជាច្រើនក្នុងការដោះស្រាយជម្លោះដី្ល យើងមានគណៈកម្មាធិការសុរិយោដីរដ្ឋបាលថ្នាក់ឃុំ គណៈកម្មាធិការសុរិយោដីថ្នាក់ស្រុក ថ្នាក់ខេត្ត ថ្នាក់ជាតិ រហូតដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ហេតុអីបានជាយើងមិនយកយន្តការទាំងអស់ហ្នឹងដោះស្រាយឱ្យមានប្រសិទ្ធភាព។ ហើយរឿងនេះមិនមែនទើបកើតឡើងទេ ឃើញមានការប៉ះទង្គិចគ្នាជាលក្ខណៈពាក្យសំដីហ្នឹងច្រើនដងមកហើយ តាំងពីខែតុលាការ ២០២០ មក ប៉ុន្តែហាក់ដូចជាពុំមានដំណោះស្រាយរហូតដល់ខាងទាហានបាញ់លើប្រជាពលរដ្ឋឱ្យមានការរងរបួសថ្ងៃនេះអ៊ីចឹង»។
បើទោះជាហេតុការណ៍ក្រុមទាហានបាញ់រះទៅលើពលរដ្ឋនេះ កើតឡើងតាំងពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្តែរហូតមកដល់ពេលនេះ អង្គភាពកងទ័ពក៏នៅមិនទាន់អាចបញ្ជាក់ថា តើអង្គភាពយោធាណាមួយដែលបានបើកការប្រហារនោះទេ។ អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា ប្រាប់អាស៊ីសេរីកាលពីយប់ថ្ងៃទី ៣ មិថុនា ថា លោកមិនទាន់ដឹងករណីមន្ត្រីយោធាបាញ់មកលើប្រជាពលរដ្ឋតវ៉ា ក្នុងរឿងជម្លោះដីធ្លី នៅក្នុងខេត្តកណ្ដាលនៅឡើយទេ ដោយសារលោកជាប់រវល់កិច្ចការផ្សេង៖ « ចាំមើលស្អែកទៅខ្ញុំស្រាវជ្រាវ មើលសិនមិនដឹងយ៉ាងម៉េចផង។ មិនទាន់មានរបាយការណ៍ផង » ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ឯណោះវិញ មានប្រសាសន៍ថា ជម្លោះដីធ្លីត្រូវដោះស្រាយដោយសន្តិវិធី និងអនុវត្តតាមនីតិវិធីច្បាប់។ លោកថា ករណីជម្លោះដីធ្លីដែលឈានដល់ការបាញ់រះលើប្រជាពលរដ្ឋនេះ គឺជាអំពើខុសច្បាប់ ដែលក្រុមយោធាប្រើប្រាស់អំណាចទាំងបំពានលើអ្នកទាន់ខ្សោយ។ លោកទទូចឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការ ដោយយកជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់៖ «មើលឃើញហាក់បីដូចជាទិដ្ឋភាពមួយដែលប្រទេស យើង ជាប្រទេសគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ គឺថាធ្វើអនាធិបតេយ្យ សេរី ប្រើប្រាស់កម្លាំងដោយសេរី គ្មានច្បាប់គ្មានទម្លាប់ ដូចយើងមើលនៅក្នុងរូបភាពហ្នឹងទាំងគ្នា»។
ក្រោយពេលយោធាបាញ់ស្រោចទៅលើពលរដ្ឋ ដែលបណ្ដាលឱ្យរងរបួសម្នាក់ធ្ងន់ហើយ ប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាបិទផ្លូវជាតិលេខ៥១ ដោយដុតកង់ឡាន និងដាក់តាំងអាវពណ៌សមានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាមួយចំនួន ដែលមានដាមប្រឡាក់ឈាម រហូតដល់ម៉ោង ៦ល្ងាច ទើបពួកគាត់បើកផ្លូវឡើងវិញ ។ ក្រុមពលរដ្ឋលើកឡើងទៀតថា ពួកនឹងបន្តបិទផ្លូវ៥១ នេះទៀត រហូតមានដំណោះស្រាយជូនពួកគាត់។
ប្រជាពលរដ្ឋអះអាងថា ពួកគាត់បានចូលធ្វើស្រែលើដីនេះអស់រយៈពេល ៣០ឆ្នាំមកហើយ និងបន្តរហូតដល់កូនចៅ ប៉ុន្តែរដ្ឋាភិបាលមិនព្រមផ្តល់កម្មសិទ្ធិឱ្យពួកគាត់នោះទេ ទោះបីពួកគាត់ស្នើសុំយ៉ាងណាក៏ដោយ។ ប្រជាពលរដ្ឋថា ពួកគាត់បន្តធ្វើស្រែចម្ការ និងអាស្រ័យផលលើនៅដីរហូតមក ប៉ុន្តែ ស្រាប់តែនៅចុងឆ្នាំ២០២០ ក្រុមយោធាបានមកបោះទីតាំងយាមដីព្រៃរបស់រដ្ឋនៅក្បែរដីស្រែរបស់ប្រជាពលរដ្ឋ រួចក្រុមយោធាបានហាមឃាត់ពលរដ្ឋ មិនឱ្យពួកគាត់ចូលធ្វើស្រែទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។