មេភូមិ​ម្នាក់​នៅ​កំពង់ស្ពឺ​ដែល​ចែក​ដី​ព្រៃ​ឲ្យ​ពលរដ្ឋ​រង​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ

ដោយ វ៉ែន សុមេធ
2018-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​កំពង់ស្ពឺ។
ផែនទី​ខេត្ត​កំពង់ស្ពឺ។
Photo: RFA

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន រស់នៅ​ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ តវ៉ា​ប្រឆាំង នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ប្ដឹង​មេភូមិ​ម្នាក់​ទៅ​តុលាការ​ខេត្ត ពី​បទ​កាប់​រាន​ដី​ព្រៃ​នៅ​ជិត តំបន់​ទេរ​ទឹក​ពុះ។ ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន អះអាង​ថា មេភូមិ​មិន​បាន​កាប់ឆ្ការ​ដី​ព្រៃ ដើម្បី​កាន់កាប់​ខ្លួនឯង​នោះ​ទេ គឺ​គាត់​គ្រាន់តែ​ចូលរួម​ចែក​ដី​ដែល​នៅ​សេសសល់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ជូន​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ទាមទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ​មេភូមិ​ពុទ្ទ្រា លោក យឹម សេង ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​លោក​ពុំបាន​ប្រព្រឹត្ត​កំហុស​កាប់​រាន​ដី​ព្រៃ​ដូច​ការចោទប្រកាន់​នោះ​ទេ។

មេភូមិ​ពុទ្ទ្រា លោក យឹម សេង អះអាង​ថា លោក​ត្រូវ​បាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​កោះហៅ​ទៅ​បំភ្លឺ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ខាងមុខ តាម​បណ្ដឹង​របស់​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ចោទ​ថា លោក បាន​កាប់​រាន​ដី​ព្រៃ​នៅ​ជិត​តំបន់​ទេរទឹកពុះ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ លោក​អះអាង​ថា លោក មិនបាន​កាប់​រាន់​ដី​ព្រៃ​ទាំង​នោះ​ទេ គឺ​លោក​គ្រាន់តែ​ចូល​ទៅ​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ វាស់​វែង​ដី​ចែក​គ្នា​ក្នុង​មួយ​គ្រួសារ ៥​ម៉ែត្រ ទៅ ១០​ម៉ែត្រ ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន។

មូលហេតុ​ដែល​លោក​ចុះ​ប្រាប់​ឲ្យ​ពលរដ្ឋ វាស់វែង​ចែក​ដី​ស្មើៗ គ្នា​នោះ ព្រោះ​លោក​បារម្ភ​ខ្លាច​អ្នក ភូមិ ឈ្លោះ​ដណ្ដើម​ដី​គ្នា បន្ទាប់ពី​អ្នកភូមិ​ចេះតែ​នាំគ្នា​ចូល​បោះ​បង្គោល​កាន់កាប់​រៀងៗ​ខ្លួន​បែប​អនាធិបតេយ្យ​ដោយសារតែ​ឃើញ​ដី​តំបន់​នោះ គឺជា​ដី​ដែល​នៅ​សេសសល់​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។ «»

មេភូមិ​រូប​នេះ អះអាង​ថា ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ​ដែល​នាំចូល​កាន់កាប់​ដី​នោះ​គឺ​ភូមិ​ពុទ្ទ្រា ភូមិ​តានី និង​ភូមិ​ដូនតី។ ប្រជាពលរដ្ឋ ក៏​មិន​ទាន់​បាន​កាប់​ព្រៃ​ធំៗ​ដែរ ពួកគាត់​គ្រាន់តែ​ឈូសឆាយ​ស្មៅ និង​បោះ​បង្គោល​ដើម្បី​សម្គាល់​ព្រំ​ដី​ប៉ុណ្ណោះ។

ក្រុមប្រឹក្សាឃុំ​ត្រពាំងជោ អ្នកស្រី វ៉ែន សាមីន រៀបរាប់​ថា ដី​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​កាន់កាប់​នេះ គឺ​ស្ថិតនៅ​ជិត​តំបន់​ទេរទឹកពុះ ដែល​បាន​ទាក់ចិត្ត​ក្រុម​ឧកញ៉ា អ្នកមាន​លុយ អ្នកមាន អំណាច​ជាច្រើន​ឲ្យ​ចូល​មក​ដើម្បី​អភិវឌ្ឍ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រណីត។ អ្នកស្រី​បន្ត ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ចូល​ទៅ​កាន់កាប់​ដី​តំបន់​នោះ ព្រោះ​កន្លងមក​ដី​នោះ គឺជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ស្រាប់ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋ​ដក​យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន។ អ្នកស្រី​សង្ស័យ​ថា ការ​ដាក់ពាក្យ​ប្ដឹង​មេភូមិ​ពុទ្រា្ទ​នេះ គឺជា​ការ​បំបាក់​ស្មារតី​កុំ​ឲ្យ​ពលរដ្ឋ​កាន់កាប់​ដី​នៅ​តំបន់​នោះ ព្រោះ​ដី​នោះ អាច​មាន​ឧកញ៉ា ឬ​អ្នក​មាន​អំណាច​ណាមួយ​ចង់បាន​ដែរ។ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​នាយក​ដែន​ជម្រក​សត្វព្រៃ លោក ខន សុខុន បាន​ទេ ដោយ លោក​ប្រាប់​ថា​ច្រឡំ​លេខ។

រីឯ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង មាន​ប្រសាសន៍​ថា លោក​មិនទាន់​ដឹង​ករណី​នេះ នៅ ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​តាមដាន​ករណី​នេះ ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ។ ទោះ​យ៉ាងណា​លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ សុទ្ធ​តែ​មាន​ដីធ្លី​សម្រាប់​រស់នៅ និង​បង្កបង្កើនផល​ទាំង អស់​គ្នា ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច តែងតែ​បង្កើត​លេស និង​បង្កើត​បញ្ហា​ដើម្បី​រារាំង​មិន​ឲ្យ មានការ​អភិវឌ្ឍ​នោះ។ ទន្ទឹម​គ្នា​នេះ លោក​ទទួលស្គាល់​ថា អាជ្ញាធរ​ខេត្ត ពិត​ជា​មាន​ទស្សនៈ​ចង់ ឲ្យ​តំបន់​ទេរទឹកពុះ​នោះ មានការ​អភិវឌ្ឍ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដើម្បី​បង្កើត​ការងារ និង​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ដី​តំបន់​នោះ កំពុង​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា​ណាខ្លះ​នោះ​ទេ ទើប​ប្រជាពលរដ្ឋ មិន​អាច​កាន់កាប់​បាន។ «»

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​ត្រពាំងជោ អះអាង​ថា ប្រជាពលរដ្ឋ រស់នៅ​តំបន់​នោះ កំពុង​ហ៊ុមព័ទ្ធ ដោយ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ដូចជា​ក្រុមហ៊ុន អេច.​អិល.អេច (HLH Agriculture Cambodia) ជាដើម ដោយសារតែ​របប​ក្រុងភ្នំពេញ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន។​

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អាន ភិន លើកឡើង​ថា ជា​រឿង ល្អ​ប្រសើរ ប្រសិន​អាជ្ញាធរ ពិត​ជា​មាន​ឆន្ទៈ​ចុះ​តាមដាន​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​នេះ។ លោក​យល់ថា អាជ្ញាធរ គួរតែ​សិក្សា​លើ​ប្រវត្តិ​បញ្ហា និង​រក​ដំណោះស្រាយ​បញ្ហា​ដោយ​យុត្តិធម៌ និង​តម្លាភាព ទើប​អាច​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​បាន​ទាំងស្រុង។ «»

ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងជោ អះអាង​ថា ពួកគាត់ នឹង​នាំគ្នា​ឡើង​ទៅ​តវ៉ា​នៅ​ខាងមុខ​សាលាដំបូង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ដើម្បី​សម្ដែង​ការ​គាំទ្រ​ចំពោះ​មេភូមិ​ពុទ្ទ្រា និង​ទាមទារ​ឲ្យ​តុលាការ ទម្លាក់​ចោល​ការចោទប្រកាន់ និង​ប្រគល់​ដីធ្លី​ជូន​ពួកគាត់​កាន់កាប់​ដោយ​ស្របច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល