អាជ្ញាធរ​ព្រះវិហារ​ដាក់​វិធានការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវៀង​ក្រុមហ៊ុន​មេត្រីភាព និង​ពលរដ្ឋ

ដោយ ជាតិ ចំណាន
2019.02.08

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថ្មីៗ​នេះ បាន​កោះហៅ​ភាគី​ពាក់ព័ន្ធ​រួមមាន ប្រធាន​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម តំណាង​ក្រុមហ៊ុន និង​មន្ត្រី​សង្គម​ស៊ីវិល​មក​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​រវៀង​ពលរដ្ឋ ៣៣០​គ្រួសារ និង ក្រុមហ៊ុន​មេត្រីភាព​ដែល​កើតមានឡើង​កាលពី​ឆ្នាំ ២០១៨។ មន្ត្រី​សង្គម​ស៊ីវិល​សាទរ​វិធានការ​នេះ ក៏ប៉ុន្តែ​ស្នើ​ឱ្យ​អាជ្ញាធរ និង​តុលាការ​ដោះលែង​ពលរដ្ឋ ១៤​នាក់ ហើយ​មាន​ម្នាក់​បាន​បាត់​ខ្លួន។

វិវាទ​ដីធ្លី​រវៀង​ពលរដ្ឋ ៣៣០​គ្រួសារ រស់នៅ​ភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ជាមួយ ក្រុមហ៊ុន​មេត្រីភាព របស់​ឧកញ៉ា អាន ម៉ារឌី រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ពលរដ្ឋ ១៤​នាក់​បញ្ជូន​ទៅ​តុលាការ ត្រូវ​បាន​អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា ដាក់​ចេញ​វិធានការ ៥​ចំណុច ដើម្បី​បញ្ចប់​ជម្លោះ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

វិធានការ ៥​ចំណុច​ទាំងនោះ​រួមមាន បង្កើត​ក្រុមការងារ វាស់វែង​និង​ដោះស្រាយ​ផល​ប៉ះពាល់​ជាក់ស្ដែង ជំរុញ​ឱ្យ​មានការ​ចុះបញ្ជី​ដី​ក្រុមហ៊ុន​មេត្រីភាព ស្នើ​ឱ្យ​ក្រុមហ៊ុន កំណត់​ព្រំ​ដី ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​មាន​កម្លាំង​ការពារ​សន្តិសុខ​របស់​ខ្លួន។ ស្នើ​ឱ្យ​ពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល​ហើយ ត្រូវ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​បញ្ឈប់​ការ​កាប់​ទន្ទ្រាន​លើ​ដី​មាន​ជម្លោះ​បន្ត​ទៀត ត្រូវ​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្របសម្រួល និង​ស្នើ​ឱ្យ​តុលាការ​ខេត្ត​នេះ បញ្ឈប់​ការ​ចេញ​ដីកា​កោះហៅ ឬ​ចាប់ខ្លួន​ពលរដ្ឋ​បន្ត​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី៧ កុម្ភៈ​ថា ក្រុមហ៊ុន​មេត្រីភាព និង​ក្រសួង​ពាក់ព័ន្ធ​មិន​បាន​កំណត់​ព្រំប្រទល់​ដី ដែល​ក្រុមហ៊ុន​វិនិយោគ ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ ដែល​ជា​ដើមចម នាំ​ឱ្យ​កើតមាន​ជម្លោះដីធ្លី​។ លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​កាត់​ឆ្វៀល​ផល​ប៉ះពាល់​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​មុន​ពេល​ដែល​ក្រុមហ៊ុន​មិនទាន់​មក​វិនិយោគ ក៏ប៉ុន្តែ​ពលរដ្ឋ​ដែល​ទើបតែ​មក​តាំងទី​លំនៅ​ថ្មី អាជ្ញាធរ​នឹង​ធ្វើ​អត្តសញ្ញាណ​កម្ម។ លោក​រំពឹង​ថា វិធានការ ៥​ចំណុច​នេះ នឹង​អាច​ដោះស្រាយ​ជម្លោះដីធ្លី​ត្រឹមត្រូវ និង​យុត្តិធម៌​។ តែ​ទោះ​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា ពលរដ្ឋ​ដែល​ក្រុម​យោធា​វារៈ ២៦១ ចាប់ខ្លួន ១៤​នាក់ បញ្ជូន​ទៅ​តុលាការ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ សុំ មឿន បាត់​ខ្លួន រក​មិនទាន់​ឃើញ​នៅឡើយ​ទេ​មក​ទល់​ពេល​នេះ៖ «ក្រុមហ៊ុន​មក​វិនិយោគ​ត្រូវ​មិន​ទាន់​បាន​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​រួច​ហើយ និង​មានការ​កំណត់​ឱ្យ​ច្បាស់លាស់​រួច​សិន​ចាំ​ធ្វើ​នោះ​ទេ។ នេះ​សំដៅ​លើ​ក្រុមហ៊ុន​អនុវត្ត​សិន​ទៅ ហើយ​មាន​ផល​ប៉ះពាល់​ហើយ បាន​នាំគ្នា​ចុះ​កំណត់​តាម​ក្រោយ។ ធ្វើ​មុន​នៅ​ពេល​មាន​បញ្ហា បាន​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ និង​ការកំណត់​តាម​ក្រោយ គឺ​ខុស​គោលការណ៍​ច្បាប់ ត្រូវ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​កំណត់​ព្រំប្រទល់​អស់ហើយ​បាន​ធ្វើ»

ចំណែក​អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា គោលការណ៍​ចំនួន ៥ ជា​វិធានការ ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី ក្នុង​តំបន់​នេះ​ដែល​បាន​កើតឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០១៨។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ឱ្យ​តុលាការ​បញ្ឈប់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ជា​បន្ត​ទៀត។

តំណាង​ពលរដ្ឋ លោក ឡយ លីហួរ ឱ្យ​ដឹង​ថា ពួកគេ​ព្រម​ទទួលយក​គោលការណ៍​ទាំង ៥​ចំណុច​នេះ ក៏ប៉ុន្តែ​អ្នកភូមិ​ស្នើ​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ ១៤​នាក់ (​ក្នុង​នោះ​ម្នាក់​បាត់​ខ្លួន​) និង​ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ ២៥​នាក់​ផ្សេងទៀត​។ លោក​សង្ស័យ​ថា ពលរដ្ឋ​ម្នាក់​ដែល​បាត់​ខ្លួន បន្ទាប់ពី​ក្រុម​ទាហាន​វារៈ ២៦១ នៅ​ខេត្ត​ឧត្តរមានជ័យ ចាប់ខ្លួន​កាលពី​ចុងខែ​មករា​កន្លងទៅ ទំនង​ជា​ត្រូវ​ស្លាប់​ព្រោះ​ជាង ២​សប្ដាហ៍​មក​ហើយ​ពួកគេ​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ៖ «គោលការណ៍​ទាំង ៥​ចំណុច​ហ្នឹង​នៅ​ខ្វះ​ចំណុច​មួយទៀត ដែល​ពួក​ខ្ញុំ​កំពុង​ចង់បាន គាត់​អត់​មាន​លើកឡើង​បញ្ហា​ដោះលែង​ពលរដ្ឋ​ដែល​ជាប់ពន្ធនាគារ និង​អ្នក​ដែល​ជាប់​ពាក្យ​បណ្តឹង ២៥​នាក់។ ប្តឹង​ពលរដ្ឋ​ទន្ទ្រាន​កាប់​ព្រៃ និង​រារាំង​គ្រឿងចក្រ​មិន​ឱ្យ​ឈូស​ឆាយ»

ចំណែក​តំណាង​ក្រុមហ៊ុន​មេត្រីភាព លោក រីម ខេម ប្រាប់​អាស៊ីសេរី​ថា ក្រុម​ពលរដ្ឋ ៣៣០​គ្រួសារ​មកពី​ខេត្ត​ផ្សេងៗ បាន​មក​កាប់​ទន្ទ្រាន​ដី ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​មក​វិនិយោគ​តំបន់​នោះ​កាលពី​មិថុនា ឆ្នាំ​២០១២។ លោក​អះអាង​ថា ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​កាប់​ទន្ទ្រាន​ដី​របស់​ក្រុមហ៊ុន​ធ្វើ​ចម្ការ អំឡុង​ឆ្នាំ ២០១៧ និង ២០១៨ អស់​ជាង ១​ពាន់​ហិកតារ​។ លើស​ពី​នេះ លោក​ចោទ​ប្រកាន់​ថា តំណាង​ពលរដ្ឋ​ឈ្មោះ ឡយ លីហ៊ូរ គឺជា​មេខ្លោង​ដឹកនាំ​ពលរដ្ឋ​កាប់​ទន្ទ្រានព្រៃ និង​លក់​ដី​នៅ​តំបន់​នោះ​ឱ្យ​អ្នក​ផ្សេងទៀត​ខុសច្បាប់​៖ «កាប់​ឈើ​ក្នុង​ដី​ហ្នឹង ធ្វើជា​កូន​តង់ ហើយ​ភ្លើង​ឆេះ​ហ្នឹង​កាប់​ព្រៃ​រំលំ​ហើយ ដុត​ប្រញាប់​យក​ដី គេ​ថា យើង​បង្កបង្កើនផល​យូរហើយ ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ ហើយ​ឆេះ​ផ្ទះ​ខ្លួនឯង​ចេះតែ​ចោទ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​អី​ណា​បំផ្លាញ​ផ្ទះ​ពលរដ្ឋ បើ​ពលរដ្ឋ​ធ្វើ​ស្របច្បាប់ គេ​ទៅ​ធ្វើ​អ? ក្នុង​បទបញ្ជា ០១ គឺ​គេ​វាស់​កាត់​កែង​ឱ្យ​ហើយ​។ នេះ​គាត់​មក​ក្រោយ ២០១៣ និង ២០១៤ ក៏​អត់​មាន​ដែរ មក​កាប់​ព្រៃ​ឆ្នាំ ២០១៧ និង ២០១៨​នេះ​ទេ»

កាលពី​ចុងខែ​មករា ឆ្នាំ​២០១៩ ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ៣៣០​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​មេត្រីភាព នាំគ្នា​មក​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ជូន​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជម្លោះដីធ្លី ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ ២៥​នាក់ និង​ទាមទារ​ឱ្យ​ដោះលែង​ពលរដ្ឋ ១៤​នាក់ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ហើយ​មាន​ម្នាក់​បាត់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។