ក្រសួង​រៀប​ចំ​ដែនដី​តម្រូវ​ឱ្យ​ពលរដ្ឋ​ដាក់​ញត្តិ​ជាថ្មី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​កោះកុង

ដោយ សន ចាន់រដ្ឋា
2019-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ ២៣គ្រួសារ មក​ពី​ខេត្ត​កោះកុង តវ៉ា​មុខ​​ក្រសួង​ដែនដី ករណី​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន ​ចិន យូញៀន ឌីវេឡុប​មិន គ្រុប ​( Union Development Group Co.,Ltd កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។
ពលរដ្ឋ​ ២៣គ្រួសារ មក​ពី​ខេត្ត​កោះកុង តវ៉ា​មុខ​​ក្រសួង​ដែនដី ករណី​ជម្លោះ​ដីធ្លី​ជាមួយក្រុមហ៊ុន ​ចិន យូញៀន ឌីវេឡុប​មិន គ្រុប ​( Union Development Group Co.,Ltd កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។
រូប​ពី​លោក សំ ធី ប្រជាសហគមន៍

ប្រជា​ពលរដ្ឋ​២៦​គ្រួសារ​មក​ពី​ខេត្ត​កោះ​កុង នៅ​ថ្ងៃ​ទី​២៦ មីនា សម្រេច​ដាក់​ញត្តិ​ជាថ្មី​នៅ​ក្រសួង​រៀបចំ​ដែន​ដី ដើម្បី​ស្នើ​ឱ្យ​ស្ថាប័ន​រដ្ឋ​មួយ​នេះ ជួយ​ពន្លឿន​ដំណោះស្រាយ​ឱ្យ​ពួកគាត់ ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុប​មិន គ្រុប ​( Union Development Group Co.,Ltd)។ អង្គការ​សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​ក្រសួង​រៀប​ចំ​ដែនដី ​គួរ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ឱ្យ​ពលរដ្ឋ​ទាំង​អស់​៧៧​គ្រួសារ មិន​គួរ​ដោះស្រាយ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ ហើយ​ទុក​ចោល​ពលរដ្ឋ​មួយ​ចំនួន​ទៀត​​នោះ​ឡើយ។

តំណាង​សហគមន៍​កោះស្ដេច ខេត្ត​កោះ​កុង លោកស្រី សាំង ពុយ ថ្លែង​ឱ្យ​ដឹង​ថា មន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី ដែល​ទទួល​ញត្តិ​ពី​ពួកគាត់​២៦​គ្រួសារ​ តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ដាក់​ញត្តិ​ជាថ្មី ដោយ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​អំពី​ទី​កន្លែង​រស់​នៅ និង​ទំហំ​ដី​ដែល​កាន់​កាប់។

លោកស្រី សាំង ពុយ បន្ត​ថា ពលរដ្ឋ​ដែល​ឡើង​មក​រក​ដំណោះស្រាយ​ពី​ស្ថាប័នរដ្ឋ​នៅ​ពេល​នេះ មាន​២៦​គ្រួសារ គិត​ជា​ផ្ទៃ​ដី​រួម​មាន​ជាង ៤៣០​ហិកតារ ចំណែក​ពលរដ្ឋ៥១គ្រួសារ​ទៀត នឹង​ឡើង​មក​ដាក់​ញត្តិ​ជាថ្មី​​នៅ​ពេល​ខាង​មុខ។ តំណាង​ពលរដ្ឋ​រូប​នេះ រំពឹង​ថា ការ​ដាក់​ញត្តិ​លើក​ទី​១១​នេះ​ ក្រសួង​រៀប​ចំ​ដែន​ដី​នឹង​ផ្ដល់​ដំណោះស្រាយ​ឱ្យ​ពួក​គាត់​ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ៖ «យើង​សង្ឃឹម​...បាន»

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​បំភ្លឺ​អំពី​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី លោក សេង ឡូត ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហួរ អ៊ីន ឱ្យដឹង​ថា ពលរដ្ឋ​២៦​គ្រួសារ​ដែល​តែង​តែ​ចេញ​មុខ​តវ៉ា​នេះ គឺ​ជា​តំណាង​ពលរដ្ឋ​ទាំង​អស់​៧៧​គ្រួសារ។ លោក ហ៊ួ អ៊ីន យល់ថា ប្រសិន​បើ​ក្រសួង​ដែនដី ដោះស្រាយ​ឱ្យ​ពលរដ្ឋ​ណា​ដែល​ឡើង​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​ ចំណែក​​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​គ្មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ មិន​ដោះស្រាយ​ឱ្យ នោះ​មិន​អាច​បញ្ចប់​ជម្លោះ​បាន​ទាំង​ស្រុង​ទេ ៖ «ជា​ដំណោះស្រាយ​...ជា សុផារ៉ា»

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​ខេត្ត​កោះកុង​ បាន​ទៅ​ស្វែង​រក​ដំណោះស្រាយ​ពី​ក្រសួង​បរិស្ថាន កាល​ពី​ម្សិល​មិញ ថ្ងៃ​ទី​២៥ មីនា ប៉ុន្តែ​មិន​ទទួល​ការ​សន្យា​ជាក់​លាក់​ណាមួយ​ ពី​មន្ត្រី​ក្រសួង​នេះ ថា​នឹង​ចុះ​ដោះស្រាយ​ឱ្យ​ពួក​គាត់​នៅ​ពេល​ណា​នោះ​ទេ។

ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌​និង​តម្លាភាព​ក្នុង​ការ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ ស្នើ​ដល់​ក្រសួង​រៀបចំ​ដែន​ដី គួរ​ចុះ​សិក្សា​ស្រាវជ្រាវ​ ដោយ​ផ្ទាល់​ពី​ទីតាំង​ប្រជា​ពលរដ្ឋ​រស់​នៅ និង​ផល​ប៉ះ​ពាល់​ដីធ្លី​របស់​ពួកគាត់ ដែល​កើត​ចេញ​ពី​ការ​សម្បទាន​ដី​ជាង៤ម៉ឺន​៥​ពាន់​ហិកតារ ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​(Union Development Group Co.,Ltd) ជាង​១០​ឆ្នាំ​មកនេះ។ សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​មិន​អាច​ផ្ដល់​សំណង​ឱ្យ​ពលរដ្ឋ​ទៅ​តាម​​តម្លៃ​ទីផ្សារ ក្នុង​ការ​ទិញ​លក់​ដី​បាន​ទេ អន្តរក្រសួង​ដែល​មាន​ក្រសួង​បរិស្ថាន និង​ក្រសួង​ដែនដី គួរ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង​៤ម៉ឺន​៥ពាន់​ហិកតារ (៤៥.១០០) ​ពី​របប​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត ៤​ពាន់​លាន​ដុល្លារ (,៨​ពាន់​លាន​ដុល្លារ)។​ គម្រោង​ទីក្រុង​ទេសចរណ៍​ធំ​សម្បើម​មួយ​នេះ​ កំពុង​ដំណើរការ​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង ដោយ​អាច​ប្រើ​ពេល ២៥​ឆ្នាំ ដើម្បី​បញ្ចប់​ការ​សាង​សង់។

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ១ពាន់​​គ្រួសារ​ រង​ការ​បង្ខំ​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​ ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​​នៅ​ឡើយ។ គិត​មក​ដល់​ពេល​នេះ អង្គការ​សង្គម​ស៊ីវិល​អង្កេត​ឃើញ​ថា ក្រុមហ៊ុន ចិន យូញៀន មាន​ការ​អភិវឌ្ឍន៍​តិចតួច ​លើ​ផ្ទៃ​ជាង​៤ម៉ឺន​ហិកតារ​ដែល​រដ្ឋ​សម្បទាន​ផ្ដល់​ឱ្យ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល