ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​ថា ក្រុមហ៊ុន​វៀតណាម​នៅ​មិនទាន់​ប្រគល់​ដី​ជូន​ពួកគេ​វិញ

ដោយ សេក បណ្ឌិត
2019.04.04
ជម្លោះ​ដី អណ្ដូងមាស រតនគិរី ៨៥៥ ក្រុម​ការងារ​នៃ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ជួប​ពិភាក្សា​ជាមួយ​នឹង​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​កាណាតធំ ឃុំ​តាឡាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ទាក់ទិន​ជម្លោះ​ដី​សហគមន៍​ជាមួយ​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ (Hoang Anh Gia Lai) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង​១​ពាន់​៥​រយ​គ្រួសារ​នៅ​ខេត្ត​រតនគិរី និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការប្រកាស​ជំហរ​ជាថ្មី​ទៀត​ទាក់ទិន​គម្រោង​កាត់​ឆ្វៀល​តំបន់​មួយ​ចំនួន ដែល​ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ​របស់​វៀតណាម​រំលោភ​យក ប្រគល់​ជូន​សហគមន៍​វិញ​។ សហគមន៍ ១២​ភូមិ រស់នៅ​ស្រុក​អូរជុំ និង​ស្រុក​អណ្ដូង​មាស ចោទ​ក្រុមហ៊ុន​នេះ​ថា បាន​រំលោភ​ព្រៃ​អារក្ស និង​ឈូស​ឆាយ​ព្រៃ​ដែល​ជា​កន្លែង​ជនជាតិ​ដើម​ភាគតិច​គោរព​បូជា​ទ្រង់ទ្រាយ​ធំ។

រហូត​មក​ដល់​ពេល​នេះ សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​មួយ​នេះ នៅ​មិនទាន់​ទទួល​បាន​ដី​ជាក់ស្ដែង​ពី​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ ដែល​ប្រកាស​កាត់​ឆ្វៀល​ប្រគល់​ឱ្យ​ពួកគេ​វិញ​នៅឡើយ​ទេ។

សហគមន៍​ជនជាតិដើម​ភាគតិច​ដែល​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហ័ង អាញ់ យ៉ាឡាយ របស់​វៀតណាម​នៅតែ​បន្ត​ទាមទារ​ដី​ព្រៃ​អារក្ស​តំបន់​ទឹកអូរ​ធម្មជាតិ​ព្រៃ​ចម្ការ​វិល​ជុំ តំបន់​ភ្នំ និង​ដី​ព្រៃ​កប់​សព ដែល​ក្រុមហ៊ុន​នេះ​បាន​រំលោភ​យក​ជិត ១០ ឆ្នាំ​មក​ហើយ។ សហគមន៍​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៣​ទៀត បាន​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ឈូស​ឆាយ​ព្រៃ​អាស្រ័យ​ផល និង​លុប​អូរ​ធម្មជាតិ​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច​ទាំងមូល។

តំណាង​សហគមន៍​រស់​ភូមិ​កាក់ ឃុំ​តាឡាវ លោក សេវ ស៊ើន ឱ្យ​ដឹង​នៅ​ថ្ងៃទី៤ មីនា ថា ក្រុមហ៊ុន​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច រួមមាន​បាត់បង់​ព្រៃ​អាស្រ័យ​ផល កន្លែង​ឃ្វាលគោ​ក្របី ព្រៃ​អារក្ស និង​ព្រៃ​កប់​សព​ជាដើម។ អ្នកភូមិ​បាន​ស្រែក​តវ៉ា ជិត​១០​ឆ្នាំ​មក​ហើយ ក្នុង​បំណង​ឱ្យ​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ ទទួលខុសត្រូវ និង​ស្ដារ​ប្រភព​ទឹកអូរ​ធម្មជាតិ​ឡើងវិញ​។ លោក​ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​នៅ​មិនទាន់​បង្ហាញ​ទីតាំង​តំបន់​ដែល​ត្រូវ​កាត់​ឆ្វៀល​ចេញពី​ក្រុមហ៊ុន​នៅឡើយ​ទេ ក្រោយពី​អាជ្ញាធរ​ខេត្ត បាន​បើក​វេទិកា​សម្របសម្រួល​ដោះស្រាយ​រវាង​ក្រុមហ៊ុន​វៀតណាម​ជាមួយ​អ្នកភូមិ ទាក់ទិន​គម្រោង​កាត់ផ្ដាច់ ព្រៃ​អារក្ស​ប្រគល់​ជូន​សហគមន៍​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ​៖ «ដី​ភ្នំ​អារក្ស ទី​២ ដី​ច្រប​ទំនៀមទម្លាប់​រក​បន្លែ​ស្រស់ ទី​៣ តំបន់​រកស៊ី​ដូច​អូរ​លុប​អស់ ហើយ​កិច្ចសន្យា​ដែល​ថា ធានា​កាយ​អូរ​ឡើងវិញ ក៏ប៉ុន្តែ​តាំងពី​ឆ្នាំ ២០១៥ មិន​ឃើញ​កាយ។ សហគមន៍​តវ៉ា​រហូត តែ​ក្រុមហ៊ុន​មិន​ស្ដាប់​ទេ»

តំណាង​សហគមន៍​រស់នៅ​ឃុំ​តាឡាវ ស្រុក​អណ្តូងមាស លោក រមាម ប៉េវ សង្កេត​ឃើញ​ថា​កំហុស​ជាច្រើន​ដែល​ក្រុមហ៊ុន​វៀតណាម​ធ្វើ​ខុស​កិច្ចសន្យា​វិនិយោគ និង​មិនបាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់​ចេញ​ជា​រូបមន្ត​ស្បែក​ខ្លា​នោះ​ទេ​។ លោក​ថា សហគមន៍​បាន​ប្ដឹង​ក្រុមហ៊ុន​នេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ តាំងពី​ឆ្នាំ​២០១៤ ករណី​ក្រុមហ៊ុន​ឈូស​ឆាយ​បំផ្លាញ​ព្រៃ​កប់​សព​ព្រៃ​អារក្ស លុប​អូរ​ធម្មជាតិ​និង បិទ​ផ្លូវ តែ​គ្មាន​លទ្ធផល​៖ «គេ​វាយតម្លៃ​គេ​ថា គេ​ថា​ប្រើ​រូបមន្ត​ស្បែក​ខ្លា កន្លែង​ផ្នូរ​ខ្មោច​អី គេ​ឆ្វៀល​ចោល ហើយ​ភូមិ​ចាស់​គេ​ឆ្វៀល​ចោល កន្លែង​ព្រៃ​អារក្ស​គេ​ឆ្វៀល​ចោល តែ​គេ​ចុះ​អនុវត្ត​ពិតប្រាកដ គេ​អត់​ធ្វើតាម​ហ្នឹង​ផង​។ ឥឡូវ​មាន​ស្អី​អូរ​តូចៗ គេ​លុបចោល​ដដែល​ហ្នឹង»

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​លើកឡើង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី៤ មេសា។

អ្នកនាំពាក្យ​សាលាខេត្ត​រតនគិរី លោក នាង សំអាត ប្រាប់​អាស៊ីសេរី​ថា មក​ទល់​ពេល​នេះ​នៅ​មិនទាន់​កាត់​ឆ្វៀល​ដី​ចេញពី​ក្រុមហ៊ុន​ហ័ងអាញ់ យ៉ាឡាយ ប្រគល់​ជូន​សហគមន៍​នៅឡើយ​ទេ​។ លើស​ពី​នេះ តំណាង​សហគមន៍ និង​ក្រុមហ៊ុន​កំពុង​សម្របសម្រួល​គ្នា​ដោះស្រាយ​រឿង​នេះ​។ លោក​ថា ការ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​នេះ​បាន​ឯកភាព​គ្នា​ចំណុច​មួយ​ចំនួន និង​មាន​ចំណុច​ខ្លះ​មិន​ស្របគ្នា ហើយ​អាជ្ញាធរ​ខេត្ត​បាន​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ និង​អាជ្ញាធរ​ជាតិ​ឱ្យ​ដោះស្រាយ​បន្ត​។ លោក​បញ្ជាក់​ថា តំណាង​សហគមន៍ អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​ចុះ​វាស់វែង​កំណត់​តំបន់​ដែល​មិនទាន់​ឯកភាព​គ្នា​រួចហើយ និង​ត្រៀម​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​៖ «រដ្ឋបាល​ខេត្ត អាជ្ញាធរ​ដែនដី​គ្រាន់តែ​ជា​អ្នក​សម្របសម្រួល ដើម្បី​ឱ្យ​មានការ​យល់​គ្នា​រវៀង​ក្រុមហ៊ុន និង​សហគមន៍ ហើយ​កាលណា​យល់​គ្នា​កម្រិត​ណាមួយ​ហើយ គឺ​ខេត្ត និង​អាជ្ញាធរ​ដែនដី នឹង​ធ្វើ​សំណើ យោង​តាម​ឯកភាព​គ្នា​ដើម្បី​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​គាត់​ជ្រាប​រឿង​ហ្នឹង ហើយ​ក្រសួង​ពាក់ព័ន្ធ​ហ្នឹង គាត់​យល់​ឃើញ​ថា អាហ្នឹង​ជា​ការ​ស្នើសុំ​សមស្រប គួរ​កាត់​ឬ​មិន​កាត់​យ៉ាងណា ទាល់តែ​ក្រុម​ជំនាញ​របស់​គាត់​មក​ជាក់ស្ដែង​មួយទៀត»

ក្រុមហ៊ុន ហ័ងអាញ់ យ៉ាឡាយ មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន​បី​ទៀត​រួមមាន​ក្រុមហ៊ុន CRD ក្រុមហ៊ុន​ហេង ប្រាឌ័រ ( HENG BRODER) និង ក្រុមហ៊ុន​ហ័ងអាញ់ អូរយ៉ាដាវ។ ក្រុមហ៊ុន​នេះ​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃដី​ជាង ១​ម៉ឺន ៨​ពាន់​ហិកតារ តាំងពី​ឆ្នាំ​២០១០ រយៈពេល ៥០ ឆ្នាំ​ឋិត​នៅ​ស្រុក​អណ្តូងមាស និង​អូរ​ជុំ របស់​ខេត្ត​រតនគិរី។

ប្រធាន​អង្គការ​ខ្មែរលើ លោកស្រី ដាំ ចន្ធី សង្កេត​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី​បាន​ចុះ​ប្រមូល​ព័ត៌មាន​រួម​ទាំង​ក្តី​កង្វល់​របស់​សហគមន៍ និង​បាន​បើក​វេទិកា​ពិគ្រោះ​យោបល់ ដែល​មាន​តំណាង​សហគមន៍ និង​ក្រុមហ៊ុន​ចូលរួម​ពិភាក្សា ក្នុង​បំណង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។ លោកស្រី​ថា​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣​ស្ថាប័ន កំពុង​ចាំ​អ៊ុត​មើល​ការដោះស្រាយ​ប​ហា​នេះ របស់​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ជាតិ​៖ «ខ្ញុំ​ឃើញ​អាជ្ញាធរ​កំពុង​ខ្នះខ្នែង ព្រោះ​អី​គាត់​បាន​ប្រមូល​ព័ត៌មាន​ហើយ គាត់​ចាំ​មើល​ក្រសួង​សម្រេច​យ៉ាងម៉េច​អីចឹង​។ ព័ត៌មាន​ពី​ផល​ប៉ះពាល់​គាត់​បាន​ប្រមូល​អស់រលីង​ហើយ ប៉ុន្តែ​នៅ​ការសម្រេចចិត្ត របស់​ក្រសួង ក្នុងនាម​អង្គការ​សង្គម​ស៊ីវិល ដែល​គាំទ្រ​អ្នកភូមិ​យើង​ក៏​ចាំ​មើល​ដែរ»

តំណាង​សហគមន៍​បន្ថែម​ថា អភិបាលខេត្ត​រតនគិរី​បាន​ស្នើ​ទៅ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន​កាត់​ឆ្វៀល​តំបន់​មាន​ជម្លោះ​ជាង​៦០​កន្លែង រួមមាន តំបន់​ភ្នំ​ដីចម្ការ​វិល​ជុំ ព្រៃ​អារក្ស​កន្លែង​កប់​សព កន្លែង​ឃ្វាលគោ​ក្របី និង តំបន់​ប្រភព​ទឹកអូរ​ធម្មជាតិ​ដែល​ជា​កន្លែង​ដែល​សហគមន៍​អាស្រ័យ​ផល​ប្រគល់​ជូន​ពលរដ្ឋ​វិញ​។ អ្នកភូមិ​ថា ព្រៃស្រោង និង​ព្រៃ​អារក្ស​ដែល​ពួកគេ​បាន​គោរព​បូជា​បាន​ក្លាយ​ជា​ចម្ការកៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម​អស់​ស្ទើរ​ទាំងស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។