លីកាដូ៖ ជម្លោះដីធ្លីនិងការរំលោភផ្លូវភេទកើតមានគួរឲ្យព្រួយបារម្ភនៅខេត្តព្រះសីហនុ
2014.12.24

អង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ បង្ហាញរបាយការណ៍ប្រចាំឆ្នាំ២០១៤ របស់ខ្លួនដែលរកឃើញថា បញ្ហារំលោភដីធ្លី អំពើហិង្សាក្នុងគ្រួសារ និងការរំលោភផ្លូវភេទទៅលើស្ត្រី ឬកុមារ នៅបន្តកើតមានគួរឲ្យព្រួយបារម្ភ និងទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនសកម្មភាពទប់ស្កាត់ ឬដោះស្រាយឲ្យមានប្រសិទ្ធភាព។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ឃុន សាវឿន បានបង្ហាញថា បទល្មើស ឬបញ្ហាផ្សេងៗដែលអង្គការលីកាដូ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋក្នុងឆ្នាំ២០១៤ សរុបមានចំនួនជិត ៤០ករណី (៣៩)។ ក្នុងនោះ ករណី ឬបទល្មើសកើតឡើងញឹកញាប់ជាងគេ មានដូចជា ករណីរំលោភផ្លូវភេទ ករណីរំលោភដីធ្លី និងករណីប្រើហិង្សាក្នុងគ្រួសារ។
ករណីរំលោភផ្លូវភេទឆ្នាំ២០១៤ បានកើតមានចំនួន ១៣ករណី ក្នុងនោះកើតឡើងទៅលើស្ត្រីពេញវ័យចំនួន ៦ករណី និងកុមារមិនទាន់គ្រប់អាយុចំនួន ៧ករណី។ ករណីទំនាស់ដីធ្លីកើតមាន ៨ករណី និងបានប៉ះពាល់ប្រជាពលរដ្ឋចំនួន ៨២៨គ្រួសារ និងករណីប្រើហិង្សាក្នុងគ្រួសារកើតមាន ១៦ករណី និងស្លាប់មនុស្សក្មេងចាស់ទាំងពីរភេទ ៥ករណី។
ទោះបីអង្គការលីកាដូ មិនបង្ហាញតួលេខនៃចំនួនបទល្មើសកាលពីឆ្នាំ២០១៣ កើតមានចំនួនប៉ុន្មានករណីឲ្យពិតប្រាកដក្តី ក៏ប៉ុន្តែ លោក ឃុន សាវឿន មន្ត្រីអង្កេតអង្គការនេះបញ្ជាក់ថា ចំនួនបទល្មើសដែលអង្គការលីកាដូ ទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាក់ទងទំនាស់ដីធ្លី រំលោភផ្លូវភេទទៅលើស្ត្រី ឬកុមារ និងបទល្មើសអំពើហិង្សាក្នុងគ្រួសារ គឺជាចំនួនតួលេខខ្ពស់គួរឲ្យព្រួយបារម្ភ និងទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ បង្កើនសកម្មភាពទប់ស្កាត់ និងដោះស្រាយឲ្យបានច្រើនថែមទៀតនាពេលខាងមុខ។
ត្រង់ចំណុចនេះ លោក ឃុន សាវឿន បន្ថែមថា ករណីរំលោភផ្លូវភេទទៅលើកុមារ ភាគច្រើនកើតឡើងដោយការធ្វេសប្រហែសរបស់ឪពុកម្តាយ ភាពអនាធិបតេយ្យនៃវីដេអូសិច និងបញ្ហាសេពគ្រឿងស្រវឹង ជាដើម។
ផ្ដើមពីបញ្ហានេះ មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ បានស្នើដល់សមត្ថកិច្ចគ្រប់ជំនាញ ត្រូវបង្កើនការចុះជួយអន្តរាគមន៍ពលរដ្ឋរងគ្រោះឲ្យបានឆាប់ នៅពេលទទួលបានពាក្យបណ្ដឹងពីពលរដ្ឋរងគ្រោះលើករណីរំលោភផ្លូវភេទ ឬហិង្សាផ្សេងៗ៖ «ករណីហិង្សានៅក្នុងគ្រួសារ គឺកើតឡើងគួរឲ្យព្រួយបារម្ភទាំងស្រី និងកុមារ។ សូមឲ្យអាជ្ញាធរពេលទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ទៅលើករណីអំពើហិង្សាណាមួយ។ ជាងនេះ សមត្ថកិច្ចត្រូវចុះអន្តរាគមន៍ជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា ដើម្បីជៀសវាងពលរដ្ឋជួបគ្រោះថ្នាក់ដល់អាយុជីវិត»។
ចំណែកបញ្ហារំលោភដីធ្លី មន្ត្រីអង្គការលីកាដូ លោក ឃុន សាវឿន ឲ្យដឹងថា នៅតែជាសញ្ញាគួរឲ្យព្រួយបារម្ភ ទោះបី លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានខិតខំពុះពារដោះស្រាយជូនប្រជាពលរដ្ឋមានលទ្ធផលល្អជាបន្តបន្ទាប់បែបណាក្តី។ លោកឲ្យដឹងថា ឆ្នាំ២០១៤ នេះ មានពលរដ្ឋជាង ៨០០គ្រួសារ បានបន្តរងគ្រោះបាត់បង់ដីសង់លំនៅឋាន និងដីបង្កបង្កើនផល ហើយអាជ្ញាធរមិនទាន់ដោះស្រាយជូនពលរដ្ឋនោះទេ ទោះបីទំនាស់ខ្លះបានកើតមានចន្លោះពី ៧ ទៅ ១០ឆ្នាំមកហើយក្តី។
ករណីទំនាស់ដីធ្លីនេះ មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ បញ្ជាក់ថា រដ្ឋាភិបាល ឬអាជ្ញាធរខេត្តព្រះសីហនុ មិនគួរទុកបណ្តោយឲ្យមានប្រជាពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ា និងមិនរកដំណោះស្រាយជូននោះទេ ព្រោះថា ករណីនេះអាចនាំឲ្យប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាតំបន់ឆ្នេរ និងប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា ធ្ងន់ធ្ងរ៖ «ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ហើយបើសិនជាមានទំនាស់ដីធ្លី និងមានពលរដ្ឋចេញតវ៉ាច្រើន វានឹងអាចប៉ះពាល់ដល់កិត្តិយសប្រទេស និងវិស័យទេសចរណ៍នាថ្ងៃអនាគត។ បញ្ហានេះ គួរតែលោកអភិបាលខេត្តពន្លឿនការដោះស្រាយដីធ្លីជូនពលរដ្ឋ ដើម្បីរក្សាកិត្តិយសជាតិឲ្យបានប្រសើរនៅក្នុងតំបន់»។
ទោះជាបែបណា លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ភាពមិនប្រក្រតីផ្សេងៗដែលកើតមាននៅមូលដ្ឋាននេះ អាជ្ញាធរពាក់ព័ន្ធខេត្តបានដោះស្រាយជាបន្តបន្ទាប់។ ក្នុងនោះ សមត្ថកិច្ចជំនាញស្ថាប័នប្រដាប់អាវុធ ក៏បានពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរដ្ឋាភិបាលបានដាក់ជូនជាប្រចាំ និងមិនធ្វេសប្រហែសទេ។
លោកទទួលស្គាល់ថា អាជ្ញាធរពិតជាមិនទាន់បានដោះស្រាយបញ្ហា ឬកង្វល់ជូនពលរដ្ឋរស់នៅខេត្តព្រះសីហនុ ឲ្យបានជាស្ថាពរទេ។ ប៉ុន្តែលោកថា បញ្ហាផ្សេងៗមានដូចជា ទំនាស់ដីធ្លីជាដើម អាជ្ញាធរខេត្តបានខិតខំជំរុញការដោះស្រាយជូនប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវខ្ពស់។ ជាងនេះ ក៏បានស្វែងរកដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនប្រជាពលរដ្ឋដែលខ្វះដីសង់លំនៅឋាន ឬបង្កបង្កើនផលពិតប្រាកដនៅតាមសហគមន៍មួយចំនួនថែមទៀត។
លោក ឈិត សុខុន ថ្លែងថា បញ្ហាទាំងឡាយដែលនៅសេសសល់ ពិសេសទំនាស់ដីធ្លី អាជ្ញាធរខេត្តព្រះសីហនុ នឹងជំរុញការដោះស្រាយជូនប្រជាពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីឲ្យបានច្រើនថែមទៀត ចាប់ពីឆ្នាំ២០១៥ តទៅ។
ទាក់ទិនបញ្ហានេះដែរ លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ចាប់ពីដើមឆ្នាំ២០១៥ តទៅ រូបលោកនឹងជំរុញឲ្យគណៈកម្មការជំនាញនៅក្នុងរដ្ឋសភា បើកការស៊ើបអង្កេត ឬលើកយកសំណុំរឿងទំនាស់ដីធ្លីជាង ១០សហគមន៍ ដែលកើតមានរ៉ាំរ៉ៃនាខេត្តព្រះសីហនុ មកពិនិត្យ និងស្វែងរកដំណោះស្រាយ។ ជាងនេះ លោកក៏មានគម្រោងកោះហៅអ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ ឲ្យមកបំភ្លឺនៅក្នុងមន្ទីររដ្ឋសភាថែមទៀត៕