តុលាការ​ភ្នំពេញ​កោះហៅ​តំណាង​សហគមន៍​ឡ​ពាង១០​នាក់ បំភ្លឺ​ជា​លើក​ទី​៣ សំណុំ​រឿង​ជាមួយ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី

ដោយ អាស៊ីសេរី
2020.03.13
អ៊ំ សុភី ៦២០ តំណាង​អ្នក​ភូមិ​ឡពាង អ្នកស្រី អ៊ំ សុភី ស្វែង​រក​អន្តរាគមន៍​ដីធ្លី​ពី​តំណាង​រាស្ត្រ នា​រាជធានី​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA

សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​កោះហៅ​តំណាង​ពលរដ្ឋ ១០​នាក់​នៃ​សហគមន៍​ឡពាង​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ ដើម្បី​ចូល​រួម​នីតិវិធី​ត្រៀម​សម្រាប់​ការ​ទាញ​ហេតុផល​ លើ​បណ្ដឹង​របស់​ពួក​គេ​ដែលប្ដឹង​សុំ​មោឃភាព​កិច្ច​ព្រមព្រៀង​ កាល​ពី​ឆ្នាំ​២០១៤ ជាមួយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជា ខេង ដែល​ជា​ភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល។

លោកចៅក្រម​ សំ ប៊ុនពៅ បង្គាប់​ឱ្យ​ពលរដ្ឋ​១០​នាក់​តំណាង​ឱ្យ​ជាង​៥០​គ្រួសារ រស់​នៅ​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ត្រូវ​ចូល​ខ្លួន​បំភ្លឺ​ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ដែល​ជា​ការកោះហៅ​លើក​ទី​៣ ក្នុង​នាម​ជា​សហ​ដើម​ចោទ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​១០​នាក់ លោកស្រី អ៊ុំ សុភី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១២ មីនា ថា ការ​កោះ​ហៅ​ពួកគាត់​ច្រើន​លើក​ច្រើន​សា​មក​នេះ តុលាការ​ហាក់​ចង់​អូស​បន្លាយ​សំណុំ​រឿង​ពួកគាត់​ ដោយ​មិន​ព្រម​បើកសវនាការ​ជំនុំ​ជម្រះ​ក្ដី​នោះ​ទេ។

លោក​ស្រី​យល់​ថា តុលាការ​ហាក់​មិន​មាន​ឆន្ទៈ​ដោះស្រាយ​បណ្ដឹង​ឱ្យ​ពួកគាត់​ ដែល​ជា​ពលរដ្ឋ​ក្រី​ក្រ ​និង​មិន​ចេះ​អក្សរ​នោះ​ឡើយ។ តំណាង​ពលរដ្ឋ​នេះ ស្នើ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន បង្គាប់​ឱ្យ​ភាគី​​ក្រុមហ៊ុន​បង្ហាញ​កិច្ច​ព្រមព្រៀង​នោះ ព្រោះ​ថា មាន​តែ​ក្រុមហ៊ុន​របស់​អ្នក​ស្រី ជា ខេង ទេ ដែល​មាន​ឯកសារ​ពិត​ប្រាកដ​ទាំង​អស់​នោះ។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​អ្នក​ភូមិ​ឡពាង បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១៣​ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ថា ភាគី​ក្រុម​ហ៊ុន បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេលខ្លះ​ក៏​មាន​ប្រើ​អំពើ​ហិង្សា​ផង​ដែរ។

កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ តំណាង​សហគមន៍​ឡពាង បាន​ដាក់​ភស្តុតាង​ជូន​តុលាការ​ក្រុង​ភ្នំពេញ ក្រោយ​ពី​ពួកគាត់​រក​បាន​ពី​កាសែត​កោះសន្តិភាព ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​កញ្ញា ឆ្នាំ​២០១៤។ ប៉ុន្តែ​ ក្រឡា​បញ្ជី​ ​ប្រាប់​អ្នក​ឡពាង​​ថា ឯកសារ​ដែល​ដាក់​ជូន​តុលាការ គឺ​ពុំ​ត្រឹម​ត្រូវ​តាម​ការ​ចង់​បាន​របស់​ចៅក្រម​ទេ។

កិច្ច​ព្រមព្រៀង​ឬ​សំណង​គោល​នយោបាយ ដែល​ចុះផ្សាយ​ក្នុង​កាសែត​ក្នុង​ស្រុក សរសេរ​ថា ក្រុមហ៊ុន​ខេ.ឌី.ស៊ី (KDC) បាន​ផ្ដល់​ថវិកា​ឱ្យ​តំណាង​ពលរដ្ឋ​ម្នាក់​ឈ្មោះ រាជ សីម៉ា ៧​ពាន់​ដុល្លារ​ សម្រាប់​សំណង​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង​និង​ផល​ដំណាំ ហើយ​ថវិកា​១ម៉ឺន​ដុល្លារ​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​សកម្មភាព​ចេញ​ដើរ​តវ៉ា​រឿង​ដីធ្លី ប្រឆាំង​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ប៉ុន្តែ​ខាង​ប្រជាពលរដ្ឋ ថា​ពួក​គាត់​មិន​ដែល​ទទួល​បាន​ទឹក​ប្រាក់​ដូច​ការ​ចុះ​ផ្សាយ​នោះ​​ទេ។

សហគមន៍​ឡពាង ស្នើ​សុំ​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពន្លឿន​នីតិវិធី​បើក​សវនាការ​កាត់​សេចក្ដី​លើ​បណ្ដឹង​ពួកគាត់​ដោយ​យុត្តិធម៌

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។