ក្រុមអ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង គ្រោងដាក់ញត្តិចូលខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យពន្លឿនការដោះស្រាយជម្លោះដីធ្លីដែលបានអូសបន្លាយជាង ១០ឆ្នាំរបស់ពួកគាត់ជាមួយគ្រួសារអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល។ គម្រោងនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិប្រមាណ ៣០នាក់នាំគ្នាដាក់បណ្ដឹងជាថ្មីទៀតប្រឆាំងនឹងក្រុមហ៊ុន នៅថ្ងៃទី២៨ ខែមេសា។
តំណាងសហគមន៍ឡពាង និងពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅឃុំតាជេស ស្រុកកំពង់ត្រឡាច បានធ្វើដំណើរជាង ៣០គីឡូម៉ែត្រតាមគោយន្តពីរគ្រឿងចេញពីភូមិឡពាង ឆ្ពោះទៅមុខសាលាខេត្ត ដើម្បីដាក់ពាក្យបណ្ដឹងជូនអាជ្ញាធរខេត្តដោយស្ងៀមស្ងាត់។
នៅក្នុងពាក្យបណ្ដឹងចូលសាលាខេត្តកំពង់ឆ្នាំង ដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី២៨ ខែមេសា ក្រុមពលរដ្ឋស្នើឲ្យអាជ្ញាធរ ឆ្វៀលដីប៉ះពាល់ទំហំ ៨២,៩៦ហិកតារ ដែលពួកគាត់អះអាងថា ធ្លាប់បានកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ប៉ុន្តែក្រុមហ៊ុនបានឈូសបំផ្លាញរំលោភយកតាំងពីឆ្នាំ២០០៧។
តំណាងអ្នកភូមិម្នាក់ គឺលោកស្រី កែវ វណ្ណៈ មានប្រសាសន៍ថា រយៈពេល ១១ឆ្នាំដែលជម្លោះដីធ្លីចាប់ផ្ដើមកើតឡើង បញ្ហាជីវភាព ការឈឺចាប់ និងអំពើអយុត្តិធម៌ចំពោះពលរដ្ឋ ក៏កើតមានដែរ។ លោកស្រីថា ពាក្យបណ្ដឹងយ៉ាងតិចចំនួន៥ ដែលបានដាក់ចូលសាលាខេត្តតាំងពីឆ្នាំ២០០៧ មិនដែលឃើញមានដំណោះស្រាយជូនពលរដ្ឋឡើយ ហើយស្ថាប័នជាតិពាក់ព័ន្ធ ធ្លាប់ដាក់បណ្ដឹងចូលដែរនោះក៏នៅទ្រឹង៖ « លទ្ធផលដូចជាអត់មាន ដំណើរការ ព្រោះខ្ញុំចូលទៅដាក់ពាក្យបណ្ដឹង គាត់ ( មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ) បានបោះត្រានៅលើពាក្យបណ្ដឹងដើម ដល់តែអាពាក្យបណ្ដឹងកូពី (copy = ថតចម្លង ) ខ្ញុំសូមវាយត្រាឲ្យខ្ញុំ គាត់ថា គាត់មិនអាចវាយឲ្យបានទេ ខ្លាចមានរឿងរ៉ាវដល់គាត់។ អ៊ីចឹងដូចអត់មានសង្ឃឹមជាមួយខេត្តទៀតទេ ខ្ញុំមានតែឡើងទៅភ្នំពេញ »។
ទាក់ទងនឹងការដាក់ពាក្យបណ្ដឹងនេះ អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង លោក ម៉ម ឈឿម ឲ្យដឹងថា ពាក្យបណ្ដឹងរបស់អ្នកភូមិឡពាង បានចូលដល់ការិយាល័យរបៀបរបស់សាលាខេត្ត ហើយអាចនឹងបញ្ជូនដល់អភិបាលនៃគណៈអភិបាលខេត្តនៅពេលឆាប់ៗ។ ចំពោះរឿងរ៉ាវដីធ្លីនេះ លោកប្រាប់ថា លោកមិនបានដឹងរឿងអ្វីឡើយ ខណៈអភិបាលរងខេត្តទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ចេង ញ៉ាន់ មិនអាចទាក់ទងដើម្បីសាកសួរពីដំណើរការដោះស្រាយចុងក្រោយបាន នៅថ្ងៃទី២៨ មេសា។
កន្លងទៅ លោក ចេង ញ៉ាន់ ធ្លាប់បញ្ជាក់ថា ករណីនេះលំបាកដោះស្រាយ ដោយភាគីក្រុមហ៊ុនមានប្លង់រឹង ចំណែកឯពលរដ្ឋវិញពុំមានលិខិតស្នាមកាន់កាប់ត្រឹមត្រូវលើដីដែលខ្លួនកំពុងតវ៉ាទាមទារនោះ។ ចំណែកតំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី បដិសេធមិនអត្ថាធិប្បាយអ្វីទាំងអស់នៅថ្ងៃទី២៨ មេសា ប៉ុន្តែកន្លងទៅ លោកធ្លាប់ប្រាប់ថា ភាគីក្រុមហ៊ុននៅតែប្រកាន់ជំហរដោះស្រាយបញ្ចប់រឿងជាមួយពលរដ្ឋចំនួនជាង ១០គ្រួសារដែលសេសសល់ពីការដោះស្រាយជាមួយពលរដ្ឋចំនួន ៥២គ្រួសារកន្លងទៅ។ ប៉ុន្តែចំពោះអ្នកងើបឡើងតវ៉ាជាថ្មីទៀត ក្រុមហ៊ុនមិនដោះស្រាយឡើយ។
កាលពីឆ្នាំ២០១៤ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានបង្កើតគណៈកម្មការចម្រុះមួយដែលមានសមាសភាពពីមន្ត្រីសង្គមស៊ីវិលផង ដើម្បីដោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅភូមិឡពាង។ គណៈកម្មការសម្រេចលើកយកពលរដ្ឋចំនួន ៥២គ្រួសារ មកធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ ជាលទ្ធផល ពលរដ្ឋភាគច្រើនយល់ព្រមទទួលយកគោលនយោបាយដោះដូរពីក្រុមហ៊ុន និងមាន ១៦គ្រួសារមិនព្រម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។