ព្រះសង្ឃ​នៅ​ខេត្ត​ព្រះសីហនុ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​មាន​ការ​គំរាម​អាយុ​ជីវិត​ដើម្បី​យក​ដី​វត្ត

ដោយ វ៉ែន សុមេធ
2019.06.20
ស្ថានភាពវត្តអូរដំរី ស្ថានភាពវត្តអូរដំរី នៅថ្ងៃទី ០៤ ខែឧសភា ២០១៩។
photo provided

ព្រះសង្ឃ​គង់នៅ​វត្ត​អូរដំរី ខេត្ត​ព្រះសីហនុ ភ័យ​ព្រួយ​ពី​សុវត្ថិភាព បន្ទាប់ពី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ គំរាម​អាយុជីវិត បំណង​បណ្ដេញ​ព្រះអង្គ​ចេញពី​វត្ត​ដើម្បី​យក​ដី​វត្ត​លក់។ ចំណែក​ពុទ្ធបរិស័ទ​ ១៤៩​គ្រួសារ ដែល​ក្រាញននៀល​ការពារ​ដី​វត្ត​​សង្ស័យ​​ថា បុគ្គល​ដែល​គំរាម​អាយុជីវិត​ព្រះសង្ឃ ​គឺជា​ក្រុម​បក្សពួក​លោកស្រី ហ៊ឹម សុវណ្ណរី ដែល​​ប៉ុនប៉ង​​រំលោភ​​យក​​ដី​​វត្ត​​លក់។

ពលរដ្ឋ​ ១​៤៩​គ្រួសារ រស់នៅ​ភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​ ប្ដេជ្ញា​ថា នឹង​បន្ត​ទាមទារ​ដី​វត្ត​រក្សា​ទុកជា​សម្បត្តិ​សាធារណៈ បើ​ទោះ​បី​ទទួលរង​ការ​បំពារបំពាន​ពី​ជន​មានអំណាច​ក្ដី។ លើស​ពី​នេះ ពួកគេ​បាន​ប្ដឹង​លោកស្រី ហ៊ឹម សុវណ្ណរី ទៅ​តុលាការ​ខេត្ត​​ព្រះសីហនុ​រួចហើយ​ដែរ ពី​បទ​បំផ្លិចបំផ្លាញ រំលោភ​កាន់កាប់​អចលវត្ថុ និង​ញុះញង់​បរិហារកេរ្តិ៍។

ចៅអធិការ​វត្ត​អូរដំរី ព្រះតេជព្រះគុណ ម៉ាន់ ភក្តី មាន​ថេរដីកា​នៅ​ថ្ងៃទី១៩ មិថុនា​ថា អ្នក​មាន​អំណាច​បាន​ប្រើ​ឧបាយកល​គ្រប់​រូបភាព និង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ព្រះអង្គ បំណង​ពុះ​ច្រៀក​ដី​វត្ត​ទាំងមូល​លក់ យ៉ាង​អយុត្តិធម៌​។ លើស​ពី​នេះ ក៏​មាន​ជន​អនាមិក ប្រមាថ​​អាយុជីវិត​ព្រះអង្គ​ទៀត​ផង កាល​ពី​ពេល​ថ្មីៗ ​នេះ។ រីឯ​អាជ្ញាធរ​មូលដ្ឋាន​បាន​ហាម ព្រះអង្គ​​មិន​​ឱ្យ​​កសាង​​សំណង់​​អ្វី​​​ទាំង​​អស់ សូម្បីតែ​ជួស​ដំបូល​កុដិ ក៏​អាជ្ញាធរ​ហាម​ដែរ៖ «ការដែល​គេ​ជេរ​ក្នុង​វត្ត​ដល់​ទីតាំង ហើយ​សំណង់​ក្នុង​វត្ត​គេ​ឈប់​ឱ្យ​អាត្មា​​​កសាង​​អ្វី​ទាំងអស់ ទាំង​ចាស់​ទាំង​ថ្មី សូម្បីតែ​កុដិ​វា​លិច​ចាស់ៗ ​អស់ហើយ​ធ្វើ​ពី​ឈើ ស័ង្កសី ឥឡូវ​​កំពុង​​លិច​​ពិបាក​​មែន​ទែន»

ព្រះតេជព្រះគុណ ម៉ាន់ ភក្តី មាន​ថេរ​ដីកា បន្ថែម​ថា មក​ទល់​ពេល​នេះ មានតែ​ព្រះអង្គ​ទេ ដែល​ជា​ព្រះសង្ឃ​ក្រាញននៀល​គង់នៅ​វត្ត​អូរដំរី​តែ​អង្គ​ឯង ជាមួយ​ពុទ្ធបរិស័ទ ម្នាក់​ដែល​កំពុង​ស្នាក់​នៅ​វត្ត​រីឯ​ពុទ្ធបរិស័ទ​រស់នៅ​ក្បែរ​វត្ត​មួយ​ចំនួន​ទៀត បាន​ដាក់​វេន​គ្នា​ដេក​យាម​ក្នុង​វត្ត​ ដើម្បី​ការពារ​សុវត្ថិភាព​ព្រះអង្គ​ផង។ ព្រះតេជព្រះគុណ ម៉ាន់ ភក្តី បាន​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​អូរដំរី ជាង ១០​វស្សា​មក​ហើយ។

តំណាង​ពលរដ្ឋ លោក ម៉ន ស៊ីណា អះអាង​ថា ក្រុម​បក្សពួក​លោកស្រី ហ៊ឹម សុវណ្ណរី រស់នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើទុក្ខបុកម្នេញ​ព្រះសង្ឃ ជេរប្រមាថ និង​កាប់​ដើមឈើ​ធំៗ ក្នុង​បរិវេណ​វត្ត​អស់ នាំ​ឱ្យ​អ្នកភូមិ​ខឹង​សម្បារ ប្ដឹង​លោកស្រី ហ៊ឹម សុវណ្ណរី ទៅ​​តុលាការ។ រីឯ​ក្រុម​ពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​គ្រប់​ស្ថាប័ន​តាំងពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​ថ្នាក់​ជាតិ ដើម្បី​រក្សា​ដី​នេះ​ទុក​ជា​សម្បត្តិ​សាធារណៈ៖ «មេ​កាង​ដី​ហ្នឹង ឈ្មោះ ហ៊ឹម សុវណ្ណរី ហ្នឹង គេ​ញុះញង់​ក្រុម​អនាធិបតេយ្យ​ថា ព្រះសង្ឃ​ហ្នឹង​ជក់​ម៉ា ថា​ព្រះសង្ឃ​ហ្នឹង​អត់​គ្រប់​លក្ខណៈ អត់​ត្រឹមត្រូវ​អីចឹង តុលាការ​គេ​កំពុង​តែ​បន្ត​នីតិវិធី។ កន្លងមក​គេ​បំផ្លាញ​ផលដំណាំ ស្វាយ ចេក ខ្នុរ និង​​បំពេញរាជ្យ គាត់​បំផ្លាញ​ច្រើន​ណាស់»

អាស៊ីសេរី​បាន​ទាក់ទង លោកស្រី ហ៊ឹម សុវណ្ណរី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ តែ​ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១៩ មិថុនា។

ចំ​ណែ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​នៅ​វត្ត​អូរដំរី ភាគី​ជម្លោះ​សុទ្ធតែ​អះអាង​ថា ខ្លួន​ជា​ម្ចាស់​ដី ថែមទាំង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទៀត​ផង។ លោក​ថា រដ្ឋបាល​ខេត្ត បាន​ចាត់​ឱ្យ​អភិបាលរង​ខេត្ត​ម្នាក់ សិក្សា និង​រក​ឯកសារ​ផ្សេងៗ ដើម្បី​ធ្វើការ​ដោះស្រាយ​។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​សំណុំ​រឿង​នេះ កំពុង​ឋិត​ក្នុង​កណ្ដាប់​ដៃ​របស់​តុលាការ ព្រោះ​ភាគី​ម្ខាងៗ ​សុទ្ធ​តែ​មាន​ប្លង់​កម្មសិទ្ធិ​ ឬ​ប្លង់​រឹង៖ «ពាក់ព័ន្ធ​ព្រះសង្ឃ និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែរ​ករណី​ដី​វត្ត​ហ្នឹង រដ្ឋបាល​ខេត្ត​យើង​បាន​ចាត់​អភិបាលរង​ខេត្ត​មួយ​រូប ដើម្បី​ធ្វើការ​សិក្សា​ករណី​ហ្នឹងហើយ លោក​កំពុង​ធ្វើការ​សិក្សា​ហើយ ធ្វើការ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ដោះស្រាយ»

អ្នកនាំពាក្យ​សាលាដំបូង ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង បដិសេធ​មិន​បំភ្លឺ​ករណី​នេះ​ទេ ដោយ​លោក​ទាមទារ​ឱ្យ​មាន​ព័ត៌មាន​ជាក់លាក់ និង​ប្រភព​ដើម​បណ្ដឹង​ឱ្យ​ច្បាស់លាស់​សិន៖ «អត់​ជាក់លាក់​ទេ ខ្ញុំ​ពិបាក​បំភ្លឺ​ជូន​ហើយ​ឥឡូវ​ខ្ញុំ​កំពុង​នៅ​សិក្ខាសាលា​នៅ​ភ្នំពេញ»

វត្ត​អូរដំរី ឋិត​នៅ​ក្រុម ៥ ភូមិ ៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ ពលរដ្ឋ​ថា មុន​ឆ្នាំ​២០០០ មាន​​ពុទ្ធបរិស័ទ ១៤៩​គ្រួសារ បាន​មូលមតិ​គ្នា ប្រគល់​ដី ៥​ហិកតារ ជា​សម្បត្តិ​រួម ដើម្បី​កសាង​វត្ត​អារាម ហើយ​កាលពី ឆ្នាំ​២០០៩ អ្នកភូមិ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត​នេះ​។ មក​ទល់​ពេល​នេះ ដី​វត្ត​អូរដំរី ដែល​​នៅ​​សល់​​តែ​​ជាង ១​ហិកតារ​​ប៉ុណ្ណោះ កំពុង​ទទួលរង​ការប៉ុនប៉ង​រំលោភ​យក​ទាំងមូល ពី​សំណាក់​បុគ្គល​មានអំណាច ដោយសារតែ​ទីផ្សារ​ដី​ឡើងថ្លៃ​ខ្ពស់។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ លោកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ជម្លោះដីធ្លី​នេះ​មាន​ភាព​ស្មុគស្មាញ​ច្រើន ដោយសារ​មាន​បុគ្គល​មាន​អំណាច​យ៉ាងហោចណាស់ ៣​នាក់ សុទ្ធតែ​អះអាង​ថា ដី​វត្ត​អូរដំរី ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន ថែមទាំង​មាន​ប្លង់​កម្មសិទ្ធិ​ទៀត​ផង​។ អ្នកស្រី​ចាត់​ទុក ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ត្រួត​ស៊ីគ្នា​លើ​ដី​វត្ត​អូរដំរី​នេះ​អាច​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​ទាមទារ​ឱ្យ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ​ដោយ​យុត្តិធម៌៖ «មាន​ភាព​មិន​ប្រក្រតី​ហ្នឹងហើយ បាន​ដោះស្រាយ​អត់​ចេញ ម្នាក់ៗ​ សុទ្ធ​តែ​មាន​អ្នកធំ​នៅ​ពីក្រោយ​។ នៅ​ពេល​ដែល​មាន​ទំនាស់​ភាគី​អ្នក​ចង់​ឈ្នះ ពឹង​អ្នក​ធំ​ពី​មួយ​ទៅ​មួយ​។ អ្នកនេះ​អ្នកនោះ ចេញមុខ​អន្តរាគមន៍ មានតែ​ពលរដ្ឋ​ទេ ដែល​អត់​មាន​អ្នកធំ​ណា​ជួយ​គាត់​តស៊ូ​មតិ​តែ​គ្នា​គាត់»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​អះអាង​ថា វត្ត​អូរដំរី ឋិត​ក្នុង​រដ្ឋបាល​សង្កាត់​១ ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ ហើយ​ខ្លួន​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ដី​វត្ត​នេះ ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ប៉ុន្តែ​ធាតុ​ពិត​វត្ត​អូរដំរី ឋិត​ក្នុង​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កើតមាន​ជម្លោះ រហូត​បណ្ដេញ​លោក​ចេញពី​វត្ត។ លោកស្រី​ថា អ្នក​ដែល​អាច​ស្រាយ​ចម្ងល់​នេះ​បាន មានតែ​មន្ត្រី​សុរិយោដី ដែល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​បុគ្គល​មួយ​ចំនួន ប៉ះចំ​វត្ត​អូរដំរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។