ជនជាតិដើមភាគតិចកួយ ១៣ គ្រួសារ រស់នៅភូមិចំនួន ៣ គឺភូមិស្វាយដំណាក់ ភូមិរំដេង និង ភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ទទូចជាថ្មីទៀត ស្នើឱ្យអាជ្ញាធរខេត្តព្រះវិហារ ពន្លឿនដោះស្រាយផលប៉ះពាល់ដីស្រែចម្ការជាក់ស្តែង ដើម្បីឱ្យអ្នកភូមិមានលទ្ធភាព ចូលទៅធ្វើស្រែចម្ការលើដីរបស់ខ្លួននៅរដូវវស្សាឆ្នាំនេះ។ អ្នកភូមិចោទថា ក្រុមហ៊ុន ឌែលខម ខេមបូឌា (Delcom Cambodia) បានពង្រាយកម្លាំងយោធាយាមល្បាត ដើម្បីគំរាមកំហែង និងហាមមិនឱ្យពលរដ្ឋអាស្រ័យផលលើដីកេរឪពុកម្តាយរបស់ពួកគាត់នោះទេ។
តំណាងពលរដ្ឋលោក ពុយ ឆេង ឱ្យដឹងនៅថ្ងៃទី២៧ ខែមេសា ថា ក្រុមហ៊ុនបានរំលោភដីស្រែចម្ការរបស់ជនជាតិដើមភាគតិចជាច្រើនគ្រួសារ ស្ទើរទាំងស្រុង ដើម្បីពង្រីកអាជីវកម្មរ៉ែមាសរបស់ខ្លួន។ លោកអះអាងថា ពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហានេះជាច្រើនសារមកហើយ នៅតែគ្មានប្រសិទ្ធភាព។ លោកត្អូញត្អែថា ជនជាតិដើមភាគតិចកួយ កំពុងជួបវិបត្តិខ្វះដីធ្វើស្រែនៅឆ្នាំនេះ ដែលជាហេតុធ្វើឱ្យពួកគេ ប្រឈមខ្វះខាតស្បៀងអាហារចិញ្ចឹមជីវិត៖ «កន្លែងគាត់ធ្លាប់អាស្រ័យផល ដល់ពេលហាមឃាត់មិនឱ្យពួកគាត់ធ្វើ វាទៅជាមិនបានផល។ ម្យ៉ាងទៀត ការធ្វើនេះរំលោភសិទ្ធិជនជាតិដើមភាគតិចទៀត ព្រោះកន្លែងនេះ សុទ្ធតែជាជនជាតិកួយ ប្រពៃណីរបស់គាត់ តែងធ្វើចម្ការវិលជុំ របស់ពួកគាត់ »។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ រស់នៅភូមិភូមិត្រពាំងទទឹមលោកស្រី យឹម ផាត ថ្លែងថា គ្រួសារលោកស្រីមានដីកសិកម្ម ៨ ហិកតារ ត្រូវបានក្រុមហ៊ុនឈូសឆាយរំលោភយកទាំងអស់។ លោកស្រីថា មកទល់ពេលនេះ មន្ត្រីយោធាបានកាងការពារក្រុមហ៊ុន ហាមមិនឱ្យគ្រួសារលោកស្រី ធ្វើកសិកម្ម លើដីដែលកំពុងមានជម្លោះនោះទេ។ លោកស្រីបារម្ភថា ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច នឹងកាន់តែវេទនាទាំងផ្លូវកាយ និងចិត្ត ព្រោះគ្មានដីធ្វើស្រែចម្ការឆ្នាំនេះ៖ «បើគ្នាអត់ហូបចុង គ្នារស់ហ្នឹងស្រែចម្ការ បើមិនឱ្យគ្នាធ្វើស្រែចម្ការ មិនឱ្យបើកឱ្យគ្នា ហើយភូមិឃុំអាជ្ញាធរ ក៏មិនដែលមើលឃើញគ្នា ទទេសោះ។ ទុកគ្នាចោល ដូចសំរាម ដូចជ្រូក មាន់ទា »។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីអភិបាលស្រុករវៀងលោក ហោ ប៊ុនហួរ និង មេការក្រុមហ៊ុនលោក សរ សិរីវិចិត្រ បាននៅឡើយទេ នៅថ្ងៃទី២៧ ខែមេសា ព្រោះទូរសព្ទហៅចូល តែគ្មានអ្នកលើក។
ប៉ុន្តែមេឃុំរមទម លោក សោម មុត បដិសេធថា ពុំមានពលរដ្ឋប្រឈមខ្វះខាតដីសម្រាប់ធ្វើកសិកម្មនោះទេ ហើយដីដែលក្រុមហ៊ុនរំលោភយកកន្លងទៅ អាជ្ញាធរបានដោះស្រាយចប់សព្វគ្រប់ហើយ។ លោកបញ្ជាក់ថា ក្រោយពីអាជ្ញាធរឃុំ និងស្រុក សម្របសម្រួលដោះស្រាយរួចរាល់ ក្រុមហ៊ុនបានឯកភាពប្រគល់ដីស្រែ ឱ្យអ្នកភូមិអាស្រ័យផលវិញ។ ក៏ប៉ុន្តែលោកមិនបញ្ជាក់លម្អិតពីទិន្នន័យពលរដ្ឋដែលទទួលបានដំណោះស្រាយនោះទេ៖ «ធ្វើស្រែអី ក្រុមហ៊ុន ឱ្យក្រុមប្រឹក្សា ប៉ុស្តិ៍ និងអភិបាលរងទៅថា ក្រុមហ៊ុនធ្វើហ្នឹងខុសហើយ អត់ត្រឹមត្រូវទេ ឥលូវក្រុមហ៊ុនត្រូវតែប្រគល់ដីឱ្យពលរដ្ឋវិញ ដូច្នោះគេសម្របសម្រួលគ្នាចប់សព្វគ្រប់អស់ហើយតើ »។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិល សង្កេតឃើញថា អាជ្ញាធរមូលដ្ឋានតែងតែអះអាងថា ខ្លួនបានដោះស្រាយវិបត្តិដីធ្លីចប់សព្វគ្រប់ ក៏ប៉ុន្តែធាតុពិតជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន នៅតែជាជំងឺមហារីកមិនទាន់ដោះស្រាយរួចរាល់នៅឡើយទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកខេត្តព្រះវិហារ លោក ឡោ ចាន់ ពន្យល់ថា ក្រុមហ៊ុនហាមឃាត់ពលរដ្ឋមិនឱ្យធ្វើស្រែលើដីរបស់ខ្លួន ជាទង្វើរំលោភសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់របស់ពលរដ្ឋ។ លោកអំពាវនាវជាថ្មីទៀត ស្នើឱ្យអាជ្ញាធរខេត្ត ពន្លឿនចុះដោះស្រាយករណីនេះ ដោយយុត្តិធម៌ ដើម្បីសម្រាលការលំបាកវេទនារបស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។