ជនជាតិដើមភាគតិចព្នងជាង ១០០គ្រួសារ រស់នៅខេត្តមណ្ឌលគិរីត្អូញត្អែរពីជីវភាពធ្លាក់ចុះខ្លាំង និងភាពអយុត្តិធម៌ជាច្រើន ដែលបំផ្លាញសេចក្តីសុខពួកគាត់ ក្រោយពីបាត់បង់ព្រៃសមូហភាពស្ទើរទាំងស្រុង ប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ច និងអាកាសធាតុឡើងកម្តៅខ្លាំង។
អ្នកភូមិអះអាងថា ពលរដ្ឋចំណូលស្រុករាប់រយគ្រួសារបានទៅដណ្តើមកាន់កាប់រានដីព្រៃសមូហភាពភូមិពូគង់ ទ្រង់ទ្រាយធំ ធ្វើឱ្យព្រៃដែលជនជាតិដើមភាគតិចអាស្រ័យផល តាំងពីដូនតាមក ប្រឈមការបាត់បង់ជាបន្តបន្ទាប់ ដោយគ្មានការទប់ស្កាត់នោះឡើយ។
ជនជាតិដើមភាគតិចព្នងទាំងនោះរស់នៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ដង្ហើយសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ ដើម្បីសង្គ្រោះដីព្រៃសមូហភាពទំហំជិត ១ពាន់ហិកតារ ដែលកំពុងប្រឈមការបាត់បង់ស្ទើរទាំងស្រុង ពីសំណាក់ពលរដ្ឋចំណូលស្រុកជាច្រើនគ្រួសារ បាននាំគ្នាទៅកាប់ទន្ទ្រានដីនៅតំបន់នោះ ដើម្បីធ្វើកសិកម្ម នៅរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
អ្នកភូមិថា ពលរដ្ឋទាំងនោះភាគច្រើន មកពីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាង ៤០០គ្រួសារ បានសម្រុកកាប់រានព្រៃ ឈូសឆាយដីព្រៃ ប៉ះចំដីសមូហភាពភូមិពូគង់ ដែលអ្នកភូមិអាស្រ័យផលជាច្រើនជំនាន់មកហើយ។
ប្រធានសហគមន៍ ការពារដីសមូហភាពភូមិពូគង់ លោក ទ្រឿប ធើម ប្រាប់វិទ្យុអាស៊ីសេរីថា ដីព្រៃសមូហភាពដែលពលរដ្ឋចំណូលស្រុកបន្តកាប់រាន ជាកន្លែងដែលជនជាតិដើមភាគតិចរកអនុផលព្រៃឈើ និងធ្វើចម្ការវិលជុំ បែបប្រពៃណីជាច្រើនឆ្នាំមកហើយ។
លោកថា ដើមឡើយតំបន់នោះសំបូរដើមឈើធំៗ ជម្រកសត្វព្រៃរួមមាន សត្វដំរី ប្រើស ខ្ទីង និងស្វាជាដើម ក៏ប៉ុន្តែពេលនេះ តំបន់នោះ បានក្លាយជាវាលល្វឹងល្វែង ដោយមានផ្នែកខ្លះ គ្រប់គ្រងជាកម្មសិទ្ធិឯកជន។ រីឯអាជ្ញាធរមូលដ្ឋាន និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន មិនអើពើការពារព្រៃសមូហភាពទាំងនេះទេ
លោក ទ្រឿប ធើម៖ «បាត់បង់ព្រៃហ្នឹង ឥលូវវាទៅជាក្តៅ ទឹកភ្លៀងមិនទៀងទាត់ ខ្យល់ព្យុះ ភ្លៀងៗខ្លាំងទៅៗ អាកាសធាតុវាមិនដូចដើមទេ ចេះតែប្រែប្រួល។ អាជ្ញាធរមិនរវល់ទេ សូម្បីតែខ្លួនគាត់ក៏គេយកដែរ»។
ដីព្រៃសមូហភាពភូមិពូគង់ មានផ្ទៃដីសរុបទំហំ ១ ពាន់ ៣ រយហិកតារ (១៣០០) ក៏ប៉ុន្តែក្រសួងដែនដី បានឯកភាពកាត់ឆ្វៀលឱ្យប្រជាសហគមន៍ចុះបញ្ជី ទំហំជាង ៨រយ (៨០៤.១០) ប៉ុណ្ណោះកាលពីឆ្នាំ២០១៨ ដោយក្នុងនោះព្រៃបម្រុងទុកមានចំនួន ២៦១ហិកតារ។ តំបន់អភិរក្សនេះ មានផែនទី លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ដែលរៀបចំដោយក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងមហាផ្ទៃ។
មកទល់ពេលនេះ ព្រៃសមូហភាពនេះ នៅសល់មិនដល់ ៥០ហិកតារទេ ហើយដីដែលពលរដ្ឋចំណូលស្រុក បានកាប់ទន្ទ្រានកន្លងមកជំនួសមកវិញ ដោយដាំដំណាំដំឡូងមី និងស្វាយចន្ទីជាដើម។
បច្ចុប្បន្ន សកម្មភាពកាប់រានព្រៃអភិរក្សនេះ ក៏នៅតែបន្តកើតមានដដែលដោយគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ និង មន្ត្រីបរិស្ថាននោះឡើយ។ ចំណែកដីនៅតំបន់ខ្លះទៀត មានការទិញលក់ដូរជាច្រើនម្ចាស់ ដោយមានប្លង់កម្មសិទ្ធិ ចុះហត្ថលេខា ទទួលស្គាល់ដោយអាជ្ញាធរភូមិ/ឃុំទៀតផង។
លោក ទ្រឿប ធើម បន្ថែមថា ពលរដ្ឋភាគច្រើនជំពាក់ធនាគារ ដោយរំពឹងថា រកអនុផលព្រៃឈើដូចជា ដងជ័រទឹក ធ្វើចម្ការវិលជុំ និងរកឃ្មុំជាដើម ដើម្បីដោះបំណុល តែផ្ទុយទៅវិញ ព្រៃបែរជារលាយអស់ ហើយដីចម្ការវិលជុំ ដែលពួកគាត់អាស្រ័យផលកន្លងទៅ ក៏ក្រុមពលរដ្ឋចំណូលស្រុកដណ្តើមអស់ដែរ។
លោកថា កាលពី១០ ឆ្នាំមុន តំបន់អភិរក្សនេះ សំបូរដើមឈើធំៗ សត្វព្រៃជាច្រើនប្រភេទរស់នៅ ផ្តល់ប្រយោជន៍ច្រើនដល់ពលរដ្ឋ អាស្រ័យផលមានជីវភាពធូរធារ ផ្ទុយពីបច្ចុប្បន្ន អ្នកភូមិផុងខ្លួននឹងវិបត្តិសេដ្ឋកិច្ច ដោយសារអស់ព្រៃ និងគ្រួសារខ្លះទៀតបង្ខំចិត្តធ្វើជាកម្មករគេ ដើម្បីដោះបំណុល។
លោក ទ្រឿប ធើម៖ «មានដើមជ័រទឹកជ័រច្បោះយកទៅលក់បានអាស្រ័យផល ដល់ឥឡូវបាត់បង់ដើមឈើ វាអស់ហើយ ទៅជាចម្ការអ្នកក្រៅអស់ហើយ ឥលូវពលរដ្ឋជំពាក់ធនាគារហើយ ចង់ស្រវាដីវិញពីពួកហ្នឹង ត្រូវការដាំកូនឈើ ឬដុះខ្លួនឯងទៀត»។
ឆ្លើយតបរឿងនេះ មេភូមិពូគង់ លោក ព្រួច មើល ទទួលស្គាល់ថា ពលរដ្ឋមូលដ្ឋានបានប៉ះទង្គិចគ្នា ជាមួយពលរដ្ឋចំណូលស្រុក រឿងដីធ្លីនេះដែរ ក៏ប៉ុន្តែអាជ្ញាធរស្រុក/ខេត្តកំពុងដោះស្រាយបណ្តើរៗតាមនីតិវិធីហើយ។
លោកថា ពលរដ្ឋចំណូលស្រុក ដែលទៅកាប់រានព្រៃសមូហភាព និងព្រៃអភិរក្ស អាជ្ញាធរមិនចុះវាស់វែង ធ្វើប្លង់កម្មសិទ្ធិជូនឡើយ។ លោកបន្ថែមថា មកទល់ពេលនេះ ពលរដ្ឋចំណូលស្រុក ដែលទៅតាំងទីលំនៅ ក្នុងភូមិពូគង់ គឺច្រើនជាងពលរដ្ឋម្ចាស់ស្រុក ហើយពួកគេភាគច្រើន ធ្វើកសិកម្ម ឬធ្វើស្រែចម្ការ។
លោក ព្រួច មើល៖ «គេកំពុងវែកញែកដោះស្រាយ គេដោះស្រាយតាមសន្តិវិធីតាមថ្នាក់ស្រុក និងថ្នាក់ខេត្ត»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ និង ប្រធានមន្ទីរបរិស្ថានខេត្តនេះ លោក សៃ ប៊ុនធឿន បាននៅឡើយទេ នៅថ្ងៃទី២៧ មេសា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន មិនយកចិត្តទុកដាក់គោរពបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការអនុវត្តវិធានការ រក្សាការពារបណ្ដោះអាសន្ន ដើម្បីការពារព្រៃអភិរក្សសមូហភាពសហគមន៍ ស្របតាមអនុក្រឹត្យលេខ ៨៣ នោះទេ។
អនុក្រឹត្យលេខ ៨៣ របស់លោក ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរខេត្តសាមីទាំងអស់ ត្រូវរក្សាសុវត្ថិភាពដីសមូហភាពសហគមន៍ ដែលជនជាតិដើមភាគតិចបានដាក់ពាក្យស្នើសុំនីតិបុគ្គលទៅក្រសួងមហាផ្ទៃរួចរាល់។
ទាក់ទងបញ្ហានេះ អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាលោក យុន ឡូរ៉ង់ សង្កេតឃើញថា ពេលនេះមានបញ្ហាគ្រប់ទីកន្លែងទាំងអស់ ព្រោះវិធានការរក្សាការពារប៉ុណ្ណោះអាសន្ន អនុលោមតាមអនុក្រឹត្យលេខ៨៣ គឺគ្មានប្រសិទ្ធភាពឡើយ ដោយសារគ្មានការផ្សព្វផ្សាយ និងគ្មានអ្នកទទួលខុសត្រូវអនុវត្តវិធានការនេះ។

លោកថា អាជ្ញាធរមិនត្រឹមតែមិនចូលរួមអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលទេ តែផ្ទុយទៅវិញ ថែមទាំងហ៊ានចេញប្លង់កម្មសិទ្ធ ដើម្បីទិញលក់ដីសមូហភាពមិនប្រក្រតី ទៀតផង។
លោក យុន ឡូរ៉ង់៖ «ប៉ុន្តែវាអត់មានជំរុញណាមួយជាក់លាក់ឱ្យមានប្រសិទ្ធភាពទេ នេះជាបញ្ហាឱ្យមានការទន្ទ្រានកើតឡើង បើទោះបីជាសហគមន៍បានប័ណ្ណសមូហភាពហើយក៏ដោយ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc)ខេត្តមណ្ឌលគិរី លោក ប៊ី វ៉ាន់នី ដែលចុះអង្កេតរឿងនេះ បារម្ភថា ជីវភាពជនជាតិដើមភាគតិចជាង ១០០ គ្រួសារនៅតំបន់នោះ ធ្លាក់ចុះខ្លាំង ដោយសារតែអស់ព្រៃអាស្រ័យផល ហើយដីចម្ការវិលជុំដែលពួកគាត់មានទម្លាក់ដាំដុះបែបប្រពៃណី ក៏បាត់បង់អស់ដែរ។
លោកស្នើឱ្យអាជ្ញាធរស៊ើបអង្កេត និងចាត់វិធានការជាក់លាក់ លើជនល្មើស រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលឃុបឃិតគ្នារំលោភយកដីសមូហភាពខុសច្បាប់។
លោក ប៊ី វ៉ាន់នី៖ «ប៉ះពាល់ដល់សហគមន៍វិញ វារំលោភសិទ្ធិជនជាតិដើមភាគតិច និងរំលោភលើរបៀបនៃការរស់នៅប្រពៃណីជនជាតិដើមភាគតិច។ និយាយរួមទៅពួកហ្នឹង ដីដែនអភិរក្សក៏វាកាប់ដែរ មន្ត្រីបរិស្ថាន ទីស្នាក់ការនៅហ្នឹងឱ្យគេកាប់បាន។
របាយការណ៍ របស់សម្ព័ន្ធជនជាតិដើមភាគតិចបង្ហាញថា មកទល់ពេលនេះ សហគមន៍ជនជាតិដើមភាគតិចមានជាង ៩០ភាគរយ ក្នុងចំណោមសហគមន៍ជាង១៥០កន្លែង ឋិតក្នុងខេត្តមណ្ឌលគិរី កំពង់ស្ពឺ បាត់ដំបង ស្ទឹងត្រែងក្រចេះ រតនគិរី និងខេត្តកំពង់ធំជាដើម កំពុងជួបបញ្ហាប្រឈមច្រើន ដោយសារអាជ្ញាធរខេត្តនីមួយៗមិនអនុវត្តវិធានការរក្សាការពារបណ្ដោះអាសន្នស្របតាមអនុក្រឹត្យលេខ ៨៣ ឱ្យមានប្រសិទ្ធភាព ជាច្រើនឆ្នាំមកហើយ។
ប្រការនេះជាឧបសគ្គរាំងខ្ទប់ដល់ដំណើរការស្នើសុំចុះបញ្ជីដីសមូហភាពពុំអាចទទួលបានជោគជ័យឡើយ ហើយជនជាតិដើមភាគតិចនៅតំបន់ខ្លះ ងាយនឹងកើតមានជម្លោះរ៉ាំរ៉ៃរហូតធ្វើឱ្យពួកគាត់បែកបាក់ផ្ទៃក្នុង បាត់ទឹកចិត្ត ជាប់បណ្ដឹងនៅតុលាការដោយសារតែចេញមុខតវ៉ាទាមទារដីសមូហភាពជាមួយបុគ្គលមានលុយមានអំណាច។
មន្ត្រីសង្គមស៊ីវិលវាយតម្លៃថា បទបញ្ជារបស់លោក ហ៊ុន សែន សាបដូចទឹកទន្លេ គ្មានឥទ្ធិពលជាវិជ្ជមាន ការពារសុវត្ថិភាពដីធ្លីជូនប្រជាសហគមន៍ ឱ្យមានប្រសិទ្ធភាពយូរអង្វែងនោះឡើយ ធ្វើឱ្យព្រៃអភិរក្សស្ទើរគ្រប់តំបន់ហិនហោចអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។