ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ​បន្ទាយមានជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ប្រគល់​ដី​កសិកម្ម​មក​វិញ

ដោយ ហ៊ុំ ចំរើន
2024.08.30

ពលរដ្ឋ​ជាង ២០០​គ្រួសារ នៅ​ឃុំ​ចំនួន​២ ក្នុង​ខេត្ត​បន្ទាយមានជ័យ ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​បញ្ហា​ដី​កសិកម្ម​របស់​ពួកគាត់ នៅ​តំបន់​២ នៃ​បឹង​ទន្លេសាប ឱ្យមក​ពួកគាត់​បង្កបង្កើនផល​វិញ ក្រោយ​រដ្ឋបាល​ខេត្ត​នេះ កាត់​ដី និង​ដោះដូរ​ទីតាំង​ដី​ចុះឡើង ដែល​ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ផលប្រយោជន៍​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់​ជាតិ​ងាក​មក​ដោះស្រាយ​បញ្ហា​នេះ ចៀសវាង​ការ​រំខាន​ដល់​ជីវភាព​ពលរដ្ឋ​កាន់តែ​ខ្លាំង។

ប្រជាពលរដ្ឋ​ចំនួន​២២០ គ្រួសារ ដែល​កំពុង​អាស្រ័យ​ផល​លើ​ដី​ស្រែ ក្នុង​ឃុំ​ចំនួន​ពីរ នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុង​កើតក្ដី​ច្របូកច្របល់ ដោយសារ​ដីស្រែ​របស់​ពួកគាត់ ត្រូវ​អាជ្ញាធរ​ប្រមូល​ដាក់​ជុំគ្នា និង​យក​មក​ចាប់ឆ្នោត​ពុះ​ចែក​ដោះដូរ​ចុះឡើង។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ លោក ហ៊ាង ភាព ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែសីហា ថា ការ​ចាប់​ឆ្នោត​យក​ចំណែក​ដី ដែល​អាជ្ញាធរ​ធ្វើជា​មេ​ចំណែក​នេះ បាន​ធ្វើ​ឱ្យ​លោក​បាត់បង់​ដីស្រែ​អស់​ជិត ៣​ហិកតារ ដែល​ពីមុន​ដី​របស់​លោក មាន​ចំនួន​ជាង ៥​ហិកតារ​។ លោក​បន្ត​ថា ការ​ចាប់​ឆ្នោត​នេះ បាន​បង្កើត​ឱ្យ​មាន​ជម្លោះ​រ៉ាំរ៉ៃ រវាង​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី​ចាស់ ជាមួយ​ពលរដ្ឋ ដែល​ចាប់ឆ្នោត​ចូល​ទៅ​អាស្រ័យ​ផល​ថ្មី ដោយសារ​ពលរដ្ឋ​មិន​ពេញចិត្ត ព្រោះ​ទីតាំង​ដី ដែល​ពួកគាត់​ចាប់ឆ្នោត​បាន មាន​ទំហំ​តូច និង​មាន​ទីតាំង​ឆ្ងាយ​ជាង​ដី​អាស្រ័យ​ផល​ចាស់។

លោក ហ៊ាង ភាព៖ «បាទ ឌឺ​ដាក់គ្នា​ហើយ​ពេលនេះ​។ ទៅ​គេ​ក៏​គេ​មិន​ឱ្យ​យើង យើង​ក៏​មិន​ឱ្យ​គេ ឌឺ​ដាក់គ្នា​ហើយ​។ តែ​រដ្ឋ​គេ​ថា​មិន​អី​ទេ គេ​អះអាង​ធ្វើ​បាន ការពារ​បាន​។ ការពារ​បានតែ​ពេល​វាស់ វាស់​រួចហើយ​គេ​ឡើង​មក​ផុត​មក ក៏​យក​គោយន្ត​ទៅ​បូមទឹក​ហើយ​ទុកចោល​គេ​ដុត​ចោល​បាត់​។ សូម្បី​តែ​ដី​ភូមិ​លើស​គ្នា​មួយ​ចំអាម​មិនបាន​ផង ទម្រាំ​តែ​ដីស្រែ​ទាំងមូល»

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ប្រជាពលរដ្ឋ​ជិត ២០០​នាក់ ដែល​តំណាង​ឱ្យ​ជាង​២២០​គ្រួសារ បាន​មក​ប្រមូល​ផ្តុំគ្នា​តវ៉ា នៅ​ខាងមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដោយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ រៀបចំ​ដី​កសិកម្ម​របស់​ពួកគាត់​ឡើងវិញ បន្ទាប់ពី​អាជ្ញាធរ​បាន​បង្ខំ​ឱ្យ​ពួកគាត់​ចាប់ឆ្នោត​ទទួល​ចំណែក​ដី​នៅក្នុង​តំបន់​២ កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា។

ការ​ចែក​ដី​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន​ស្រក់​ទឹកភ្នែក នៅពេល​ពួកគាត់​ចាប់បាន​ទីតាំង​ដី ដែល​មាន​ទំហំ​តូច​ជាង​ដី​អាស្រ័យ​ផល​ចាស់ និង​មាន​ទីតាំង​ឆ្ងាយ​ពី​ភូមិ​ស្រុក​។ ក្នុង​នោះ មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​ប្រទូស្ត​រាយ​គ្នា ដោយសារ​ម្ចាស់​ដី​ចាស់ មិន​ព្រម​ប្រគល់​ដី​ទៅ​ឱ្យ​ម្ចាស់​ថ្មី​។ ក៏ប៉ុន្តែ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ប្រកាន់​ជំហរ មិន​ដោះដូរ​ជូន​ពលរដ្ឋ​វិញ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​មេឃុំ​ភ្នំ​លៀប លោក សួន សំផុង ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​២៩ ខែ​សីហា។

រដ្ឋាភិបាល​កម្ពុជា​បាន​បែងចែក​ដី​បឹង​ទន្លេសាប​ជា ៣​តំបន់ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​គ្រប់គ្រង​។ ក្នុង​នោះ​ដី​តំបន់​៣ ជា​ដី​ដែល​មិនអាច​អាស្រ័យ​ផល និង​មិនអាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បាន​ឡើយ​។ ចំណែក​តំបន់​២ ជា​ដី​ដែល​អាច​អាស្រ័យ​ផល តែ​មិនអាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ និង​តំបន់​១ ជា​ដី​ដែល​អាច​អាស្រ័យ​ផល និង​អាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បាន​ផង​ដែរ។

ទោះជា​បែបនេះ​ក្ដី កាលពី​ខែឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​លើកឡើង​ថា ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​កន្លង​ទៅ​នេះ ជា​កម្មវត្ថុ​ត្រួតពិនិត្យ ដោយ​កាត់​ចេញពី​តំបន់​៣ ចូល​មក​តំបន់​២ ហើយ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​តំបន់​២ ត្រូវ​កាត់​ចេញពី​តំបន់​២ ដាក់​ចូល​មក​ជា​តំបន់​១ និង​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ។

ទាក់ទិន​រឿង​នេះ ប្រធាន​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត អំពាវនាវ​ឱ្យ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​បឹង​ទន្លេសាប​ផ្អាក​ការដោះដូរ​ដី​នេះ​សិន និង​ត្រូវ​បើក​វេទិកាសាធារណៈ​មួយ ជជែក​ពី​បញ្ហា និង​ដំណោះស្រាយ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​។ លោក​បន្ត​ថា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក៏​ត្រូវ​ប្រញាប់​អន្តរាគមន៍​បញ្ហា​នេះ​ផង​ដែរ ដោយសារ​បញ្ហា​នេះ​កើត​ចេញ​ពី​ភាព​ចន្លោះប្រហោង​នៃ​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល។

លោក អ៊ិន គង់ជិត៖ «ពួកគាត់​មិន​ហ៊ាន​ទៅ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ទេ​។ ពួកគាត់​ដឹង​ច្បាស់​ហើយ​ករណី​នេះ ទាំង​មេភូមិ មេឃុំ គាត់​ធ្លាប់​ផ្ញើ​របាយការណ៍​ទៅ​ស្រុក ទៅ​ខេត្ត​ដែរ ដើម្បី​ដាក់​ទៅ​អាជ្ញាធរ​បឹង​ទន្លេសាប ពិនិត្យ​និង​កាត់​ឆ្វៀល។ ប៉ុន្តែ​ដល់ពេល​ឆ្លើយតប​មក​គឺ បាន​កាត់​ដី​ពួកគាត់​ចេញ​ឡើង ៨៥០​ហិកតារ នៅ​ក្របៅ​ហ្នឹង ដាក់​ចូល​តំបន់​៣​។ អ៊ីចឹង​គឺ​ពួកគាត់​បាន​បាត់បង់​ដី​កសិកម្ម​ទាំងស្រុង​តែម្ដង»

បញ្ហា​ដី​នៅ​តំបន់​១ និង​តំបន់​២ បាន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូងចម្រាស មក​ទល់​ពេល​បច្ចុប្បន្ន រហូត​មាន​ករណី​ខ្លះ អាជ្ញាធរ​បាន​យក​ថ្នាំ​បាញ់សម្លាប់​ស្រូវ​របស់​ពលរដ្ឋ​អស់​ជាច្រើន​ហិកតារ និង​ចុះ​មក​ហាមឃាត់​មិន​ឱ្យ​បូមទឹក​ដាក់​ស្រែ​ជាដើម ដែល​បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ប្រឈម​ភាព​ក្រីក្រ បំណុល និង​រហូត​ធ្វើ​ចំណាកស្រុក។

តំណាង​ប្រជាពលរដ្ឋ សំណូមពរ ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ចុះ​ពិនិត្យ​ស្ថានភាព​ដោយ​ផ្ទាល់ ឬ​បញ្ជូន​ក្រុមការងារ ដែល​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា ជួយ​ពលរដ្ឋ​ពិតប្រាកដ មក​ដោះស្រាយ​បញ្ហា​ដី​បង្កបង្កើនផល​នៅ​តំបន់​២ និង​តំបន់​៣ ឱ្យ​ចប់​សព្វគ្រប់ ដើម្បី​ពួកគាត់​អាច​បង្ក​បង្កើន​ផល​ផ្គត់ផ្គង់​ជីវភាព​ដោយ​ស្ងប់ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។