ជនជាតិ​ដើម​ព្នង​ខេត្ត​មណ្ឌលគិរី​ ៧៥​គ្រួសារ​មិនព្រម​​​រុះរើ​ផ្ទះ​តាម​អាជ្ញាធរ ដើម្បី​យក​ដី​ឱ្យ​ឧកញ៉ា​ម្នាក់

ដោយ ហ៊ុំ ចំរើន
2024.03.26
ជនជាតិ​ដើម​ព្នង​ខេត្ត​មណ្ឌលគិរី​ ៧៥​គ្រួសារ​មិនព្រម​​​រុះរើ​ផ្ទះ​តាម​អាជ្ញាធរ ដើម្បី​យក​ដី​ឱ្យ​ឧកញ៉ា​ម្នាក់ ទីតាំង​ដី​រដ្ឋាភិបាល​កាត់​ឆ្វៀល​វិនិយោគ​ឱ្យ​ឱ្យ​ឧកញ៉ា ជឹង ធាន​សេង ក្នុង​ខេត្តមណ្ឌលគិរី កៀកព្រំដែន​វៀតណាម ដែល​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ព្នង​មិន​សុខ​ចិត្ត។ រូប​កាលពី២០១៩។
រូប៖ សហគមន៍ជនជាតិដើមព្នងផ្តល់ឱ្យ

ជនជាតិ​ដើម​ភាគតិច​ព្នង ៧៥​គ្រួសារ បដិសេធ​មិន​ព្រម​រុះរើ​ផ្ទះសម្បែង​តាម​សេចក្តី​ជូនដំណឹង​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ដើម្បី​យក​ដី​ទំហំ ២៥៥ហិកតារ​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា ជឹង ធាន​សេង ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

ពួកគាត់​ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល​ថា ជា​ការ​រំលាយ​ភូមិ​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ដើម​ភាគតិច និង​បំផ្លាញ​ប្រភព​ចំណូល​សហគមន៍​ចិញ្ចឹមជីវិត​តាំងពី​បុរាណកាល​មក។

ជនជាតិ​ដើម​ភាគតិច​ព្នង​រស់នៅ​ភូមិ​ពូរ៉ាង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដក​អនុក្រឹត្យ​លេខ ៥៩ ដែល​កាត់​ឆ្វៀល​ដី​ទំហំ ២៥៥ហិកតារ ប៉ះចំ​ដី​សហគមន៍​សមូហភាព​ភូមិ​ពូ​រ៉ាង និង​ដីចម្ការ​វិល​ជុំ របស់​ពលរដ្ឋ​ ៧៥​គ្រួសារ​ផ្សេងទៀត។

តំណាង​សហគមន៍ លោក ជើស ម្លើង វ័យ ៦១​ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ មីនា ថា ពលរដ្ឋ ៧៥គ្រួសារ​បាន​ធ្វើ​ចម្ការ​វិល​ជុំ និង​ដាំ​ដុះ លើ​ដី​នៅ​តំបន់​នោះ​ជា​បន្តបន្ទាប់​ជាង ៤០ឆ្នាំ​មក​ហើយ និង​អាស្រ័យ​ផល​ព្រៃឈើ ឃ្វាលគោ​ក្របី​តាំងពី​បុរាណកាល​មក។ លោក​ថា រដ្ឋាភិបាល​បង្ខំ​បណ្តេញ​ពួកគាត់​ចេញ​ពី​ទីនោះ ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​បាប​ជនជាតិ​ដើម​ភាគតិច ដែល​មាន​ជីវភាព​ពឹងផ្អែក​​លើ​ការ​ធ្វើ​ចម្ការ ចិញ្ចឹម​គោ និង​រក​អនុផល​ព្រៃឈើ។

លោក ជើស ម្លើង៖ «មើល​តែ​ពួក​ខ្ញុំ​ដូច​សំរាម​អ៊ីចឹង ចង់​បោស ចាកចោល​ពេល​ណា​ក៏បាន​ធ្វើ​អ៊ីចឹង​ដូច​វា​មិន​សម​។ មានអី​ចិញ្ចឹម​ក្រពះ ចិញ្ចឹម​ឆ្នាំង​បាយ បើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​មិន​គិតគូរ យើង​ស្លាប់​ហើយ អ្នក​ក្រីក្រ ទុក​ឱ្យ​ស្លាប់ រស់​អ្នក​មាន​ទាំងអស់»។

កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន សម្រេច​ផ្តល់​ដី​ទៅ​ឱ្យ​ឧកញ៉ា ជឹង ធានសេង អគ្គនាយក​ក្រុមហ៊ុន​ភ្នំពេញ ព្រីខាស ផ្លេន ត្រូវជា​កូនប្រុស​របស់​ឧកញ៉ា ជឹង សុភាព ហៅ «​យាយ​ភូ» ដែល​មាន​រឿងអាស្រូវ​ខាង​បំផ្លាញ​ធនធាន​ធម្មជាតិ។

ខ្លឹមសារ​អនុក្រឹត្យ​បន្ត​ថា រដ្ឋ​ធ្វើ​អនុបយោគ ដីចម្ការ​ស្រល់​ចំនួន ៩៩​ហិកតារ ៥​អារ ក្នុង​ភូមិ​ពូ​តាំង​សង្កាត់​រមនា និង​អនុបយោគ​ដី​មួយ​កន្លែង​ផ្សេង​ទៀត ទំហំ ២៥៥​ហិកតារ ក្នុង​ភូមិ​ពូរ៉ាង​ឃុំសែន​មនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដើម្បី​ផ្តល់​ជា​កម្មសិទ្ធិឯកជន ជូន​ឈ្មោះ ជឹង ធានសេង។​ ទីតាំង​ដី​ដែល​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឱ្យ​ឧកញ៉ា​រូប​នេះ នៅ​កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​ព្រៃ​ស្រល់ ទឹកអូរ​ធម្មជាតិ ដី​ចម្ការ​វិល​ជុំ ដី​វាល​ស្មៅ និង​ផ្ទះ​ចាំចម្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច​ជាង ៣០​ខ្នង។

វិទ្យុ​អាស៊ីសេរី​បាន​ស្នើសុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង នៅ​ថ្ងៃ​ទី២៦ មីនា ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះថា លោក​មិន​បាន​ដឹង​រឿងរ៉ាវ​នេះ​ទេ។ ទោះជា​យ៉ាងណាក្ដី អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក វ៉ិន ស៊ីធួន កាល​ពី​ថ្ងៃ​ទី២៤ មីនា ជូន​ដំណឹង​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ បង្គោល​របង និង​សំណង់​ផ្សេងៗ ដែល​ឋិត​លើ​ដី​អនុក្រឹត្យ​មាន​ទំហំ ២៥៥ហិកតារ ក្នុងភូមិ​ពូរ៉ាង ឃុំ​សែនមនោរម្យ ឱ្យ​បាន​មុន​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២៤ ជា​កំហិត។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ ឱ្យ​ដឹង​ថា តំបន់​ដែល​រដ្ឋាភិបាល​កាត់​ឆ្វៀល​ឱ្យ​អ្នក​មាន​អំណាច ជា​តំបន់​ភូមិ​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ដើម​ភាគតិច ប៉ះពាល់​​អត្តសញ្ញាណ និង​ភូមិកំណើត​របស់​ពួកគាត់។

លោកស្រី​ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល ជា​ការ​ដាក់​សម្ពាធ​ឱ្យ​ជនជាតិ​ដើម​ភាគតិច ចាក​ចេញពី​ភូមិកំណើត​ដោយ​បង្ខំ។

លោកស្រី ភ្លឹក ភីរុំ៖ «មិនល្អ​សម្រាប់​ជនជាតិ​ដើម​ភាគតិច​ទេ ដោយសារ​ភូមិ​ហ្នឹង ជា​ភូមិ​ប្រវត្តិសាស្ត្រ​យូរហើយ រាប់រយ រាប់ពាន់​ឆ្នាំ​មក​ហើយ​។ ការ​អភិវឌ្ឍ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ចាកចោល​ភូមិ វា​នឹង​បាត់បង់​បន្តិច​ទៀត ឈ្មោះ​ភូមិ​ហ្នឹង»។

កន្លងទៅ ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ១០០​គ្រួសារ បាន​ផ្តិត​មេដៃ​ដាក់​ញត្តិ​ ២​ដង នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ និង​ក្រសួង​ដែនដី ដើម្បី​ស្នើ​ឱ្យ​ដក​អនុក្រឹត្យ​នេះ ក៏ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ។

តំណាង​សហគមន៍​ភូមិ​ពូរ៉ាង លោក ជើស ម្លើង ឱ្យ​ដឹង​ថា អ្នកភូមិ​បាន​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​សហគមន៍​សមូហភាព​ភូមិ​ពូ​រ៉ាង មាន​ផ្ទៃដី​ជាង ៧០០ហិកតារ កាល​ពី​ឆ្នាំ​២០១០ ដោយមាន​ការ​ទទួលស្គាល់​សហគមន៍​នីតិបុគ្គល និង​ស្វ័យ​អត្តសញ្ញាណ​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​រួចហើយ ប៉ុន្តែ​ដី​សហគមន៍​នេះ​ក្រោយមក​បែរជា​ត្រូវ​បាន​រដ្ឋ​កាត់​ឆ្វៀល​ប្រគល់​ឱ្យ​ឧកញ៉ា​មាន​អំណាច​ទៅ​វិញ មិន​គួរ​ជា​កម្មវត្ថុ​កាត់​ឆ្វៀល​ប្រយោជន៍​ឧកញ៉ា​មាន​អំណាច​នោះ​ទេ។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់​ថា ការ​បណ្តេញ​ពលរដ្ឋ​ដោយ​បង្ខំ ដើម្បី​យក​ដី​ប្រគល់​ឱ្យ​អ្នក​មាន​អំណាច​ជា​ទង្វើ​រំលោភសិទ្ធិ​ជនជាតិ​ដើម​ភាគតិច បំពាន​ច្បាប់​ភូមិបាល​ដែល​ចែង​ថា ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ប្រើប្រាស់​គ្រប់គ្រង​ដីធ្លី សម្រាប់​សេដ្ឋកិច្ច និង​ជំនឿ​របស់​ពួកគាត់។

លោក ប៊ី វ៉ាន់នី៖ «បើ​យើង​អភិវឌ្ឍ​កន្លែង​ហ្នឹង​ទៅ វា​បាត់បង់​ដីស្រែ​ដីចម្ការ បាត់បង់​ប្រពៃណី​ទំនៀមទម្លាប់​ហ្នឹងហើយ គាត់​បាត់បង់​ចំណូល​សេដ្ឋកិច្ច​ទៀត​។ តើ​យើង​គួរ​អភិវឌ្ឍន៍​ដែរ ឬទេ​? គួរតែ​មាន​ដំណោះស្រាយ​ជាមួយ​ពលរដ្ឋ​ជាមុន ឬក៏​សិក្សា​មុននឹង​ឱ្យ​មាន​ការ​អភិវឌ្ឍ»។

ប្រជា​សហគមន៍​បញ្ជាក់​ថា ​អ្នកភូមិ​នឹង​លើកគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​សាលាខេត្ត​មណ្ឌលគិរី​ ប្រសិនបើ​អាជ្ញាធរ​រុះរើ​ផ្ទះសម្បែង និង​បណ្តេញ​ពួកគាត់​ដោយ​បង្ខំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។