ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ឧត្ដរមានជ័យ​ជិត​១​ពាន់​គ្រួសារ ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដី​ដល់​ពួកគាត់

ដោយ ទីន ហ្សាការីយ៉ា
2024.03.22
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ឧត្ដរមានជ័យ​ជិត​១​ពាន់​គ្រួសារ ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ដី​ដល់​ពួកគាត់ តំណាងពលរដ្ឋរងគ្រោះដីធ្លី នៅខេត្តឧត្ដរមានជ័យ ចំនួន ១០នាក់បានដាក់លិខិតស្នើឲ្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជួយពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនអង្គរស៊ូហ្គឺ ថតកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ប្រជា​ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ខេត្ត​ឧត្តរមានជ័យ ជិត ១​ពាន​គ្រួសារ ដែល​ត្រូវ​បាន​ក្រុមហ៊ុន អង្គរ​ស៊ូហ្គឺ (Angkor Sugar) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ថៃ ដ៏​ធំ​មួយ​ឈ្មោះ មី​ត្រ​ផុល (Mitr Phol Limited) រំលោភ​យក​ដីស្រែ និង​ផ្ទះសម្បែង​របស់​ពួកគាត់ បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ និង​រដ្ឋាភិបាល​ថ្មី ជួយ​ដោះស្រាយ​ជម្លោះដីធ្លី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ឬ​ហៅថា​ប្លង់​រឹង​ដល់​ពួកគេ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា បញ្ហា​នេះ​គួរតែ​ត្រូវ​បាន​ដោះស្រាយ មិន​គួរ​អូស​បន្លាយ​ទៀត​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១​ពាន់​គ្រួសារ​មកពី​ភូមិ​ចំនួន ៥​ភូមិ ស្ថិតនៅ​សង្កាត់​កូនគ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ដោះស្រាយ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ថៃ ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ បន្ទាប់​ពី​ពួកគាត់ កាល​ពី​ថ្ងៃទី​១៨ ខែ​មីនា បាន​ដាក់​លិខិតស្នើ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង ។ ពួកគាត់​លើកឡើង​ក្នុង​លិខិត​នោះ ដោយ​ទាមទារ​ឲ្យ​ក្រសួង​រៀបចំ​ដែនដី ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ពលរដ្ឋ ជាង​៣​រយ​គ្រួសារ​ដែល​បាន​ដោះស្រាយ និង​ដោះស្រាយ​ឲ្យ​ពលរដ្ឋ​ជិត​៤​រយ​គ្រួសារ​បន្ថែម​ទៀត​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ។

តំណាង​សហគមន៍ លោក ម៉ា អ៊ុកជឿន អះអាង​ថា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២១ ខែ​មីនា​ថា ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​ដល់​ពួកគេ​ឲ្យ​បាន​ឆាប់ ពីព្រោះ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺ បាន​អូស​បន្លាយ​អស់​រយៈ​ជាង​១០​ឆ្នាំ​មក​ហើយ។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​នោះ​ទេ ពួកគេ​នឹង​លើកគ្នា​មក​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​មេដឹកនាំ​ថ្មី រក​យុត្តិធម៌​និង​ដំណោះស្រាយ​សមរម្យ​ដល់​ពួកគេ។

លោក ម៉ា អ៊ុកជឿន៖ «ឥឡូវនេះ​រដ្ឋាភិបាល​ថ្មី អ្នកដឹកនាំ​ក៏​ក្មេង រដ្ឋមន្ត្រី​ក៏​ក្មេង ខ្ញុំ​ត្រូវ​តាមដាន​និង​សម្គាល់​មើល​ថា តើ​ឯកសារ ឬ​ញត្តិ​របស់ខ្ញុំ​នេះ ឡើង​មក​ថ្ងៃនេះ តើ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គាត់​មាន​វិធានការ ឬ​ដំណោះស្រាយ​យ៉ាងម៉េច​ដល់​សហគមន៍​យើងខ្ញុំ​នៅ​ខាង​ខេត្ត​ឧត្ដរមានជ័យ​នេះ»

ពលរដ្ឋ​រងគ្រោះ​ម្នាក់ទៀត​នៅ​ភូមិ​អូរបាត់មាន់ លោក ទិម សារ៉ាត់ ដែល​បាត់បង់​ដីស្រែ​ចំនួន​៥​ហិកតារ ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​រងគ្រោះ​ជិត ៤រយ​គ្រួសារ​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​សមរម្យ​ដល់​ពួកគាត់​នោះ​ទេ ផ្ទុយទៅវិញ​អាជ្ញាធរ​មូលដ្ឋាន​បាន​បែងចែក​ដី​ទាំងនោះ​ឲ្យ​ទៅ​ពលរដ្ឋ​មិនមែន​ជា​អ្នក​រងគ្រោះ និង​ឲ្យ​ទៅ​បក្ខពួក​ខ្សែស្រឡាយ​របស់​ខ្លួន ។ លោក​ចាត់ទុក​ទង្វើ​ទាំងនេះ ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ដែល​រងគ្រោះ​ដីធ្លី ហើយ​អាជ្ញាធរ​ថ្នាក់ក្រោម​មិន​ព្រម​ធ្វើតាម​ការ​បញ្ជា​របស់​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដល់​ពួកគេ​នោះ​ទេ។

លោក ទិម សារ៉ាត់៖ «អាជ្ញាធរ​ចែក​តាម​ខ្សែរយៈ​មាន​ទាំង ប៉េអិម មាន​ទាំង​ទាហាន​និយាយ​ឲ្យ​ចំ​សុទ្ធតែ​អ្នកមាន​ស័ក្ដិៗ ហើយ​មាន​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​អត់​មាន​រងគ្រោះ​ទេ គេ​មាន​ខ្សែរយៈ​គេ ពួក​ខ្ញុំ​ដែល​រងគ្រោះ​ពិតប្រាកដ​ដែល​មិន​ទទួល​បាន​ដី​នេះ គឺ​វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ហើយ​ពួក​ខ្ញុំ​ដាក់​សំណើសុំ​ហើយ​សុំ​ទៀត​នៅតែ​អត់»

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង លោក សេង ឡូត និង​អភិបាល​ខេត្ត​ឧត្ដរមានជ័យ លោក ប៉ែន កុសល្យ បានទេ​នៅ​ថ្ងៃទី​២១ ខែ​មីនា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន អង្គរ ស៊ូហ្គឺ (Angkor Sugar) បាន​ដាក់​បណ្ដឹង​សមូហភាព ទៅ​តុលាការ​ថៃ ដើម្បី​ស្វែង​រក​យុត្តិធម៌។ ជនរងគ្រោះ​ប្រមាណ​ជិត ១​ពាន់​គ្រួសារ​បាន​ឈ្នះ​បណ្តឹង​ឧទ្ធរណ៍​ជា​ប្រវត្តិសាស្ត្រ​ដែល​អនុញ្ញាត​ឲ្យ​ពួកគាត់​បន្ត​ឆ្ពោះ​ទៅ​ដាក់​ពាក្យ​បណ្តឹង​សមូហភាព​ប្រឆាំង​នឹង​ក្រុមហ៊ុន​មីត្រផុល (Mitr Phol) ដែល​មាន​ភាគហ៊ុន​១០០​ភាគរយ ជាមួយ​ក្រុមហ៊ុន អង្គរ ស៊ូហ្គឺ (Angkor Sugar) និង​ជា​ក្រុមហ៊ុន​ផលិត​ស្ករស​ដ៏​ធំ​បំផុត​នៅ​តំបន់​អាស៊ី ហើយ​នៅ​ថ្ងៃទី​២៧ ខែ​មីនា ខាងមុខ តុលាការ​ថៃ​នឹង​បើក​សវនាការ ដើម្បី​ពិនិត្យ​មើល​ឯកសារ និង​ភស្តុតាង​របស់​ពលរដ្ឋ​បន្ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​រដ្ឋាភិបាល ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ដកខ្លួន​ចេញ​តាំង​២០១៥​មក ដូច្នេះ​អាជ្ញាធរ​គួរតែ​ធ្វើការ​ដោះស្រាយ​និង​ប្រគល់​ដី​ទាំងនោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ និង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ដល់​ពួកគេ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​ទៅតាម​តម្រូវការ​របស់​ពួកគាត់​។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ប្រញាប់​ដោះស្រាយ​ដល់​ពលរដ្ឋ រងគ្រោះ​នោះ​ទេ ពួកគាត់​នឹង​ប្រឈម​ការ​លំបាក​ជាច្រើន និង​មាន​ពលរដ្ឋ​ជាច្រើន​បន្ត​ចំណាកស្រុក​បន្ថែម​ទៀត។

លោក អៀង វុទ្ធី៖ «ចង់​មិន​ចង់​យើង​ដឹង​ហើយ​ប្រសិនបើ​មិន​ដោះស្រាយ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ របស់​ពួកគាត់ ហើយនឹង​ជំរុញ​ឲ្យ​មាន​ធ្វើការ​ចំណាកស្រុក​ការស្វែងរក​ការងារ​នៅ​ខាងក្រៅ អ៊ីចឹង​គាត់​កាន់តែ​លំបាក​ថែមទៀត​ហើយ បែកបាក់​ក្រុម​គ្រួសារ ការ​ធ្វើ​ការងារ​ក្រៅ​ប្រទេស​មាន​បញ្ហា​ប្រឈម​ច្រើន»

ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​ក្រុមហ៊ុន​មីត្រផុល ចាប់ផ្ដើម​នៅ​ឆ្នាំ​២០០៨ នៅពេល​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ​មួយ​នេះ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ជិត​២​ម៉ឺន (២០.០០០) ហិកតារ​ដើម្បី​វិនិយោគ​ដាំ​ដំណាំ​អំពៅ​ចំនួន ៧០​ឆ្នាំ នៅ​ខេត្ត​ឧត្តរមានជ័យ។ ការ​វិនិយោគ​ដាំ​ដំណាំ​អំពៅ​របស់​ក្រុមហ៊ុន​ថៃ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ភូមិ​ចំនួន​ភូមិ​ប្រាំ​រួមមាន ភូមិ​តាម៉ាន ភូមិ​ត្រពាំងវែង ភូមិ​ខ្ទុំ ភូមិ​អូរបាត់មាន់ ភូមិ​បុស្ស​សង្កាត់​កូន​ក្រៀល ក្នុង​ក្រុង​សំរោង​។ ការ​ប៉ះទង្គិច​រវាង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ការពារ​ឱ្យ​ក្រុមហ៊ុន​ជាមួយ​អ្នកភូមិ​ក៏​កើត​មាន​ឡើង​។ ផ្ទះ​សម្បែង​ពលរដ្ឋ​២២៣​ខ្នង នៅ​ភូមិ​អូរ​បាត់​មាន់ ត្រូវ​បាន​កម្លាំង​របស់​ក្រុមហ៊ុន​ដុត​បំផ្លាញ​ចោល​ទាំងស្រុង ដើម្បី​បង្ខំ​ឱ្យ​អ្នកភូមិ​ចាកចេញ។ រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ពលរដ្ឋ​ដែល​រងគ្រោះ​គ្មាន​ដី​សម្រាប់ ធ្វើស្រែ​ចម្ការ​បណ្ដាល​ឱ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​សុខភាព ការ​រៀនសូត្រ​របស់​កូនចៅ និង​ការ​ចំណាកស្រុក​កើន​ឡើង ហើយ​អ្នកភូមិ ៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ទៀត​ផង​។ មក​ទល់​ពេល​នេះ តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅតែ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ពួកគាត់​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។