ជនជាតិ​ដើម​ព្នង​នៅ​ខេត្តមណ្ឌលគិរី​តវ៉ា​ទាមទារ​ដី​ធ្វើ​ចម្ការ​ក្រោយ​ពី​អាជ្ញាធរ​ហាម​មិន​ឱ្យ​ដាំ​ដុះ

ដោយ សេក បណ្ឌិត
2024.03.30
ជនជាតិ​ដើម​ព្នង​នៅ​ខេត្តមណ្ឌលគិរី​តវ៉ា​ទាមទារ​ដី​ធ្វើ​ចម្ការ​ក្រោយ​ពី​អាជ្ញាធរ​ហាម​មិន​ឱ្យ​ដាំ​ដុះ ជនជាតិ​ដើម​ព្នង​តវ៉ា​ទាមទារ​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​មេ​ប៉េអឹម (PM) លោក សៅ សុខា អនុញ្ញាតឱ្យ​ពួកគាត់​ធ្វើ​ចម្ការ​ក្នុង​តំបន់​ដី​សមូហភាព​សហគមន៍ កាល​ពី​ថ្ងៃទី២៩ មីនា ២០២៤។
រូប​៖ សហគមន៍ផ្តល់ឱ្យ

ជនជាតិ​ដើម​ព្នង​នៅ​ថ្ងៃទី​២៩ មីនា តវ៉ា​ទាមទារ​ឱ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​មេ​ប៉េអឹម (PM) លោក សៅ សុខា អនុញ្ញាត​ឱ្យ​ជនជាតិ​ដើម​ភាគតិច ៧ ភូមិ អាច​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​បែប​ប្រពៃណី​ចិញ្ចឹម​ជីវិត ក្នុង​ដី​សមូហភាព​សហគមន៍​ភូមិ​ពូលុ និង​ភូមិ​ឡាំម៉េះ។

ជនជាតិ​ដើម​ភាគតិច ៧​ភូមិ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា នៅ​ទី​ទាំង​ដី​សមូហភាព​សហគមន៍​ក្នុងភូមិ​ពូលុ ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ កំពុង​អនុវត្ត​យុទ្ធនាការ​ចុះ​បង្ក្រាប​បទ​ល្មើស​ធនធានធម្មជាតិ ឋិត​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀរ។

តំណាង​សហគមន៍​លោក ក្លាង ថូល ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយ​ពី​តវ៉ា​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ជួប​ជាមួយ​ប្រជា​សហគមន៍​ដោយ​សន្យា​ថា នឹង​ដោះស្រាយ​សំណូមពរ​របស់​ជនជាតិ​ដើម​ភាគតិច ហើយ​បញ្ជូន​មន្ត្រី​ជំនាញ​សិក្សា​ពី​ស្ថានភាព​ដី​ដាំ​ដុះ​ជាក់ស្តែង ដើម្បី​កាត់​ឆ្វៀល​ប្រគល់​ជូន​សហគមន៍​ប្រើប្រាស់។

លោក​ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​នៅ​មាន​ចំណុច​ខ្លះ​ពលរដ្ឋ​មិនទាន់​ទទួល​យក​បាន គឺ​ក្រសួង​ដែនដី​បន្ត​ពន្យារ​ពេល​ចេញ​ប័ណ្ណ​សមូហភាព និង​មិនបាន​ពិនិត្យមើល​ពី​លក្ខន្តិកៈ​សហគមន៍ ដែល​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ឯកភាព​ទទួល​ស្គាល់​សហគមន៍​រួច​ហើយ។

នៅ​ថ្ងៃ​នៅ​ថ្ងៃទី២៩ មីនា តំណាង​សហគមន៍ ៧​ភូមិ បាន​ដាក់​ញត្តិ ស្នើសុំ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា និង​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន យោគយល់​និង​អធ្យាស្រ័យ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​អាច​ប្រកប​បបរ​ធ្វើស្រែ​ចម្ការ​បែប​ប្រពៃណី​ចិញ្ចឹម​ជីវិត។

ខ្លឹមសារ​ញត្តិ​បន្ថែម​ថា មុន​ឆ្នាំ​១៩៧០ ជនជាតិ​ដើម​ភាគតិច​ព្នង​តែងតែ​រស់នៅ​ជា​ក្រុម​បែប​កុលសម្ព័ន្ធ មាន​ភូមិ​សរុប ១៩ ភូមិ រហូតដល់​ឆ្នាំ ១៩៨៦ រដ្ឋាភិបាល​បាន​បង្រួម​ភូមិ​នៅសល់ ៧ ភូមិ​ប៉ុណ្ណោះ​ទល់​បច្ចុប្បន្ន​។ រីឯ​ពលរដ្ឋ​ចំនួន ៧​ភូមិ ក្នុង​ឃុំ​ប៊ូស្រា សរុប​ជាង ២​ពាន់​គ្រួសារ មាន​ជីវភាព​ពឹងផ្អែក​លើ​ដី​សមូហភាព​សហគមន៍​ឋិត​ក្នុងភូមិ​ពូលុ និង​ភូមិ​ឡាំម៉េះ។

អ្នកភូមិ​ថា ទៅ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាងហោចណាស់ ៣ ក្រុមហ៊ុន​វិនិយោគ​ដី​រាប់​ម៉ឺន​ហិកតារ ជុំវិញ​ភូមិឋាន​ពួកគាត់ ធ្វើ​ឱ្យ​បាត់បង់​ធនធាន​ធម្មជាតិ និង​បាត់បង់​ដីធ្លី។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២៩ មីនា។

ក៏ប៉ុន្តែ​ប្រជា​សហគមន៍​ថា អភិបាលខេត្ត​រូប​នេះ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​២៩ មីនា ធ្វើ​នៅ​សាលាខេត្ត​មណ្ឌលគិរី​ថា នឹង​សិក្សា​ទីតាំង​ដី​ដែល​ជនជាតិ​ដើម​ភាគតិច​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង ដើម្បី​ពិចារណា​កាត់​ឆ្វៀល​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀរ។ លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​ដក​ហូត​យក​ដី​ព្រៃ​អភិរក្ស​ដែល​ទើប​កាប់​ទន្ទ្រាន​ថ្មីៗ ជា​សម្បត្តិ​រដ្ឋ​វិញ និង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ពលរដ្ឋ។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី យល់​ថា ជនជាតិ​ដើម​ភាគតិច​បាន​ប្រើប្រាស់​សិទ្ធិ​ប្រតិបត្តិ​ដី​កសិកម្ម​របស់​ខ្លួន តាម​បែប​ប្រពៃណី អាជ្ញាធរ​គួរតែ​ទទួល​យក​សំណូម​របស់​ពួកគាត់​ដោះស្រាយ ស្របតាម​ច្បាប់ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

លោក ប៊ី វ៉ាន់នី៖ «ឃើញ​មន្ត្រី​បរិស្ថាន​ដើរ​ល្បាត តែ​ហេតុអ្វី​បានជា​យើង​មិន​ព្រម​ធ្វើ​ការ​ហាមឃាត់ ប្រជាពលរដ្ឋ​យើង កុំ​ឱ្យ​គាត់​ទាន់​កាប់​ទន្ទ្រាន ដើម្បី​ពន្យល់​ពី​ច្បាប់ ដល់​គាត់​។ ពេល​គាត់​កាប់​ទន្ទ្រាន​ខ្លះ​ដាំ ៥ ឆ្នាំ និង ១០ ឆ្នាំ ធ្វើ​ឱ្យ​មាន​វិវាទ»

ញត្តិ​របស់​ប្រជា​សហគមន៍​ស្នើ​ឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​សហគមន៍​ប្រើប្រាស់​ជាក់ស្តែង​ចេញ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាមលៀរ និង​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០១។

ក្រោយ​ពី​ពលរដ្ឋ​លើកគ្នា​តវ៉ា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បាន​អនុញ្ញាត​ឱ្យ​តំណាង​សហគមន៍​ចូល​ប្រជុំ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ក៏ប៉ុន្តែ​មិនទាន់​ឯកភាព​គ្នា​ទាំងស្រុង​នៅឡើយ​ទេ។

ជនជាតិ​ដើម​ភាគតិច​បន្ត​ថា នឹង​លើកគ្នា​តវ៉ា​បន្ត​ទៀត ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​សំណូមពរ របស់​ពួកគាត់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។