អតិថិជនបុរីពិភពថ្មីគ្មានជំនឿថា ក្រសួងដែនដីនឹងជំរុញឱ្យភាគីក្រុមហ៊ុនទទួលទិញផ្ទះពួកគាត់
2024.03.22

អតិថិជនទិញផ្ទះបង់រំលស់ពីម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មីមិនរំពឹងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អាចជំរុញឱ្យភាគីក្រុមហ៊ុនបុរីពិភពថ្មីទទួលទិញផ្ទះរបស់ពួកគាត់តាមកិច្ចសន្យាឡើយ។ ពួកគាត់អះអាងបែបនេះ គឺដោយសារពួកគាត់ធ្លាប់ជួបជជែកពិភាក្សាជាមួយក្រសួងដែនដី និងភាគីក្រុមហ៊ុនបុរីពិភពថ្មី ជាច្រើនលើក ប៉ុន្តែក្រសួងនៅតែគ្មានដំណោះស្រាយសមរម្យសម្រាប់ពួកគាត់។
ក្រុមអតិថិជនដែលអស់លទ្ធភាពបង់ប្រាក់បន្តឱ្យទៅក្រុមហ៊ុនបុរីពិភពថ្មីអស់ទំនុកចិត្តលើកិច្ចអន្តរាគមន៍របស់ក្រសួងដែនដី បន្ទាប់ពីពួកគាត់រង់ចាំដំណោះស្រាយអស់រយៈពេលជិត១ឆ្នាំនៅតែគ្មានការឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ពួកគាត់។
អតិថិជនបង់រំលស់បុរីពិភពថ្មីនៅខណ្ឌដង្កោ លោកស្រី គង់ លីដា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែមីនា ថា លោកស្រីគ្មានសង្ឃឹមនឹងទទួលបានលុយត្រឡប់មកវិញនោះទេ ពីព្រោះការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងដែនដីកន្លងទៅគឺគ្មានដំណោះស្រាយឡើយ ។ ផ្ទុយទៅវិញលោកស្រីថា ក្រសួងដែនដីបែរជាយល់ស្របជាមួយភាគីក្រុមហ៊ុនបុរីពិភពថ្មីដោយឱ្យអតិថិជនបង់រំលស់ផ្ទះបន្ត។
លោកស្រី គង់ លីដា៖ «ខ្ញុំពិបាកក្នុងការនិយាយនិយាយត្រង់ហ្មងមិនដឹងរំពឹងយ៉ាងម៉េចទេឥឡូវហ្នឹង។ ជឿជាក់ថាក្រសួងដែនដីលោកដោះស្រាយឱ្យប៉ុន្តែចូលរួមប្រជុំប៉ុន្មានដងហើយនៅមិនទាន់ឃើញមានដំណោះស្រាយ ខាងខណ្ឌក៏មិនទាន់មានដំណោះស្រាយហើយខាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីថ្ងៃមុនចុះមកយកញាតិរបស់ពួកខ្ញុំនៅខណ្ឌកំបូលទាំងយប់រហូតមកដល់ឥឡូវស្ងាត់ឈឹងដំណោះស្រាយអត់ទាន់ឃើញមានរហូតដល់ឥឡូវដែរ»។
កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅក្រសួងដែនដីបានអញ្ជើញភាគីថៅកែក្រុមហ៊ុនបុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ ដើម្បីជួបដោះស្រាយបញ្ហាជាមួយអតិថិជន។ ការជួបពិភាក្សានេះគឺក្រោយពេលដែលក្រុមអតិថិជនបុរីពិភពថ្មីបានដាក់ញាតិទៅក្រសួងដែនដីជាច្រើនលើក ហើយការជួបពិភាក្សានោះគ្មានដំណោះស្រាយសមរម្យឡើយ។
ដោយឡែកអតិថិជនបុរីពិភពថ្មីម្នាក់ទៀត ដែលត្រូវបានក្រុមហ៊ុនរឹបអូសយកផ្ទះជាស្ថាពរ លោកស្រី បាន សុផល រៀបរាប់ទាំងអស់សង្ឃឹមថា លោកស្រីបានស្វែងរកអន្តរាគមន៍តាំងពីថ្នាក់ខណ្ឌរហូតដល់ក្រសួងដែនដី ប៉ុន្តែមកទាល់ពេលនេះគ្មានតម្រុយដោះស្រាយអ្វីសោះ។ ស្ត្រីវ័យ ៥៧ឆ្នាំរូបនេះបន្តថា លោកស្រីធ្លាក់ខ្លួនឈឺ ហើយចៅ ៤នាក់ទៀតប្រឈមនឹងការបោះបង់ការសិក្សាដោយសារក្រុមហ៊ុនមិនទូទាត់ប្រាក់សំណងត្រឡប់មកវិញ។
លោកស្រី បាន សុផល៖ «ខ្ញុំរាល់ថ្ងៃតវ៉ាឡើងឈឺហើយហ្នឹងទៅតវ៉ាដាច់បាយដាច់ទឹកហត់ពិបាកយើងចាស់ហើយការដោះស្រាយ អត់មានការដោះស្រាយអត់មានខ្ញុំទៅជួបខាងការិយាល័យ [office] គេគេថាអត់មានគោលការណ៍ទេមានសំណងមានអីអត់ទេអាហ្នឹងគេលុបចោលអស់ហើយ កាលខ្ញុំទិញនៅបុកគ្រឹះគេថា កាលណាយើងអស់លទ្ធភាពគេឱ្យយើង ៥០ភាគរយវិញកាលហ្នឹងមិនអស់លទ្ធភាពអីកាលហ្នឹងខ្ញុំខានបង់តែមួយខែជាងឱ្យខ្ញុំរើចេញហ្មង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុនបុរីពិភពថ្មី និងអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២២ ខែមីនា ។
ទោះជាយ៉ាងណាគណនីហ្វេសប៊ុក (Facebook) របស់អ្នកឧកញ៉ា ហុង ពីវ បាន បង្ហោះកាលពីថ្ងៃទី១ ខែមីនា បង្ហាញថា ក្នុងរយៈពេល ៤ខែលោកបានទិញផ្ទះចូលវិញចំនួន ជិត ២ពាន់ខ្នងផ្ទះ (១៨៧.៧) ដែលចំណាយអស់ទឹកប្រាក់សរុបចំនួនជិត ២លានដុល្លារ (១៩.៦១៩.៨១៨)។ ប៉ុន្តែអតិថិជនថា អ្នកឧកញ៉ា ហុង ពីវ មិនបានទទួលទិញផ្ទះពីអតិថិជនដូចការអះអាងឡើយ ។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធគួរតែពន្លឿននីតិវិធីដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់។ លោកបន្តថា ការអូសបន្លាយការដោះស្រាយនឹងធ្វើឱ្យពលរដ្ឋកាន់តែធ្លាក់ខ្លួនក្រីក្រ និងបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល។
លោក អំ សំអាត៖ «ប្រសិនបើពលរដ្ឋគាត់អស់លទ្ធភាពបង់តែការក៏អស់លទ្ធភាពហើយបើនៅតែបង្ខំអាហ្នឹងអាចនឹងមិនមានដំណោះស្រាយអាចចេញរួចតទៅទៀត។ អ៊ីចឹងជម្រើសអាចជ្រើសរើសជម្រើសផ្សេង ដែលអាចទទួលយកបាន ហើយពលរដ្ឋលោកមានលទ្ធភាព អាហ្នឹងវាជម្រើសល្អជាជាងដោះស្រាយមិនត្រូវរ៉ូវគ្នា ហើយបង្កឱ្យមានបញ្ហាហ្នឹងតទៅទៀត ហើយពលរដ្ឋលោកជួបទុក្ខលំបាកបន្តទៀត»។
អ្នកឃ្លាំមើលសង្កេតឃើញថា បើទោះបីជាអ្នកឧកញ៉ា ហុង ពីវ រកស៊ីបំពានកិច្ចសន្យាលក់អចលនទ្រព្យយ៉ាងណាក្ដី ក៏ឧកញ៉ារូបនេះនៅតែអាចរស់នៅដោយសុខស្រួល ពោលគឺ គ្មានអាជ្ញាធរណាតាមធ្វើទុក្ខបុកម្នេញ ឬដកហូតគោរមងារជាឧកញ៉ាឡើយ។ ផ្ទុយពីប្រជាពលរដ្ឋរងគ្រោះ ដែលចេញតវ៉ាស្វែងរកដំណោះស្រាយតែងតែត្រូវបានអាជ្ញាធរបង្ក្រាបដោយហិង្សា និងបិទផ្លូវមិនឱ្យពួកគាត់តវ៉ា ខណៈផ្ទះរបស់អតិថិជនមួយចំនួន ត្រូវបានក្រុមហ៊ុនផ្សារដែកបិទ ឬចាក់សោពីខាងក្រៅ និងដាក់ស្លាកថា ផ្ទះរបស់ក្រុមហ៊ុនអនុវត្តតាមកិច្ចសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។