មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​សាលា​ក្រុង​ភ្នំពេញ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា

ដោយ អូន ភាព
2019.11.26
បុរីកីឡា 091619 កម្លាំង​ចម្រុះ​របស់​សាលាក្រុង​ភ្នំពេញ​កំពុង​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)

មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ ការ​ព្រងើយ​កន្តើយ​របស់​សាលា​ក្រុង​ភ្នំពេញ ដែល​មិន​ព្រម​ដោះ​ស្រាយ​បញ្ចប់​ករណី​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បុរី​កីឡា​កណ្ដាល​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ឲ្យ​វិបត្តិ​នេះ​រីក​រាល​ដាល​កាន់​តែ​ធំ​ទៅ នា​ពេល​ខាង​មុខ។ ចំណែក​ពលរដ្ឋ​បុរី​កីឡា​អះអាង​ថា ខ្លួន​នឹង​ដាក់​ញត្តិ​ផ្ញើ​ទៅ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ដោយសារ​សាលា​ក្រុង​ភ្នំពេញ​មិន​បាន​ស្ដាប់​ការ​ទាមទារ​របស់​ពលរដ្ឋ ដែល​ចង់​បាន​ត្រឹម​កន្លែង​រស់​នៅ​សមរម្យ។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ផ្ដល់​សំណង​មិន​សមរម្យ​ដល់​ពលរដ្ឋ មិន​អាច​ធ្វើ​ឲ្យ​វិបត្តិ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា​បញ្ចប់​ដោយ​សន្តិវិធី​ទេ ហើយក៏​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត​នោះ​ដែរ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា យល់​ថា ការ​ដោះ​ស្រាយ​ដល់​ពលរដ្ឋ​ឲ្យ​ទទួល​បាន​សំណង​សមរម្យ គឺ​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ ដែល​ត្រូវ​ផ្ដល់​ឲ្យ​ពលរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​សង្កេត​ឃើញ​ថា ករណី​វិបត្តិ​ដីធ្លី​នៅ​បុរី​កីឡា​នេះ អាជ្ញាធរ​បាន​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ភាគ​ច្រើន​ហើយ ដូច្នេះ​អាជ្ញាធរ​គួរ​ដោះ​ស្រាយ​បញ្ចប់​អ្វី​ដែល​នៅ​សេសសល់៖ «»

ស្រដៀង​គ្នា​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​យល់​ថា អាជ្ញាធរ​គួរ​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នេះ​ចៀស​វាង​កើត​មាន​បញ្ហា​ធំ​ទៅ​ថ្ងៃ​មុខ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ទៅ​ភាគី​សាលា​ក្រុង​ភ្នំពេញ និង​ពលរដ្ឋ​គួរ​មាន​ការ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​បន្ទន់​ឥរិយាបថ​រៀង​ខ្លួន ដើម្បី​រក​ចំណុច​រួម​មួយ​នៃ​ការ​ផ្ដល់​សំណង​នេះ៖ «»

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អភិបាល​រាជធានី​ភ្នំពេញ ​លោក ឃួង ស្រេង និង​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ម៉េត មាសភក្តី ជាច្រើន​ដង​នៅ​ថ្ងៃទី២៥ វិច្ឆិកា  ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ពលរដ្ឋ​បុរី​កីឡា​លោកស្រី ភោគ សុភីន ប្រាប់​ថា លោកស្រី និង​ពលរដ្ឋ​បុរី​កីឡា​ផ្សេង​ទៀត​ព្យាយាម​សុំ​ជួប​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ដើម្បី​ជជែក​ពី​ការ​ផ្តល់​សំណង​នៃ​ការ​វាយ​កម្ទេច​អាគារ ប៉ុន្តែ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​បាន​ព្រងើយ​កន្តើយ​មិន​ឆ្លងឆ្លើយ និង​មិន​លើក​លេខ​ទូរស័ព្ទ​របស់​ពលរដ្ឋ​នោះ​ទេ។ លោក​ស្រី​បន្ត​ថា បើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​តែ​ធ្វើ​បែប​នេះ​ទៀត ក្រុម​ពលរដ្ឋ​នឹង​ដាក់​ញត្តិ​ទៅ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍៖ «»

លោកស្រី ភោគ សុភីន ​ប្រាប់​ថា អ្វីដែលពលរដ្ឋទាំង១២គ្រួសារចង់​បាន គឺការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដែល​ជា​ការ​ផ្ដល់​បន្ទប់​អាគារ​ឲ្យ​ពួក​គាត់​នៅ​តំបន់​បុរី​កីឡា​ដដែល ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​បែរជា​ឲ្យ​ពួក​គាត់​ទៅ​នៅផ្ទះ​ឯ​ភូមិ​អណ្ដូង ខណ្ឌ​ព្រែកព្នៅ ជាយ​ក្រុង​ភ្នំពេញ ដែល​ជា​តំបន់​ដាច់​ស្រយាល​ ឬ​ទទួល​ទឹក​ប្រាក់​ពី​បី​ពាន់ (.០០០) ទៅ ៥ពាន់ (.០០០) ដុល្លារ ដែល​មិន​ស័ក្ដិសម នឹង​ការ​បាត់​បង់​លំនៅឋាន​របស់​ពលរដ្ឋ​ឡើយ។

កាលពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា កន្លងទៅ កម្លាំង​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​វាយ​កម្ទេច​អាគារ​បុរី​កីឡា​ចាស់ និង​ចាប់​ខ្លួន​ពលរដ្ឋ ដែល​មិន​ព្រម​ទទួល​សំណង​មួយ​ចំនួន​យក​ទៅ​ឃុំខ្លួន។ ពលរដ្ឋ​បុរី​កីឡា បាន​រង​គ្រោះ​ម្ដង​រួច​ទៅ​ហើយ កាល​ពី​​ឆ្នាំ២០១២ ដោយ​អាជ្ញាធរ​ក្រុង​​ភ្នំពេញ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ​នៅ​សហគមន៍​​បុរី​កីឡា ដែល​មិន​ព្រម​ចាក​ចេញ ដើម្បី​យក​ដី​នោះ​ឲ្យ​ទៅ​ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។