អ្នក​មាន​ទំនាស់​ដី​នៅ​កំពង់ឆ្នាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ពន្លឿន​ការ​ដោះស្រាយ

ដោយ ជិន ជេដ្ឋា
2014.03.25
ជម្លោះ​ដីធ្លី កំពង់ឆ្នាំង ៦១០ ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង រង់ចាំ​ទទួល​អំណោយ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤។
RFA/Chin Chetha

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ឡពាង នៃ​ឃុំ​តាជេស។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​នៅ​អំឡុង​ពេល​នៃ​ការ​ចុះ​ចែក​អំណោយ​សប្បុរសជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក ដល់​ប្រជាពលរដ្ឋ​ភូមិ​ឡពាង ជាង ១០០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា។

តំណាង និង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង បញ្ជាក់​ថា វិបត្តិ​ដីធ្លី​របស់​ពួក​គាត់​នឹង​មិន​អាច​ដោះស្រាយ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​បាន​នោះ​ទេ ខណៈ​ដែល​គណៈកម្មការ​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត​ជុំវិញ​រឿង​នេះ តាំង​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៤ មិន​ទាន់​ឃើញ​មាន​សកម្មភាព​អ្វី​សោះ​នោះ។

ប្រជាពលរដ្ឋ​ម្នាក់ លោក អៀរ ចិន មាន​ប្រសាសន៍​ថា អំណោយ​ជា​អង្ករ និង​ទឹក​ស៊ីអ៊ីវ ដែល​លោក​ទទួល​បាន​នៅ​ថ្ងៃ​នេះ គឺ​គ្រាន់​តែ​បាន​ដោះស្រាយ​មួយ​គ្រា​ខ្លី​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​ជា​អាយុ​ជីវិត និង​ក្ដី​សង្ឃឹម​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​លោក​ឲ្យ​មាន​ភាព​ថិតថេរ​នោះ គឺ​ដី​ស្រែ​ទំហំ ២​ហិកតារ ដែល​ក្រុមហ៊ុន​បាន​រំលោភ​យក។ លោក​បន្ត​ថា ក្រោយ​ពី​មាន​ជម្លោះ​ដីធ្លី​ជាង ១០​ឆ្នាំ​មក​នេះ ជីវភាព​គ្រួសារ​លោក​បាន​ធ្លាក់​ដុនដាប​ខ្លាំង តែ​លោក​សង្ឃឹម​ថា​នឹង​អាច​ស្ដារ​ជីវភាព​នេះ​ឡើង​វិញ​បាន ប្រសិន​បើ​លោក​ទទួល​បាន​ដី​ស្រែ​មក​ធ្វើ​កសិកម្ម​វិញ៖ «សូម​សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​ដោះស្រាយ​ដី​ខ្ញុំ​បាន​មក​វិញ។ សព្វថ្ងៃ​កូន​ចៅ​ចេញ​ដើរ​ស៊ី​ឈ្នួល​គេ​អស់​ហើយ​ទៅ​ថៃ ហើយ​នៅ​ខ្ញុំ​ស៊ី​ឈ្នួល​គេ​ដក​ស្ទូង ខំ​កាប់​ស្លឹក​ដេរ​រក​ទទួល​ទាន ខែ​វស្សា​ឡើង​កាប់​ជន្លេន ចាប់​កូន​កង្កែប​រក​ចិញ្ចឹម​ជីវិត​សព្វថ្ងៃ»

ទាក់ទង​បញ្ហា​នេះ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​វិទ្យុ​អាស៊ីសេរី ឡើយ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ដោយ​លោក​ទាមទារ​ឲ្យ​ធ្វើ​លិខិត​ស្នាម​តាម​បែប​បទ​រដ្ឋបាល​ចូល​ទៅ​សាលា​ស្រុក ឬ​ខេត្ត មុន​នឹង​ធ្វើ​ការ​សម្ភាស។

យ៉ាង​ណា មេ​ឃុំ​តាជេស លោក សួស ស៊ីផៃ បញ្ជាក់​ថា គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​រឿង​ដីធ្លី​នៅ​ភូមិ​ឡពាង នេះ​បាន​បង្កើត​រួច​ហើយ និង​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​អ្វី​នោះ​ទេ ប៉ុន្តែ​មិន​ទាន់​មាន​ដំណើរ​ការ ដោយ​រង់ចាំ​មើល​សកម្មភាព​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត៖ «អនុវត្ត​ទៅ យើង​នឹង​ដឹង​ពី​លទ្ធផល​ពី​ការ​អនុវត្ត​ការងារ។ សេចក្ដី​ត្រូវ​ការ​របស់​គាត់ អាច​ធំ​អាច​តូច​ទៅ​តាម​គ្រួសារ​នីមួយៗ ហើយ​យើង​មិន​អាច​ទស្សន៍ទាយ​បាន​ទេ​ថា តើ​គាត់​នឹង​ត្រូវ​ការ​អ្វី ប៉ុន្តែ​ខ្ញុំ​ឃើញ​បង​ប្អូន​ប្រជាពលរដ្ឋ​គាត់​ឆ្លាត ព្រម​ទទួល​យក​ការ​ដោះស្រាយ ដើម្បី​គាត់​យក​ថវិកា​គាត់​ទៅ​រក​ទិញ​ដី​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​បង្កបង្កើនផល»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៤ តំណាង​អ្នក​ភូមិ​ឡពាង និង​មន្ត្រី​នៃ​សមាគម​អាដហុក (Adhoc) បាន​ប្រតិកម្ម និង​ធ្វើ​សំណើ​ទៅ​កាន់​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​ដក​សមាជិក​នៃ​គណៈកម្មការ​នេះ​ចំនួន ៤​រូប ក្នុង​ចំណោម ១៥​រូប​ដែល​បាន​បង្កើត​ឡើង គឺ​មាន​ទី​១ លោក ថៃ ហ៊ី ទី​២ លោក ឡំ ឡី ទី​៣ លោក ដង គ្រីយ៉ា និង​ទី​៤ លោក ជួប ច័ន្ទធឿន ដោយ​អះអាង​ថា អ្នក​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ទំនាស់​ផល​ប្រយោជន៍​ក្នុង​រឿង​ដីធ្លី​នៅ​ភូមិ​ឡពាង។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែង​ថា ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព ឬ​នីតិវិធី​ថ្មី​ក្នុង​ជួរ​គណៈកម្មការ​ចម្រុះ​នោះ​ទេ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុក​ចិត្ត និង​គ្មាន​ការ​ចូល​រួម​ពី​ពួក​គាត់ ដែល​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នេះ៖ «គណៈកម្មការ​នេះ​ត្រូវ​ប្រកាន់​ជំហរ​មួយ គឺ​ជំហរ​ឯករាជ្យ​ជំហរ​ស្វែង​រក​យុត្តិធម៌ និង​ដំណោះស្រាយ»

តំណាង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង លោក រាជ សីម៉ា បញ្ជាក់​ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី អាច​នៅ​បន្ត​អូស​បន្លាយ​យូរ​ទៀត ប្រសិន​បើ​អាជ្ញាធរ​មិន​ជ្រើស​រើស​យក​គ្រួសារ​ដែល​ធ្លាប់​មាន​ទំនាស់​ចំនួន ១០៨​គ្រួសារ ក្នុង​ចំណោម ៥២​គ្រួសារ ដែល​កំពុង​តវ៉ា​សព្វថ្ងៃ​មក​ដោះស្រាយ។ លោក​ថា ការ​អូស​បន្លាយ​ពេល​វេលា​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​ភូមិ​កាន់​តែ​ខ្លាំង បើ​ទោះ​បី​ជា​មាន​អំណោយ​សប្បុរសធម៌​ដូច​ថ្ងៃ​នេះ​រាប់​សិប​ដង​ទៀត ក៏​មិន​អាច​ទ្រទ្រង់​ជីវភាព​ពួក​គាត់​បាន​ដែរ។

ជំនួយ​សប្បុរសធម៌​ពី​ពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​នាំ​យក​អង្ករ​ចែក​ជូន​អ្នក​ភូមិ​ឡពាង ចំនួន ១០២​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន ១៣​គីឡូក្រាម ទឹក​ត្រី ១​ដប និង​សម្ភារៈ​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​នេះ មាន​ជំនួយ​ជា​សាលា​រៀន​សម្រាប់​កុមារ​ពី​ថ្នាក់​ទី​១ ដល់​ទី​៣ ចំនួន​១​ខ្នង ៣​បន្ទប់ ដែល​គ្រោង​នឹង​សាងសង់​ក្នុង​ភូមិ​ឡពាង ផ្ទាល់​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។