ពលរដ្ឋ​រស់​នៅ​អម​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​តវ៉ា​ទាមទារ​សំណង​លើក​ទី​៥៩

ដោយ ហ៊ុំ ចំរើន
2017-04-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​រស់​នៅ​អម​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​នៅ​មុខ​សាលាក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided
ពលរដ្ឋ​រស់​នៅ​អម​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​នៅ​មុខ​សាលាក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​ជាង ១០​នាក់ ​​រស់​នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មេសា បាន​​តវ៉ា​សា​ជា​ថ្មី​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។

​​​​​នេះ​ជា​លើក​ទី​៥៩ ហើយ ដែល​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួកគាត់។

​​តំណាង​អ្នក​តវ៉ា​ម្នាក់​រស់​នៅ​សង្កាត់​ផ្សារកណ្ដាល លោក តុត សុខ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ថា មូលហេតុ​ដែល​ពួកគាត់​តវ៉ា​សា​ជា​ថ្មី ដោយសារ​ទន្ទឹង​រង់ចាំ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត នាំ​ពាក្យ​បណ្ដឹង​របស់​ពួកគាត់​ដាក់​ទៅ​អន្តរក្រសួង ដើម្បី​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួកគាត់​ជា​ច្រើន​ថ្ងៃ​ហើយ តែ​ពុំ​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ៖ «រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ គាត់​អត់​បាន​ដោះស្រាយ​អី​ឲ្យ​ពួកគាត់​ខ្ញុំ​ទេ។ ខ្ញុំ​តវ៉ា​នេះ​ចង់​ឲ្យ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​ជូន​ពួកគាត់​ដែល​រង​ផល​ប៉ះពាល់​ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​ទាំង​បង្ខំ អ្នក​ខ្លះ​បាញ់​ថ្នាំ​ឲ្យ​កាត់​ផ្ទះ​ខ្លះ បាញ់​ថ្នាំ​ឲ្យ​រុះរើ​ជា​ដើម»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​លោក ម៉ែន សុភ័ណ ដើម្បី​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា លោក ម៉ែន សុភ័ណ អះអាង​ថា អាជ្ញាធរ​ក្រុង​មួយ​នេះ​បាន​យក​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ទៅ​អន្តរ​ក្រសួង​​អស់​ហើយ៖ «ឥឡូវ​ពាក្យ​បណ្ដឹង​នោះ​បាន​ដល់​ដៃ​អន្តរក្រសួង​ហើយ អន្តរក្រសួង​ជា​អ្នក​ទទួល​បន្ទប់​​ការងារ​នេះ នៅ​ពេល​ដែល​គាត់​ឃើញ​ហើយ គាត់​នឹង​ឆ្លង​ថ្នាក់​ថ្នាក់​ក្រោម​គាត់ ហើយ​គាត់​ដោះស្រាយ​យ៉ាង​មិច​ជា​រឿង​របស់​គាត់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​​ថា បញ្ហា​នេះ​ អាជ្ញាធរ​​គ្រាន់​តែ​ជា​ការ​​​ឆ្លើយ​​រុញ​ដាក់​គ្នា​ដើម្បី​ឲ្យ​ក្រុម​អ្នក​តវ៉ា​បាន​ស្ងប់​ចិត្ត​មួយ​គ្រា ដោយ​ពុំ​មាន​ដំណោះ​ស្រាយ​ជូន​ពួកគាត់​នោះ​ទេ៖ «កន្លង​មក​យើង​ឃើញ​គេ​យក​ខាង​អន្តរក្រសួង កាល​ពី​ថ្ងៃ​ទី​១៤ មីនា​ ពុំ​បាន​ឆ្លើយ​ឲ្យ​ច្បាស់លាស់​ថា ដោះស្រាយ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ទេ គឺ​គ្រាន់​តែ​មក​ប្រាប់​ពួកគាត់​ឲ្យ​តែ​បាន​លឺ​សំឡេង​និយាយ​ប៉ុណ្ណឹង​ទេ»

​​​​​កន្លង​ទៅ ក្រុម​អ្នក​តវ៉ា​ចំនួន ៣២​គ្រួសារ ​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ការ​ប៉ះពាល់​របស់​ពួក​គាត់ លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ដើម្បី​ដោះស្រាយ​សំណង​តាម​ផ្លូវ​ច្បាប់។ ការ​តវ៉ា​លើក​ទី​៥៩​នេះ​ អាជ្ញាធរ​ក្រុង​ពុំ​បាន​ចេញ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​​​ពលរដ្ឋ​ទេ​ ហើយ​ពួកគាត់​​ក៏​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បន្ទាប់​​ពី​ពួកគាត់​តវ៉ា​អស់​ជាង ១​ម៉ោង។ ក្រុម​អ្នក​តវ៉ា​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពុំ​បាន​ដោះស្រាយ​សំណង​ប៉ះពាល់​ជូន​ពួកគាត់ ដែល​អាច​ទទួល​យក​បាន​ទេ ពួកគាត់​នឹង​​តវ៉ា​សា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល