អាជ្ញាធរ​ខេត្ត​ព្រះវិហារ​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ រឿង​ចុះ​បង្ក្រាប​រឹបអូស​ដីធ្លី ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ឈឺចិត្ត​សម្លាប់​ខ្លួន

ដោយ យ៉ង ចាន់តារា
2024.03.19
អាជ្ញាធរ​ខេត្ត​ព្រះវិហារ​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ រឿង​ចុះ​បង្ក្រាប​រឹបអូស​ដីធ្លី ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ឈឺចិត្ត​សម្លាប់​ខ្លួន អ្នកភូមិទាំង​នេះ គឺជាប្រជាពលរដ្ឋ​ចំនួន ២ឃុំ គឺ​ឃុំ​ស្រយង់ និង​ឃុំ​ត្បែងពីរ ជាង ៣០០គ្រួសារ ព្យាយាមការពារ​​ផ្ទះ​សម្បែង​របស់​ពួក​គាត់ មិនឱ្យ​កង​កម្លាំង​អាជ្ញាធរ​​​រុះរើ និង​ដុត​ចោល កាល​ពី​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក​ គិម រិទ្ធី គណៈអភិបាលខេត្តព្រះវិហារ

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចុះ​បង្ក្រាប​ដុត​ផ្ទះ​សម្បែង​និង​យក​ដី​ធ្លី​របស់​ពលរដ្ឋ ឲ្យ​ទៅ​ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex) ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ឈឺចិត្ត​រហូត​ដល់​លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួន បើ​ទោះ​បី​ជា​កំណត់​ហេតុ​របស់​អាជ្ញាធរ​មូលដ្ឋាន បញ្ជាក់​ថា ដើម​ហេតុ​ឲ្យ​ពលរដ្ឋ​ឈ្មោះ ហែម ឡី សម្លាប់​ខ្លួន គឺ​កើត​ឡើង​ ដោយសារបាត់បង់​ផ្ទះ​សម្បែង​និង​ដីធ្លី​ក្ដី។ សង្គម​ស៊ី​វិល​យល់​ថា រដ្ឋាភិបាល​ ត្រូវ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ ដើម្បី​ស្រាវជ្រាវ ស៊ើបអង្កេត បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌។

អាជ្ញាធរ​ខេត្ត​ព្រះវិហារ គេចវេះ​មិន​ទទួលខុស​ត្រូវ​ករណី​ចុះ​រុះរើ ដុត​ផ្ទះ​សម្បែង ឈូស​ឆាយ ដំណាំ និង​យក​ដីធ្លី​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន បណ្ដាល​ឲ្យ​ស្ត្រី​រងគ្រោះ​ដីធ្លី​ម្នាក់ ឈ្មោះ ហែម ឡី ឈឺចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន។ អាជ្ញាធរ​ខេត្ត​នេះ​បាន​ទម្លាក់​កំហុស​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ដោយ​អះអាង​ថា ជា​ជម្លោះ​ក្នុង​គ្រួសារ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះវិហារ​កាល​ពី​យប់​ថ្ងៃ​ទី១៧ ខែ​មីនា។

អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន ស្ដីពី​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច និង​សង្គម កាល​ពី​ថ្ងៃ​ទី១៨ ខែមីនា​ថា លោកស្រី ហែម ឡី លេប​ថ្នាំ​សម្លាប់​ខ្លួន គឺ​ជា​រឿង​ជម្លោះ​ក្នុង​គ្រួសារ។

លោក គីម រិទ្ធី៖ «បញ្ជាក់​ម្ដង​ទៀត​ថា គាត់​លេប​ថ្នាំ​នេះ ដោយសារ​គាត់​ឈ្លោះ​គ្នា​ជាមួយ​ប្ដី​ប្រពន្ធ​ ហើយ​មូលហេតុ​ឈ្លោះ​គ្នា ខ្ញុំ​ក៏​អត់​នៅ​ទីនោះ ខ្ញុំ​ក៏​មិន​ដឹង​ថា គាត់​ឈ្លោះ​គ្នា​ដោយសារ​អ្វី។ ប៉ុន្តែ​ពិត​ហើយ គាត់​ជា​ពលរដ្ឋ ក្នុង​រង្វង់​ពលរដ្ឋ ១១១គ្រួសារ ដែល​យើង​បាន​អនុវត្ត​ច្បាប់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រុម​គ្រួសារ​ របស់​ជន​រង​គ្រោះ លោក​ស្រី ហែម ឡី បាន​ទេ រហូត​មក​ដល់​ថ្ងៃ​ទី១៩ ខែមីនា បន្ទាប់​ពី​ថ្ងៃ ដែល​អាជ្ញាធរ​ចុះ​ទៅ​សាកសួរ​ពួក​គេ​រួច​រាល់​ហើយ​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កូន​ប្រុស​របស់ លោកស្រី ហែម ឡី គឺ​លោក ហ៊ុក ហុន អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ថ្ងៃ​ទី១៧ ខែមីនា គឺ​នៅ​មុន​ពេល​អាជ្ញាធរ​ចុះ​ទៅ​ដល់​ផ្ទះ​របស់​លោក​ថា ម្ដាយ​របស់​លោក​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន តាំង​ពី​ថ្ងៃ​ទី៩ ខែមីនា ចំ​ថ្ងៃ​អាជ្ញាធរ​បាន​ចុះ​ដុត​ផ្ទះ ឈូស​ឆាយ​ដំណាំ​ដី​ចម្ការ​របស់​គាត់​ចំនួន ២ហិកតារ។

លោក ហ៊ុក ហុន៖ «គាត់​ស្លុត​ចិត្ត ពេល​ឃើញ​គេ​វ៉ៃ​ផ្ទះ​ឈូស​ឆាយ​ដំណាំ​ដំឡូង​អស់​អ៊ីចឹង។ គាត់​លេប​ថ្នាំ គាត់​យក​ថ្នាំ​កសិកម្ម​លេប»

ក្រៅ​ពី​សាច់ញាតិ​ជន​រង​គ្រោះ​អះអាង​បែប​នេះ​ហើយ មេ​ឃុំ​ត្បែងពីរ លោក ងែត យ៉ាត ឲ្យ​ដឹង​ថា លោកស្រី ហែម ឡី លេប​ថ្នាំ​សម្លាប់​ខ្លួន​ព្រោះ​តែ​បញ្ហា​ដីធ្លី និង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ប្ដី ទើប​ឈាន​ដល់​សម្លាប់​ខ្លួន​ឯង​បែប​នេះ។

លោក ងែត យ៉ាត៖ «រឿង​រាវ​ហ្នឹង​គឺ​មក​ពី​រឿង​អ៊ីចឹង​មែន ទី​ពីរ​គាត់​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ​គាត់ ពេល​ឈ្លោះ​គ្នា​ជា​មួយ​ប្ដី​ប្រពន្ធ​គាត់​រួច​ក៏​គាត់​ផឹក​ស្រា ហើយ​ក៏​ផឹក​ថ្នាំ​ហ្នឹង​តាម​ក្រោយ»

លោកស្រី ហែម ឡី អាយុ ៥៩ឆ្នាំ រស់​នៅ​ភូមិ​ក្ដាក់ ឃុំ​ត្បែងពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ មាន​កូន​ចំនួន ៤នាក់ ប្រុស៣ និង​ស្រី១ និង​មាន​ដី​ចម្ការ​ចំនួន ២ហិកតារ​សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ស្ថិត​នៅ​ក្នុង​បរិវេណ​ដី ដែល​អាជ្ញាធរ​អះអាង​ថា ជា​របស់​ក្រុមហ៊ុន សិលា ដាម៉ិច។ ក្រោយ​ពី​ហេតុការណ៍​អាជ្ញាធរ​ចុះ​រុះរើ ដុត​ផ្ទះសម្បែង ឈូស​ឆាយ​ដំណាំ និង​យក​ដី​ចម្ការ​របស់​គាត់ ឲ្យ​ទៅ​ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex) ទើប​ធ្វើ​ឲ្យ​លោកស្រី​លេប​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន ក្រុម​គ្រួសារ ក៏​បាន​ព្យាយាម​បញ្ជូន​គាត់​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​ជួយ​សង្គ្រោះ ប៉ុន្តែ​អាការៈ​ធ្ងន់ធ្ងរ​ពេក លោកស្រី​ក៏​បាន​ស្លាប់​ នៅ​ថ្ងៃ​ទី១៥ ខែមីនា នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។

ទាក់​ទិន​នឹង​បញ្ហា​នេះ នាយក​រង​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា អាជ្ញាធរ​ត្រូវ​តែ​បង្កើត​គណៈកម្មាធិការ​ថ្នាក់​ជាតិ​មួយ​ដោយ​ឯករាជ្យ ហើយ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ស៊ើប​អង្កេត ស្វែង​រក​ការ​ពិត និង​យុត្តិធម៌ ដើម្បី​ឲ្យ​សាធារណជន​អស់​ចម្ងល់ និង​កុំឲ្យ​មាន​ការ​ចោទ​ប្រកាន់​ទៅលើ​​ភាគី​ណា​មួយ។

លោក អំ សំអាត៖ «អ៊ីចឹង យើង​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស យើង​មើល​ឃើញ​ថា មធ្យោបាយ ឬ​ក៏​យន្តការ​មាន​តែ​មួយ​ទេ ដើម្បី​ជា​ភាព​យុត្តិធម៌​ទាំង​សងខាង ជា​ការ​ស្វែង​រក​ការ​ពិត គឺ​បង្កើត​គណៈកម្មាធិការ​ថ្នាក់​ជាតិ ដើម្បី​ចុះ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត រឿង​នេះ​ដោយ​តម្លាភាព និង​យុត្តិធម៌»

ប្រជាពលរដ្ឋ​ចំនួន ២ឃុំ គឺ​ឃុំ​ស្រយង់ និង​ឃុំ​ត្បែងពីរ ជាង ៣០០គ្រួសារ កំពុង​មាន​វិវាទ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន សិលា ដាម៉ិច ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ឱ្យ​កាត់​ឆ្វៀល​ដី​របស់​ពួក​គេ​ទុក​សម្រាប់​អាស្រ័យផល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ក៏​ប៉ុន្តែ អាជ្ញាធរ​នៅ​មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​ពួក​គេ ព្រមទាំង​ចុះ​រុះរើ និង​ដុត​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ និង​បាន​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ​ចំនួន ២៥នាក់ និង​កំពុង​បន្ត​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ផ្សេង​ទៀត ខណៈ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​រត់​ពួន​ក្នុង​ព្រៃ ដើម្បី​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​អាជ្ញាធរ ហើយ​ពួក​គាត់​កំពុង​ជួប​ការ​លំបាក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។