ពលរដ្ឋ​ជាង​៤០​គ្រួសារ​នៅ​ព្រះវិហារ​ចោទ​ក្រុមហ៊ុន​ចិន​ថា​ឈូស​ឆាយ​ដី​ស្រែ​ពួកគាត់

ដោយ វ៉ែន សុមេធ
2017.12.19
ជម្លោះ​ដីធ្លី កួយ ព្រះវិហារ ២០១៧ ៨៥៥ ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ រារាំង​មិន​ឲ្យ​គ្រឿងចក្រ​ក្រុមហ៊ុន​ចិន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ឈូស​ឆាយ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ជាង ៤០​គ្រួសារ រស់​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ ថា​បាន​សម្រុក​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​របស់​សហគមន៍​ជា​ច្រើន​គ្រួសារ។ ចំណែក​អាជ្ញាធរ​ឃុំ​បារម្ភ​ខ្លាំង​ពី​ការ​បាត់បង់​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ  ក៏ប៉ុន្តែ​គេ​មិន​មាន​គោលការណ៍​ឱ្យ​ប្រសើរ​ណា​មួយ​ដែល​អាច​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​នោះ​បាន​ទេ ព្រោះ​ជា​កាតព្វកិច្ច​របស់​ថ្នាក់​លើ។

​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​បញ្ឈប់​ការ​រំលោភ​ដីធ្លី​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ។ កាល​ពី​​ខែ​សីហា ឆ្នាំ​២០១៧ សហគមន៍​ភូមិ​ប្រមេរ ច្រើន​គ្រួសារ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដក​អាជ្ញាធរ​ប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ ដែល​ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៥ ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង  រួយ ហ្វេង ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រួយ និង​ក្រុមហ៊ុន ហេង យូ។ សហគមន៍​ចោទ​ថា ក្រុមហ៊ុន​ទាំង​នេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​ចម្ការ ដែល​ជា​កន្លែង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ផង។

ប្រជា​សហគមន៍​ឃុំ​ប្រមេរ លោកស្រី ស្វាយ យឿង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា ទីតាំង​ដែក​ក្រុមហ៊ុន​យក​គ្រឿង​ចក្រ​ចំនួន ៥​គ្រឿង​ឈូស​ឆាយ​រំលោភ​ដីចម្ការ​ពួកគាត់​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​តំបន់​ដែល​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​មក​ហើយ។ លោកស្រី​ថា បន្ទាប់ពី​ឈូស​ឆាយ​រួច ក្រុមហ៊ុន​បាន​ជួល​កម្មករ​ឱ្យ​ដាំ​អំពៅ​ទាំង​យប់ ខណៈ​សហគមន៍​កំពុង​ស្វែង​កិច្ច​អន្តរាគមន៍។ លោកស្រី​ថ្លែង​ទៀត​ថា ជនជាតិ​ដើម​ភាគតិច​រស់​នៅ​ពឹង​ផ្នែក​ទៅ​លើ​ការ​ធ្វើ​ស្រែចម្ការ ក៏ប៉ុន្តែ​ដីចម្ការ និង​ដី​សមូហភាព​របស់​សហគមន៍ ត្រូវ​ក្រុមហ៊ុន​រំលោភ​យក នាំ​ឲ្យ​ពួកគាត់​គ្មាន​ដី​ធ្វើស្រែ​ចិញ្ចឹម​ជីវិត និង​បាត់បង់​ប្រាក់​ចំណូល៖ «ឈូស​ថ្មីៗ​នេះ ឈូស​រួច​ទាំង​យប់ ​គឺ​ដាំ​ទាំង​យប់ ប៉ះពាល់​ច្រើន​ហើយ ត្រពាំង​បឹងបួ​កន្លែង​ប្រាសាទ​ក៏​វា តវ៉ា​ទាំង​យប់​ទាំង​ថ្ងៃ​ក៏​មិន​ឈ្នះ​គេ​ទេ អារម្មណ៍​អស់​ដីធ្លី​នេះ ពលរដ្ឋ​អស់​ដី​ធ្វើ​ស្រែ​ងាប់​ហើយ»

ស្ត្រី​ដដែល​បន្ថែម​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ព្រៃឈើ​ដែល​ជនជាតិ​ដើម​ភាគតិច​ធ្លាប់​អាស្រ័យ​ផល​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​អស់​ស្ទើរ​ទាំង​ស្រុង។ រី​ឯ​ព្រៃឈើ និង​ដើមឈើ​ផលិត​ជ័រទឹក ក៏​កាន់​តែ​បាត់បង់​ទៅៗ ហើយ​ធ្វើ​ឱ្យ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​បាត់​បង់​ទីជម្រក ចំណែក​ឯ​ជនជាតិ​ដើម​ភាគ​តិច​ក៏​គ្មាន​ទីកន្លែង​ប្រកប​របរ​ប្រចាំ​ថ្ងៃ​ដែរ៖ «ខ្ញុំ​ប្តឹង​អស់​ហើយ អាជ្ញាធរ​ភូមិ ឃុំ ខ្ញុំ​ប្តឹង​អស់​ហើយ តែ​ឥឡូវ​នេះ​គេ​មិន​ឃើញ​ដោះស្រាយ​ឲ្យ​ទេ។ អាជ្ញាធរ​គេ​ថា គេ​ដោះស្រាយ​ឲ្យ តែ​ឥឡូវ​នេះ​គេ​មិន​ឃើញ​ដោះស្រាយ​ឲ្យ​ទេ ចេះ​តែ​ដាំ»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន ហេង ហ្វូ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

​មេឃុំ​ប្រមេរ លោក ធាន ហេង ទទួល​ស្គាល់​ថា វិបត្តិ​ដីធ្លី​នេះ​បាន​អូស​បន្លាយ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។ ចំណែក​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ដោះស្រាយ​រឿង​នេះ។ លោក​ថា ពលរដ្ឋ​ជាង ៤០​គ្រួសារ បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​មក​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ​ដែរ ក៏ប៉ុន្តែ​ឋានៈ​ត្រឹម​មេឃុំ​ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ណា​មួយ​ដោះស្រាយ​រឿង​នេះ​បាន​ទេ គឺ​បាន​ត្រឹមតែ​ជូន​ដំណឹង​ទៅ​ថ្នាក់លើ និង​ធ្វើ​របាយការណ៍៖ «មិនមែន​ជា​សមត្ថកិច្ច​របស់​ខ្ញុំ​ទេ គឺ​ក្រុម​ការងារ​គេ​ធ្វើ ព្រោះ​ការងារ​របស់​ខែត្រ​គេ​ចុះ​ដោះស្រាយ»

​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៩​ម៉ឺន​ហិកតារ (៩០.០១៥) ហិកតារ តាំង​ពី​ឆ្នាំ​២០១១។ ក្រុមហ៊ុន​នេះ​វិនិយោគ​លើ​ការ​ដាំ​អំពៅ និង​កៅស៊ូ។ យ៉ាង​ណា​មិញ អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ព្រៃឈើ​រាប់​ពាន់​ហិកតារ​នៅ​ឃុំ​ប្រមេរ ដែល​ជនជាតិ​ដើម​ភាគតិច​តែង​ប្រើប្រាស់​នោះ គឺ​ជា​ប្រភេទ​ព្រៃស្រោង និង​ពាក់​កណ្ដាល​ស្រោង ផ្ទុយ​ពី​គោលការណ៍​រដ្ឋាភិបាល​ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ណា​វិនិយោគ​នៅ​តំបន់​ព្រៃស្រោង និង​ពាក់កណ្ដាល​ស្រោង​ទាំង​នោះ​ទេ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ព្រះវិហារ លោក ឡោ ចាន់ កត់សម្គាល់​ថា រដ្ឋាភិបាល​មាន​គោលនយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ប្រើ​រួប​មន្ត​ស្បែក​ខ្លា​កាត់​ឆ្វៀល​ដី​រង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​មិនទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ស្រុក និង​ខែត្រ គួរតែ​ចុះ​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​នេះ​ចៀស​វាង​ទំហំ​ប៉ះពាល់​កាន់តែ​រីក​ធំ​ឡើង៖ «ប្រមុខ​រដ្ឋាភិបាល​ចេញ​បទបញ្ជា ០០១ សំដៅ​ថា ប៉ះ​កន្លែង​ណា​ឆ្វៀល​កន្លែង​ហ្នឹង តែ​យើង​ឃើញ​ការ​អនុវត្ត​ជាក់​ស្តែង តំបន់​ខ្លះ​អាជ្ញាធរ​អនុវត្ត​តាម តំបន់​ខ្លះ​ទៀត​មិន​ទាន់​ពេញលេញ​នៅឡើយ​ដែរ»

​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឲ្យ​ដឹង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ធំធេង​នេះ ធ្វើ​ឱ្យ​ឈូស​បំផ្លាញ​ព្រៃឈើ ដែល​ជា​ទីតាំង​ជ្រក​របស់​សត្វព្រៃ ដែល​ធ្លាប់​តែ​មាន​ពណ៌​បៃតង តែ​បច្ចុប្បន្ន​បាន​ប្រែក្លាយ​ទៅ​ជា​វាល​ស្រឡះ និង​ធាតុអាកាស​ក្ដៅ​ហួតហែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។