សាលាដំបូងខេត្តព្រះសីហនុ ចុះដាក់បម្រាមមិនឲ្យប្រជាពលរដ្ឋចំនួន ១៥គ្រួសារ រស់នៅសង្កាត់៤ មិនឲ្យសង់ផ្ទះ ឬធ្វើសកម្មភាពផ្សេងៗនៅលើដីកំពុងមានទំនាស់។ តុលាការបានអនុវត្តទៅតាមដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តព្រះសីហនុ ទៅតាមបណ្ដឹងរបស់ឈ្មួញមានទ្រព្យធន ជាប់សែស្រឡាយអ្នកមានអំណាចម្នាក់។
សកម្មភាពនាំកម្លាំង ឬមន្ត្រីចុះអនុវត្តដីកាសម្រេចរក្សាការពារនេះ បានចាប់ផ្ដើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ដឹកនាំដោយលោក ប្លុង វិសាល ចៅក្រមទទួលបន្ទុកអនុវត្តដីការបស់សាលាដំបូងខេត្តព្រះសីហនុ។
អានដីកាសម្រេចរក្សាការពារក្នុងសម្ដីសុភាពរាបសារ និងមានកាយវិការរម្យទមទៅកាន់តំណាងអ្នកភូមិទាំង ១៥គ្រួសារ លោកចៅក្រម ប្លុង វិសាល បញ្ជាក់ថា ដីកានេះ តុលាការបានអនុវត្តនៅលើដីដែលមានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ មានទីតាំងនៅភូមិ៥ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ ដែលមានម្ចាស់បំណុលនៃការអនុវត្តឈ្មោះ ង៉ាន់ វណ្ណា និងសហកូនបំណុលនៃការអនុវត្តមានឈ្មោះ ង៉ែត យី ប៉ាក់ ស៊ីណា និង ប៉ាក់ អៀប ជាដើម សរុបមានឈ្មោះជាង ១០នាក់។
នៅក្នុងឱកាសនោះ លោក ប្លុង វិសាល បញ្ជាក់ថា ដីកាសម្រេចរក្សាការពារដែលអនុវត្តពេលនេះ គឺមិនតម្រូវឲ្យពលរដ្ឋរុះរើផ្ទះ ឬលំនៅឋានចេញទេ ប៉ុន្តែបានហាមពលរដ្ឋមិនឲ្យសង់ផ្ទះ ឬធ្វើសំណង់រឹងមាំផ្សេងៗ នៅលើដីកំពុងមានទំនាស់នេះ ដោយរង់ចាំស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់ឲ្យរួចរាល់សិន។
លោកចៅក្រមបានណែនាំឲ្យពលរដ្ឋដាក់ពាក្យបណ្ដឹងតវ៉ាលើករណីនេះទៅកាន់តុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាបន្តទៀត បើមិនសុខចិត្តទៅលើដីកាសម្រេចរក្សាការពារនេះ៖ «តុលាការបានចេញដីកាសម្រេចរក្សាការពារនៅលើដីទំនាស់នេះ គឺហាមមិនឲ្យមានការសាងសង់ផ្ទះ ឬសំណង់រឹងមាំនៅលើដីកំពុងមានទំនាស់នេះទេ គឺត្រូវឲ្យរក្សាឲ្យនៅដដែលរង់ចាំដោះស្រាយចប់សព្វគ្រប់នៅតុលាការជាមុនសិន»។
ទោះជាបែបនេះក្តី តំណាងពលរដ្ឋទាំង ១៥គ្រួសារ រស់នៅភូមិ៥ សង្កាត់៤ ថ្លែងថា ពួកគាត់ជំទាស់ដីកាសម្រេចរក្សាការពារដែលតុលាការចុះអនុវត្តពេលនេះទេ។
តំណាងពលរដ្ឋ លោកស្រី ប៉ាក់ ស៊ីណា មានប្រសាសន៍ថា រឿងក្តីនេះបានអូសបន្លាយពេលយូរឆ្នាំ ហើយពួកគាត់ត្រូវរងភាពអយុត្តិធម៌បំផុត។ លោកស្រីបន្តថា ដីដែលភាគីម្ខាងទៀត ឈ្មោះ លោក ង៉ាន់ វណ្ណា ប្ដឹងផ្ដល់ទៅកាន់តុលាការ គឺមានពលរដ្ឋខ្លះក្នុងចំណោម ១៥គ្រួសារ បានមករស់នៅតាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ។ ប៉ុន្តែដោយសារតែការឃុបឃិតពីមន្ត្រីស្ថាប័នពាក់ព័ន្ធមួយចំនួននាខេត្តព្រះសីហនុ ទើបឈ្មោះលោក ង៉ាន់ វណ្ណា អាចលួចធ្វើប្លង់កម្មសិទ្ធិដោយមិនបានជូនដំណឹងមកពួកគាត់បានដឹងមុននោះទេ។
តំណាងពលរដ្ឋរូបនេះបន្តថា ពលរដ្ឋទាំង ១៥គ្រួសារកំពុងកើតមានទំនាស់ដីធ្លី បានមករស់នៅក្បែរតំបន់អាងចម្រោះទឹកស្អាតនាខេត្តព្រះសីហនុ មានអាជ្ញាធរមូលដ្ឋានដឹងឮ និងទទួលស្គាល់ជាបន្តបន្ទាប់ រហូតដល់មានសកម្មភាពចុះវាស់វែងដីធ្លី ត្រៀមផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ថែមទៀតកន្លងមក៖ «អាជ្ញាធរដែនដីខេត្តព្រះសីហនុ និងមន្ត្រីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឃុបឃិតគ្នាលុបក្បាលដីលេខ ២៣១៩ របស់ប្រជាពលរដ្ឋចោល។ បន្ទាប់មកបានធ្វើប្លង់ផ្សេងមួយទៀតទៅឲ្យលោក ង៉ាន់ វណ្ណា។ ប្លង់មួយទៀតរបស់លោក ង៉ាន់ វណ្ណា ហ្នឹង គឺលេខ ៣២២៨។ ការធ្វើប្លង់នេះ បានរំលោភយកដីប្រជាពលរដ្ឋទាំង ១៥គ្រួសារ និងរំលោភលើសាលក្រមលេខ ៦ខ របស់នាងខ្ញុំ និងរំលោភយកដីអូរធម្មជាតិរបស់រដ្ឋ ព្រមទាំងរំលោភយកដីប្រជាពលរដ្ឋទៀត»។
លោកស្រី ប៉ាក់ ស៊ីណា បញ្ជាក់ឲ្យដឹងទៀតថា ទីតាំងដីរបស់លោក ង៉ាន់ វណ្ណា ដែលប្ដឹងពួកគាត់គឺមានព្រំប្រទល់នៅជាប់ខាងក្រោយផ្ទៃដីធ្លីរបស់ប្រជាពលរដ្ឋពួកគាត់ទាំង ១៥គ្រួសារ ដែលមានព្រំ ឬទីតាំងជាប់ថ្នល់ក្រាលកៅស៊ូ។ ប៉ុន្តែទីតាំងដីរបស់លោក ង៉ាន់ វណ្ណា ពុំមានព្រំប្រទល់ជាប់ថ្នល់កៅស៊ូទេ គឺនៅលើជម្រាលដីភ្នំឯណោះ។
ផ្ដើមពីបញ្ហានេះ តំណាងពលរដ្ឋមានទំនាស់ដីធ្លីទាំង ១៥គ្រួសារ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតលើករណីមន្ត្រីក្រសួង ឬស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ឃុបឃិតចេញប្លង់កម្មសិទ្ធិជូនបុគ្គលឈ្មោះ ង៉ាន់ វណ្ណា ដែលគ្មានវត្តមានក្នុងមូលដ្ឋានខេត្តព្រះសីហនុ រំលោភដីលំនៅឋានពលរដ្ឋពួកគាត់ដោយអនុគ្រោះ។
ចំណែកលោកយាយ ង៉ែត យី មានអាយុ ៨៣ឆ្នាំ ដែលមានស្បែកជ្រីវជ្រួញ និងមានដំណើរកោងខ្នងផងនោះ បានយំរៀបរាប់ពីភាពអយុត្តិធម៌ ដោយចោទលោក ង៉ាន់ វណ្ណា ថា បានឃុបឃិតជាមួយមន្ត្រីក្រសួង ឬមន្ទីរពាក់ព័ន្ធលួចធ្វើប្លង់រំលោភយកដីលំនៅឋានពួកគាត់ធ្លាប់រស់នៅយូរឆ្នាំ។
ស្ត្រីវ័យចំណាស់មានសម្លៀកបំពាក់ពណ៌ស ដែលតែងនាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឬតាំងសម្មាធិ និងធ្វើបុណ្យនៅទីវត្តអារាមជារៀងរាល់ថ្ងៃសីល បានលើកដៃសំពះអំពាវនាវដល់ប្រមុខដឹកនាំ និងភរិយា ជួយបញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេតលើករណីទំនាស់ដីធ្លីរវាងពលរដ្ឋ ១៥គ្រួសារ ជាមួយភាគី លោក ង៉ាន់ វណ្ណា ដោយអនុគ្រោះ។
លោកយាយ ង៉ែត យី បានរៀបរាប់ទាំងសំឡេងយំខ្សឹកខ្សួលប្រាប់វិទ្យុអាស៊ីសេរីថា មុននឹងត្រូវលាចាកពីលោកនេះទៅ រូបគាត់ចង់ឃើញយុត្តិធម៌ និងទទួលបានកម្មសិទ្ធិដីធ្លីរស់នៅស្របច្បាប់លើដីកំពុងសង់លំនៅឋាន និងដាំដំណាំផ្សេងៗ ដោយគ្មានការរំលោភបំពាន ឬបំភិតបំភ័យ៖ «សព្វថ្ងៃនេះខ្ញុំទៅវត្ត តាំងសមាធិមិនមានអារម្មណ៍ស្ងប់ទេ ព្រោះតែបញ្ហាការឃុបឃិតប្រើប្រព័ន្ធតុលាការនៅខេត្តព្រះសីហនុ រំលោភយកដីលំនៅឋាន និងដីដាំដំណាំផ្សេងៗរបស់លោក ង៉ាន់ វណ្ណា។ ខ្ញុំទឹកភ្នែករាល់ថ្ងៃ ចំពោះសកម្មភាពរំលោភបំពានដីធ្លីទាំងអយុត្តិធម៌នេះ។ ខ្ញុំសោកស្ដាយណាស់ដំណាំហូបផ្លែរបស់ខ្ញុំ ខំដាំទើបទទួលផលបាន ២ឆ្នាំនេះទេ ប៉ុន្តែពេលនេះមានតុលាការ ឬឈ្មួញមកចង់បណ្ដេញចេញពីដីធ្លាប់រស់នៅទៀត។ ខ្ញុំមិនចេញទៅណាទេ ព្រោះដីទីតាំងនេះខ្ញុំបានមករស់នៅតាំងពីឆ្នាំ១៩៨៧ មកម្ល៉េះ»។
ស្ត្រីវ័យចាស់រូបនេះហាក់គ្មានជំនឿទៅលើប្រព័ន្ធតុលាការថា អាចជួយស្វែងរកយុត្តិធម៌លើករណីទំនាស់ដីធ្លីរ៉ាំរ៉ៃរបស់កូនចៅ ឬញាតិជាប់ភូមិផងទាំង ១៥គ្រួសារនៅសង្កាត់៤ ក្រុងព្រះសីហនុ ដែលមានផ្ទៃដីសរុបមិនដល់មួយហិកតារនេះទេ។ ប៉ុន្តែលោកយាយមានក្តីរំពឹងមុតមាំទៅលើដំណោះស្រាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ទើបអាចជួយអន្តរាគមន៍ និងផ្ដល់យុត្តិធម៌ជូនពួកគាត់៖ «សូមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ជួយកូនៗ ជួយខ្ញុំផង ខ្ញុំមិនដឹងជាទៅពឹងនរណាទៀត»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងលោក ង៉ាន់ វណ្ណា ដែលពលរដ្ឋចោទថា បានលួចធ្វើប្លង់កម្មសិទ្ធិដីធ្លីរំលោភយកដីលំនៅឋានចំនួន ១៥គ្រួសារបានទេ នៅថ្ងៃទី២៥ ខែមិថុនា។ ប៉ុន្តែករណីនេះ លោក ហ៊ុន ភី ប្រធានមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ពិតជាបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬកម្មសិទ្ធិដីធ្លីជូន លោក ង៉ាន់ វណ្ណា មានទីតាំងនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានផ្ទៃដីសរុប ៦៤.០០០ម៉ែត្រការ៉េកាលពីខែសីហា ឆ្នាំ២០១៤ ពិតមែន។ ប៉ុន្តែលោកថា ការចេញប័ណ្ណនេះ គឺមន្ទីរអនុវត្តទៅតាមសេចក្ដីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្គាប់បញ្ជាមកតែប៉ុណ្ណោះ។
យ៉ាងណាលោក ហ៊ុន ភី បានទម្លាក់ការទទួលខុសត្រូវចំពោះការបង្គាប់បញ្ជាឲ្យចេញប័ណ្ណកម្មសិទ្ធិជាន់លើដីរបស់ប្រជាពលរដ្ឋទាំង ១៥គ្រួសារ ទៅអោយថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្នាក់ជាតិជាអ្នកទទួលខុសត្រូវ ព្រោះជាអ្នកចេញលិខិតអន្តរាគមន៍ក្នុងរឿងនេះ។
ការឆ្លើយបញ្ហាដាក់គ្នាដែលលោក ហ៊ុន ភី ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ លើកឡើងនេះ ត្រូវមន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ ដែលចុះដល់ទីតាំងអនុវត្តដីកាសម្រេចរក្សាការពារនាសង្កាត់៤ បានបង្ហាញទស្សនៈថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន ដរាបណាទុកបណ្ដោយឲ្យមានសកម្មភាពឃុបឃិតជាលក្ខណៈប្រព័ន្ធរវាងមន្ត្រីតាមក្រសួង ឬស្ថាប័នមួយចំនួនដូចរាល់ថ្ងៃនេះ គឺទំនាស់ដីធ្លីនឹងបន្តកើតមាន និងមិនអាចដោះស្រាយបានទេ៖ «យើង ឃើញមានការលុបអូរធម្មជាតិ ហើយប្លង់ដីរបស់លោក ង៉ាន់ វណ្ណា ហ្នឹងម្តងនៅពីខាងក្រោយអូរ តែឥឡូវបានធ្វើប្លង់ថ្មីមកមុខអូរ ជាប់មកថ្នល់ក្រាលកៅស៊ូថែមទៀត។ អ៊ីចឹងយើងឃើញថា មានភាពមិនប្រក្រតីត្រង់ចំណុចហ្នឹង ដែលធ្វើឲ្យកើតទំនាស់រវាងពលរដ្ឋចំនួន ១៥គ្រួសារ ជាមួយលោក ង៉ាន់ វណ្ណា ដែលបានទិញដីពីលោក ឡឹម ហ៊ុយឡេង នៅទីតាំងនេះ»។
ទាក់ទិនទំនាស់នេះដែរ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ បានចុះហត្ថលេខាឯកភាពតាមសំណើសុំគោលការណ៍លុបក្បាលដីលេខ ២៣ ១៩ ចោល និងកែតម្រូវក្បាលដីលេខ ២៤ ០២ ឲ្យជាប់ផ្លូវឡើងវិញ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង និងខេត្តព្រះសីហនុ តាមសំណើរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម ខេត្តព្រះសីហនុ ទៅតាមការសម្រេចរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម។
សេចក្ដីសម្រេចនេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីទាំង ១៥គ្រួសារ បានចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ជាថ្មីទៀត ព្រោះបានរំលោភដីលំនៅឋានពួកគាត់កំពុងរស់នៅដើម្បីផ្គាប់ចិត្តតាមមហិច្ឆតារបស់បុគ្គលឈ្មោះ ង៉ាន់ វណ្ណា ដែលមានខ្នងបង្អែកជាមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន ហើយថា ពលរដ្ឋទាំង ១៥គ្រួសារ ត្រូវភាគីលោក ង៉ាន់ វណ្ណា ដាក់ពាក្យប្ដឹងជាច្រើនបទចោទទៀត ទៅកាន់តុលាការខេត្តព្រះសីហនុ មកដល់សព្វថ្ងៃនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។