តុលាការ​ខេត្ត​ព្រះវិហារ​កោះ​ហៅ​ពលរដ្ឋ​៤​នាក់​សាកសួរ​ករណី​ហ៊ុមព័ទ្ធ​ដី​រដ្ឋ

ដោយ ហង្ស សាវយុត
2017-05-02
Share
តុលាការ ព្រះវិហារ ៦២០ សាលា​ដំបូង​ខេត្ត​ព្រះវិហារ។
Photo: RFA

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ កំពុង​បារម្ភ​ខ្លាច​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង ឃុំ​ខ្លួន​តំណាង​អ្នក​ភូមិ​អភិវឌ្ឍន៍ នៃ​សង្កាត់​ប៉ាលហាល ចំនួន ៤​នាក់ នៅ​ពេល​ដែល​កោះ​ហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ខាង​មុខ។

ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បាន​ប្ដឹង​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ថា​បាន​រំលោភ​យក​ដី​អភិរក្ស ហើយ​តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី ក៏​បាន​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ពី​បទ​បោះ​បង្គោល​ហ៊ុមព័ទ្ធ ដាក់​សញ្ញា​សម្គាល់​ក្នុង​គោល​បំណង​កាន់​កាប់​កម្មសិទ្ធិ​រួច​ហើយ​ដែរ​នោះ។

តំណាង​អ្នក​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ ចំនួន ៤​នាក់ ទាមទារ​ឲ្យ​ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​បោះ​បង្គោល​ហ៊ុមព័ទ្ធ ដាក់​សញ្ញា​សម្គាល់​ក្នុង​បំណង​ចង់​កាន់​កាប់​យក​ដី​អភិរក្ស​របស់​រដ្ឋ ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​នោះ។

តំណាង​អ្នក​ភូមិ​ទាំង ៤​នាក់ កំពុង​ភ័យ​ខ្លាច​តុលាការ​ឃុំ​ខ្លួន​ពួក​គេ​ក្នុង​ពន្ធនាគារ នៅ​ពេល​ដែល​គេ​នឹង​ចូល​ខ្លួន​ជា​លើក​ទី​២ ទៅ​ឲ្យ​ចៅក្រម​សាកសួរ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ខាង​មុខ។

តំណាង​អ្នក​ភូមិ​អភិវឌ្ឍន៍ ម្នាក់​ក្នុង​ចំណោម ៣​នាក់​ផ្សេង​ទៀត​ដែល​តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​ទៅ​សាកសួរ គឺ​លោក សូរ សុន។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២ ខែ​ឧសភា ថា ជាច្រើន​ខែ​មុន មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បាន​ប្ដឹង​ចោទ​ប្រកាន់​រូប​គាត់ និង​អ្នក​ភូមិ​ជាង ៤០០​គ្រួសារ​ទៀត ថា​បាន​នាំ​គ្នា​ទៅ​បោះ​បង្គោល​ហ៊ុមព័ទ្ធ​យក​ដី​អភិរក្ស​របស់​រដ្ឋ។ បន្ទាប់​មក កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី បាន​កោះ​ហៅ​ពួក​លោក​ទៅ​សាកសួរ​ម្ដង​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ចៅក្រម​ស៊ើបសួរ​នៃ​សំណុំ​រឿង​ក្តី​នេះ ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​ក្រុម​របស់​លោក ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ខាង​មុខ៖ «ភ័យ​ព្រួយ​ដែរ គេ​ចោទ​ប្រកាន់​ថា ពួក​ខ្ញុំ​ហ៊ុមព័ទ្ធ​ដី​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​បាន​ហ៊ុមព័ទ្ធ​ទេ គឺ​ប្រជាពលរដ្ឋ​ទេ​ដែល​ដើរ​ដាក់​បង្គោល និង​ស្លាក​ឈ្មោះ»

តំណាង​អ្នក​ភូមិ​អភិវឌ្ឍន៍ ៤​នាក់​ដែល​ចៅក្រម​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា នោះ គឺ​ឈ្មោះ សូរ សុន ឈ្មោះ ថុន ភក្ដ្រា យ៉ាន តុត និង​ឈ្មោះ សៅ លី។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​ប្ដឹងផ្ដល់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា។

ចំណែក​អ្នក​នាំ​ពាក្យ​ចៅក្រម​នៃ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ អ្នកស្រី ជុំ កណិកា មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​ទាន់​អាច​ពន្យល់​ករណី​ដែល​ចៅក្រម​ស៊ើបសួរ កោះ​ហៅ​តំណាង​អ្នក​ភូមិ ៤​នាក់​មក​សាកសួរ​នោះ​បាន​ថា​យ៉ាង​ណា​ទេ ពីព្រោះ​អ្នកស្រី​មិន​ទាន់​ដឹង​រឿង​ច្បាស់​នៅ​ឡើយ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ គឺ​ដី​មួយ​ផ្នែក​ធំ​ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​អភិវឌ្ឍន៍ ចូល​ទៅ​បោះ​បង្គោល​ដើម្បី​កាន់​កាប់​នោះ ពិត​ជា​ដី​អភិរក្ស​របស់​មន្ទីរ​បរិស្ថាន​មែន។ ទោះ​ជា​យ៉ាង​ណា លោក ឡោ ចាន់ អំពាវនាវ​ឲ្យ​តុលាការ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ទាំងនោះ៖ «តាម​ការ​អះអាង ប្រជាពលរដ្ឋ​គាត់​គ្រាន់​តែ​ប្រើប្រាស់​ដី​នោះ​បណ្ដោះអាសន្ន ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ»

ក្រុម​អ្នក​ភូមិ​អភិវឌ្ឍន៍ ឲ្យ​ដឹង​ថា ពួក​គេ​ចំនួន​ជាង ៤៥០​គ្រួសារ បាន​ចូល​ទៅ​កាប់​គាស់​ដី​ព្រៃ​ទំហំ​ជាង ៣.៥០០​ហិកតារ ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​បន្តបន្ទាប់​គ្នា​រយៈពេល ៥-៦​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល