ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​គ្រោង​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា

ដោយ ទេព សុរ៉ាវី
2014.12.22
1 គ្រឿង​ចក្រ​ក្រុមហ៊ុន អេង កាំង ដែល​បម្រុង​កាយ​កម្ទេច​កន្លែង​បូជា​សព​នៅ​វត្ត​ខ្ទរ ដើម្បី​យក​ដី ត្រូវ​បាន​ពលរដ្ឋ​ហាម​ឃាត់ ហើយ​ដុត​នៅ​ក្បែរ​ឈាបនដ្ឋាន។ រូបថត​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១៣
RFA/Den Ayuthyea

ពលរដ្ឋ ៦​គ្រួសារ នៅ​ភូមិ​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គ្រោង​លើក​បដា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា ខាង​មុខ​សាលា​កសិកម្ម​ព្រែកលៀប នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អេង កាំង។

តំណាង​ពលរដ្ឋ ៦​គ្រួសារ គឺ​លោក អ៊ុង ផុន ឲ្យ​ដឹង​ថា ពួកគាត់​រស់នៅ​ភូមិ​ព្រែកលៀប តាំង​ពី​ឆ្នាំ​១៩៧៩ ដោយ​មាន​លិខិត​ស្នាម​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រាប់​តែ​ក្រុមហ៊ុន អេង កាំង ចោទ​ប្រកាន់​ពលរដ្ឋ ៦​គ្រួសារ​នោះ ថា​បាន​រស់​នៅ​ខុស​ច្បាប់​លើ​ដី​របស់​ក្រុមហ៊ុន។

​លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ កន្លង​មក ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហេង កេសរោ បង្គាប់​ឲ្យ​ពលរដ្ឋ​សង​ប្រាក់​ជំងឺ​ចិត្ត​ទៅ​ក្រុមហ៊ុន អេង កាំង ក្នុង​មួយ​គ្រួសារ​ចំនួន ១​ម៉ឺន​ដុល្លារ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​លោក​គិត​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ។

លោក​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌ និង​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ជូន​ពួកគាត់៖ «ខ្ញុំ​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ដី​ខ្លួន​ឯង​ហើយ ត្រូវ​បង់លុយ​ឲ្យ​គេ ១​ម៉ឺន​ដុល្លារ រួច​ចាក​ចេញ​ពី​ផ្ទះ រក​តែ​ដើម​ឈើ​ជ្រក​នៅ​មិន​បាន​អ៊ីចឹង»

​ក្រុមហ៊ុន អេង កាំង ធ្លាប់​មាន​ប្រវត្តិ​ជម្លោះ​ដី​ឈាបនដ្ឋាន ឬ​ប៉ាឆា​បូជា​សព​នៅ​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ ជាមួយ​អ្នក​ភូមិ​ខ្ទរ ម្តង​មក​ហើយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ កាល​ណោះ​ក្រុមហ៊ុន អេង កាំង មាន​គម្រោង​អភិវឌ្ឍន៍​វាល​ទំនាប​បឹង​នៅមុខ​វត្ត​ខ្ទរ និង​ប្រុង​វាយ​កម្ទេច​ប៉ាឆា​បូជាសព​នៅ​វត្ត​ខ្ទរ​នោះ​ចោល ប៉ុន្តែ​ត្រូវ​អ្នកភូមិ​រារាំង រហូត​ផ្ទុះ​ហិង្សា​វាយ​កម្ទេច​គ្រឿងចក្រ និង​បំផ្លាញ​ទុយយោ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ចោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។