អាជ្ញាធរ​និង​តំណាងរាស្ត្រ​សន្យា​ជួយ​ដោះស្រាយ​ជម្លោះ​ដី​ពលរដ្ឋ​៦​គ្រួសារ​នៅ​ព្រែកលៀប

ដោយ សេក បណ្ឌិត
2014.12.23
ជម្លោះ​ដី ព្រែកលៀប ៦២០

សកម្មភាព​ពលរដ្ឋ​នៅ​ភូមិ​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន អេង កាំង។ RFA/Uon Chhin

ជម្លោះ​ដី ព្រែកលៀប ៦២០

សកម្មភាព​ពលរដ្ឋ​នៅ​ភូមិ​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន អេង កាំង។ RFA/Uon Chhin

ជម្លោះ​ដី ព្រែកលៀប ៦២០

សកម្មភាព​ពលរដ្ឋ​នៅ​ភូមិ​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន អេង កាំង។ RFA/Uon Chhin

ជម្លោះ​ដី ព្រែកលៀប ៦២០

សកម្មភាព​ពលរដ្ឋ​នៅ​ភូមិ​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន អេង កាំង។ RFA/Sek Bandith

5

សកម្មភាព​ពលរដ្ឋ​នៅ​ភូមិ​ព្រែកលៀប ក្នុង​ខណ្ឌ​ជ្រោយចង្វារ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន អេង កាំង។

6

អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត ចុះ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​មាន​ជម្លោះ​ដី។

7

ពលរដ្ឋ​មាន​ជម្លោះ​ដី​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​រឿង​ជម្លោះ​ដី។

8

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក ជា ប៉ូច ផ្ដល់​បទសម្ភាសន៍​ពេល​ចុះ​ជួយ​អន្តរាគមន៍​ពលរដ្ឋ​មាន​ជម្លោះ។

9

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ពិនិត្យ​ទីតាំង​ដី​មាន​ទំនាស់។

ក្រុម​អ្នក​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ទទួល​យក​សំណើ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​អ្នក​ភូមិ​ព្រែកលៀប ឬ​ហៅ​ថា ព្រែកខ្វិត សង្កាត់​ព្រែកលៀប ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អេង កាំង ដែល​អូស​បន្លាយ​ប្រមាណ ៣​ឆ្នាំ​មក​ហើយ។

ការ​ចុះ​អន្តរាគមន៍ និង​ទទួល​យក​សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ ៦​គ្រួសារ និង​អ្នក​ភូមិ​ក្បែរ​ខាង​មាន​គ្នា​ប្រមាណ ១០០​នាក់ នាំ​គ្នា​ដាក់​គ្រែ​លើក​បដា​បិទ​ផ្លូវ​ជាតិ​លេខ ៦​អា (A) ត្រង់​ចំណុច​ជិត​មុខ​សាលា​កសិកម្ម​ព្រែកលៀប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ។

ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​ជា​ជម្រើស​ចុង​ក្រោយ​របស់​អ្នកភូមិ​ព្រែកខ្វិត សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ភាគ​ខាង​លិច​ដើម្បី​រក​ដំណោះស្រាយ​យុត្តិធម៌។

​យុត្តិធម៌​ដែល​អ្នក​ភូមិ​ស្វែង​រក​ក្នុង​រយៈពេល​ប្រមាណ​ជា ៣​ឆ្នាំ កន្លង​នេះ​តាម​ផ្លូវ​ច្បាប់​ប្រព័ន្ធ​តុលាការ​ដោយ​សន្តិវិធី គឺ​រក​មិន​ឃើញ​សោះ​ឡើយ។ ផ្ទុយ​ពី​នេះ​ពួកគាត់​ត្រូវ​ទទួល​បាន​មក​វិញ​នូវ​ភាព​អយុត្តិធម៌​ដោយ​មាន​ការ​ដាក់​សម្ពាធ​ពី​តុលាការ​លើ​អ្នក​ភូមិ​ដែល​ពួកគាត់​រស់នៅ​ជាង ៣០​ឆ្នាំ​មក​ហើយ​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន អេង កាំង៖ «ក្រុមហ៊ុន​យក​ដី​ពលរដ្ឋ​ហើយ​ចោទ​ថា មក​នៅ​លើ​ដី​ក្រុមហ៊ុន ហើយ​ឲ្យ​រុះរើ​ផ្ទះ​ជា​បន្ទាន់ សង​ក្រុមហ៊ុន​ក្នុង​មួយ​គ្រួសារ​មួយ​ម៉ឺន​ដុល្លារ ព្រមទាំង​ទ្រនាប់​ដៃ ៥​លាន​រៀល​ទៀត​សួរ​ថា អយុត្តិធម៌​អត់»

ស្ត្រី​តំណាង​ប្រជាពលរដ្ឋ ៦​គ្រួសារ ភូមិ​ព្រែកខ្វិត លោកស្រី គុជ គឹមសាន មាន​ប្រសាសន៍​ថា ដីកា​សម្រេច​របស់​តុលាការ​បែប​នេះ​ជា​មរតក​ដ៏​ឈឺ​ចាប់​ដែល​បន្សល់​ទុក​ពី​ការ​លក់​ដូរ​ដី​កសិដ្ឋាន​ពិសោធន៍​របស់​សាលា​មធ្យម​សិក្សា​កសិកម្ម​ព្រែកលៀប ទៅ​ឲ្យ​ក្រុមហ៊ុន អេង កាំង កាល​ពី​ឆ្នាំ​២០១១ ហើយ​បាន​ធ្វើ​ប្លង់​រឹង​កាន់​កាប់​កាល​ពី​ឆ្នាំ​២០១៣ ដោយ​បាន​រំលោភ​យក​ភូមិ​អ្នក​ស្រុក​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​លក់​ដី​សាលា​កសិកម្ម​នោះ៖ «ខ្ញុំ​មក​រស់​នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩ តាំង​ពី​សាលា​កសិកម្ម​មិន​ទាន់​កើត ហើយ​រឿង​អី​ថា​ខ្ញុំ​សុំ​ដី​សាលា​នៅ ជា​ពិសេស​សាលា​កសិកម្ម​ទើប​មក​នៅ​ឆ្នាំ​៨២ ឬ ៨៣ ទេ ហើយ​បាន​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន អេង កាំង មិន​មែន​ដោះដូរ​យក​លុយ​ចែក​គ្នា​ហើយ​រឿង​អី​មក​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទន្ទ្រាន​លើ​ដី​ពួក​ខ្ញុំ​ទាំង ៦​គ្រួសារ​នេះ»។

លោកស្រី​បន្ត​ថា ក្នុង​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​បាន​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ភូមិ តាម​រយៈ​បូម​ខ្សាច់​ចាក់​ធ្វើ​ឲ្យ​ទឹក​លិច​ភូមិ​រំខាន​ដល់​ការ​រស់​នៅ​ប្រកប​របរ​ផ្សេងៗ៖ «បូម​ខ្សាច់​ពន្លិច​ចិញ្ចឹម​មាន់ ជ្រូក គោ​មិន​កើត រក​តែ​កន្លែង​ដាំ​បាយ​គ្មាន​ផង លិច​ស្រះ​ត្រី​ខ្ញុំ ហើយ​ដើម​ឈើ​ដំណាំ​ខ្ញុំ​លិច​ងាប់​ទាំង​អស់​គ្មាន​កន្លែង​រក​ស៊ី​ទេ ធ្វើ​ឲ្យ​ជីវភាព​ធ្លាក់​ដុនដាប​ខ្លាំង»

ជម្រើស​បិទ​ផ្លូវ​ជាតិ​រយៈ​ពេល​ប្រមាណ​ជាង ២​ម៉ោង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ជា​ការ​ដាក់​សម្ពាធ​រក​យុត្តិធម៌​នោះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ និង​ក្រុម​អ្នក​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​ទី​១ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា​ព្រឹទ្ធ​សភា ចុះ​ជួប​ប្រជាពលរដ្ឋ​ទទួល​យក​ឯកសារ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​សិក្សា​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្ដែង​ដើម្បី​ជា​ទុន​ក្នុង​ការ​ជួយ​អន្តរាគមន៍។

អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត ប្រកាស​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​ចាស់​តាំង​ពី​ឆ្នាំ​១៩៧៩ មក ប៉ុន្តែ​ការ​ធ្វើ​ប្លង់ដី​របស់​ក្រសួង​កសិកម្ម ក្នុង​ការ​ដោះដូរ​ដី​តំបន់​មុខ​សាលា​កសិកម្ម​ព្រែកលៀប ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ដោយ​មិន​បាន​កាត់​ឆ្វៀល​ភូមិ​ប្រជាពលរដ្ឋ​ចេញ​ទើប​បណ្ដាល​ឲ្យ​មាន​ជម្លោះ​បែប​នេះ​កើត​ឡើង។

​លោក​បន្ត​ថា យ៉ាងណា​ក៏​ដោយ​ជម្លោះ​នេះ​បាន​ទៅ​ដល់​ដៃ​តុលាការ​ហើយ ប៉ុន្តែ​អាជ្ញាធរ​នឹង​ស្នើ​ទៅ​គ្រប់​ភាគី ឬ​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ​ឲ្យ​កាត់​ឆ្វៀល​ភូមិ​ចេញ​ពី​ប្លង់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ដើម្បី​បញ្ចប់​ជម្លោះ៖ «សាមី​រឿង​គឺ​ក្រសួង​កសិកម្ម ត្រូវ​ចេញ​មុខ​ដោះស្រាយ ហើយ​អាជ្ញាធរ​នឹង​រាយការណ៍​ទៅ​ថ្នាក់​លើ​បន្តៗ​ទៀត ប៉ុន្តែ​ខ្ញុំ​បញ្ជាក់​ថា គ្មាន​ទេ​អំពើ​ហិង្សា​នៅ​ទី​នេះ បើ​សិន​ជា​មាន​ដីកា​ពី​តុលាការ​អនុវត្ត ខ្ញុំ​ក៏​សុំ​អង្វរករ​តុលាការ​ឲ្យ​ផ្អាក​សិន​ដោយ​មិន​អាច​ធ្វើ​អ្វី​ដោយ​រំលោភ​បំពាន​នៅ​ពេល​នេះ​បាន​ទេ»

​ទាក់ទង​ការ​ចេញ​មុខ​ដោះស្រាយ​របស់​អាជ្ញាធរ​នេះ មន្ត្រី​សម្របសម្រួល​ផ្នែក​ច្បាប់​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន លោក ណន អូនី មាន​ប្រសាសន៍​ថា ករណី​នេះ​ជា​ការ​រំលត់​កំហឹង​ប្រជាពលរដ្ឋ​មួយ​រយៈ​ពេល ប៉ុណ្ណោះ​ដោយ​លោក​ពុំ​ទាន់​ជឿ​ថា រឿង​នេះ​អាច​បញ្ចប់​ទៅ​បាន​ងាយស្រួល​នោះ​ទេ។

លោក​ថា បញ្ហា​សំខាន់​នៅ​ពេល​នេះ ធ្វើ​ម៉េច​ឲ្យ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់ ហើយ​អាជ្ញាធរ​និង​សុរិយោ​ដី​ក្រុង​ត្រូវ​ពិនិត្យ​លើ​កា​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​ជម្លោះ​នេះ​ឡើង​វិញ ដោយ​ត្រូវ​កាត់​ដី​ភូមិ​ប្រជាពលរដ្ឋ ៦​គ្រួសារ​ចេញ​ពី​ប្លង់ដី​របស់​ក្រុមហ៊ុន ហើយ​ត្រូវ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន​នោះ​ទើប​ជា​សុវត្ថិភាព​សម្រាប់​ពួកគាត់៖ «តើ​សមត្ថកិច្ច​របស់​ខណ្ឌ​ជ្រោយចង្វារ គាត់​អាច​ដោះស្រាយ​ប្រឈម​នឹង​តុលាការ​បាន​ដែរ​ឬ​ទេ? ហើយ​បើ​ដោះស្រាយ​ជាមួយ​តុលាការ​មិន​បាន​លោក​ចាត់​ទុក​ថា នេះ​គ្រាន់តែ​ជា​ការ​លួងលោម​ឲ្យ​ប្រជាពលរដ្ឋ​បើ​ផ្លូវ​ទេ»

ស្រប​ពេល​គ្នា​នេះ​ដែរ អ្នកតំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​ទី​១ នៃ​រដ្ឋ​សភា លោក ជា ប៉ូច ក្រោយ​ចុះ​អង្កេត​ផ្ទាល់​ដល់​ភូមិ និង​ទីតាំង​ក្រុមហ៊ុន​ដែល​កំពុង​មាន​ជម្លោះ​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ បាន​ថ្លែង​ថា គណៈកម្មការ​លោក​នឹង​អន្តរាគមន៍​តាម​រយៈ​តុលាការ ដោយ​សុំ​ផ្អាក​ចាត់​ការ​បណ្ដោះអាសន្ន​សិន ហើយ​គណៈកម្មការ​ដដែល​នេះ​នឹង​សរសេរ​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ឲ្យ​បំភ្លឺ​ចំពោះ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​ក្រុមហ៊ុន អេង កាំង នោះ តើ​មាន​ភាព​ត្រឹមត្រូវ​ប៉ុណ្ណា៖ «យើង​នឹង​សរសេរ​លិខិត​ទៅ ៣​កន្លែង ទី​មួយ​ក្រសួង​ដែនដី​នគររូបនីយកម្ម​និង​សំណង់ ឲ្យ​គាត់​បញ្ជាក់​ថា តើ​ប្លង់​ហ្នឹង​ពិត​ប្រាកដ​អត់? ព្រោះ​អាជ្ញាធរ​គាំទ្រ​ប្រជាពលរដ្ឋ តើ​ប័ណ្ណ​ហ្នឹង​ចេញ​មក​ច្រក​ណា»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​រក​ការ​បំភ្លឺ​តប​ពី​ក្រុមហ៊ុន អេង កាំង និង​ក្រសួង​កសិកម្ម ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ជុំវិញ​ជម្លោះ​ដី​នៅ​តំបន់​សាលា​កសិកម្ម​ព្រែក​នោះ​នៅ​ឡើយ ប៉ុន្តែ​កន្លង​មក​ខាង​ក្រុមហ៊ុន​បាន​ចោទ​ប្រកាន់​ពលរដ្ឋ ៦​គ្រួសារ​នោះ​ថា បាន​រស់​នៅ​ខុស​ច្បាប់​លើ​ដី​របស់​ក្រុមហ៊ុន។

ក្រុមហ៊ុន អេង កាំង ដដែល​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ធ្លាប់​មាន​ប្រវត្តិ​ជម្លោះ​ដី​ឈាបនដ្ឋាន ឬ​ប៉ាឆា​បូជា​សព​នៅ​វត្ត​ពោធិ៍ព្រឹក្ស ហៅ​វត្ត​ខ្ទរ ជាមួយ​អ្នក​ភូមិ​ខ្ទរ ដែល​មាន​ទីតាំង​ជិត​គ្នា​នោះ​ដែរ ដោយ​ក្រុមហ៊ុន​នេះ បាន​វាយ​កម្ទេច​ប៉ាឆា​បូជា​សព​ចោល ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​រារាំង​រហូត​ផ្ទុះ​អំពើ​ហិង្សា​វាយ​កម្ទេច​គ្រឿងចក្រ និង​ដុត​បំផ្លាញ​ទុយយោ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ទៀត​ផង។

បច្ចុប្បន្ន​ដី​តំបន់​ប៉ាឆា វត្ត​ខ្ទរ ត្រូវ​បាន​អាជ្ញាធរ​កាត់​ចេញ​ពី​ប្លង់ដី​របស់​ក្រុមហ៊ុន ហើយ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។