សង្គមស៊ី​វិល​ស្នើសុំ​ឲ្យ​មាន​ការ​ការពារ​សុវត្ថិភាព​អតីត​យុទ្ធជន​ពិការ ឈ្មោះ ហេង សឿន ដែល​កំពុង​ភៀស​ខ្លួន គេច​ពី​ការ​តាម​យាយី​របស់​អ្នក​មាន​អំណាច​ជាន់​ខ្ពស់

ដោយ វ៉ែន សុមេធ
2018-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អាំ ផល្លីន ដែល​ត្រូវ​បាន​​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា​លោក​ ហេង សំរិន ​ប្រកាស​បដិសេធ​ថា មិនមែន​ជាទីប្រឹក្សារបស់លោក កាល​ពី​​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៨។
លោក អាំ ផល្លីន ដែល​ត្រូវ​បាន​​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា​លោក​ ហេង សំរិន ​ប្រកាស​បដិសេធ​ថា មិនមែន​ជាទីប្រឹក្សារបស់លោក កាល​ពី​​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៨។
រូប​ពី Facebook របស់​លោក អាំ ផល្លីន

សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ការពារ​សុវត្ថិភាព​អតីត​យុទ្ធជន​ពិការ​ម្នាក់​ឈ្មោះ ហេង សឿន រស់​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ឈូក​ ខេត្ត​កំពត ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​ថា អតីត​យុទ្ធជន​ពិការ​រូប​នេះ បាន​បំផុស​បំផុល​ឲ្យ​ជន​អនាធិបតេយ្យ​ទៅ​កាប់​ទន្ទ្រាន​ដី​ខុស​ច្បាប់ នៅ​ទី​តាំង​ភូមិ​ព្រៃ​ពាយ។ លោក ហេង សឿន ថា ជន​មាន​អំណាច​រំលោភ​យក​ដី​ពលរដ្ឋ នៅ​ភូមិ​ព្រៃ​ពាយ បាន​ខឹង​សម្បារ​រូប​លោក និង​ចង់​គំរាម​អ្នក​ភូមិ​ដទៃ​ទៀត ឲ្យ​បោះ​បង់​ចោល​ដី​ធ្លី ទុក​ដី​ឲ្យ​ក្រុមហ៊ុន។

អតីតយុទ្ធជនពិការ ឈ្មោះហេង សឿន ដែល​អះអាង​ថា ធ្លាប់​រង​ការ​វាយ​ឲ្យ​សន្លប់​ជា​ច្រើន​ដង ពី​កង​កម្លាំង​របស់​ឈ្មួញ​ដី ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក​មិន​បាន​ភ័យ​ទេ ដោយសារ​លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់។ លោក​បន្ដ​ថា ឈ្មួញ​រក​ស៊ី​ដី​តែង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ពាយ និង​ពលរដ្ឋ​ដទៃ​ទៀត ដែល​តែង​តែ​តវ៉ា​ទាមទារ​ដី​ជម្លោះ​មក​វិញ៖ «»

សារព័ត៌មាន ហ្វ្រេស ញូវស៍ (Fresh News) ដែល​គាំទ្រ​របប​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៦ សីហា បាន​ចុះ​ផ្សាយ​បំផ្លើស​ការ​ពិត តាម​រយៈ​ការ​ជួល​អ្នក​កាសែត​ឲ្យ​ចុះ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​បំភ័យ​លោក និង​ពលរដ្ឋ​ក្នុង​ភូមិ​ថា លោក ហេង សឿន ត្រូវ​បាន​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​នៅ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ចាត់​ទុក​ជា​មេ​ក្លោង​ក្នុង​ការ​ដឹក​នាំ​ក្រុម​អនាធិបតេយ្យ​មក​ពី​ស្រុក​ផ្សេងៗ រួម​មាន ស្រុក​ទឹក​ឈូ ស្រុក​ដង​ទង់ ឃុំ​វាល​រេញ នៃ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​ចាប់​ដី​នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ដោយ​អះអាង​ថា ជា​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋ ដែល​បង្ក​ឲ្យ​មាន​ជម្លោះ រវាង​អ្នក​មាន​ដី​កាន់​កាប់​នៅ​ទី​នោះ និង​អ្នក​មក​ចាប់​ដី​ថ្មី​ប៉ះពាល់​លើ​ដី​មាន​ម្ចាស់ ហើយ​បំផុស​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​រដ្ឋបាល​សាលា​ខេត្ត​កំពត ដើម្បី​រាយការណ៍​បំផ្លើស​ការ​ពិត ជូន​លោក​អភិបាល​ខេត្ត​កំពត។

លោក ហេង សឿន ហៅ​ការ​ចុះ​ផ្សាយ​របស់ ហ្វ្រេស ញូវស៍ (Fresh News) ថា ជា​ការ​បំភ្លើស​ការ​ពិត។

ករណី​ទំនាស់​ដីធ្លី ​រវាង​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ ជាប់​ពាក់ព័ន្ធ​នឹង​ប្ដី​ប្រពន្ធ ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ជា​ទំនាស់​ដ៏​រ៉ាំរ៉ៃ​ ដែល​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទោះ​ជា​ប្ដូរ​អភិបាល​ខេត្ត​កំពត ជា​ច្រើន​នាក់ ក៏​ទំនាស់​មិន​ទាន់​បាន​បញ្ចប់​ទៀត ។ ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃ​ពាយ អះ​អាង​ថា ជា​ញឹក​ញាប់ ក្រុម​លោក អាំ ផល្លីន តែង​តែ​ប្រើ​អំពើ​ហិង្សា ដុត​បំផ្លាញ​ផ្ទះ​សម្បែង និង​កាប់​បំផ្លាញ​ផល​ដំ​ណាំ​​ពលរដ្ឋ​ដោយ​គ្មាន​ញញើត​ដៃ។ លោក ហេង សឿន ធ្លាប់​អះអាង​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ក្រុម​កង​កម្លាំង​របស់​អ្នកស្រី ហ៊ាង គន្ធី បាន​ចាប់​ចង​លោក វាយ​ឲ្យ​សន្លប់​ជា​ច្រើន​ដង នៅ​ក្នុង​ផ្ទះ​លោក ក្នុង​ភូមិ​ព្រៃ​ពាយ។ កាល​ណោះ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ បាន​ប្រើ​ងារ​ជា​ទីប្រឹក្សា​ អតីត​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើរ​សំឡុត វាយ​ធ្វើ​បាប​អ្នក​ភូមិ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន ដើម្បី​យក​ដី​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ដាំ​ដំណាំ​ម្រេច។

កាលពីថ្ងៃទី២៦ ខែ​មេសា ឆ្នាំ​២០១៨ ប្រជា​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ​ម្នាក់ លោកស្រី រី ស្រី ប្រាប់​អាស៊ី​សេរី​ទាំង​សំឡេង​យំ​ខ្សឹក​ខ្សួល​ថា ក្រុម​បក្ខពួក​របស់​លោក អាំ ផល្លីន និង​អ្នក​ស្រី ហ៊ាង គន្ធី ចំនួន​ជាង ២០​នាក់ បាន​នាំ​គ្នា​ទៅ​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​គាត់ ដែល​រួម​មាន ស្វាយ ខ្នុរ និង​ចេក​អស់​ជា​ច្រើន​ដើម ព្រម​ទាំង​វាយ​បំផ្លាញ​ឡ​ដុត​ធ្យូង ដែល​គាត់​ប្រើ​សម្រាប់​ប្រកប​របរ​​ចិញ្ចឹម​ជីវិត​ថែម​ទៀត។ ពលរដ្ឋ​ដដែល​បន្ត​ថា ក្រុម​ជន​បង្ក​ក៏​បាន​ដុត​បំផ្លាញ​ផ្ទះ​ស្បូវ​របស់​គាត់​មួយ​ខ្នង​ទៀត ដែល​ធ្វើ​ឱ្យ​គាត់​ត្រូវ​បាត់​បង់​លំនៅ និង​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ខ្វះ​ខាត​ស្បៀង​អាហារ​ទៅ​ថ្ងៃ​មុខ៖ «»

កាលពីនៅថ្ងៃ​ទី​២៧ ខែ​មេសា​កន្លង​ទៅ ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក​ ហេង សំរិន ចេញ​សេចក្តី​ប្រកាស​ភ្លាមៗ ដោយ​បាន​បញ្ជាក់​ថា ខុទ្ទកាល័យ​សូម​ប្រកាស​ថ្កោល​ទោស និង​បដិសេធ ចំពោះ​សកម្មភាព​របស់​ឈ្មោះ អាំ ផល្លីន និង​ឈ្មោះ ហ៊ាង គន្ធី ដែល​បាន​យក​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ទៅ​ប្រើ​ប្រាស់ ក្នុង​គ្រប់​ទង្វើ​ទុច្ចរិត​ទាំង​ឡាយ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​ថ្នាក់​ដឹក​នាំ និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច មេត្តា​ចាត់​វិធានការ​តាម​​ផ្លូវ​ច្បាប់​ជា​ធរមាន ឲ្យ​បាន​តឹងរ៉ឹង​បំផុត។

មួយ​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី២៨ ខែ​មេសា ប្ដី​ប្រពន្ធ​ឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី បាន​តប​លិខិត​ទៅ​ខុទ្ទកាល័យ លោក ហេង សំរិន វិញ ដោយ​បដិសេធ​ថា មិន​បាន​យក​ងារ​ជា​ទីប្រឹក្សា​ទៅ​គំរាម​កំហែង​ ឬ​ធ្វើ​អំពើ​ទុច្ចរិត​ណា​មួយ​ទេ។

អ្នក​ភូមិ​ព្រៃ​ពាយ​ថា ចាប់​ពី​ពេល​នោះ​មក អ្នក​ភូមិ​លែង​សូវ​រង​ការ​គំរាម​កំហែង ឬ​វាយ​ធ្វើ​បាប ហើយ​បាន​នាំ​គ្នា​ហ៊ាន​ទៅ​រស់​នៅ​លើ​ដី​ក្នុង​ភូមិ​ព្រៃ​ពាយ ជា​បណ្ដើរៗ វិញ។

ចំណែក​យុទ្ធជន​ពិការ​ជើង​ម្ខាង លោក ហេង សឿន ឲ្យ​អាស៊ី​សេរី​ថា ក្រោយ​ពី​អភិបាល​ខេត្ត​កំពត​ថ្មី លោក ជាវ តាយ បាន​ចូល​កាន់​តំណែង​បន្ដ​ពី​អភិបាល​ខេត្ត​កំពត​ចាស់ លោក ចាន់ ចេស្ដា ដែល​កាន់​តំណែង​ជា​អភិបាល​ខេត្ត ​មិន​ទាន់​បាន ១​ឆ្នាំ​ផង លោក ជាវ តាយ បាន​បញ្ជា​ឲ្យ​មាន​ការ​​ស៊ើប​អង្កេត​ជម្លោះ​ដី​ធ្លី​នេះ និង​បាន​ស្ដី​បន្ទោស​ឲ្យ​មន្ត្រី​វាស់​វែង​ដី​ធ្លី ដែល​វាស់​ដី​ឲ្យ​ពលរដ្ឋ​រួច​ហើយ នៅ​មិន​ព្រម​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ។

លោក ហេង សឿន ឲ្យ​ដឹង​ថា អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្គេត​​ជា​សំងាត់​ឡើង​វិញ ហើយ​បាន​ប្រកាស​ធានា​ប្រាប់​ពលរដ្ឋ សូម​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ព្រួយ​បារម្ភ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​រស់​នៅ​លើ​ដី​កម្មសិទ្ធិ​វិញ។

មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ កាល​ពី​ថ្ងៃ​ទី៦ សីហា បាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​ភ្លាមៗ មាន​ចំណង​ជើង​ថា ទារុណកម្ម​ឃោរឃៅ​លើ​យុទ្ធ​ជន​ពិការ​ជើង ហេង សឿន នៅ​ក្នុង​ដី​សម្បទាន​សង្គម​កិច្ច​ភូមិ​ព្រៃ​ពាយ ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត។ សេចក្តី​ប្រកាស​ជា​សាធារណៈ​នេះ ធ្វើ​ឡើង​ក្រោយ​ប្រព័ន្ធ​ឃោសនា ហ្វ្រេស ញូវស៍ (Fresh News) ចុះ​ផ្សាយ​ថា លោក ហេង សឿន ជា​មេ​ដឹក​នាំ​ញុះញង់ ជន​អនាធិបតេយ្យ​ឲ្យ​ចាប់​ដី​ផ្ដេសផ្ដាស នៅ​ភូមិ​ព្រៃ​ពាយ។

ក្នុង​សេចក្តី​ប្រកាស​នោះ លោក ប៉ែន បុណ្ណារ៍ សរសេរ​ថា យុទ្ធជន ហេង សឿន បាន​ធ្វើ​ពលិកម្ម​ដើម្បី​ការពារ​ប្រទេស​ជាតិ បណ្តាល​ឲ្យ​ពិការ​ជើង​ស្តាំ ក្រោម​ជង្គង់​ ដោយសារ​ជាន់​មីន នៅ​សមរភូមិ​ប៉ៃលិន កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ១៩៨៩។ បើ​ទោះ​បី​ធ្លាក់​ខ្លួន​ពិការ​ជើង​មួយ​ចំហៀង​ក៏​ដោយ យុទ្ធជន ហេង សឿន កំពុង​បំរើ​ការងារ​នៅ​អង្គភាព​យុទ្ធជន​ពិការ​ខេត្ត​កំពត។ យុទ្ធជន​ពិការ​ជើង លោក ហេង សឿន មាន​អាយុ ៤៩ ឆ្នាំ មាន​ភរិយា កូន​បី​នាក់ និង​ចៅប្រុស​ម្នាក់ កំពុង​ភៀស​ខ្លួន​ដោយសារ​ទំនាស់​ដី​សម្បទាន​សង្គមកិច្ច រវាង​ពលរដ្ឋ​ក្រីក្រ ១០១​គ្រួសារ ជាមួយ​លោក អាំ ផល្លីន និង​អ្នកស្រី ហ៊ាង គន្ធី នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត។

យុទ្ធជន​ពិការ លោក ហេង សឿន រួម​ជាមួយ​ពលរដ្ឋ​ក្រីក្រ ១០០​គ្រួសារ ដែល​អាជ្ញាធរ​មូលដ្ឋាន​ចាត់​ថ្នាក់​ជា​គ្រួសារ​គ្មាន​ដី បាន​ខិតខំ​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច តាំង​ពី​ឆ្នាំ២០០៩ ហើយ​នៅ ឆ្នាំ២០១១ គម្រោង​សុំ​ដី​សម្បទាន​សង្គម​កិច្ច ក៏​ទទួល​បាន​ការ​យល់​ព្រម​ពី​រាជ​រដ្ឋាភិបាល ហើយ​ក៏​មាន​ការ​បែងចែក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០១១ ដែល​មាន​វត្តមាន​អភិបាល​ខេត្ត​រង លោក ជឹង ផល្លា អភិបាល​ស្រុក​ឈូក លោក ឃឹម ហម ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត វិស្វករ ប៉ាង ប៉ុណ្ណរដ្ឋ ពេល​នោះ​ព្រម​គ្នា​បញ្ជាក់​ថា ដី​បែងចែក​សម្បទាន​សង្គម​កិច្ច មិន​អាច​លក់​ទិញ​បាន​ទេ ក្នុង​រយៈ​ពេល ៥ឆ្នាំ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ដឹង​ច្បាស់​ណាស់ ចំពោះ​លក្ខខណ្ឌ​សម្បទាន​សង្គម​កិច្ច។

ការទទួលដីសម្បទានសង្គមកិច្ច ដែល​ក្នុង​មួយ​គ្រួសារៗ ទទួល​បាន​ដី​លំនៅឋាន​ទំហំ ៥០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ដី​កសិកម្ម ទំហំ ៦២​ម៉ែត្រ​គុណ​នឹង ២៦០​ម៉ែត្រ រួម​ទាំង​ដី​បំរុង​ទុក ​ជាង ​១០០​ហិកតារ ដី​វត្ត ៧​ហិកតារ សាលារៀន ៩​ហិកតារ រដ្ឋបាល ពេទ្យ ៣​ហិកតារ ផ្សារ ៣​ហិកតារ និង​តំបន់​ទឹក​ស្អាត ៥​ហិកតារ។

អាស៊ី​សេរី មិន​អាច​រក​ប្រភព​សុំ​ការ​ឆ្លើយ​តប​ពី​ប្ដី​ប្រពន្ធ​ឈ្មួញ​ដី លោក អាំ ផល្លីន និង​លោកស្រី ​ហ៊ាង​ គន្ធី បាន​ទេ នៅ​ថ្ងៃ​ទី០៩ សីហា។ ប៉ុន្ដែ លោក អាំ ផល្លីន ធ្លាប់​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ២០១៧ ថា លោក​មិន​ដែល​បាន​គំរាម​កំហែង ឬ​ធ្វើ​បាប​ពលរដ្ឋ​ទេ គឺ​មេ​ក្លោង​នៃ​ក្រុម​ជន​អនាធិបតេយ្យ​បាន​មួល​បង្កាច់​កិត្តិយស​លោក៖ «»

ប៉ុន្ដែ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម ​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ សីហា​ថា សមាគម​សិទ្ធិមនុស្ស អាដហុក ពិត​ជា​បាន​រក​ឃើញ​ថា មាន​ករណី​ឈ្មួញ​ដី រំលោភ​បំពាន​ដី​សម្បទាន​សង្គម​កិច្ច ដែល​រដ្ឋាភិបាល​ចែក​ឲ្យ​ជន​ពិការ និង​ពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ​ពិត​មែន។ លោក ប៉ែន បុណ្ណារ៍ ថា ក្នុង​ច្បាប់​ស្ដីពី​ការ​ផ្ដល់​ដី​សង្គម​កិច្ច​ ម្ចាស់​ដី​មាន​សិទ្ធិ​លក់​ដី​ក្នុង​រយៈ​ពេល​កាន់កាប់​បាន ៥​ឆ្នាំ។ ប៉ុន្ដែ អាដហុក រក​ឃើញ​ថា ដី​សម្បទាន​សង្គម​នៅ​ភូមិ​ព្រៃ​ពាយ មាន​ការ​ឃុបឃិត​គ្នា​លក់ តាំង​ពី​ពលរដ្ឋ​ទើប​កាន់កាប់​បាន ១ឆ្នាំ។ លោក ប៉ែន បុណ្ណារ៍ សាទរ​ចំពោះ​អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ដែល​ទើប​កាន់​តំណែង កំពុង​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ៖ «»

ទោះយ៉ាងណា យុទ្ធជន​ពិការ ហេង សឿន បញ្ជាក់​ថា មក​ដល់​ពេល​នេះ រូប​លោក និង​អ្នក​ភូមិ មិន​ខ្លាច​ការ​ប្ដឹង​ផ្ដល់​គ្នា​នៅ​តុលាការ​ទេ ដោយសារ​លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់។ លោក​ប្ដេជ្ញា​ថា នឹង​បន្ដ​សកម្មភាព​ទាមទារ​ដី​សម្បទាន​សង្គមកិច្ច​នោះ​មក​វិញ បើ​ទោះ​ជា​ត្រូវ​តស៊ូ​យូរ​ឆ្នាំ ឬ​ត្រូវ​យក​ជីវិត​ជា​ដើម​ទុន​ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល