ភរិយា​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ត្បូងឃ្មុំ​ថា ការ​កាត់​ទោស​ស្វាមី​ខ្លួន​ជា​រឿង​អយុត្តិធម៌​បំផុត

ដោយ សុជីវី
2020.06.08
ដី​ស្រែប្រាំង​ត្បូងឃ្មុំ អ្នក​ភូមិ​ស្រែ​ប្រាំង និង​អ្នក​ភូមិ​បុស្ប​ស្នោ នៅ​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​ក្រុមហ៊ុន​ចិន​ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) មិន​ឲ្យ​ឈូស​ឆាយ​ដី​ចម្ការ​ និង​ព្រៃ​លិច​ទឹក នៅ​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ភរិយា​តំណាង​ពលរដ្ឋ​ទំនាស់​ដីធ្លី​ម្នាក់​ដែល​ទើប​សម្រាក​កូនស្រី​បាន ១​សប្ដាហ៍ នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បង្ហាញ​អារម្មណ៍​រន្ធត់ នៅ​ពេល​ដឹង​ថា តុលាការ​កាត់​ទោស​ស្វាមី​លោកស្រី​របស់​ខ្លួន​ឱ្យ​ជាប់ពន្ធនាគារ ៧​ឆ្នាំ ក្នុង​រឿង​ចេញមុខ​ការពារ​ព្រៃឈើ​សហគមន៍ ដែល​កើតឡើង​កាលពី​ជាង ៤​ឆ្នាំមុន។ ស្ត្រី​កូនខ្ចី​រូប​នេះ ហៅថា​ការ​ផ្តន្ទាទោស​ប្តី​របស់​ខ្លួន​បែបនេះ ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​ទេ។

លោកស្រី ឈឿន ស្រីសុខ ដែល​ត្រូវជា​ប្រពន្ធ​លោក សែម សាំង ថ្លែង​ថា លោក សែម សាង និង​អ្នកភូមិ​ផ្សេងទៀត តែង​នាំគ្នា​ទៅ​ទប់ស្កាត់ និង​ដក​ម៉ាស៊ីន​អារ​ឈើ​ទុក​ប្រគល់​ឱ្យ​អាជ្ញាធរ​ឃុំ នៅ​ពេល​មាន​សកម្មភាព​លួច​កាប់​ព្រៃ​សហគមន៍​ត្រពាំង​ព្រីង ពី​សំណាក់​ជនខិលខូច យក​ទៅ​លក់​ឱ្យ​ឈ្មួញ។

លោកស្រី​បន្ត​ថា ក្រុម​អ្នក​រកស៊ី​ឈើ មិន​សប្បាយ​នឹង​ប្រជា​សហគមន៍ ព្រោះតែ​បាត់​ប្រយោជន៍​ផ្ទាល់ខ្លួន ពួកគេ​ក៏​រួមគ្នា​ដាក់​ពាក្យ​ប្ដឹង​ប្ដី​លោកស្រី ទៅ​តុលាការ​ខេត្ត​ត្បូងឃ្មុំ រឿង​ដក​យក​ម៉ាស៊ីន​អារ​ឈើ ២​គ្រឿង ក្នុង​ដី​មាន​​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៦។

ចាប់​តាំង​ពី​នោះ​មក លោក សែម សាង និង​អ្នកភូមិ​៦​នាក់​ផ្សេងទៀត ត្រូវ​បាន​តុលាការ​ខេត្ត​ត្បូង កោះហៅ​ឱ្យ​ចូលខ្លួន​បំភ្លឺ​ជាច្រើន​លើក។

លោកស្រី​បន្ថែម​ថា លុះ​មកដល់​ពាក់កណ្ដាល​ខែ​តុលា​ឆ្នាំ​២០១៩ លោក សែម សាង ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន រួច​បញ្ជូន​ទៅ​ឃុំ​ពន្ធនាគារ​ខេត្ត ដោយ​គ្មាន​បង្ហាញ​ដីកា​តុលាការ ឬ​ប្រាប់​ពី​មូលហេតុ​ណាមួយ​ឡើយ ក្រោយពី​លោក​ត្រឡប់​មក​ពី​ចូលរួម​សិក្ខាសាលា​មួយ ស្ដី​អំពី​វិធី​ចិញ្ចឹម​មាន់ នៅ​ខេត្ត​កំពង់ឆ្នាំង។

លោកស្រី​ថា លោក សែម សាង គឺជា​មនុស្ស​ស្លូតបូត និង​ចេញ​ការពារ​ផលប្រយោជន៍​ដី​ព្រៃ​ទុកជា​ប្រយោជន៍​រួម​របស់​សហគមន៍ ប៉ុន្តែ​បែរ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​កាត់ទោស​ឱ្យ​គាត់​ជាប់ពន្ធនាគារ​ដល់​ទៅ​៧​ឆ្នាំ។ ស្ត្រី​កូនខ្ចី​រូប​នេះ យល់ថា វា​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​បាន​ឡើយ៖ «ខ្ញុំ​ចង់​ស្នើ​ទៅ​តុលាការ សូម​តុលាការ​ដោះលែង​គាត់​ឱ្យ​ឆាប់ៗ​ទៅ។ សូម​គាត់​ថា​កុំ​ដាក់​ឃុំឃាំង​គាត់​យូរ​ឆ្នាំ​ពេក ត្រឹមតែ ១​ឆ្នាំ​បាន​ហើយ ដាក់​ដល់ ៧​ឆ្នាំ​ដូចជា​វា​ពេក​ហើយ តុលាការ​ហ្នឹង​នោះ កាត់ទោស​យ៉ាងម៉េច​ទេ។ បើសិនជា​ប្ដី​ខ្ញុំ​ទៅ​សម្លាប់​ចាក់​គេ ខ្ញុំ​ក៏​អត់​តវ៉ា​រឿង​ទោស​អ្វី​ធ្ងន់​ម្លឹង​ដែរ ។ ប្ដី​ខ្ញុំ​គ្រាន់តែ​ទៅ​ឃាត់​ត្រង់​ស៊ីន័រ​គេ ហេតុអ្វី​តុលាការ​កាត់ទោស​ដល់ ៧-៨​ឆ្នាំ អ៊ីចឹង»

កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លោក ផុន វណ្ណា សម្រេច​ផ្ដន្ទាទោស លោក សែម សាង វ័យ ៣៧​ឆ្នាំ ឱ្យ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ ពី​បទ​កំហែង​យក​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ប្រើប្រាស់​អាវុធ នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង កាល​ពី​ថ្ងៃ​ទី១៨ កុម្ភៈ ឆ្នាំ​២០១៦។

ក្រោយ​ពី​តុលាការ​ចេញ​សាលក្រម​រឿង​នេះ លោក សែម ចំណាន ដែល​ត្រូវជា​ប្អូនជីដូនមួយ​លោក សែម សាង ហើយ​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៦​នាក់​ទៀត ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​តាម​ចាប់​ខ្លួន​ពី​ខាង​សមត្ថកិច្ច។

លោក​ឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ចុះ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ ពី​ជាង​៤​ឆ្នាំមុន​នោះ ខាង​សហគមន៍​មិន​មាន​ប្រើ​អាវុធ ឬ​កាំបិត ទៅ​គំរាម​ក្រុម​អ្នក​កាប់​ឈើ​នោះ​ទេ ។ លោក​បន្ត​ថា លោក សែម សាង និង​អ្នកភូមិ​ប្រមាណ ៣០​នាក់​ទៀត គ្រាន់តែ​ទៅ​ឃាត់​ពួកគេ កុំ​ឱ្យ​កាប់​ឈើ​ត​ទៀត ដោយ​ដក​យក​ម៉ាស៊ីន​អារ​ឈើ​ទុក​ប៉ុណ្ណោះ។

តំណាង​ពលរដ្ឋ​រូប​នេះ​យល់​ថា សាលក្រម​ដែល​តុលាការ​ផ្ដន្ទាទោស​ពួកគាត់ ៨​នាក់ ដាក់​ពន្ធនាគារ​៧​ឆ្នាំ គឺ​មាន​អំពើពុករលួយ​ក្នុង​រឿង​នេះ ព្រោះ​តុលាការ ផ្អែក​តែ​លើ​ភស្តុតាង​របស់​ដើម​បណ្ដឹង ដោយ​មិនបាន​ចុះ​ស៊ើបអង្កេត​ដល់​ទីតាំង​កើតហេតុ​ឱ្យ​ច្បាស់លាស់៖ «រឿង​កាត់ក្ដី​នេះ ខ្ញុំ​មិន​ចេះ​ច្បាប់​អី​ទេ ប៉ុន្តែ​មើល​ទៅ​វា​ត្រូវ​នឹង​អង្គហេតុ ហើយ​វា​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ទៀត។ តើ​មាន​ច្បាប់​ឯណា មាត្រា​ទី​ប៉ុន្មាន ដែល​យើង​ទៅ​ហាមឃាត់​ក្នុង​គោលបំណង មិនមែន​យើង​ទៅ​ចាប់​យក​ត្រង់​ស៊ីន័រ​មក​លក់​ទេ ។ យើង​ចាប់​របស់​គេ​ហើយ ត្រូវ​រក្សាទុក ហើយ​របស់​នេះ​ត្រូវ​យក​ទៅ​លក់​មិនមែន​ទេ គឺ​យើង​ចាប់​មក​ទុក​ដើម្បី​រក​ដំណោះស្រាយ​ថា ធ្វើ​កិច្ចសន្យា​ឱ្យ​ឈប់​ចូល​ទៅ​ក្នុង​ទីតាំង​ដី​ហ្នឹង​ទៀត ពីព្រោះ​ដី​នោះ​ជា​ដី​ទំនាស់ ។ អ៊ីចឹង​ហើយ​ការ​ចេញ​សាលក្រម​របស់​តុលាការ​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ គឺ​វា​អយុត្តិធម៌​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រជា​សហគមន៍​នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង»

មេធាវី​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សម ទិត្យសីហា ដែល​ការពារ​ក្ដី​លោក សែម សាង លើកឡើង​ថា ក្នុង​ពេល​ជំនុំ​ជម្រះក្ដី ខាង​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ដែល​ជា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំងព្រីង ទទួល​ស្គាល់​ថា គ្មាន​នរណា​ប្រើ​អំពើ​ហិង្សា​ដាក់​ពួកគាត់​នោះ​ទេ ប៉ុន្តែ ចៅក្រម​នៅតែ​ចោទប្រកាន់​កូនក្ដី​លោក ពី​បទ​ឧក្រិដ្ឋ ដោយ​ដាក់ទោស​រហូត​ដល់ ៧​ឆ្នាំនេះ។ លោក យល់​ថា បទ​ចោទ​នេះ មិន​ស៊ី​សង្វាក់​គ្នា​នឹង​អង្គហេតុ ដែល​បាន​កើតឡើង កាល​ពី​ជាង ៤​ឆ្នាំមុន​នោះ​ទេ៖ «ដើមបណ្ដឹង​រដ្ឋប្បវេណី គាត់​ទទួល​ស្គាល់​ថា ពិតជា​មានការ​ដកហូត​មែន ប៉ុន្តែ​អត់​មាន​ប្រើ​អំពើ​ហិង្សា ឬក៏​ការ​គំរាមកំហែង​អី​ទេ ។ អ៊ីចឹង​! ក្នុងនាម​ខ្ញុំ​ជា​មេធាវី គួរតែ​តុលាការ​ចោទប្រកាន់​គាត់​ពី​បទ​កំហែង​យក​ទទេ ដោយ​មិន​កំហែង​យក​មាន​ស្ថាន​ទម្ងន់ ដែល​ជា​បទឧក្រិដ្ឋ គួរតែ​គាត់​ចោទប្រកាន់​ទៅលើ​មជ្ឈិម​វិញ ព្រោះ​ចោទ​បទឧក្រិដ្ឋ វា​ធ្ងន់ធ្ងរ ។ បើ​យើង​មាន​មាត្រា​៥​នៃ​ក្រមព្រហ្មទណ្ឌ ចែងថា ចៅក្រម ព្រះរាជអាជ្ញា មិន​អាច​ធ្វើ​ឱ្យ​រឿង​រីក​ធំ​ទេ ។ ខ្ញុំ​មានការ​សោកស្ដាយ​មែនទែន ចំពោះ​ការសម្រេច​ក្ដី​ទៅលើ​លោក សែម សាង រហូតដល់​៧​ឆ្នាំ ។ ការ​ដាក់​ទោស​ទណ្ឌ វា​ធ្ងន់ធ្ងរ»

មេធាវី​រូប​នេះ ឱ្យ​ដឹង​ថា លោក សែម សាង ដែល​កំពុង​មាន​ជំងឺ​ជាប់​ខ្លួន មិន​សុខ​ចិត្តនឹង​ការសម្រេច​នេះ​ទេ ។ លោក និង​មេធាវី ៣​នាក់​ទៀត នឹង​ទៅ​ជួបពិភាក្សា​ជាមួយ​លោក សែម សាង នៅ​ពន្ធនាគារ ដើម្បី​ឱ្យ​កូនក្ដី​ផ្ទេរ​សិទ្ធ​ឱ្យ​មេធាវី ដាក់​បណ្ដឹង​ទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ពិនិត្យ​សំណុំ​រឿង​នេះ​ឡើងវិញ។

ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ដែល​ស្គាល់​លោក សែម សាង ជាច្រើន​ឆ្នាំ​មក​នេះ មាន​ប្រសាសន៍​ថា តំណាង​ពលរដ្ឋ​រូប​នេះ មិនមែន​ជា​មនុស្ស​កាច​សាហាវ​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រសិនបើ​លោក សែម សាង ជា​មនុស្ស​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន នោះ​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្បស្នោរ មិន​គាំទ្រ​លោក​ធ្វើជា​តំណាង​របស់​ពួកគាត់​ទេ។

គ្រួសារ​លោក សែម សាង គឺជា​គ្រួសារ​កសិករ​ក្រីក្រ​មួយ ស្ថិតនៅ​ក្នុង ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង ។ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ តែង​ប្រកប​របរ​ស៊ីឈ្នួល​ដាំ​ដំឡូង និង​ដើរ​រើស​ស្វាយ​ឱ្យ​ឈ្មួញ ដើម្បី​ប្ដូរ​យក​ប្រាក់​ចិញ្ចឹម​កូន។ ក្នុងអំឡុងពេល​មាន​ទម្ងន់​កូន​ទី​៣ ហើយ​ប្ដី​ជាប់ឃុំ លោកស្រី ឈឿន ស្រី​សុខ នៅតែ​បន្ត​ដើរ​រក​ប្រាក់ ដោយ​រើស​ស្វាយ និង​ដាំ​ដំឡូង​ឱ្យ​គេ រហូតដល់​សម្រាក​បាន​កូនស្រី​មួយ កាលពី​ចុងខែ​ឧសភា។

លោកស្រី ឈឿន ស្រីសុខ ដែល​ត្រូវ​ទទួល​អម្រែក​ចិញ្ចឹម​កូន​៣​នាក់ ស្នើ​ដល់​សាលាឧទ្ធរណ៍ ជួយ​ពិនិត្យ​រឿង លោក សែម សាង ឡើងវិញ និង​ដោះលែង​គាត់ ឱ្យ​មាន​សេរីភាព បាន​ជួបជុំ​ក្រុម​គ្រួសារ​វិញ ដើម្បី​ស្វែង​រក​ប្រាក់​ចិញ្ចឹម​កូនស្រី​ទើប​នឹង​កើត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។