ក្រសួង​សាធារណការ​ព្រម​ផ្អាក​ការ​សង់​ផ្លូវ​រថភ្លើង​ទៅ​វាលយន្តហោះ​អន្តរជាតិ​ភ្នំពេញ

ដោយ ឡេង ម៉ាលី
2017.08.11
តវ៉ា​ផ្លូវរថភ្លើង ពោធិ៍សែនជ័យ ១៤៤០ ពលរដ្ឋ​ប្រមាណ ១០០​នាក់​មក​ពី ៤​ភូមិ ក្នុង​សង្កាត់​កាកាប២ ខណ្ឌ​ពោធិ៍សែនជ័យ ជួប​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អំពី​គម្រោង​ធ្វើ​ផ្លូវ​រថភ្លើង​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧ នា​បរិវេណ​វត្ត​តាំងកសាង។ RFA/Leng Maly
RFA/Leng Maly

មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​មន្ទីរ​រាជធានី​ភ្នំពេញ បាន​ព្រម​ផ្អាក​ការ​សង់​ផ្លូវ​រថភ្លើង​ទៅ​វាលយន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ការ​ផ្អាក​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ប្រមាណ ១០០​នាក់ មក​ពី ៤​ភូមិ ក្នុង​សង្កាត់​កាកាប២ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​សីហា។

អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក លី បូរិន ប្រកាស​ប្រាប់​ពលរដ្ឋ​ក្រោយ​ការ​ពិគ្រោះ​យោបល់​នោះ​ថា ការ​សាងសង់​ផ្លូវ​រថភ្លើង​ពី​វត្ត​តាំងកសាង កាត់​ទៅ​វាលយន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​មិន​បន្ត​ទៀត​ទេ ប្រសិន​បើ​មិន​ទាន់​មាន​ការ​យល់​ព្រម​ពី​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​កាកាប នោះ។

លោក លី បូរិន ថ្លែង​បញ្ជាក់​ថា ការ​សាងសង់​ផ្លូវ​រថភ្លើង​នេះ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ល្អ​ទេ បើ​ភាគី​ពាក់ព័ន្ធ និង​ពលរដ្ឋ​មិន​មាន​ឯកភាព​គ្នា៖ «ចំពោះ​ផ្លូវ​ដែក ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ហើយ​ថា យើង​នឹង​មាន​កិច្ច​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះ ហើយ​នឹង​មក​ជួប​បងប្អូន​ម្ដង​ទៀត។ ការ​ដែល​ធ្វើ​ផ្លូវ​បាន​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ហើយ។ ផ្អាក​សិន ដើម្បី​យើង​រក​ដំណោះស្រាយ ដើម្បី​ធ្វើ​អី​ឲ្យ​រលូន មាន​ទាំង​ខាង​ក្រសួង មាន​ទាំង​អ្នក​សាងសង់ និង​បងប្អូន​ដែល​គាត់​រស់​នៅ យើង​ឯកភាព​គ្នា យើង​ដើរ​ទៅ​ទាំង​អស់​គ្នា អា​ហ្នឹង​បាន​សុខសប្បាយ។ តែ​បើ​យើង​អត់​បាន​ដោះស្រាយ​បញ្ចប់​ទេ គឺ​យើង​មិន​អាច​បន្ត​ការ​សាងសង់​នេះ​បាន​ទេ»
«ល្អ ដូច​ថា គាត់​ដាក់​លូ ពង្រីក​ផ្លូវ អ៊ីចឹង​វា​រំដោះ​ទឹក​ចេញ វា​អត់​សូវ​កក​ស្ទះ។ ប៉ុន្តែ​អត់​ពេញ​ចិត្ត​រឿង​ធ្វើ​ផ្លូវ​រទេះភ្លើង ខ្លាច​វា​ប៉ះពាល់ ព្រោះ​មាន​សិស្ស​ចេញ​ពី​រៀន​មួយ តំបន់​រោងចក្រ ហើយ​ប៉ះពាល់​កន្លែង​ប្រជាជន​រកស៊ី​តាម​

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​កាកាប២ ជិត ១០០​នាក់ បាន​នាំ​គ្នា​ដុត​កង់ឡាន​តវ៉ា​ជំទាស់​នឹង​ការ​សាងសង់​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ​ម្ដង​ហើយ ដោយសារ​តែ​ពួក​គាត់​យល់​ថា ផ្លូវ​រថភ្លើង​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ពួក​គាត់ ហើយ​ថា ការ​សាងសង់​ផ្លូវ​នេះ ធ្វើ​ឡើង​មិន​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ជា​មុន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​ទាំង​នេះ យល់​ព្រម​ចំពោះ​​គម្រោង​របស់​ប្រធាន​មន្ទីរ​សាធារណការ​សាលា​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ដែល​ចង់​ពង្រីក​ផ្លូវ​លេខ ១០៥​ខេ (105K) និង​ដាក់​លូ​ប្រអប់​ទំហំ ២​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ពី​វាលយន្តហោះ និង​តំបន់​នោះ។

អ្នក​ភូមិ​ចម្ការឪឡឹក១ ក្នុង​សង្កាត់​កាកាប លោកស្រី សុខ ស៊ីណា មាន​គាំទ្រ​ថា គម្រោង​នេះ​ល្អ​សម្រាប់​អ្នក​ភូមិ៖ «ល្អ ដូច​ថា គាត់​ដាក់​លូ ពង្រីក​ផ្លូវ អ៊ីចឹង​វា​រំដោះ​ទឹក​ចេញ វា​អត់​សូវ​កក​ស្ទះ។ ប៉ុន្តែ​អត់​ពេញ​ចិត្ត​រឿង​ធ្វើ​ផ្លូវ​រទេះភ្លើង ខ្លាច​វា​ប៉ះពាល់ ព្រោះ​មាន​សិស្ស​ចេញ​ពី​រៀន​មួយ តំបន់​រោងចក្រ ហើយ​ប៉ះពាល់​កន្លែង​ប្រជាជន​រកស៊ី​តាម​ផ្លូវ»

គម្រោង​ផ្លូវ​រថភ្លើង​ដែល​ពលរដ្ឋ​ជំទាស់​នេះ គឺ​សង់​នៅ​លើ​ផ្លូវ​ចាក់​បេតុង លេខ ១០៥ខេ ស្ថិត​ក្នុង សង្កាត់​កាកាប២ ខណ្ឌ​ពោធិ៍សែនជ័យ កាត់​ពី​ផ្លូវ​រថ​ភ្លើង​ចាស់​ត្រង់​វត្ត​តាំង​កសាង ឆ្ពោះ​ទៅ វាលយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ប្រវែង ១.៥០០​ម៉ែត្រ។

ដោយសារ​តែ​ការ​បារម្ភ​អំពី​ផល​ប៉ះពាល់ និង​ជំទាស់​អំពី​ការ​សាងសង់​ផ្លូវ​រថភ្លើង​នេះ អ្នក​ភូមិ​ចង់​ឲ្យ​អាជ្ញាធរ​រក​ជម្រើស​ផ្សេង។ អ្នក​ភូមិ​ម្នាក់​ទៀត ឈ្មោះ បូ អងហ៊ង ចង់​ឲ្យ​បង្កើត​ស្ថានីយ​នៅ​ទី​នោះ ហើយ​ប្រើ​ឡាន​សម្រាប់​ដឹក​ភ្ញៀវ​វិញ៖ «ប្រជាជន​គាត់​សំណូមពរ​ថា អាច​បង្កើត​ស្ថានីយ​មួយ ដែល​រំដោះ​ភ្ញៀវ គឺ​ភ្ញៀវ​មក​ពី​ភ្នំពេញ មក​ស្ថានីយ ហើយ​មិន​បាច​បង្កើត​ផ្លូវ​រថភ្លើង​ទេ គឺ​អាច​បន្ត​ពី​ស្ថានីយ​ទៅ​វាល​យន្តហោះ​បាន​តាម​ផ្លូវ​ហ្នឹង។ ទោះ​បី​ជា​ពង្រីក​ផ្លូវ ដាក់​លូ​ហើយ​ក៏​ដោយ។ អា​ហ្នឹង​ចង់​សំណូមពរ​អ៊ីចឹង ព្រោះ​ស្ថានីយ​អាច​បង្កើត​បាន​អស់​ថវិកា​តិច។ អ៊ីចឹង​គាត់​អាច​ពង្រីក​ផ្លូវ​ដាក់​ទៅ មាន​ស្ថានីយ​ទៅ ហើយ​បន្ត​ពី​ស្ថានីយ​ទៅ​វាល​យន្តហោះ​បាន​ហើយ មិន​ចាំបាច់​ត្រូវ​តែ​ធ្វើ​ផ្លូវ​រថភ្លើង​ទេ»

គម្រោង​សង់​ផ្លូវ​រថភ្លើង​នេះ ជា​គម្រោង​របស់​ក្រុមហ៊ុន​ផ្លូវ​រថភ្លើង ឈ្មោះ រ៉ូយ៉ាល់ រៀលវ៉េស៍ (Royal Railways) របស់​ឧកញ៉ា គិត ម៉េង។ គោលបំណង​នៃ​ការ​សង់​ផ្លូវ​នេះ គឺ​ដើម្បី​ផ្ដល់​សេវា​ដឹក​អ្នក​ដំណើរ​ចូល​វាល​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រហ័ស​ជាង​បច្ចុប្បន្ន ដែល​ចំណាយ​ពេល​ពី ៤៥​នាទី​ទៅ ២​ម៉ោង។ ក្រុមហ៊ុន​អះអាង​ថា ពេល​ផ្លូវ​រថភ្លើង​នេះ​សង់​ហើយ នឹង​មិន​ប៉ះពាល់​ដល់​អ្នក​ប្រកបរបរ​តាម​ផ្លូវ​នេះ​ទេ ហើយ​អ្នក​ប្រើប្រាស់​ម៉ូតូ និង​ឡាន នៅ​តែ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​បាន​ដដែល។ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​បារម្ភ និង​ជំទាស់​ដដែល។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន លោក សាំ ពិសិដ្ឋ ថ្លែង​ថា ជម្រើស​ផ្សេង​ទៀត ដែល​នឹង​ត្រូវ​ពិចារណា ហើយ​ដូច​សំណូម​របស់​ពលរដ្ឋ​ដែរ គឺ​ការ​សង់​ផ្លូវ​រថភ្លើង​លើ​អាកាស។ ទាំង​ជា​យ៉ាង​នេះ​ក្ដី លោក លី បូរិន បញ្ជាក់​ថា លោក​យក​បញ្ហា​របស់​ពលរដ្ឋ​ទាំង​នេះ​ទៅ​ប្រជុំ​នៅ​ក្រសួង និង​សាលា​រាជធានី​ភ្នំពេញ ហើយ​នឹង​ធ្វើ​វេទិកា​សាធារណ​ជាមួយ​ពលរដ្ឋ​ទៀត នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។