ពលរដ្ឋ​មាន​ជម្លោះ​ដី​នៅ​ពោធិ៍សាត់​ចង់​ឲ្យ​មាន​ការ​ឆ្វៀល​ដី​ប៉ះពាល់​ចេញ​ពី​ដី​ក្រុមហ៊ុន​​ទ្រីភាព

ដោយ ជិន ជេដ្ឋា
2017-05-06
Share
ទំនាស់​ដី ពោធិ៍សាត់ ៦១០ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​តវ៉ា​នៅ​ក្នុង​វេទិកា​មួយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដី​ដែល​ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​រំលោភ​ឈូស​ឆាយ​យក។
RFA/Chin Chetha

អ្នក​ភូមិ​នៃ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព អស់​ជំនឿ​លើ​អាជ្ញាធរ​ខេត្ត​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នេះ។ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ អះអាង​ថា កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ ហើយ​អ្នក​ភូមិ​ភាគ​ច្រើន​ទទួល​យក​ដី​ដោះដូរ​កន្លែង​ថ្មី​តាម​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ហើយ។

អ្នក​ភូមិ​មាន​ជម្លោះ​ដីធ្លី​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា បាន​អះអាង​ផ្ទុយ​ពី​អាជ្ញាធរ ហើយ​ថា តំណាង​អាជ្ញាធរ​ខេត្ត ស្រុក និង​ឃុំ ព្រម​ទាំង​អ្នក​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន បាន​ជួប​ពលរដ្ឋ​ញឹកញាប់​ដែរ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​អ្វី​ក្រៅ​ពី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទទួល​យក​ដី​ដោះដូរ​នៅ​កន្លែង​ថ្មី។ ពួកគេ​ងាក​ទៅ​សុំ​អន្តរាគមន៍​ពី​រដ្ឋ​សភា ដោយ​សង្ឃឹម​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ឆ្វៀល​ដី​ប៉ះពាល់​ចេញ​ពី​ដី​ក្រុមហ៊ុន។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​មាន​បញ្ហា​ចំនួន ១៧​គ្រួសារ លោកស្រី ផាន់ ចាន់ណា ឲ្យ​ដឹង​ថា ដី​ជម្លោះ​នៅ​ចំណុច​អូរ​ដើម​គ និង​ចំណុច​ផ្លូវ​កណ្ដាល នៃ​ភូមិ​សង្គមថ្មី កំពុង​មាន​ហាងឆេង ហើយ​ឋិត​នៅ​ក្បែរ​ក្រុមហ៊ុន ទ្រី ភាព ទើប​ពលរដ្ឋ​មាន​បញ្ហា​ភាគ​ច្រើន​មិន​ព្រម​ទៅ​កន្លែង​ថ្មី។

លោកស្រី​ថា អ្នក​ភូមិ​នៅ​សល់​ក្ដី​សង្ឃឹម​តិចតួច​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ​ជុំវិញ​រឿង​ដីធ្លី​រ៉ាំរ៉ៃ​នេះ៖ «ស្រុក ខាង​ខេត្ត​ហ្នឹង​ចុះ​មក​ភរ​រហូត​ថា ដោះស្រាយៗ ប៉ុន្តែ​អត់​មាន​ដំណោះ​ដោះស្រាយ​ផង ចេះ​តែ​និយាយ​បំភ្លៃ​ទៅ។ សំណូមពរ​ថា ជួយ​ដោះស្រាយ​ដី​ហ្នឹង​ឲ្យ​បាន​ឲ្យ​គាត់​វិញ​ឆាប់​បាន​ដាំ​ដុះ និង​ធ្វើ​ផ្ទះ​នៅ ព្រោះ​គាត់​អត់​មាន​ទី​កន្លែង​នៅ​ផ្សេង»

លិខិត​របស់​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា ចុះ​ហត្ថលេខា​ដោយ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញ​ថា រដ្ឋសភា​បាន​ស្នើសុំ​ឲ្យ​ក្រសួង​ជួយ​ពន្លឿន​ដោះស្រាយ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ ១៦​គ្រួសារ ចេញ​ពី​ក្រុមហ៊ុន អឹម.ឌី.អេស ថ្មដា អេស.អ៊ី.ហ្ស៊ិត ដោយ​យោង​លើ​ពាក្យ​សុំ​អន្តរាគមន៍​របស់​តំណាង​ពលរដ្ឋ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​ឆ្លើយ​តប​នឹង​លិខិត​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ដោយ​លោក​ប្រាប់​ថា កំពុង​រវល់។

ចំណែក​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ និង​ជា​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ លោក ចេង ឡៃ ថា​លោក​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ ឬ​សហការ​ការងារ​នេះ ជាមួយ​អាជ្ញាធរ​ថ្នាក់​ជាតិ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​កំពុង​រៀបចំ​ដី​ដោះដូរ​នៅ​កន្លែង​ថ្មី​សម្រាប់​ពលរដ្ឋ នៅ​គ្រា​ដែល​ពួកគេ​ភាគ​ច្រើន បាន​យល់​ព្រម​ទទួល​យក​តាម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ហើយ៖ «ពលរដ្ឋ​ភាគ​ច្រើន​ទទួល​យក​ហើយ​ទៅ​តាម​ដំណោះស្រាយ សល់​តែ​មួយ​ចំនួន​តូច​ទេ​ដែល​មិន​ទទួល​យក​ការ​ដោះស្រាយ។ តំបន់​ហ្នឹង​មិន​ឋិតនៅ​ក្នុង​ចំណុះ​របស់​អាជ្ញាធរ​ទេ ហើយ​រឿង​ឆ្វៀល ឬ​មិន​ឆ្វៀល​រឿង​របស់​ថ្នាក់​លើ ថ្នាក់​ជាតិ​ដែល​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្នឹង»

លោក ចេង ឡៃ បញ្ជាក់​ថា ទីតាំង​ដី​ដែល​កំពុង​មាន​ជម្លោះ គឺ​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដូច្នេះ​អាជ្ញាធរ​ពុំ​មាន​សិទ្ធិ​អ្វី​ក្រៅ​ពី​សម្របសម្រួល​ដោះស្រាយ​ដើម្បី​រក​ច្រក​ចេញ​ប៉ុណ្ណោះ។

អ្នក​ភូមិ​កណ្ដាល ភូមិ​ឯកភាព និង​ភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា បាន​ទាមទារ​ដោះស្រាយ​កាត់​ឆ្វៀល​ដី​មាន​ជម្លោះ​ទំហំ​ជាង ១៧១​ហិកតារ (១៧១.៦២១)។ ពួកគេ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន តាំង​ពី​ឆ្នាំ​២០១០ គ្រា​ដែល​ក្រុមហ៊ុន​ចូល​សង់​កាស៊ីណូ និង​ដាំដំណាំ​កសិ-ឧស្សាហកម្ម​នៅ​តំបន់​នោះ។ ក្រុមហ៊ុន​ធ្លាប់​បញ្ជាក់​ថា ការ​កាត់​ឆ្វៀល​ដី ឬ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល