ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​រឹបអូស​ដី​ពួកគេ​ទៅ​ដាក់​ជា​ព្រៃ​សហគមន៍

ដោយ ជិន ជេដ្ឋា
2016-07-29
Share
ផែនទី​ខេត្ត​ពោធិ៍សាត់ ៨៥៥ ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

ពលរដ្ឋ ២១​គ្រួសារ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ប្រតិកម្ម​នឹង​ការ​ជីក​រណ្ដៅ​ដាំ​កូន​ឈើ​លើ​ដី​ស្រែចម្ការ​របស់​ពួកគេ​ដែល​អាជ្ញាធរ​បាន​រឹបអូស​ទៅ​ធ្វើ​ជា​ព្រៃ​សហគមន៍។ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គ្រោង​ដាំ​កូន​ឈើ​ប្រភេទ​គគីរ​ចំនួន​មួយ​ម៉ឺន​ដើម​នៅ​លើ​ដី​កំពុង​មាន​ជម្លោះ​នោះ ដោយ​នៅ​រក្សា​ជំហរ​ដោះ​ដូរ​ដី​ពលរដ្ឋ​ទៅ​កន្លែង​ផ្សេង។

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ ២១​គ្រួសារ​ដែល​ជា​សាច់​ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង និង​អាជ្ញាធរ បាន​កក្រើក​ជា​ថ្មី​ទៀត បន្ទាប់​ពី​អាជ្ញាធរ​ជួល​កម្លាំង​កម្មករ​ប្រមាណ ៣០​នាក់ ទៅ​ជីក​រណ្ដៅ​ត្រៀម​ដាំ​កូន​ឈើ​លើ​ដី​មាន​ជម្លោះ​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា មក។ ពលរដ្ឋ​ដែល​មាន​បញ្ហា​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្អាក​ដាំ​កូន​ឈើ​សិន ដោយ​សម្អាង​ថា សំណុំ​រឿង​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​តុលាការ​កំពូល​នៅ​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ២១​គ្រួសារ លោកស្រី ហម រ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា​គាត់​បាន​ហាម​មិន​ឲ្យ​កម្មករ​ជីក​រណ្ដៅ​លើ​ដី​ស្រែ ប៉ុន្តែ​គេ​មិន​ស្ដាប់​ដោយ​ជំរុញ​ឲ្យ​ទៅ​សុំ​មេឃុំ​ស្នាអន្សា លោក មោក កោ វិញ ព្រោះ​លោក​ជា​អ្នក​បញ្ជា​ឲ្យ​ជីក។

លោកស្រី​ថា អាជ្ញាធរ​បាន​រឹប​អូស​ដី​ទំហំ ៦៣​ហិកតារ របស់​អ្នក​ភូមិ​សន្សក្ដាម ចំនួន ២១​គ្រួសារ ទៅ​ដាក់​ជា​ព្រៃ​សហគមន៍​នៅ​ឆ្នាំ​២០១១ ហើយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួល​យក​ដី​ដោះដូរ​នៅ​កន្លែង​ផ្សេង​ដែល​ដី​នោះ​មាន​ម្ចាស់​កម្មសិទ្ធិ​រួច​ហើយ៖ «វា​ពាក់​ព័ន្ធ​ជាមួយ​អាជ្ញាធរ​ហ្នឹង​ហើយ ប៉ុន្តែ​ពាក់​បណ្ដឹង​ចូល​ដល់​តុលាការ​ហើយ​គេ​មក​ដាំ​កូន​ឈើ ហើយ​គេ​មិន​ទាន់​សម្រេច​ថា ឲ្យ​ទៅ​ខាង​លោក​នៅ​ឡើយ ឬ​ខាង​ខ្ញុំ​នៅ​ឡើយ​ទេ? ខ្ញុំ​បាន​ប្រាប់​គេ​ថា​អ៊ីចឹង តែ​គេ​ថា​មិន​ដឹង។ សូម​ជួយ​ផ្សាយ​ឲ្យ​ខ្ញុំ​ជួយ​មើល​តើ​ត្រឹមត្រូវ ឬ​អត់​ដែល​របស់​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង ដល់​ពេល​អាជ្ញាធរ​យក​របស់​ខ្ញុំ ខ្ញុំ​បាន​អី​ចិញ្ចឹម​កូន។ នេះ​គឺ​ជា​ឆ្នាំង​បាយ​របស់​ខ្ញុំ​ហើយ»

តំណាង​ពលរដ្ឋ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ក្រគរ លោក សោម សារ៉ាវុត កំពុង​រស់នៅ​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​ ​ក្រោយ​សាលាដំបូង និង​​ឧទ្ធរណ៍​សម្រេច​ឲ្យ​លោក​មាន​ទោស​ក្រោម​បទ​ចោទ​កាប់​រុករាន​ដី​ព្រៃ​របស់​រដ្ឋ តាម​បណ្ដឹង​​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មេឃុំ​ស្នាអន្សា កាល​ពី​ឆ្នាំ​២០១៣។ បច្ចុប្បន្ន​ក្ដីក្ដាំ​នេះ​នៅ​ក្នុង​ដៃ​តុលាការ​កំពូល។

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​ស្នាអន្សា លោក មោក កោ បញ្ជាក់​ថា ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ចាំបាច់​ត្រូវ​ដាំ​កូន​ឈើ​មួយ​ម៉ឺន​ដើម​ជួស​លើ​ដី​វាល​នោះ និង​កន្លែង​ខ្លះ​ទៀត​នៅ​ក្នុង​ដី​សហគមន៍ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក​ថា ការ​ពិត​ពលរដ្ឋ​ដែល​ប៉ះពាល់​មាន​តែ ៦​គ្រួសារ​ប៉ុណ្ណោះ តែ​បាន​បំបែក​ឈ្មោះ​ទៅ​ជា ២១​គ្រួសារ ហើយ​អាជ្ញាធរ​នៅ​រក្សា​ជំហរ​ដោះដូរ​ដី​ជូន​ពួកគាត់​ដដែល៖ «បើ​គាត់​ព្រម​ទទួល​យក​យើង​នឹង​ចែក​ឲ្យ​គាត់​ដី​នៅ​ជាប់​គ្នា ឥឡូវ​មាន​លិខិត​ស្នាម​អស់​ហើយ​តើ! បើ​គាត់​ព្រមព្រៀង​ទៅ​គេ​ចេញ​ប្លង់ ខាង​សុរិយោដី​ត្រៀម​អស់​ហើយ​តើ! ដូច​ជា ឈ្មោះ យូ ចាន់បូរ៉ា ពីរ​នាក់​ប្ដី​ប្រពន្ធ កូន​បី​ទៀត បំបែក​ទៅ​ជា​ប្រាំ​គ្រួសារ ហើយ​ខ្ញុំ​មិន​ស្គាល់ តែ​យើង​ដឹង​ថា ប្រាំ​នាក់​ក្នុង​មួយ​គ្រួសារ​ឲ្យ​ប្រាំ​ហិកតារ​បាត់​ហើយ បើ​តាម​យើង​ដោះស្រាយ ដោះស្រាយ​ឲ្យ​តែ​មួយ​គ្រួសារ​ទេ»

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​កំណត់​ដី​ទំហំ​៥០០​ហិកតារ ធ្វើ​ជា​ព្រៃ​សហគមន៍​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​លោក សោម សារ៉ាវុត និង​សាច់ញាតិ​បាន​ព្យាយាម​ព័ទ្ធ​របង និង​កាប់​រាន​ដី​ព្រៃ​បន្ថែម​នៅ​ចំណុច​អន្ស​ក្ដាម។ មុន​នឹង​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​តុលាការ សមត្ថកិច្ច​បាន​ចុះ​ហាមឃាត់​សកម្មភាព​នេះ​ច្រើន​លើក​ច្រើន​សា តែ​ពួក​គេ​មិន​ស្ដាប់​ដោយ​លោក សារ៉ាវុត លក់​ដី​ឲ្យ​គេ​ជាង ២០​ហិកតារ ទើប​ខំ​ទាមទារ​ដី​នៅ​ចំណុច​នោះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សោម សារ៉ាវុត ដើម្បី​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​របស់​មេឃុំ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ប៉ុន្តែ​កន្លង​ទៅ​លោក​ធ្លាប់​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​ការ​បំបែក​ចំនួន​គ្រួសារ និង​ការ​លក់ដូរ​ដី។ លោក​មិន​ដែល​គិត​ថា​ដី​នោះ​ជា​ដី​រដ្ឋ ឬ​ដី​សហគមន៍​ទេ ព្រោះ​ឪពុក​ម្ដាយ​របស់​លោក​បាន​កាន់កាប់ និង​អាស្រ័យផល​ស្រូវ​ត​កូន​ត​ចៅ​តាំង​ពី​ឆ្នាំ​១៩៨៣ មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល