ពលរដ្ឋ​នៅ​ពោធិ៍សាត់​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​រំលោភ​ដី

ប្រជាពលរដ្ឋ​និង​សកម្មជន​ដីធ្លី​ខេត្ត​ពោធិ៍សាត់ បាន​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ដើម​ឆ្នាំ​២០១៤ ដើម្បី​ប្រឆាំង​ទៅ​នឹង​ក្រុមហ៊ុន​ឯកជន​ទាំង​អស់​នៅ​​ក្នុង​ខេត្ត​នេះ ដែល​បាន​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​នេះ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​រឿង​ដីធ្លី។
ដោយ ជិន ជេដ្ឋា
2013.12.29
ជម្លោះ​ដី ពោធិ៍សាត់ ៣០៥ លោក គុជ វេង (អាវ​ក្រហម​ឆ្នូត) ជជែក​តវ៉ា​ជាមួយ​មេ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចំពោះ​ការ​រំលោភ​ដីធ្លី​អ្នក​ភូមិ​ពី​សំណាក់​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ​២០១២។
RFA

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចាត់​ទុក​គម្រោង​ធ្វើ​បាតុកម្ម​នេះ​ថា គឺ​ជា​រឿង​ល្អ បើ​ទោះ​បី​ជា​ស្ថានការណ៍​នៅ​កម្ពុជា នៅ​ពេល​នេះ មាន​ភាព​តាន​តឹង​ខ្លាំង​ស្ទើរ​គ្មាន​ដំណោះ​ស្រាយ​អ្វី​ក៏ដោយ ប៉ុន្តែ​វា​គឺ​ជា​ឱកាស​មួយ​ដ៏​កម្រ​ក្នុង​ការ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញ​លេញ។

ប្រជាពលរដ្ឋ​និង​សកម្មជន​ដីធ្លី​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង​មាន​មួយ​ចំនួន​ទៀត​មក​ពី​ខេត្ត​កំពង់ឆ្នាំង គម្រោង​ប្រមូល​ផ្ដុំ​គ្នា​យ៉ាង​តិច ៥០០​នាក់ ដើម្បី​ដង្ហែ​ក្បួន​នៅ​តាម​ទីប្រជុំជន​មួយ​ចំនួន រួច​នាំ​គ្នា​ហែ​ទៅ​ឈរ​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់។ អ្នក​ដែល​នឹង​ចូល​រួម​ក្នុង​សកម្មភាព​នេះ ភាគ​ច្រើន​គឺ​ជា​សកម្មជន​ដីធ្លី និង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ហើយ​កំពុង​តែ​ជាប់​បណ្ដឹង​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ។

សកម្មជន​ដីធ្លី​ប្រចាំ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោក គុជ វេង មាន​ប្រសាសន៍​ថា នៅ​ស្រុក​ក្រគរ មាន​ប្រជាពលរដ្ឋ​ចំនួន ១៧​នាក់ កំពុង​ជាប់​បណ្ដឹង​នៅ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដោយ​សារ​តែ​ក្រុមហ៊ុន​រតនា វិសាល និង​ក្រុមហ៊ុន​ភាពីម៉ិច ប្ដឹង​ទាក់ទង​ទៅ​នឹង​រឿង​ដីធ្លី។

លោក​បន្ត​ថា លោក​នឹង​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​រហូត​ដល់​តុលាការ​យល់​ព្រម​លប់​ចោល​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ទាំង​អស់ ដែល​បាន​ចោទ​ទាំង​បំពាន​មក​លើ​ប្រជាពលរដ្ឋ៖ «ក្រុមហ៊ុន​ដែល​ចោទ​នៅ​ក្នុង​ស្រុក​ក្រគរ​ហ្នឹង មាន​ផ្សំ​គំនិត​ជាមួយ​អាជ្ញាធរ​ដែនដី​ហ្នឹង​តែម្ដង ហើយ​ជា​មួយ​តុលាការ​ហ្នឹង សម​គំនិត​គ្នា​ដើម្បី​ធ្វើ​បាប​ប្រជាពលរដ្ឋ​អត់​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​ទេ។ ពួក​ខ្ញុំ​មិន​ខ្លាច​អី​ទេ បើ​ខ្ញុំ​ខ្លាច​ក៏​នៅ​តែ​គេ​ធ្វើ​បាប​ដែរ បើ​ខ្ញុំ​មិន​ហ៊ាន​តវ៉ា​រឿង​ដីធ្លី រឿង​ព្រៃ​ឈើ រឿង​មុខ​របរ​របស់​ពួក​ខ្ញុំ​នេះ នៅ​តែ​ខ្ញុំ​អត់​បាយ​ស្លាប់​ដដែល»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី បញ្ជាក់​ថា អ្នកស្រី​និង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត នឹង​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ​ដែរ ក្នុង​គោល​បំណង​ទប់ស្កាត់​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​អ្នក​មាន​អំណាច ឬ​មាន​លុយ។ ម្យ៉ាង​អ្នក​ស្រី​ចង់​បង្ហាញ​អំពី​កម្លាំង​សាមគ្គី​ភាព​រវាង​សហគមន៍​និង​សហគមន៍ នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ថោង អុល មាន​ប្រសាសន៍​ថា ចំពោះ​ការ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គាត់​ទាក់ទង​នឹង​រឿង​ដីធ្លី​នេះ គឺ​លោក​មិន​ទាន់​អាច​ឆ្លើយ​យ៉ាង​ណា​បាន​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ពិនិត្យ​មើល​លើ​សំណុំ​រឿង​ទាំង​នោះ​ជា​មុន​សិន៖ «បាទ! វា​ជា​សំណូមពរ​ទៅ​យើង​គួរ​តែ​ថា ពិនិត្យ​មើល​សំណុំ​រឿង​ហ្នឹង​ឡើង​វិញ​ដែរ ហើយ​ត្រូវ​អ្នក​ណា​អ្នក​ដោះស្រាយ​អី យើង​បញ្ជូន​ទៅ​ដោះស្រាយ​ទៅ​តាម​ដំណើរ​សាច់​រឿង​ទៅ»

ចំណែក​អភិបាល​ស្រុក​ក្រគរ លោក ទឹម សារិន មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ។ យ៉ាង​ណា​លោក​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុមហ៊ុន​ទាំង​អស់​មិន​អាច​បន្ត​ការ​ឈូស​ឆាយ​របស់​ខ្លួន​ដោយ​មិន​បាន​ផ្ដល់​ដំណឹង ឬ​រួម​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះពាល់​ដីធ្លី និង​មាន​បញ្ហា​ជា​មួយ​​ប្រជាពលរដ្ឋ។

អនុ​ប្រធាន​កម្មវិធី​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាហុក (Adhoc) លោក ចាន់ សុវ៉េត ថ្លែង​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ សមាគម​អាដហុក បាន​រក​ឃើញ​ករណី​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ដីធ្លី និង​ប្រជាពលរដ្ឋ​ចំនួន ១០៩​នាក់ ក្នុង​នោះ​មាន​ប្រជា​ពលរដ្ឋ​មិន​តិច​ជាង ១០​នាក់​ឡើយ​កំពុងតែ​ជាប់​ពន្ធនាគារ​ទាក់ទង​នឹង​រឿង​ដីធ្លី៖ «វា​ជា​ចំណែក​មួយ​ក្នុង​ការ​ទាមទារ​ដែរ​ឲ្យ​មាន​កំណែ​ទម្រង់​បញ្ហា​ពាក់ព័ន្ធ​នឹង​ដីធ្លី ព្រោះ​ដីធ្លី​កន្លង​ផុត​មក​គឺ​ជា​ចំណុច​ក្ដៅ។ ឥឡូវ​នេះ​ក៏​នៅ​តែ​មាន​បញ្ហា​ដីធ្លី​ដែរ​ដោយសារ​ថា ដំណោះស្រាយ​ដីធ្លី​នេះ​ត្រូវ​បាន​ជាប់​គាំង​ម្ដង​ហើយ​ម្ដង​ទៀត»

ក្រុមហ៊ុន​ភាពីម៉ិច បាន​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ក្នុង​ទំហំ​ផ្ទៃ​ដី​សរុប​ជាង ៣០​ម៉ឺន​ហិកតារ (៣១៥.០២៨) ដើម្បី​ដាំ​ដំឡូង​មី។ ក្រុមហ៊ុន​នេះ បាន​ផ្អាក​សកម្មភាព​ឈូស​ឆាយ​របស់​ខ្លួន​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៣ ក៏​ប៉ុន្តែ​ការ​ឈូស​ឆាយ​កាល​ពី​ពេល​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ក្នុង​ស្រុក​ចំនួន​បី គឺ​ស្រុក​ក្រគរ ស្រុក​ភ្នំក្រវាញ និង​ស្រុក​សំពៅមាស ខេត្ត​ពោធិ៍សាត់។ ចំណែក​ក្រុមហ៊ុន​រតនា វិសាល ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៣​ពាន់​ហិកតារ ដើម្បី​ចិញ្ចឹម​ជ្រូក និង​គោ ក៏​បាន​ផ្អាក​សកម្មភាព​ឈូស​ឆាយ​របស់​ខ្លួន​ដែរ ក៏​ប៉ុន្តែ​កាល​ពី​ពេល​កន្លង​ទៅ​ក្រុមហ៊ុន​នេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ប៉ះពាល់​ដល់​ដីធ្លី​​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៤០​គ្រួសារ​ដែរ នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។